ពន្យល់សង្ខេបសំណុំរឿងបកស្រាយសាលក្រមឆ្នាំ១៩៦២ នៅតុលាការក្រុងឡាអេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:៤៦
មួយសប្តាហ៍ក្រោយ ពីសវនាការ នៅតុលាការក្រុងឡាអេ ត្រូវបិទបញ្ចប់ នៅតែមានអ្នកស្តាប់របស់យើ់ងជាច្រើនបានចោទជាសំណួរ ជុំវិញដំណើរក្តីនេះ។ នៅក្នុងនាទីយល់ដឹងពីច្បាប់ របស់យើង នៅថ្ងៃនេះ សេង ឌីណា នឹងឆ្លើយបំភ្លឺឡើងវិញ ជុំវិញសំណួរទាំងនេះ។
សំណួរ-តើនៅក្នុងក្តីក្តាំ នៅតុលាការក្រុងឡាអេ នៅពេលនេះ តុលាការអាចចេញសេចក្តីសម្រេច ដែលនាំឲ្យកម្ពុជាបាត់បង់ព្រះវិហារទៅថៃវិញដែរឬទេ?
ក្នុងក្តីក្តាំ នៅពេលនេះ តុលាការក្រុងឡាអេមិនអាចសើរើ កាត់ក្តីលើប្រាសាទព្រះវិហារឡើងវិញបានទេ ពីព្រោះវាជាបណ្តឹងសុំបកស្រាយសាលក្រម មិនមែនជាបណ្តឹងសុំឲ្យ សើរើសំណុំរឿងព្រះវិហារឡើងវិញទេ។ អ្វីដែលតុលាការបានសម្រេចរួចហើយ កាលពីឆ្នាំ១៩៦២ តុលាការមិនអាចផ្លាស់ប្តូរឡើងវិញបានទេ គឺអាចត្រឹមតែបកស្រាយ ពន្យល់ បំភ្លឺ ទៅលើអត្ថន័យ និងវិសាលភាព នៃសេចក្តីសម្រេច ឆ្នាំ១៩៦២នេះប៉ុណ្ណោះ។
សាលក្រមកាលពីឆ្នាំ១៩៦២ បានសម្រេចថា ប្រាសាទព្រះវិហារស្ថិតនៅលើទឹកដីកម្ពុជារួចទៅហើយ។ នៅក្នុងសារណាជាលាយលក្ខណ៍អក្សរ ទាំងក្នុងពេលឆ្លើយបំភ្លឺផ្ទាល់មាត់ ភាគីថៃក៏បានបញ្ជាក់ម្តងហើយ ម្តងទៀតដែរ ថា ថៃទទួលស្គាល់ច្បាស់លាស់ថា តុលាការពិតជាបានប្រគល់ប្រាសាទព្រះវិហារទៅឲ្យកម្ពុជាមែន ទាំងតួប្រាសាទ និងទាំងដី នៅក្រោមប្រាសាទ។ អ្វីដែលជាចំណុចចម្រូងចម្រាស នៅពេលនេះ មិនមែនរឿងប្រាសាទព្រះវិហារទេ គឺរឿងដី ដែលខាងភាគីថៃ តែងតែឲ្យឈ្មោះថា ដី ៤,៦គីឡូម៉ែត្រក្រឡា នៅជុំវិញប្រាសាទ។
ដូច្នេះ មិនថា តុលាការសម្រេចថា យ៉ាងម៉េចទេ... បកស្រាយសាលក្រម ឬមិនបកស្រាយ ហើយបើបកស្រាយ ទោះជាបកស្រាយយ៉ាងម៉េចក៏ដោយ ក៏មិនអាចកាត់ប្រាសាទព្រះវិហារឲ្យទៅថៃវិញបានដែរ។
កុំថាឡើយតួប្រាសាទព្រះវិហារ សូម្បីតែដីជុំវិញប្រាសាទ ដែលថៃ ហៅថា ដី ៤,៦គីឡូម៉ែត្រក្រឡានេះ ក៏តុលាការក្រុងឡាអេ មិនអាចធ្វើការបកស្រាយ ឲ្យទៅថៃបានដែរ ពីព្រោះ នៅក្នុងសាលក្រម ឆ្នាំ១៩៦២ មិនមានចំណុចណាមួយ ពាក្យណាមួយ ឃ្លាណាមួយ ដែលនិយាយថា ដីជុំវិញប្រាសាទត្រូវបានទៅថៃនោះទេ។
ទាក់ទងនឹងដីជុំវិញប្រាសាទនេះ
- ឬមួយតុលាការបកស្រាយថា សាលក្រមឆ្នាំ១៩៦២ បានសម្រេចច្បាស់លាស់ថាជាដីខ្មែរ
- ឬមួយ តុលាការបកស្រាយថា សាលក្រមឆ្នាំ១៩៦២ មិនបានសម្រេចឲ្យទៅខាងណា មានន័យថា ត្រូវនៅជាជាដីជាប់ជម្លោះ។
សំណួរ-តើនៅក្នុងសាលក្រមឆ្នាំ១៩៦២នេះ កម្ពុជាស្នើសុំឲ្យបកស្រាយចំណុចណាមួយពិតប្រាកដ?
ចំណុច ដែលកម្ពុជាស្នើសុំឲ្យតុលាការបកស្រាយ បើនិយាយជាភាសាសាមញ្ញ គឺទាក់ទងនឹងពាក្យថា “តំបន់ជុំវិញប្រាសាទ” ដែលមានចែង នៅក្នុងចំណុចទី២ នៃសេចក្តីសន្និដ្ឋាន (Dispositif) ក្នុងសាលក្រមឆ្នាំ១៩៦២។
យើងដឹងហើយថា នៅក្នុងសាលក្រមឆ្នាំ១៩៦២ តុលាការក្រុងឡាអេបានសម្រេច
ត្រង់ចំណុចទីមួយថា “ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា”។ ដូច្នេះ ត្រង់ចំណុចទី២ តុលាការតម្រូវឲ្យថៃ ដកកងកម្លាំងប្រដាប់អាវុធទាំងអស់ ទាំងទាហាន ទាំងនគរបាល ទាំងឆ្មាំព្រំដែន ដែលថៃដាក់ឲ្យឈរជើង នៅក្នុងប្រាសាទព្រះវិហារ “ឬនៅក្នុងតំបន់ជុំវិញប្រាសាទ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា”។ គឺពាក្យថា “នៅក្នុងតំបន់ជុំវិញប្រាសាទ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា” នេះហើយ ដែលកម្ពុជា សុំឲ្យតុលាការក្រុងឡាអេបកស្រាយ ដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់ថា “តំបន់ជុំវិញប្រាសាទ ដែលស្ថិតនៅក្នុងទឹកដីកម្ពុជា”នេះ មានន័យថា ពីណា ទៅដល់ណា? ហើយកម្ពុជាបានស្នើសុំឲ្យតុលាការធ្វើការបកស្រាយត្រង់ចំណុចនេះ ដោយយោងទៅលើខ្សែបន្ទាត់ព្រំដែន នៃផែនទីឧបសម្ព័ន្ធទីមួយ ដែលតុលាការសម្រេចយកមកធ្វើជាសំអាង ហើយដែលនៅក្នុងសេចក្តីសំអាង (Motif) នេះ តុលាការបានបញ្ជាក់ច្បាស់ថា ផែនទីឧបសម្ព័ន្ធទី១នេះ គឺជាផែនទី ដែលភាគីទាំង២ គឺកម្ពុជា និងថៃ បានទទួលស្គាល់រួចហើយ ដូច្នេះ វាជាផែនទី ដែលមានសុពលភាពខាងផ្លូវច្បាប់ អាចឲ្យតុលាការយកមកធ្វើជាសំអាង ក្នុងការកាត់ក្តីរឿងព្រះវិហារនេះបាន។
កម្ពុជាបានប្រាប់ទៅតុលាការថា សម្រាប់ភាគីកម្ពុជា ការដែលតុលាការសម្រេចថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយតម្រូវឲ្យដកកងកម្លាំងប្រដាប់អាវុធចេញទាំងពីក្នុងបរិវេណប្រាសាទ និងទាំងពីក្នុងតំបន់ជុំវិញប្រាសាទ គឺមានន័យថា តុលាការសម្រេចឲ្យមកកម្ពុជាទាំងតួប្រាសាទ និងទាំងតំបន់ជុំវិញប្រាសាទ រហូតទៅដល់ខ្សែបន្ទាត់ព្រំដែន ដែលមាននៅលើផែនទីឧបសម្ព័ន្ធទី១។
គួរបញ្ជាក់ថា ផែនទី “ដងរែក” ដែលត្រូវបានគេហៅតរហូតមកថាជា ផែនទី “ឧបសម្ព័ន្ធទី១” នេះ មិនមែនជាឧបសម្ព័ន្ធដែលភ្ជាប់នឹងសាលក្រមឆ្នាំ១៩៦២ទេ ប៉ុន្តែ ជាឧបសម្ព័ន្ធដែលភ្ជាប់ទៅនឹងសារណារបស់កម្ពុជា។
សំណួរ-នៅក្នុងការតទល់គ្នានៅតុលាការក្រុងឡាអេនេះ គេសង្កេតឃើញថា ភាគីថៃហាក់ដូចជាបានបង្ហាញនូវទឡ្ហីករណ៍ និងភស្តុតាងច្រើនជាងកម្ពុជា ទាំងនៅក្នុងសារណាលាយលក្ខណ៍អក្សរ និងទាំងនៅក្នុង ការឡើងឆ្លើយបំភ្លឺផ្ទាល់មាត់ នៅក្នុងសវនាការ កាលពីសប្តាហ៍មុន។ ជាពិសេស ក្រុមមេធាវីរបស់ថៃបានលើកបង្ហាញនូវផែនទីជាច្រើនផ្ទាំង ចំណែកកម្ពុជាវិញ សំអាងតែទៅលើផែនទីឧបសម្ព័ន្ធទី១។ តើនេះអាចធ្វើឲ្យកម្ពុជាចាញ់ប្រៀបថៃដែរឬទេ?
យើងឃើញថា ភាគីថៃ ពិតជាបានលើកព្យាយាមលើកបង្ហាញផែនទី រូបថត និងទឡ្ហីករណ៍ច្រើនវែងអន្លាយមែន ទាំងនៅក្នុងសារណាជាលាយលក្ខណ៍អក្សរ និងក្នុងពេលឡើងឆ្លើយបំភ្លឺផ្ទាល់មាត់ ក្នុងសវនាការ។ សារណាជាលាយលក្ខណ៍អក្សរទាំង ២របស់ថៃ បើរាប់ទៅមានប្រហែលជា ៦០០ទំព័រ ហើយបើបូកជាមួយឧបសម្ព័ន្ធទៀត សរុបទៅ រាប់ពាន់ទំព័រ។
នៅក្នុងសវនាការផ្ទាល់មាត់ ក៏អ៊ីចឹងដែរ មេធាវីថៃ ជាពិសេស គឺមេធាវីស្រី ជនជាតិរូម៉ានី ឈ្មោះ Alina Miron ដែលឥឡូវកំពុងតែក្លាយជាតារាល្បី នៅថៃ ក៏បានលើកបង្ហាញនូវផែនទីជាច្រើនផ្ទាំងដែរ។
ក៏ប៉ុន្តែ ការលើកបង្ហាញនូវផែនទីយ៉ាងច្រើននេះ ប្រហែលជាអាចធ្វើឲ្យប្រជាជនថៃសប្បាយចិត្ត ប៉ុន្តែ ចំពោះមុខចៅក្រម វាមិនប្រាកដថា អាចជួយឲ្យថៃមានប្រៀបជាងខ្មែរទេ។ ភស្តុតាង ផែនទីច្រើនមែន ប៉ុន្តែ ត្រូវសួរថា តើផែនទីទាំងអស់នេះ វាត្រូវនឹងសំណុំរឿងដែរឬអត់? ដូចជាខ្ញុំបានរំឭក បញ្ជាក់ ឡើងខាងលើរួចហើយថា សំណុំរឿងនៅតុលាការក្រុងឡាអេពេលនេះ គឺជាបណ្តឹងសុំបកស្រាយសាលក្រម មិនមែនជាបណ្តឹងសុំសើរើសំណុំរឿងព្រះវិហារ ដើម្បីធ្វើការជំនុំជម្រះឡើងវិញទេ។
បើយើងពិនិត្យមើលទៅលើផែនទី ដែលថៃបានលើកឡើងយកមកបង្ហាញចៅក្រម យើងអាចចែកជាពីរក្រុមធំៗ៖
ទីមួយ គឺផែនទីជាច្រើនផ្ទាំង ដែលមានភ្ជាប់នឹងសំណុំរឿងព្រះវិហារ តាំងពីឆ្នាំ១៩៦២ ដែលថៃចង់បង្ហាញថា ផែនទីទាំងអស់នេះ មានខ្សែបន្ទាត់ព្រំដែនខុសគ្នា ហើយបន្ទាត់ព្រំដែនទាំងអស់នេះ ក៏មិនបានគូសត្រូវទៅតាមក្បួនខ្នាតអ្វីត្រឹមត្រូវដែរ ប៉ុន្តែ វាសុទ្ធតែបង្ហាញថា ប្រាសាទព្រះវិហារស្ថិតនៅលើទឹកដីកម្ពុជា។
ថៃលើកបង្ហាញបែបនេះ ពីព្រោះ ខាងកម្ពុជាបានសុំឲ្យតុលាការបកស្រាយសាលក្រម ដោយយោងទៅលើផែនទីឧបសម្ព័ន្ធទី១ ដោយកម្ពុជាលើកហេតុផលថា ផែនទីឧបសម្ព័ន្ធទី១នេះ គឺជាសេចក្តីសំអាង (Motif) សំខាន់ និងចាំបាច់ ដែលមិនអាចកាត់ផ្តាច់បានពីសេចក្តីសន្និដ្ឋាន (Dispositif) នៃសាលក្រមឆ្នាំ១៩៦២។
ថៃវិញ ចង់បញ្ជាក់ថា ការដែលតុលាការក្រុងឡាអេ សម្រេចថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីកម្ពុជា កាលពីឆ្នាំ១៩៦២ មិនមែនសំអាងតែទៅលើផែនទីឧបសម្ព័ន្ធទី១ នេះមួយទេ គឺមានផែនទី និងមានភស្តុតាងជាច្រើនផ្សេងទៀត។ ដូច្នេះ ការសំអាងទៅលើផែនទីឧបសម្ព័ន្ធទី១ គ្រាន់តែជាការសំអាងមួយ ក្នុងចំណោមភស្តុតាងជាច្រើនផ្សេងទៀត មិនមែនជាការសំអាងចាំបាច់ ដែលមិនអាចកាត់ផ្តាច់បាន ពីសេចក្តីសន្និដ្ឋាន (Dispositif) ដូចការលើកឡើងរបស់កម្ពុជានោះទេ។
បើស្តាប់មួយភ្លែតទៅ អ្វីដែលថៃលើកឡើងនេះ ហាក់ដូចជាសមហេតុសមផលម្យ៉ាងដែរ។ គ្រាន់តែថា បើគេពិនិត្យឲ្យម៉ត់ចត់ទៅ យុទ្ធសាស្រ្តនេះវាចោទជាបញ្ហាធំមួយ គឺនៅត្រង់ថា ផែនទី ដែលថៃលើកបង្ហាញទាំងអស់នេះ គ្រាន់តែជាផែនទី ដែលថៃខ្លួនឯងបានដាក់ជូនទៅតុលាការក្រុងឡាអេ កាលពីឆ្នាំ១៩៦២។ ប៉ុន្តែ នៅក្នុងសាលក្រមឆ្នាំ១៩៦២ តុលាការមិនបានយកផែនទីទាំងអស់នេះមកធ្វើជាសំអាងទេ គឺសំអាងទៅលើផែនទីឧបសម្ព័ន្ធទី១។ ដូច្នេះ សរុបមកវិញ ផែនទី ដែលគូភាគីដាក់ជូនទៅតុលាការមានច្រើនមែន ក៏ប៉ុន្តែ តុលាការសម្រេចយកតែផែនទីមួយ គឺផែនទីឧបសម្ព័ន្ធទី១ មកធ្វើជាសំអាង (Motif) ដូច្នេះ ផែនទីឧបសម្ព័ន្ធទី១នេះ នៅតែអាចចាត់ទុកថាជា Motif សំខាន់ និងចាំបាច់ ដែលមិនអាចកាត់ផ្តាច់បានពី Dispositif ។ ចំណុចនេះ យើងឃើញថា ក្រុមមេធាវីខាងកម្ពុជា ក៏បានឆ្លើយបកទៅថៃវិញដែរ នៅក្នុងសវនាការជុំទី២។
ផែនទីមួយចំនួនផ្សេងទៀត ដែលថៃបានដាក់ជូនទៅតុលាការក្រុងឡាអេ ក្នុងបណ្តឹងសុំបកស្រាយសាលក្រមនេះដែរ គឺផែនទី ដែលថៃចង់បង្ហាញថា ខ្សែបន្ទាត់ព្រំដែន ដែលត្រឹមត្រូវ រវាងកម្ពុជា និងថៃ គឺខ្សែបន្ទាត់ព្រំដែន ដែលត្រូវគូសតាម “បន្ទាត់បែងចែកខ្សែទឹក” មិនមែនបន្ទាត់ព្រំដែន នៅលើផែនទីឧបសម្ព័ន្ធទី១នោះទេ។ និយាយឲ្យចំ គឺជាហេតុផលដដែល ដូចដែលថៃធ្លាប់បានលើកឡើង នៅមុខតុលាការក្រុងឡាអេ កាលពី៥០ឆ្នាំមុន។
ថៃបានទាំងលើកបង្ហាញ ពីផែនទី ដែលថៃអះអាងថា ខ្លួនទើបនឹងបានរើកកាយរកឃើញ ដែលអាចបញ្ជាក់ថា ខ្សែបន្ទាត់ព្រំដែន នៅលើផែនទីឧបសម្ព័ន្ធទី១ គឺគូសមិនត្រឹមត្រូវ ដោយត្រូវគូសបន្ទាត់ព្រំដែនតាមបន្ទាត់បែងចែកខ្សែទឹកវិញ។
តាមពិតភស្តុតាង ដែលថៃអះអាងថាទើបនឹងរកឃើញថ្មី, ផែនទីបង្ហាញពីរឿងគូសព្រំដែនតាម “បន្ទាត់បែងចែកខ្សែទឹក”... ភស្តុតាងអស់ទាំងនេះ មិនអាចយកមកប្រើក្នុងសំណុំរឿងបកស្រាយសាលក្រមនៅពេលនេះបានទេ ពីព្រោះថា ក្នុងបណ្តឹងសុំបកស្រាយសាលក្រម តុលាការអាចត្រឹមតែបកស្រាយទៅលើអត្ថន័យ ឬវិសាលភាពនៃសាលក្រម ដែលបានចេញរួចហើយតែប៉ុណ្ណោះ មិនអាចសើររើ ជំនុំជម្រះ កែប្រែសាលក្រមនេះឡើងវិញបានទេ។ ហើយកាលពីឆ្នាំ១៩៦២ តុលាការក្រុងឡាអេបានសម្រេចរួចទៅហើយថា ខ្សែបន្ទាត់ព្រំដែន ដែលតុលាការត្រូវលើកយកមកធ្វើជាសំអាង គឺបន្ទាត់ព្រំដែន ដែលមាននៅលើផែនទីឧបសម្ព័ន្ធទី១ ដោយមិនចាំបាច់ធ្វើការផ្ទៀងផ្ទាត់ថា តើខ្សែព្រំដែននៅលើផែនទីឧបសម្ព័ន្ធទី១នេះ វាត្រូវនឹង “បន្ទាត់បែងចែកខ្សែទឹក” ដែរឬក៏អត់នោះទេ។ ដូច្នេះ ក្នុងបណ្តឹងបកស្រាយសាលក្រមនៅពេលនេះ តុលាការក្រុងឡាអេមិនអាចត្រឡប់មកសើរើរឿង “បន្ទាត់បែងចែកខ្សែទឹក” នេះឡើងវិញបានទេ ទោះបីជាថៃខិតខំទៅរកបានភស្តុតាងថ្មី ផែនទីថ្មីទៀតក៏ដោយ។
នៅក្នុងសវនាការផ្ទាល់មាត់ យើងឃើញថា មេធាវីខាងកម្ពុជាក៏បានវាយបកទៅថៃវិញដែរថា ការដែលថៃព្យាយាមលើកឡើងពីរឿង “បន្ទាត់បែងចែកខ្សែទឹក", លើកបង្ហាញពីភស្តុតាង ឬផែនទី ដែលថៃអះអាងថា ជាភស្តុតាងថ្មីៗ ហើយថែមទាំងបានលើកឡើងថា ការសម្រេចសេចក្តី កាលពីឆ្នាំ១៩៦២ គឺធ្វើឡើងដោយភាន់ច្រលំ ដែលតុលាការមិនគួរបន្តកំហុសតទៅទៀត... ទាំងអស់នេះ តាមពិត គឺជាសំណើសុំសើរើសាលក្រមឡើងវិញ ដែលមិនអាចទទួលយកបានទេ នៅក្នុងសំណុំរឿងសុំបកស្រាយសាលក្រម។
សំណួរ-កម្ពុជានឹងត្រូវបញ្ជូនឯកសារផែនទីបន្ថែមទៅតុលាការក្រុងឡាអេ ទៅតាមការទាមទារចង់បានរបស់ចៅក្រម។ តើចៅក្រមតុលាការក្រុងឡាអេ ចង់បានឯកសារបន្ថែម បញ្ជាក់អំពីរឿងអ្វីពិតប្រាកដ?
អ្វីដែលចៅក្រមតុលាការក្រុងឡាអេចង់ឲ្យភាគីទាំងពីរ គឺទាំងកម្ពុជា និងទាំងភាគីថៃ បញ្ជាក់ឲ្យបានច្បាស់លាស់ គឺបញ្ជាក់ត្រង់ចំណុចថា តើភាគីនីមួយៗ មានការយល់ឃើញយ៉ាងណា ចំពោះពាក្យថា “តំបន់ជុំវិញប្រាសាទព្រះវិហារ” (Vicinity of the Temple/Les environs du Temple) ដែលមានចែងនៅក្នុងសាលក្រមឆ្នាំ១៩៦២? តើពីត្រឹមណាទៅដល់ត្រឹមណា ដែលកម្ពុជាយល់ថាជា “តំបន់ជុំវិញប្រាសាទ” ហើយថៃវិញកំណត់ថា ពីត្រឹមណា ទៅដល់ត្រឹមណា ដោយត្រូវគូសបញ្ជាក់ឲ្យបានច្បាស់លាស់ នៅលើផែនទី ដោយមានទាំងកូអរដោនេច្បាស់លាស់ផង។
តាមពិត ចៅក្រមបានចោទសំណួរនេះឡើង កាលពីពេលបិទបញ្ចប់សវនាការផ្ទាល់មាត់ជុំទី១ ហើយសម្រេចទុកពេលឲ្យកម្ពុជា និងថៃ ត្រឹមថ្ងៃទី ២៦ មេសា មានន័យថា ថ្ងៃសុក្រស្អែកនេះ ដើម្បីឆ្លើយជាលាយលក្ខណ៍អក្សរ ដោយមានផែនទី មានឯកសារសំអាងច្បាស់លាស់។
ក៏ប៉ុន្តែ កាលពីក្នុងសវនាការផ្ទាល់មាត់ ជុំទី២ ក្រុមមេធាវីរបស់កម្ពុជា និងថៃ ក៏បានឆ្លើយផ្ទាល់មាត់ខ្លះៗហើយ ចំពោះសំណួរនេះ។
កម្ពុជាឆ្លើយថា សម្រាប់កម្ពុជា “តំបន់ជុំវិញប្រាសាទព្រះវិហារ” គឺលាតសន្ធឹងរហូតដល់ខ្សែបន្ទាត់ព្រំដែន ដែលមានគូសនៅលើផែនទីឧបសម្ព័ន្ធទី១ ដែលតុលាការក្រុងឡាអេយកមកធ្វើសំអាង នៅក្នុងសាលក្រមឆ្នាំ១៩៦២។
ចំណែកខាងថៃ ឆ្លើយថា សម្រាប់ថៃ “តំបន់ជុំវិញប្រាសាទព្រះវិហារ” គឺតំបន់ដែលជាប់នឹងប្រាសាទដោយផ្ទាល់ ទៅតាមខ្សែបន្ទាត់ ដែលគណៈរដ្ឋមន្រ្តីថៃបានគូស កាលពីឆ្នាំ១៩៦២។ និយាយឲ្យចំទៅ បើមើលទៅលើខ្សែបន្ទាត់គូសដោយគណៈរដ្ឋមន្រ្តីថៃនេះ “តំបន់ជុំវិញប្រាសាទព្រះវិហារ” គឺមានត្រឹមតែបរិវេណប្រាសាទតែប៉ុណ្ណោះ។
ដូច្នេះ បើមើលទៅ គ្រាន់តែពាក្យថា “តំបន់ជុំវិញប្រាសាទ” នេះ ភាគីកម្ពុជា និងភាគីថៃ មានការយល់ឃើញខុសគ្នាទៅហើយ ខុសពីការអះអាងរបស់ថៃ ដែលថា ភាគីទាំងពីរមិនមានវិវាទណាមួយ ទៅលើអត្ថន័យ និងវិសាលភាព នៃសាលក្រមឆ្នាំ១៩៦២ ហើយទាមទារឲ្យតុលាការច្រានចោលបណ្តឹងរបស់កម្ពុជា។
ការដែលចៅក្រមចោទសួរ ឲ្យភាគីកំណត់អំពី "តំបន់ជុំវិញប្រាសាទ" បែបនេះ គឺបញ្ជាក់ថា សម្រាប់ចៅក្រម ការយល់ឃើញរបស់គូភាគី ចំពោះពាក្យនេះ គឺមានសារៈសំខាន់ ដើម្បីសម្រេចថា តើត្រូវធ្វើការបកស្រាយ ឬមិនបកស្រាយ? ប្រសិនបើតុលាការទទួលបានឯកសារ ផែនទី និងកូអរដោណេរបស់កម្ពុជា និងថៃ ដែលកំណត់ខុសគ្នា អំពី “តំបន់ជុំវិញប្រាសាទ” តុលាការអាចនឹងយកចំណុចនេះមកធ្វើជាមូលដ្ឋាន ដើម្បីសម្រេចធ្វើការបកស្រាយសាលក្រម ទៅតាមបណ្តឹងរបស់កម្ពុជា។
ប៉ុន្តែ ចុងក្រោយទៅ ដើម្បីដឹងឲ្យប្រាកដថា តើតុលាការបកស្រាយ ឬមិនបកស្រាយ ហើយបើតុលាការព្រមបកស្រាយ តើបកស្រាយយ៉ាងម៉េច គឺមានតែចាំមើលពេលតុលាការចេញសាលក្រម ប៉ុន្មានខែទៀតនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ