អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

ដើម្បី​ទទួលបាន​នូវ​ការ​រក្សាសិទ្ធិ តើ​ចាំបាច់​ត្រូវ​ដាក់​និមិត្តសញ្ញា "©រក្សាសិទ្ធិ" ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​នាទីយល់ដឹង​ពី​ច្បាប់ នៅថ្ងៃ​នេះ សេង ឌីណា សូមឆ្លើយ​នឹង​សំណួរ​របស់​អ្នកស្តាប់ ជុំវិញ​​និមិត្តសញ្ញា “©រក្សាសិទ្ធិ”។ តើ​ការ​ដាក់​​និមិត្តសញ្ញា​ “©រក្សាសិទ្ធ” ជា​លក្ខខណ្ឌ​ចាំបាច់​ ដើម្បី​ទទួល​បាន​ការ​រក្សា​សិទ្ធិ​ឬទេ? ហេតុអ្វី?

សេង ឌីណា
សេង ឌីណា ©RFI
ផ្សាយពាណិជ្ជកម្ម

ជាបឋម គួរបញ្ជាក់​ថា នៅ​ក្នុង​ច្បាប់ខ្មែរ ការរក្សា​សិទ្ធិ មានចែង​នៅ​ក្នុង​ច្បាប់ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ដែល​អនុម័ត​ឆ្នាំ​២០០៣ ហើយ​​ច្បាប់​នេះ​​មិនបាន​ចែង​ហាម​មិន​ឲ្យដាក់​និមិត្តសញ្ញា “©​រក្សា​សិទ្ធិ” ទេ ក៏ប៉ុន្តែ ក៏​មិនមានចែង​តម្រូវ​ថា​ ចាំបាច់​ត្រូវ​តែ​ដាក់​និមិត្តសញ្ញា “©រក្សាសិទ្ធិ” នេះ ទើប​ទទួលបាន​នូវការ​​ការពារ​ស្របច្បាប់ដែរ។ និយាយ​សរុបមកវិញ ឲ្យ​តែ​ស្នាដៃ​និពន្ធ​ណាមួយ បំពេញ​ទៅតាម​លក្ខខណ្ឌ​ដែល​ច្បាប់​តម្រូវ ទោះបី​ជា​មាន​និមិត្ត​សញ្ញា​ “©រក្សាសិទ្ធិ” ឬ​គ្មាន ក៏​នៅតែ​ទទួលបាន​នូវការ​ការពារ​ពីច្បាប់​រក្សាសិទ្ធិ​ដូចគ្នា​ទាំងអស់។

ហេតុអ្វី​បាន​ជា​ច្បាប់​ចែង​ថា​ មិនបាច់​ដាក់និមិត្តសញ្ញា “©រក្សាសិទ្ធិ” ក៏​បាន​បែប​នេះ? ការចែង​បែបនេះ គឺ​ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​​ថា ការរក្សាសិទ្ធិ គឺ​ជា​សិទ្ធិ​ស្វ័យប្រវត្តិ មានន័យថា រាល់ស្នាដៃ​ទាំងអស់​ត្រូវ​តែ​ទទួល​បាន​នូវ​ការការពារ​ពី​ច្បាប់ ដោយ​មិនចាំបាច់​ត្រូវ​បំពេញ​បែបបទ​អ្វី ឬ​ត្រូវ​ចុះបញ្ជី​អ្វី​ទាំងអស់ (មាត្រា ៣៨ នៃ​ច្បាប់ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល)។

តាមពិត កាល​ពី​មុន ច្បាប់​នៅ​​ប្រទេស​មួយចំនួន ជាពិសេស សហរដ្ឋ​អាមេរិក មាន​ចែង​តម្រូវ​ជាចាំបាច់​​ថា ទាល់តែ​​មាន​​ដាក់​និមិត្តសញ្ញា “©រក្សាសិទ្ធិ​” ហើយ​មាន​ការ​ចុះបញ្ជី​ត្រឹមត្រូវ ទើប​ស្នាដៃ​មួយ​អាច​ទទួលបាន​នូវការ​ការរក្សាសិទ្ធិ​បាន។ ក៏ប៉ុន្តែ ក្រោយ​មក​អនុសញ្ញា​អន្តរជាតិ​សំខាន់ៗ​មួយចំនួន ដូចជា ​អនុសញ្ញា​ក្រុងប៊ែន (Berne Convention 1886) និង​ក្នុង​កិច្ចព្រមព្រៀង​ស្តីពី​កម្មសិទ្ធិ​បញ្ញា របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (Agreement on Trade Related Aspects of Intellectual Property Rights​ 1994 ហៅកាត់​ថា TRIPS) បាន​​កំណត់​ថា ការរក្សាសិទ្ធិ​ត្រូវ​តែ​ជា​សិទ្ធិ​ស្វ័យប្រវត្តិ ហើយ​ប្រទេស​ជា​ហត្ថលេខី​ទាំងអស់ ត្រូវ​តែ​សម្រប​ច្បាប់​ជាតិ​​របស់​ខ្លួន ឲ្យ​ត្រូវ​នឹង​គោលការណ៍​នេះ ដោយ​មិនត្រូវ​​ចែង​តម្រូវ​ថា​ទាល់តែ​បំពេញ​​បែបបទ​ចុះបញ្ជី ឬត្រូវ​ដាក់​និមិត្ត​សញ្ញា​ ទើប​ទទួល​បាន​ការ​រក្សា​សិទ្ធិ​ទេ។

កម្ពុជា គឺ​ជា​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ស្តីពី​កម្មសិទ្ធិ​បញ្ញា របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដូច្នេះ ហើយ​បាន​ជា​ច្បាប់ ស្តីពី​សិទ្ធិអ្នកនិពន្ធ​ និង​សិទ្ធិប្រហាក់ប្រហែល ចែង​ថា “រាល់ស្នាដៃ​ទាំងអស់​ត្រូវ​ទទួល​បាន​នូវកិច្ច​ការពារ​ពី​ច្បាប់ ជា​ស្វ័យប្រវត្តិ” ដោយ​គ្រាន់តែ​ត្រូវ​បំពេញ​តាមលក្ខខណ្ឌ​ចាំបាច់​តែ​ ២​ប៉ុណ្ណោះ។​

លក្ខខណ្ឌ​ទីមួយ ស្នាដៃ​នោះ​​ត្រូវ​តែ​មាន​ទម្រង់​ណាមួយ​ជាក់លាក់ មិនមែនគ្រាន់តែ​ជា​គំនិត​អរូបិយ ឬ​គ្រាន់តែ​ជា​ការ​ស្រមើស្រមៃ។ តាម​មាត្រា ៣ នៃ​ច្បាប់​ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិប្រហាក់ប្រហែល ទម្រង់​ជាក់លាក់​នៃ​ស្នាដៃ​​ ដែល​ត្រូវ​ទទួលបាន​នូវ​ការការពារ​ពី​ច្បាប់ គឺ​អាច​ជា​ ៖

  • ការ​និពន្ធ​៖ សៀវភៅ, ​បទភ្លេង, ចម្រៀង, ប្រលោមលោក, ភាពយន្ត
  • ការ​សម្តែង៖ ការ​សម្តែង​​របាំ ឬការប្រគំតន្រ្តី
  • ការផ្សាយ​ជា​សំឡេង, រូបភាព ឬ​ឯកសារ​នានា ​តាម​វិទ្យុ ឬ ទូរទស្សន៍ ។ល។

លក្ខខណ្ឌ​ទី២ ​ស្នាដៃ ដែល​ទទួល​បាន​ការការពារដោយ​សិទ្ធិអ្នកនិពន្ធ ត្រូវតែ​ជា​ស្នាដៃ​ដើម ពោលគឺ​ជា​ស្នាដៃ​ ដែល​បង្កើត​ឡើង​​តាម​គំនិត​ប្រាជ្ញា​ផ្ទាល់​របស់​អ្នក​និពន្ធ មិនមែន​​ធ្វើ​តាម​គេ (មាត្រា ៤ នៃ​ច្បាប់​ ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិប្រហាក់ប្រហែល)។

សរុបមកវិញ រាល់ស្នាដៃ​ទាំងឡាយណា ដែល​មាន​ទម្រង់ជាក់លាក់ ហើយ​ជា​ស្នាដៃ​ដើម ដោយ​មិន​ចម្លង​ពីគេ ត្រូវ​ទទួលបាន​នូវ​ការ​ការរក្សាសិទ្ធិ​ដោយ​ស្វ័យប្រវត្តិ​ ដោយ​មិន​តម្រូវ​ឲ្យ​មាន​ការ​ចុះបញ្ជី ឬ​ដាក់​និមិត្ត​សញ្ញា “©រក្សាសិទ្ធិ” នោះទេ។

អ្នកនិពន្ធ ឬ​ក៏​ម្ចាស់​សិទ្ធិ បើសិន​ជា​ចង់​ធ្វើ អាច​សុំ​ចុះបញ្ជី ដើម្បី​តម្កល់​ស្នាដៃ​របស់​ខ្លួន ទុក​នៅ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ឬ​​​ដាក់​និមិត្តសញ្ញា​ “©រក្សាសិទ្ធិ” សម្គាល់​ស្នាដៃ​​របស់​ខ្លួនឯងបាន។ ប៉ុន្តែ នេះ​ជា​សិទ្ធិ មិនមែន​ជា​កាតព្វកិច្ច​ត្រូវ​តែ​បំពេញ​នោះទេ។

គួរបញ្ជាក់​បន្ថែម​ថា អ្វី​ដែល​បាន​រៀបរាប់​ខាងលើនេះ (សិទ្ធិស្វ័យប្រវត្តិ) ទាក់ទង​តែ​នឹង​ការរក្សាសិទ្ធិ (សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិប្រហាក់ប្រហែល) ប៉ុណ្ណោះ។ ចំពោះ​កម្មសិទ្ធិ​ឧស្សាហកម្ម​វិញ ដូចជា ការរកឃើញ ឬ​ការច្នៃប្រឌិត​ ដែល​តាមភាសាច្បាប់​ហៅ​ថា “តក្កកម្ម” (ជាភាសាបារាំង Brevet), រូបគំនូរ​ឧស្សាហកម្ម​ និង​សញ្ញាពាណិជ្ជកម្ម ជាដើម ចាំបាច់​ត្រូវ​តែ​មាន​ការ​ចុះបញ្ជី ដើម្បី​ទទួល​បាន​នូវ​វិញ្ញាបនបត្រ​សម្គាល់ ទើប​​អាច​ទទួល​បាន​នូវ​ការ​ការពារ​ពីច្បាប់​ដោយ​ពេញលេញ​បាន។

តាម​ច្បាប់ ស្តីពី​ប្រកាសនីយបត្រ​តក្កកម្ម, វិញ្ញាបនបត្រ​ម៉ូដែល​មាន​អត្ថប្រយោជន៍ និង​គំនូរ​ឧស្សាហកម្ម​ (អនុម័ត​ឆ្នាំ​២០០២) ​ការ​ចុះបញ្ជី​សុំ​ប្រកាសនីយបត្រ​តក្កកម្ម (ឬ Brevet) ត្រូវ​ធ្វើ​នៅ​​​នាយកដ្ឋាន​ទទួលបន្ទុក​ចុះបញ្ជី ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​ឧស្សាហកម្ម។ ប្រកាសនីយបត្រ​នេះ​មាន​សុពលភាព​ ២០ឆ្នាំ គិត​ពី​ថ្ងៃ​ចុះបញ្ជី ហើយដើម្បី​រក្សា​សុពលភាព​នេះ ​ម្ចាស់​តក្កកម្ម​ត្រូវ​បង់កម្រៃ​ប្រចាំឆ្នាំ ជារៀងរាល់ឆ្នាំ។

ចំពោះ​ការ​រក្សា​សិទ្ធិ បើទោះបីជា​ច្បាប់​មិន​តម្រូវ​ឲ្យ​ដាក់​និមិត្តសញ្ញា “©រក្សាសិទ្ធិ” ក៏ដោយ ក៏ប៉ុន្តែ សម្រាប់​ម្ចាស់ស្នាដៃ ការដាក់​និមិត្តសញ្ញា “©រក្សាសិទ្ធិ” មាន​ប្រយោជន៍ ក្នុងការ​ជូនដំណឹង​ដល់​សាធារណជន​ថា ស្នាដៃ​នេះ ស្ថិត​ក្រោម​ការ​រក្សា​សិទ្ធិ ពីព្រោះ មាន​ស្នាដៃ​ខ្លះ​មិនស្ថិត​ក្រោម​ការ​រក្សា​សិទ្ធិ ឬ​ក៏​ផុត​រយៈពេល​រក្សា​សិទ្ធិ។ ដូច្នេះ ប្រសិនបើ​មិន​មាន​ដាក់​និមិត្តសញ្ញា "©រក្សាសិទ្ធិ” នៅពេល​មាន​វិវាទ ចុងចោទ​អាច​យក​ចំណុច​នេះ​មក​​ឆ្លើយ​ដោះសារ​ការពារ​ខ្លួន​​ថា ដោយសារ​មិនឃើញ​មាន​និមិត្ត​សញ្ញា “©រក្សាសិទ្ធិ” គេ​ក៏​ស្មាន​ថា ស្នាដៃ​​នេះ​មិនមាន​រក្សា​សិទ្ធិ ឬ​ក៏​ផុត​រយៈពេល​រក្សា​សិទ្ធិ។ ដូច្នេះ បើ​សិន​ជា​មាន​ដាក់​និមិត្ត​សញ្ញា “©រក្សាសិទ្ធិ” ច្បាស់លាស់ គេ​មិនអាច​ដោះសារ​ថា​មិនបានដឹង​បានទេ។

ចំពោះ​ការ​ចុះបញ្ជី​វិញ​ក៏ដូចគ្នា​ដែរ បើទោះជា​ច្បាប់​មិនតម្រូវ​ឲ្យ​ធ្វើ​ក៏ដោយ ការ​​យក​ស្នាដៃ​ទៅ​ចុះបញ្ជី​តម្កល់​នៅ​ស្ថាប័ន​​មាន​សមត្ថកិច្ច វា​មាន​ប្រយោជន៍​សម្រាប់​ទុកជា​ភស្តុតាង​បញ្ជាក់​អំពី​កម្មសិទ្ធិ​លើ​ស្នាដៃ។

ដើម្បី​ស្វែងយល់បន្ថែម​ពី​កម្មសិទ្ធបញ្ញា​ សូម​អាន​ឯកសារ​​ដែល​ចុះផ្សាយ​នៅលើ​វិបសៃត៍​​របស់​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO)៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ