ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 31/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 31/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 30/07 12h00 GMT
Cambodia

តំណាង​ក្រុម​និស្សិត​​ស.វិទ្យាល័យ​ខេ​មរៈ ជឿ​ថា​គង់ រ៉ៃយ៉ា នឹង​​គ្មាន​​ទោស​!

media  
យុវជនគង់ រ៉ៃយ៉ា ដែល​ត្រូវបាន​ចោទប្រកាន់ពីបទឧក្រិដ្ឋក្រោយបញ្ចេញសារបដិវត្តន៍លើ Facebook។ @Soriya Koko

នៅ​ថ្ងៃ​ទី ១៥​មីនា​ស្អែក​នេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​ លើ​សំណុំ​រឿង​បដិវត្តន៍​ព័ណ៌​របស់​យុវជន​គង់ រ៉ៃ​យ៉ា និស្សិត​ឆ្នាំ​ទី​១ នៃ​សាកលវិទ្យាល័យ​ខេមរៈ​​។ តំណាង​ក្រុម​និស្សិត​សាកល​វិទ្យាល័យ​ខេមរៈ និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ជឿ​ថា​តុលាការ​ នឹង​ទម្លាក់​បទ​ចោទ​លើ​យុវជន​រូប​នេះ។ ពួក​គេ​យល់​ថា គង់ រ៉ៃ​យ៉ា គ្រាន់​តែ​​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​តាម​បណ្តាញ​សង្គម​ ដោយ​មិន​បាន​បង្ក​ឲ្យ​មាន​ភាព​ចលាចល​ណា​មួយ​កើត​ឡើង​នោះ​ទេ​។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី ១៤​មីនា​នេះ តំណាង​ក្រុម​និស្សិត​ បាន​រៀប​ចំ​ញ្ញត្តិ​ចំនួន ២ ដាក់​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន និង​ក្រសួង​យុត្តិធម៌ ដើម្បី​ស្វែង​រក​អន្តរាគម ក្នុង​ការ​ដោះ​លែង​យុវជន​ដែល​ជា​មិត្ត​របស់​ខ្លួន​បន្ថែម​ទៀត​។​

តំណាង​ក្រុម​និស្សិត​សាកលវិទ្យាល័យ​ខេមរៈ និង​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស សង្ឃឹម​ថា​និស្សិត​គង់ រ៉ៃយ៉ា​ នឹង​មិន​ទទួល​ទោស​នោះទេ ព្រោះ​បើ​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​ច្បាប់ គឺ​យុវជន​ម្នាក់​នេះ គ្រាន់​តែ​បញ្ចេញ​ទស្សនៈ​មតិ​ផ្ទាល់​ខ្លួន​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ប៉ុណ្ណោះ​។ លើស​ពី​នេះ ទស្សនៈ​របស់​គង់ រ៉ៃ​យ៉ា ក៏​មិន​បាន​បង្ក​ឲ្យ​មាន​ភាព​ចលាចល​ណា​មួយ​កើត​ឡើង​ក្នុង​សង្គម​ ក្រោយ​ពេល​ខ្លឹមសារ​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​នោះ​ដែរ។
 
យ៉ាង​ណា​ក៏​ដោយ​ តំណាង​ក្រុម​និស្សិត​សាកលវិទ្យាល័យ​ខេមរៈ បាន​រៀប​ចំ​ញ្ញត្តិ​ចំនួន ២ ដាក់​ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នៅ​ថ្ងៃ​ទី ១៤​មីនា​ ក្នុង​គោល​ដៅ​ស្នើ​សុំ​អន្តរាគមន៍​ដោះ​លែង​យុវជន​ម្នាក់​នេះ ប្រសិន​បើ​តុលាការ​ សម្រេច​កាត់​ទោស នៅ​ថ្ងៃ​ប្រកាស​សាលក្រម​។ ក្នុង​ញ្ញត្តិ​នោះ តំណាង​ក្រុម​និស្សិត​ អះអាង​ថា​គង់ រ៉ៃយ៉ា អាយុ ២៤​ឆ្នាំ មាន​អាកប្បកិរិយា​ល្អ មិន​ដែល​បង្ក​ការ​រំខាន ឬ​ធ្វើ​សកម្មភាព​ណា​មួយ​ប៉ះពាល់​ដល់​សង្គម​ឡើយ​។ ហើយ​គេ​ ក៏​ជឿ​ថា​យុវជន​ដែល​ជា​មិត្ត​របស់​គេ​ម្នាក់​នេះ ពិត​ជា​គ្មាន​បំណង​ធ្វើ​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​ ដូច​ការ​ចោទប្រកាន់​នោះ​ទេ គឺ​គ្រាន់​តែ​គេ​មិន​ទាន់​យល់​ច្បាស់​លាស់​ពី​អត្ថន័យ​នៃ​ពាក្យ​ បដិវត្តន៍​ព័ណ៌ ប៉ុណ្ណោះ។ មួយ​វិញ​ទៀត គង់ រ៉ៃយ៉ា ក៏​ពុំ​មាន​លទ្ធភាព​ធ្វើ​ឲ្យ​មាន​ភាព​វឹកវ៉រ ក្នុង​សង្គម​នោះ​ដែរ​។
 
លោក​អំ សំអាត ប្រធាន​បច្ចេកទេស​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ បាន​ប្រាប់​វិទ្យុ​បារាំង​ថា ប្រសិន​បើ​តុលាការ​ កំណត់​ឲ្យ​គង់ រ៉ៃ​យ៉ា មាន​ទោស នោះ​គឺ​ជា​ការ​គម្រាម​កំហែង និង​បំភិត​បំភ័យ​ ដល់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ​។ តាម​លោក​អំ សំអាត បើ​ផ្អែក​ទៅ​លើ​ទិដ្ឋភាព​ច្បាប់ គឺ​គង់ រ៉ៃ​យ៉ា ​មិន​គួរ​ជាប់​ចោទ ឬ​ត្រូវ​ទទួល​ការ​ផ្តន្ទទោស​នោះ​ទេ ប៉ុន្តែ​បើ​ផ្អែក​លើ​ទម្លាប់​របស់​តុលាការ​កម្ពុជា បើ​​បាន​ចោទ​ប្រកាន់​ហើយ តុលាការ​នឹង​មិន​លើក​លែង​បទ​ចោទ​ ឬ​អាច​កាត់​តម្រឹម​ជា​ដើម។ ក្នុង​នោះ ​លោក​សំណូមពរ ឲ្យ​តុលាការ​ ​បែង​ចែក​ឲ្យ​បាន​ត្រឹម​ត្រូវ​ រវាង​បទ​ល្មើស និង​ការ​បញ្ចេញ​ទស្សនៈ​មតិ​។
 
សូម​បញ្ជាក់​ថា យុវជន​គង់ រ៉ៃ​យ៉ា ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី​២២​សីហា ឆ្នាំ​២០១៥​ នៅ​ពន្ធនាគារ​ព្រៃ​ស ​ក្រោម​បទ​ចោទ ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ តាម​មាត្រា ៤​៩​៤​និង​៤​៩​៥។ ការ​ចោទ​ប្រកាន់​ ដែល​បាន​ធ្វើ​ឡើង​ក្រោយ​ពី​យុវជន ដែល​ក៏​ជា​សមាជិក​របស់​សមាគម​យុវជន​ខ្មែរ​អង្គរ​ផង​នោះ​ បាន​សរសេរ​សារ​នៅ​លើ​បណ្តាញ​​សង្គម​ហ្វេសប៊ុក​​ថា ថ្ងៃ​ណា​មួយ​នៅ​ពេល​ខាង​មុខ​នេះ រូប​គេ​នឹង​ធ្វើ​បដិវត្តន៍​ពណ៌ ដើម្បី​ផ្លាស់ប្តូរ​របប​មួយ​នេះ ​ចេញ​ពី​សង្គម​ខ្មែរ ទោះ​បី​ជា​ត្រូវ​ជាប់​គុក ឬ​ស្លាប់​ក៏​ដោយ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ