អានតួអត្ថបទ
ស៊ីរី

ស៊ីរី៖ក្រុម​​ហ្វាតិ​ អាល់-ឆាំ​​ អតីត​​ក្រុម​​អាល់កៃដា​ ប្រកាស​​ទទួល​​ខុសត្រូវ​​ភេរវកម្ម​ទ្វេដង​​​ ​​នៅ​​ដាម៉ាស

ចំនួន​អ្នកស្លាប់​ក្នុង​ភេរវកម្ម​ចំនួន​​២ ​កាលពី​ថ្ងៃសៅរ៍ នៅ​ក្រុងដាម៉ាស ប្រទេស​ស៊ីរី បាន​កើនឡើង​​ដល់​​​​៧៤នាក់។ ភេរវកម្ម​ទាំង២​ ​ជា​ស្នាដៃ​របស់​ក្រុម​ហ្វាតិ អាល់-ឆាំ អតីត​ក្រុម​អាល់កៃដា។ ថ្ងៃអាទិត្យ​ ​១២មីនា​នេះ ​​ក្រុម​ភេរវជន​ហ្វាតិ​ អាល់-ឆាំ បាន​ប្រកាស​ថា សកម្មជន​ខ្លួន​២រូប ​បាន​បង្ក​ភេរវកម្ម​ទាំង២​នេះឡើង។ 

រថយន្ត​ដឹកអ្នក​គោរព​និកាយ​ស្ហ៊ីអ៊ីត បាន​រង​ការ​វាយប្រហារ​ដោយ​ភេរវកម្ម កាលពី​ថ្ងៃសៅរ៍១១មីនា។
រថយន្ត​ដឹកអ្នក​គោរព​និកាយ​ស្ហ៊ីអ៊ីត បាន​រង​ការ​វាយប្រហារ​ដោយ​ភេរវកម្ម កាលពី​ថ្ងៃសៅរ៍១១មីនា។ REUTERS/Omar Sanadiki
ផ្សាយពាណិជ្ជកម្ម

​ភេរវកម្ម​ចំនួន​២ សម្លាប់​មនុស្ស​ជាង​៧០នាក់ កាលពី​ថ្ងៃសៅរ៍ នៅ​ក្រុងដាម៉ាស​ ប្រទេស​ស៊ីរី។ ជនរងគ្រោះ​​​ជាង​៤០នាក់ ​ជាជនជាតិ​អ៊ីរ៉ាក់ ​​​​កាន់សាសនា​និកាយ​ស្ហ៊ីអ៊ីត ដែល​បាន​នាំគ្នា​មក​ស្មឹងស្មាធ នៅ​តាម​ចេតិយ ក្នុង​ក្រុង​ដាម៉ាស។ ភេរវកម្ម​គ្រាប់បែក​ ​បាន​សម្លាប់​ជនស៊ីវិល កុមារ និង​សកម្មជន​ប្រយុទ្ធ​គាំទ្រ​រដ្ឋាភិបាល​លោក​អាសាដ​ផងដែរ។

យោងតាម​ក្រុម​សិទ្ធិមនុស្ស​ស៊ីរី ចំនួន​មនុស្ស​ស្លាប់​ដោយភេរវកម្ម​ បាន​កើនឡើង ដោយសារ​តែ​ជនរងគ្រោះ​រងរបួស​ធ្ងន់ធ្ងរ​ពេក។ ភេរវកម្ម​កើតឡើង​តាំងពី​ថ្ងៃសៅរ៍ តែ​ទាល់តែ​ថ្ងៃអាទិត្យ​ ទើប​ក្រុម​ភេរវជន​ហ្វាតិ អាល់ ឆាំ ជា​អតីត​ក្រុម​អាល់ កៃដា ​ចេញមុខ​​ប្រកាស​ទទួលខុសត្រូវ​ ដោយ​លើកឡើង​ថា ​ភេរវកម្ម​បង្កឡើង​ដោយ​វីរជន​អ៊ីស្លាម​របស់​ខ្លួន​ចំនួន​២រូប។ ក្រុមហ្វាតិ​ អាល់ ឆាំ ប្រាប់ថា ​ការ​វាយ​ប្រហារ​នេះ ​ជា​សារផ្ញើ​ទៅអោយ​អ៊ីរ៉ង់ និង​ក្រុម​ប្រយុទ្ធ​ដែល​​​​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ដាម៉ាស។ ក្រុម​ភេរវជន​ចង់សំដៅ​ទៅលើ​ក្រុមប្រយុទ្ធ​​អេស្បូឡាលីបង់នោះឯង។

មុន​ការ​ប្រកាស​ទទួល​ខុសត្រូវ​នេះ ​​ ​​​អ៊ីរ៉ាក់ដែលមាន​​ពលរដ្ឋ​ខ្លួនស្លាប់​ច្រើន​ ក្នុង​ភេរវកម្មនៅ​ដាម៉ាស​ ​បាន​ទំលាក់​កំហុស​ភេរវកម្ម​ទៅលើ​ក្រុម​ឈ្មោះថា តាក់ហ្វ៊ីរី ​ជាប់ទាក់ទង​​​ក្រុមជ្រុលនិយម​ស៊ុននីត។ ​កាលពី​ថ្ងៃសៅរ៍​ដែរ ​រដ្ឋាភិបាល​ស៊ីរី​បាន​ថ្កោលទោស​ភេរវកម្ម ​ដោយ​លើកឡើង​ថា ​ជា​អំពើ​​កំសាក ដើម្បី​សងសឹក​ជ័យជំនះ​របស់​​កងកម្លាំង​​អារ៉ាប់ ដែល​បាន​ប្រយុទ្ធ​កំចាត់​ក្រុម​ភេរវជនរដ្ឋ​​អ៊ីស្លាម ​និង​ក្រុម​អាល់ ណូស្រា ដែល​ជា​អតីត​ក្រុម​អាល់ កៃដា។ ​ក្រុម​អាល់ ណូស្រា​នេះ គឺ​ក្រុម​ហ្វាតិ អាល់-ឆាំ ដែល​បាន​ប្រកាស​ទទួលខុសត្រូវ​ភេរវកម្ម​ទ្វេដង នៅ​ក្រុង​ដាម៉ាស កាលពី​ថ្ងៃសៅរ៍ នេះឯង។

ក្រុម​ហ្វាតិ អាល់ ឆាំ នេះ​ក៏ធ្លាប់​​ប្រកាស​ទទួលខុសត្រូវ​ភេរវកម្ម​ថ្ងៃ២៥កុម្ភៈ ប្រឆាំង​ក្រុម​ចារកិច្ច​នៅ​តំបន់​ហូម ភាគកណ្តាលដែរ។ ​ជាភេរវកម្ម​សម្លាប់​មនុស្ស​ជាង១០នាក់ ក្នុង​នោះ​មាន​អ្នកជំនិត​ប្រធានាធិបតី​​អាសាដមួយរូប​។ រុស្ស៊ី ​និង​អាមេរិក​ចាត់ទុក​ក្រុមហ្វាតិ អាល់ឆាំ ថា​​ជាក្រុមភេរវជន។ ក្រុម​ហ្វាតិ អាល់ ឆាំ ​​​​គ្មាន​សិទ្ធិ​ចូលរួម​ចរចា​ដោះស្រាយ​វិបត្តិសង្គ្រាម​​ស៊ីរី​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ