អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Facebook និង Twitter បិទគណនី​ចំនួន​២០ម៉ឺន ដោយ​សង្ស័យ​ថា​ចិន​ប្រើប្រាស់​ដើម្បី​បង្ខូច​កិត្តិយស​របស់​បាតុករ​ហុង​កុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអង្គារ ទី​២០សីហា​ ក្រុម​ហ៊ុន ​ Facebook និង Twitter បាន​ប្រកាសថាបិទ​គណនី​អ្ន​កប្រើប្រាស់​​ ចំនួន​២០ម៉ឺន​នាក់​ ដែលប្រើប្រាស់​​យ៉ាង​សកម្ម​នាពេល​ថ្មីៗនេះ ដើម្បី​​បង្ខូច​កិត្តិយស​របស់​ចលនាបាតុកម្ម​ហុងកុង​។​​ ក្រុមហ៊ុន​យក្សផ្នែក​បណ្តាញ​សង្គមរបស់​អាមេរិក​ទាំង​ពីរនេះ​ សង្ស័យនិង​មាន​ភស្តុតាង​បញ្ជាក់ថា គណនីខ្លះរបស់​Facebook និងTwitter ​ មិន​ដែល​មាន​សកម្មភាព​អ្វី​សោះ​ពីមុនមក តែ​ទើបតែ​សកម្ម​ នៅពេល​ថ្មីៗនេះ ហើយ​ខ្លះទៀត បាន​បិទលាក់​បាំង​​ទីកន្លែង​ដែល​ខ្លួន​ប្រើប្រាស់​អ៊ិនធឺណែន ឬ​ ​ដាក់​ទីតាំងក្លែងក្លាយ​ជាដើម​។​ គេដាក់​ការ​សង្ស័យថា អ្នក​នៅ​ពីក្រោយ​រឿង​នេះ គឺអាជ្ញាធរ​ចិន​។

លោកស្រី ការី ឡាំ អំពាវវនាវឱ្យមានកិច្ចសន្ទនា និង​ដាក់លក្ខខណ្ឌឱ្យមានសភាពស្ងប់ស្ងាត់ជាមុន។
លោកស្រី ការី ឡាំ អំពាវវនាវឱ្យមានកិច្ចសន្ទនា និង​ដាក់លក្ខខណ្ឌឱ្យមានសភាពស្ងប់ស្ងាត់ជាមុន។ REUTERS/Ann Wang
ផ្សាយពាណិជ្ជកម្ម

តើ​ចិនប្រើប្រព័ន្ធ​បណ្តាញ​សង្គម​ ដើម្បី​បំពុល​ចលនា​បាតុកម្ម​មែនដែរឬទេ?

បើ​តាម​ កាសែតជា​ច្រើន​​នៅបច្ចិមលោក រួម​ទាំង​ភ្នាក់ងារព័ត៌មាន​បារាំង​ឈរ​ជើង​ហុងកុងផង​ គេ​គ្រប់​គ្នា​សុទ្ធតែ​អង្អុរមុខ​ចិន ថា​ អាជ្ញាធរ​ចិន​ ជា​អ្នក​ប្រើ​ប្រាស់​គណនី​បណ្តាញ​សង្គម​ទាំងនោះ។ បើ​តាម​ក្រុមហ៊ុន​ Facebook និង Twitter ក្នុង​ចំណោម​គណនី​ដែលត្រូវ​លុប​ចោល ឬ​ត្រូវ​ដាក់​ឱ្យ​ផ្អាក់​ដំណើរការ ទាំង​២០ម៉ឺន​គណនីនោះ គឺមាន​គណនី ប្រហែល​ជិត​១ពាន់ ដែល​សរសេរ​បំភ្លៃ​ព័ត៌មាន បង្ករការ​​អុជអាល ញោះញុង ឱ្យ​ស្អប់​ក្រុម​បាតុករ​គាំទ្រ​​ប្រជាធិបតេយ្យ​ហុងកុង។ បាន​ជាគេ​​អះអាង​ដូច្នេះ គឺមាន​ភស្តុតាង​បញ្ជាក់ថា អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ខ្លះ បាន​បង្កាច់បង្ខូចកិត្តិយសរបស់ក្រុមអ្នកតវ៉ា ហើយ​ថែមទាំង​ចោទប្រកាន់ ដោយ​ប្រៀបប្រដូចហ្វូងបាតុករហុងកុងដូចជាភេរវជនជ្រុលនិយម ឬក៏ប្រៀប​ទៅនឹង​ក្រុ​ម​អង្គការ​រដ្ឋ​អ៊ីស្លាមជីហាត ​អ៊ីចឹង។

គណនីទាំងនោះ​ភាគច្រើន​ ទើប​បង្កើត​ថ្មី ឬមា​នមកហើយដែរ តែ​មិនដែលមាន​សកម្មភាព​អ្វីសោះពីមុនមក តែទើបតែសកម្មខ្លាំងក្លា​នៅពេលថ្មីៗនេះ។ ប្រការ​គួរ​ចាប់​ថ្នាក់​មួយ​ទៀត គឺគណនីខ្លះទៀត បិទលាក់បាំងទីកន្លែង​ដែលខ្លួនប្រើប្រាស់អ៊ិនធឺណែន ឬ ដាក់ទី​តាំងក្លែងក្លាយជាដើម។ ដូច្នេះហើយ​ ទើប​​ Facebook និងTwitter បាន​សម្រេច​បញ្ឈប់ដំណើរ​​គណនីទាំងនោះ​។​

ការប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញសង្គម ដើម្បីទាក់ទាញមតិសាធារណៈ​ឱ្យ​យល់​ច្រឡំ ឬអូសទាញឱ្យគិតបែបផ្សេង ឬក៏មើលអ្វីៗទៅតាមការអូសទាញណាមួយ គឺបង្កជា​ក្តីព្រួយបារម្ភខ្លាំងមួយសម្រាប់ពិភពលោក ពិសេស​ខណៈ​ពេល​ដែល​សភាព​ការ​កំពុង​តែ​ជ្រួល​​ច្របល់​ដូច​នៅ​ហុងកុង​ពេល​នេះ​។ អ្នកជំនាញខាង​បណ្តាញ​សង្គម​ បានឱ្យ​ឧទាហរណ៍​ ដូច​ជា​ ករណីបោះឆ្នោតប្រធានាធិបតី​នៅអាមេរិក និងការបោះឆ្នោត​ប្រជា​មតិដើរចេញពីសហភាពអឺរ៉ុប របស់អង់គ្លេស ជាដើម ដែលមួយផ្នែកធំ គេសង្ស័យថា មានការអូសទាញមតិមហាជនដោយសារតែបណ្តាញសង្គមនេះឯង​។

គួរ​បញ្ជាក់​​ដែរថា ​​ Facebook ត្រូវ​ចិន​ហាម​ឃាត់​មិន​ឱ្យ​មាន​ប្រើ​ទេ​នៅ​ស្រុក​ចិន ក៏ប៉ុន្តែ នៅ​ហុងកុង​វិញ គឺ​​​ Facebook កំពុង​ពេញ​និយម​សម្បើម​ណាស់​ដែរ។ ក្នុង​ចំណោម​ពលរដ្ឋ​ហុងកុង​ មាន​ជាង ៧លាន​នាក់ គឺ​មនុស្ស​ជាង​ ជិត​៥លានទៅហើយ ដែល​ប្រើ​ប្រាស់​ Facebook។ ដូច្នេះ ការ​បំពុល​ព័ត៌មានតាម​បណ្តាញ​សង្គម ទំនង​ជា​មធ្យោបាយ​មួយដែរ ដែល​អាជ្ញាធរស្វ័យតហុងកុង​ ឬ​រដ្ឋ​អំណាច​ចិន​ ប្រើប្រាស់ជាមធ្យោបាយ​​ដើម្បី​ប្រឆាំង​តទល់​នឹង​បាតុករ​ហុងកុង។

 

​ថ្នាក់​ដឹកនាំ​រដ្ឋបាល​ស្វ័យត​ហុងកុង លោកស្រី ការី ឡាំ ក៏​នៅតែ​ប្រកាន់​ជំហរ​មិន​ធ្វើ​សម្បទាន​អ្វីឱ្យ​ច្រើន​​ដូច​តាម​ទាមទាររបស់​បាតុករ​នោះឡើយ​​?​

ជំហរ​របស់​ថ្នាក់ដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ ដែល​រណប​ចិន​ប៉េកាំង គឺ​ហាក់​បាន​ទន់​ជាង​មុន​បន្តិច។ ទន់​បន្តិចពីព្រោះថា លោកស្រី​បញ្ជាក់ជាថ្មីប្រាប់​អ្នក​កាសែតថា ច្បាប់​ធ្វើ​បត្យាប័ន​បញ្ចូន​ជន​សង្ស័យ​ចាប់នៅ​ហុងកុង ទៅកាន់ទោស​នៅ​ចិន គឺ​ស្លាប់ហើយ មិន​បាច់​យក​មកនិយាយ​ទេ។ ​ ចំណែក​ការ​ប្តឹងផ្តល់​ប៉ូលីស​ដែល​ប្រើ​ហិង្សាលើបាតុករ លោកស្រី​នឹង​ឱ្យ​មេប៉ូលីស​ពិនិត្យ​ស៊ើប​អង្កេត។ ការ​ធ្វើ​សម្បទាន​នេះ គឺមិន​អាច​ធ្វើ​ឱ្យ​បាតុករ​ស្ងប់​ចិត្ត​នោះទេ។ ដ្បិត​ថា​ ការ​ស៊ើប​អង្គេត​នោះ ច្បាស់​ជា​មិន​ឯករាជ្យ​សោះឡើយ ព្រោះ​ថា​ មេប៉ូលីស គឺលោកស្រី​ ការី ឡាំ​ខ្លួន​ឯង ជា​អ្ន​កជ្រើស​តាំង។ ប៉ុន្តែ ការ​ទាមទារផ្សេងទៀត​របស់​បាតុករដែល​ចង់​​ឱ្យ​លោកស្រី​ចុះ​ចេញពី​តំណែង​ និង​រៀបចំ​ការ​បោះឆ្នោត​ជាថ្មី ដោយ​យុត្តិធម៌​ត្រឹមត្រូវ​និង​ឯករាជ្យ គឺ​លោកស្រី ហាក់​គ្មាន​បាន​យក​ចិត្ត​ទុកដាក់​ស្តាប់​សម្រែង​ទាមទារ​របស់បាតុករ​សោះឡើយ​។ ហើយថែមទាំង​ធ្វើ​សន្នីសីទ​កាសែត​អំពាវវនាវ​ឱ្យ​មាន​កិច្ចសន្ទនា ព្រមទាំង​ដាក់​លក្ខខណ្ឌ​ផង​ថា​ឱ្យ​មាន​សភាព​ស្ងប់ស្ងាត់​ជា​មុន​។​ ដូច្នេះ ​ ទោះ​ចង់​មិន​ចង់ លំហូរ​បាតុក​ម្ម​នៅហុងកុង គឺមិន​អាច​ស្ងប់​ទៅវិញឡើយ​។

 

ចិន​មាន​សេណារីយ៉ូថ្មី គឺ​​​​អភិវឌ្ឍ​តំបន់​ក្បែរ​ៗហុងកុង ហើយ​ទុក​ហុងកុងឱ្យឯកោ​

នេះ​ជា​សេចក្តីណែនាំ​ថ្មីរបស់​រដ្ឋាភិបាល​កុំម្មុយនីស្ត​ចិន ដែល​ចេញ​នៅថ្ងៃ​ច័ន្ទ​ ទី​១៩សីហា និង​ដែល​ចង់​កែប្រែមុខមាត់​នៃតំបន់​ Shenzhen ទៅ​ជា​តំបន់​អភិវឌ្ឍ​សេដ្ឋកិច្ច​ជឿនលឿន នៅ​ឆ្នាំ​២០២៥ ហើយ​ក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​លំដាប់​លេខ​មួយ​លើពិភពលោក នៅឆ្នាំ​២០៣៥។ តំបន់​ Shenzhen  មាន​កំពង់​ផែ​ស្រាប់ គឺ​ជាប់​កោះ​ហុងកុងដែរ មាន​ប្រជាជន​ជាង​១២លាន​នាក់ ច្រើន​ជាង​ហុងកុង​ ដែល​មា​នត្រឹម​ជាង​៧លាន​នាក់។ ហើយ​បើ​តាម​រដ្ឋ​អំណាច​ចិន ​ គឺតំបន់​ Shenzhen  នេះ ស្គាល់​ការ​រីកចម្រើន​ជាង​៤០ឆ្នាំហើយ និង​​ជា​កន្លែង​ឧស្សាហកម្មជឿនលឿន ពិសេស​ផ្នែក​បច្ចេកវិទ្យា ព្រ​មទាំង​មាន​កម្លាំង​ពលកម្ម​ពី​យុវ​ជន​ក្មេងៗ​ពេញ​សមត្ថភាព​ មកពី​ក្រុង​ជ្រុងជ្រោយ​នៃប្រទេស​។​

ទោះបី​យ៉ាងណាក៏ដោយ ចិន​មិន​បាន​គូស​បញ្ជាក់​លម្អិត​ពីគម្រោង​ផែនការ​ថ្មីឱ្យ​ច្បាស់​លាស់នោះទេ។ តែ​បើ​តាម​អ្ន​កវិភាគ គេ​​ជឿថា​ការ​​ចេញ​ផែន​ការ​ថ្មីនេះ គឺ​ជាការ​ចាំត្រងចាប់​​យក​អ្នក​វិនិយោគ​នៅហុងកុង ដែល​ចង់​គេចពី​ភាព​ជ្រួល​ច្របល់​នៅហុងកុង​។ ម្យ៉ាង​ទៀត ​ចិនចង់ប្រើ​មធ្យោបាយ​អភិវឌ្ឍសេដ្ឋកិច្ច​តំបន់ជុំវិញនិងក្បែរៗកោះហុងកុង ហើយទុកហុងកុងឱ្យឯកោ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ