អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយករដ្ឋមន្ត្រីឥណ្ឌា សង្ឃឹម​រៀបចំតំបន់កាស្មៀរ ឱ្យ​ទៅជា​ឋានសួគ៌

ចុះផ្សាយ​នៅ​ថ្ងៃ៖

សំណុំរឿងតំបន់កាស្មៀរកាន់តែតឹងតែង, ថ្ងៃព្រហសត្បិ៍ ទី​៨សីហា លោកនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី ចាត់ទុកថា តំបន់កាស្មៀរ ជាសម្បុកផ្ទុកភេរវជននិងពួកចង់ផ្តាច់ខ្លួន។ ដូច្នេះ ការទាញ​យកតំបន់កាស្មៀរមកគ្រប់គ្រង គឺលោកចង់លុបបំបាត់ក្រុមភេរវនិយម និងអ្នក​ចង់​ផ្តាច់​ទឹកដី ហើយធ្វើឱ្យតំបន់ជួបការរីកចម្រើនសេដ្ឋកិច្ច។ ក្នុងសារថ្លែង​ទៅកាន់​ប្រជា​ជាតិតាម​កញ្ចក់ទូរទស្សន៍ ប្រមាណ៤០នាទី, លោក ម៉ូឌី បានសន្យារៀបចំការបោះឆ្នោតនៅកាស្មៀរ និងធ្វើឱ្យកាស្មៀរក្លាយជាឋានសួគ៌។ ប៉ុន្តែ ភាគខាង ប៉ាគីស្ថាន មួម៉ៅក្តៅកាន់តែខ្លាំង ហើយ​ថែមទាំងអះអាងថានឹងប្តឹងឥណ្ឌា ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ​របស់អង្គការ​សហប្រជាជាតិ។

លោក ម៉ូឌី បានសន្យារៀបចំការបោះឆ្នោតនៅកាស្មៀរ និងធ្វើឱ្យកាស្មៀរក្លាយជាឋានសួគ៌។
លោក ម៉ូឌី បានសន្យារៀបចំការបោះឆ្នោតនៅកាស្មៀរ និងធ្វើឱ្យកាស្មៀរក្លាយជាឋានសួគ៌។ REUTERS/Amit Dave
ផ្សាយពាណិជ្ជកម្ម

តើនាយករដ្ឋមន្ត្រីឥណ្ឌា ថ្លែងសារលួងចិត្តអ្វីខ្លះចំពោះប្រជាពលរដ្ឋនៅកាស្មៀរ?

លោក នារិន្ត្រា ម៉ូឌី ធ្វើសេចក្តីថ្លែងការណ៍ តាមទូរទស្សន៍រយៈពេល ប្រមាណ ៤០នាទី ដើម្បីលួងលោមចិត្តពលរដ្ឋក្នុងតំបន់ និងពលរដ្ឋឥណ្ឌាខ្លួនឯងថា កុំឱ្យបារម្ភជ្រុលខ្លាំងពេក។ បញ្ហានេះ នឹងវិលទៅរកភាពស្ងប់ស្ងាត់ធម្មតាវិញ នាពេលដ៏ខ្លីខាងមុខ។ ថែមពីនេះ លោក ម៉ូឌី បានសន្យាថានឹងរៀបចំតំបន់កាស្មៀរឱ្យបានល្អ ដោយមានរដ្ឋបាល​គ្រប់គ្រងត្រឹមត្រូវ​តាមបែបឥណ្ឌា ហើយការបោះឆ្នោតមូលដ្ឋានជ្រើសរើសថ្នាក់ដឹកនាំតំបន់កាស្មៀរ ក៏នឹងត្រូវរៀបចំបោះឆ្នោតក្នុងពេលឆាប់ៗនេះដែរ​។

ទោះយ៉ាងណាក្តី លោក ម៉ូឌី នៅតែអះអាងថា ការដែលរដ្ឋាភិបាល​ឥណ្ឌា​របស់​លោក​សម្រេច​ចិត្តលុបចោលលក្ខន្តិកៈពិសេសកាស្មៀរ ហើយមកគ្រប់គ្រងក្នុងរដ្ឋសហព័ន្ធនេះ គឺជា​ការសម្រេចចិត្តត្រូវ ហើយជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រទៀតផង។ យ៉ាងណាមិញ នាយក​រដ្ឋមន្ត្រី ម៉ូឌី ក៏បញ្ជាក់ហេតុផលមួយទៀតដែរ ចំពោះការសម្រេចចិត្តរបស់ឥណ្ឌា យក​កាស្មៀរ​មក​​កាន់កាប់ គឺដើម្បីទប់ទល់នឹងពួកភេរវជន ដែលបង្កប់ខ្លួននៅក្នុងតំបន់កាស្មៀរនេះ។

ចំណុចដែលសំខាន់ជាងនេះទៀត គឺប្រមុខរដ្ឋឥណ្ឌា ប្តេជ្ញាជួយកសាង​អភិវឌ្ឍសេដ្ឋកិច្ចកា​ស្មៀរ​ឱ្យរីក​ចម្រើនជឿនលឿន ដូចជា ត្រូវតភ្ជាប់រថភ្លើង បញ្ចូនក្រុមហ៊ុនបច្ចេកវិជ្ជា​ទៅរកស៊ី​និង​កសាងទីនេះ ហើយត្រូវស្ថាបនាហេដ្ឋាសម្ព័ន្ធសង្គមនិងសេដ្ឋកិច្ចឱ្យត្រចះត្រចង់ ... និយាយរួម គឺលោកចង់ធ្វើឱ្យកាស្មៀរក្លាយជាឋានសួគ៌តែម្តង។

នេះ​ជា​សេចក្តីថ្លែង​របស់លោក នារិន្ទ្រា ម៉ូឌី៖

«ជនរួមជាតិទាំងឡាយ!

ខ្ញុំជឿជាក់យ៉ាងមុតមាំថា បែបបត់គ្រប់គ្រងថ្មីនៅតំបន់ Jamu និង Kashmir គឺអាចឱ្យយើងចម្ចាត់ចោលពួកក្រុមភេរវជន និងពួកចង់ផ្តាច់ខ្លួន ផ្តាច់ទឹកដី ដែលចូលដៃជើងជាមួយភេរវជន។

តំបន់ Jamu និង Kashmir នឹងក្លាយជាឋានសួគ៌លើផែនដីយើងនេះ ហើយនឹងនាំមកនូវការអភិវឌ្ឍយ៉ាងរីកចម្រើន ព្រមទាំងទាក់ទាញពិភពលោកឱ្យងាកមកចាប់អារម្មណ៍តំបន់យើងនេះ។

កម្រិតជីវភាពប្រជាពលរដ្ឋយើងនឹងល្អប្រសើរ។

ពលរដ្ឋនឹងទទួលបានផលប្រយោជន៍សេវាសង្គមដែលចាំបាច់ និងដែលគួរតែទទួលបាន ដោយគ្មានឧបសគ្គ គ្មានការលំបាករារាំងទៀតឡើយ។»

ទោះបីជានាយករដ្ឋមន្ត្រីឥណ្ឌា លោក នារិន្ទ្រា ម៉ូឌី ថ្លែងយ៉ាងនេះក្តី ក៏មាន អ្នកវិភាគស្ថានការណ៍ នៅតែមិនជឿលោកទាំងស្រុងនេះដែរ។ នាយក និពន្ធកាសែតឥណ្ឌាថ្ងៃនេះ India Today បានរិះគន់ថា គេមិនត្រូវ ជឿតែ លើសម្តីរបស់លោកម៉ូឌីទេ ត្រូវមើលសកម្មភាពជាក់ស្តែង។ ការដែលដាក់ តំបន់កាស្មៀរឱ្យស្ថិតក្រោមអំណាចផ្តាច់មុខរបស់ក្រុងញូវដេលី គឺមិនអាចដោះ ស្រាយបញ្ហាបានឡើយ។ មិនតែប៉ុណ្ណោះ កាន់តែធ្វើឱ្យមានបញ្ហាទៅវិញទេ។ នេះបើតាមអ្នកវិភាគនៅកាសែត India Today។

ប៉ាគីស្ថាននឹងប្តឹងឥណ្ឌាទៅអង្គសហប្រជាជាតិ។ តើអ្វីទៅជា​ជំហរជាក់ស្តែង​របស់ថ្នាក់ដឹកនាំប៉ាគីស្ថាន ?

ចំពោះថ្នាក់ដឹកនាំប៉ាគីស្ថាន ទង្វើរបស់ឥណ្ឌា គឺពិតជាមិនអាចទទួលយកបានសោះឡើយ ហើយប៉ាគីស្ថានយល់ថា ឥណ្ឌាអសីលធម៌ណាស់ ចំពោះសកម្មភាព​បំពានទៅលើ​តំបន់ស្វ័យតកាស្មៀរនាពេលប៉ុន្មានថ្ងៃមកនេះ។ នាយករដ្ឋមន្ត្រី ប៉ាគីស្ថាន លោក Imran Khan ស្តែងចេតនាចង់ប្តឹងឥណ្ឌា ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ របស់អង្គសហប្រជាជាតិ ដើម្បីជួយរកដំណោះស្រាយ។ ទោះបីយ៉ាងណាក៏ដោយ ប៉ាគីស្ថាន ដែល​មាន​គ្រាប់បែកនុយក្លេរអ៊ែរនេះ នៅតែខាំមាត់មិនប្រើធម៌ក្តៅ ដោយយោធានោះទេ។ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ថានឹងរកផ្លូវដោះស្រាយតាមនយោបាយ ការទូត ហើយនិងផ្លូវច្បាប់។

វិទ្យុបារាំងបានជូនដំណឹងជាបន្តបន្ទាបមកហើយថា ជាប្រតិកម្មភ្លាមៗរបស់ ប៉ាគីស្ថាន គឺ បានកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគជាមួយឥណ្ឌា ហើយប៉ាគីស្ថាន ថែម​ទាំង​ដាច់​ផ្តាច់ចំណងទូតថែមទៀត ដោយដេញទូតឥណ្ឌាចេញពីប្រទេស និងកោះហៅទូត​របស់ខ្លួន​ឱ្យចូលស្រុកវិញ។

ក៏ប៉ុន្តែ ក្នុងស្ថានភាពដ៏តានតឹងនេះ ប៉ាគីស្ថាន និងឥណ្ឌា សុទ្ធសឹងតែ​បានត្រៀម​កងទ័ពនិងក្រុមទាហានយោធាគ្រាក់ៗរបស់ខ្លួន រៀងៗខ្លួនរួចស្រេចទៅហើយ។ ក្នុងតំបន់កាស្មៀរពេលនេះ មានពលរដ្ឋជាង៨លាននាក់ តែកងទ័ពប្រដាប់អាវុធបានកើនឡើងច្រើនៗ​ជាបន្តបន្ទាប់។​ គេអាចចាត់ទុកថា ជាតំបន់ដែលត្រៀមកងទ័ពសម្រាប់ប្រយុទ្ធ ច្រើនជាគេលើលោកផង​។

អង្គការសហប្រជាជាតិ និងសហគមអឺរ៉ុប អំពាវវនាវឱ្យប្រទេសទាំងពីរ បន្ធូរភាពតឹងតែងឱ្យនៅសល់ទាបបំផុត ហើយត្រូវរកផ្លូវដោះស្រាយដំបៅចាស់ ដែលជាជម្លោះប្រវត្តិសាស្ត្រ

ប្រមុខការទូតសហភាពអឺរ៉ុប លោកស្រី Federica Mogherini ក៏បានហៅ​ទូរសព្ទ ដោយផ្ទាល់ទៅថ្នាក់ដឹកនាំឥណ្ឌានិងប៉ាគីស្ថាន ហើយ​លោកស្រីទទូច​ឱ្យប្រទេសទាំងពីរចរចាគ្នា ដែលនេះជាមធ្យោបាយតែមួយគត់ ដើម្បីធានាសន្តិសុខ។

ចំណែក អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងក្តីព្រួយ​បារម្ភជា​ខ្លាំងចំពោះ​ស្ថានការណ៍តានតឹងរវាងឥណ្ឌានិងប៉ាគីស្ថាន។ ពីល្ងាចម្សិលមិណេះ លោក Antonio Guterre បាន​ស្នើសុំឱ្យភាគីទាំងពីរសម្រន់កម្តៅ ឱ្យទាបបំផុត និងសូមកុំធ្វើសេចក្តីសម្រេច​ចិត្តណា​ដែលបង្កឱ្យអសន្តិសុខក្នុងតំបន់កាន់តែធ្ងន់ធ្ងរ។ ក្នុងសភាពជាក់ស្តែងនេះ អគ្គលេខា​ធិការ​អង្គការសហប្រជាជាតិ បានទទូចឱ្យឥណ្ឌា បន្ថយកណ្តាប់ដៃបន្តិច ចំពោះការ​រឹតត្បិត​ការធ្វើចរាចរណ៍ និងការចាប់ខ្លួនមនុស្សជាង៥០០នាក់ក្នុងតំបន់កាស្មៀរ។ អង្គការសហប្រជាជាតិ យល់ថា នេះជាការរំលោភសិទ្ធមនុស្ស ពីសំណាក់ឥណ្ឌា។

ទន្ទឹមគ្នានេះ កញ្ញា ម៉ាឡាឡា Malala Yousafzai ជ័យលាភីណូបែលសន្តិភាព និង​ជាជនជាតិប៉ាគីស្ថាន ដែលធ្លាប់រងការវាយប្រហារពីក្រុមភេរវនិយម បានថ្លែងក្តី​បារម្ភពីសុវត្តិភាពកុមារនិងស្ត្រី។ នាងយល់ថា ពេលនេះ កុមារនិងស្ត្រីរងទុក្ខយ៉ាងខ្លាំង ខ្លាំងជាងការប៉ះទង្គិចណា​ៗទាំងអស់នៅក្នុងចំណោមជម្លោះជាច្រើនរវាងប៉ាគីស្ថាននិងឥណ្ឌា។ ជ័យលាភីណូបែលសន្តិភាព រូបនេះ ស្នើឱ្យភាគទាំងពីរនាំមនុស្សទៅរកសន្តិភាព។ ទោះបីជាមានវប្បធម៌ខុសគ្នា សាសនាខុសគ្នា ទំនៀមទម្លាប់ផ្ទុយគ្នាក្តី តែនាងជឿថា មនុស្សពិតជាអាចរស់នៅជុំគ្នាក្នុងសន្តិភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ