អានតួអត្ថបទ
បទយកការណ៍

អាជីវកម្ម​បង្កើត​ថ្មី​នៅ​កម្ពុជា​៖ ឱកាស ​និង​ការ​ប្រឈម​ជា​មួយ​ក្រុមហ៊ុន​ក្រៅ​ស្រុក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អាជីវកម្ម​បង្កើត​ថ្មី(Startup) បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ខណៈ​របាយ​ការណ៍​មួយ​បង្ហាញ​ថា​តួលេខ​នៃ​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​ប្រទេស​កម្ពុជា​នឹង​បន្ត​កើន​ឡើង​ទ្វេ​ដង​ថែម​ទៀត​នា​រយៈ​ពេល​២ ឬ​៣​ឆាំ្ន​ខាង​មុខ​នេះ​។ ទន្ទឹម​នឹង​ការ​កើន​ឡើង​ច្រើន​បែប​នេះ អាជីវកម្ម​ថ្មីៗ​ទាំង​នោះ ក៏​ប្រឈម​នឹង​កត្តា​ពង្រីក​ទីផ្សារ​នៃ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំៗ​ពី​ខាង​ក្រៅ​។

ហ្គេម​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន ​DirexPlay ដាក់​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ ​iOS ​របស់​ទូរស័ព្ទ​ ​iPhone
ហ្គេម​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន ​DirexPlay ដាក់​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ ​iOS ​របស់​ទូរស័ព្ទ​ ​iPhone RFI-PHEARAK
ផ្សាយពាណិជ្ជកម្ម

-អាជីវកម្ម​បង្កើត​ថ្មី

កំពុង​អង្គុយ​ក្នុង​បន្ទប់​បិទ​ជិត​មួយ ដែល​បំពាក់​ដោយ​កុំព្យូទ័រ​ប្រមាណ​៥គ្រឿង លោក ឈួម ពិសិដ្ឋ អង្គុយ​លើកៅ​អី, ពាក់​អាវ​ពណ៌​ប្រផេះ​ដៃ​ខ្លី បាន​រៀបរាប់​ពី​ការ​ចាប់​ផ្តើម​អាជីវកម្ម​របស់​លោក​ដំបូង កាល​ពី​ឆ្នាំ​២០១៣ ជា​មួយ​បងប្អូន​របស់​លោក​។ លោក ពិសិដ្ឋ បច្ចុប្បន្ន​គឺ​​ជា​​នាយក​​គ្រប់​​គ្រង​ និង​​ជា​​ស្ថាបនិក​ DirexPlay ដែល​ជា​ស្ទូឌីយ៉ូ រចនា​ហ្គេម​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ហ្គេម​ដំបូង ដែល​លោក​បាន​បង្កើត​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​ប្រភេទ​អេនដ្រ៉យ (Android) ដែល​មាន​ឈ្មោះ​ថា ដំណើរ​ផ្សង​ព្រេង​របស់ សុខ និង​សៅ។

លោក ឈួម ពិសិដ្ឋ ៖ហ្គេម​គឺ​ជា​ទម្រង់​នៃ​សិល្បៈ​មួយ ដែល​យក​ផ្នែក​ផ្សេងៗ​មក​ច្របាច់​បញ្ចូល​គ្នា​បង្កើត​ចេញ​ជា​របស់​មួយ ដែល​គេ​អាច​លេង​សប្បាយ ហើយ​មាន​បញ្ចូល​ការ​អប់រំ​។ អញ្ចឹង​យើង​ចាប់​ផ្តើម​បង្កើត​ជា​ក្រុម ហើយ​ធ្វើ​ហ្គេម​ហ្នឹង​តែ​ម្តង​ទៅ​។ គំនិត​ដំបូង​នៅ​ឆ្នាំ​២០១៣ ប៉ុន្តែ​យើង​ចាប់​ផ្តើម​ធ្វើ​មែន​ទែន​ នៅ​ឆ្នាំ​២០១៤​។"

បច្ចុប្បន្ន​នេះ​អាជីវកម្ម​បង្កើត​ថ្មី ដែល​ផ្តោត​លើ​ការ​បង្កើត​ហ្គេម​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ប្រមាណ​៥​ក្រុម​ហ៊ុន ដែល​ជា​អាជីវកម្ម​ក្នុង​ស្រុក​។ របាយ​ការណ៍​ស្រាវជ្រាវ​មួយ​របស់​ក្រុម​ហ៊ុន Mekong Strategic Partners ដែល​ចេញ​ផ្សាយ​នៅ​ខែ​មករា ឆ្នាំ​២០១៩​នេះ ​បាន​បង្ហាញ​ថា​ នៅ​ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា​មាន​អាជីវកម្ម​បង្កើត​ថ្មី​លើ​ផ្នែក​បច្ចេក​វិទ្យា​លើស​ពី​៣០០អាជីវកម្ម​។

លោក កែម បូរ៉ា នាយក​គ្រប់គ្រង​ក្រុម​ហ៊ុន Mekong Strategic Partners និង​ជា​អ្នក​ប្រឹក្សា​យោបល់​ដល់​អាជីវកម្ម​បង្កើត​ថ្មី​ផ្នែក​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែង​ថា​តួលេខ​នៃ​អាជីវកម្ម​បង្កើត​ថ្មី​មាន​ច្រើន ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​គុណ​ភាព​។

លោក កែម បូរ៉ា៖ "សំខាន់​ជាង​តួលេខ គឺ​គុណ​ភាព ក្នុង​មតិ​ខ្ញុំ បើ​មាន​ក្រុម​ហ៊ុន ល្អ តែ​៥០​ទេ ប្រសើរ​ជាង​មាន​ក្រុម​ហ៊ុន​៥(៥០០)​ទៅ​៦០០​។ ឧទាហរណ៍​ចុះ! អញ្ចឹង​សំខាន់​តើ​ក្រុម​ហ៊ុន​មួយ គាត់​អាច​រស់​បាន​ដោយ​មិន​ត្រូវ​ការ​ហិរញ្ញវត្ថុ​ពី​ខាង​ក្រៅ​ឬ​អត់?"

លោក​បន្ត​ថា​ការ​កើន​ឡើង​ដ៏​ច្រើន​នៃ​អាជីវកម្ម​ថ្មី​នេះ ដោយ​សារ​តែ​សហគ្រិន​ក្មេងៗ​មាន​ចំណាប់​អារម្មណ៍​នឹង​បច្ចេក​វិទ្យា​ថ្មី​។ លោក កែម បូរ៉ា ៖ទី១​ចំណាប់​អារម្មណ៍​ពី​សហគ្រិន​ផ្សេងៗ​គាត់​គិត​ថា​បច្ចេកវិទ្យា​គឺ​មាន​អនាគត​ទៅ​ថ្ងៃ​ខាង​មុខ​។ អញ្ចឹង​ចំណាប់​អារម្មណ៍​គឺ​មាន​ច្រើន ជា​ពិសេស​ប្អួនៗ​ ដែល​ជា​សិស្សា​នុសិស្ស​នៅ​មហា​វិទ្យាល័យ ហើយ​ក៏​មាន​បុគ្គលិក​មក​ពី​ក្រុមហ៊ុន​គាត់​បង្កើត​ជា​អាជីវកម្ម​ថ្មី​របស់​គាត់​។ ទី២ ​យើង​ឃើញ​ថា​មាន​ការ​គាំទ្រ​ជា​កម្មវិធី​ពី​រដ្ឋាភិបាល និង​ក្រុម​ហ៊ុន ដូច​ជា​ក្រុម​ហ៊ុន Smart Axiata ជា​ដើម​។"

លោក កែម បូរ៉ា លើក​ឡើង​ពី​អត្រា ដែល​អាជីវកម្ម​បង្កើត​ថ្មី អាច​ដើរ​ដល់​ភាព​ជោគជ័យ​របស់​ខ្លួន ដែល​បាន​កំណត់​។

លោក កែម បូរ៉ា ៖ "បើ​យើង​មើល​លើ​​ប្រទេស​ជិត​ខាង​វិញ ​Startup គេ​មាន Survival Rate។ បាន​ន័យ​ថា​បើ​ចាប់​ផ្តើម​មួយ​រយ​អញ្ចឹង អាច​ដែល គាត់​ជោគជ័យ​បាន​ពី​១០​ទៅ​២០​ភាគ​។ (តែ)​នៅ​ស្រុក​យើង ដោយ​សារ​តែ Startup គាត់​ទើប​តែ​បង្កើត​បាន​ពី២​ទៅ៥​ឆ្នាំ​មុន (យើង)​អត់​ដឹង​ថា​តួលេខ​នោះ វា​យ៉ាង​មេច​នោះ​ទេ​ តែ​បើ​តាម​ការ​ស្មាន​របស់​ខ្ញុំគឺ​ ពី២០ ទៅ​៣០​ភាគ​រយ គឺ​ជា​តួលេខ​ល្អ​ហើយ​។

-ការ​ប្រឈម​របស់​អាជីវកម្ម​បង្កើត​ថ្មី

ចំ​ពោះ​លោក ឈួម ពិសិដ្ឋ នាយក​គ្រប់​គ្រង និង​ជា​ស្ថាប​និក DirexPlay បាន​លើក​ឡើង​ថា​នៅ​ពេល​បង្កើត​អាជីវកម្ម​ដំបូង​គឺ​ក្រុម​ហ៊ុន​របស់​លោក​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ជា​ច្រើន​។ លោក ឈួម ពិសិដ្ឋ ៖ "បញ្ហា​ដំបូង​គឺ​វា​ទាក់ទង​នឹង​ទីផ្សារ​។ យើង​មើល​លើ​ផ្នែក​ទីផ្សារ ទី១​ទាក់ទង​នឹង​ទូរស័ព្ទ ព្រោះ​កាល​ជំនាន់​នោះ​មិន​មាន​ទូរស័ព្ទ ដែល​ដើរ​(ដំណើរ​ការ​)លឿន​ដូច​សម័យ​បច្ចុប្បន្ន ហើយ​ទូរស័ព្ទ​មាន​តម្លៃ​ថ្លៃ អ៊ីនធឺណិត​មាន​តម្លៃ​ថ្លៃ​។ ហើយ​ក្នុង​ក្រុម​វិញ គឺ​ទាក់ទង​នឹង​ជំនាញ​។ បង្កើត​ដំបូង​គឺ​យើង​ថ្មី​សុទ្ធ​តែ​ម្តង​ ហើយ​គ្មាន​សាលា​ណា​បង្រៀន​ទាក់ទង​នឹង​គំនូរ​ជីវចល ដែល​ទាក់ទង​នឹង​ធ្វើ​ហ្គេម​ហ្នឹង​ទេ​។ និយាយ​ទៅ​សាលា​បង្រៀន​ធ្វើ​ហ្គេម​ចំ គឺ​អត់​មាន​ទេ អាច​មាន​លាយ​មុខ​វិទ្យា​ខ្លះៗ ដូច​ជា​ Programming ឬ​អាច​ជា​ Art អី​តិច​ៗ តែ​មិន​មាន​ចំទាក់​ទង​ហ្នឹង​ហ្គេម​ហ្នឹង​ទេ​។ "

លោក​បណ្ឌិត តាំង ងួនលី នាយក​គ្រប់​គ្រង​មជ្ឈ​មណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី តេជោ ដែល​ជា​មជ្ឈ​មណ្ឌល​ស្ថិត​ក្រោម​ការ​ផ្តល់​ជំនួយ​ពីរដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា មាន​កត្តា​ប្រឈម​៣ទៅ៤​ចំណុច​ធំៗ​សម្រាប់​អាជីវ​កម្ម​បង្កើត​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បណ្ឌិត តាំង ងួន​លី៖ "តាម​យោបល់​ខ្ញុំ ខ្ញុំ​គិត​ថា​ ប្រហែល​ជា​មាន​៣​ទៅ​៤​ចំណុច​ធំៗ​។ ទី១​គឺ​ការ​ស្វែង​រក​ដៃគូ ឬ​ក៏យើង​និយាយ​ថា Teamwork ហ្នឹង​ឯង​។ [....] ហើយ​ទី២ ​ខ្ញុំ​គិត​ថា​ជា​បញ្ហា​ប្រឈម​ដែរ​ហ្នុង គឺ​បញ្ហា​បច្ចេក​ទេស​។ ព្រោះ​ថា Tech Startup រឿង​សំខាន់​បំផុត​គឺ​ត្រូវ​ប្រើ​បច្ចេកវិទ្យា​ជា​ស្នូល​ក្នុង​ការ​ធ្វើ​ផលិត​ផល​អ្វី​មួយ ឬ​ក៏​សេវា​កម្ម​អ្វី​មួយ​។ ហើយ​ដើម្បី​ធ្វើ​របស់​ហ្នឹង​ឲ្យ​ដល់​កម្រិត ដើម្បី Meet Customer Expectation ហ្នឹង គឺ​យើង​ត្រូវ​ការ​ប្រើ​បច្ចេក​វិទ្យា​កម្រិត​ខ្ពស់​។ […… ] ទី៣ គឺ​ប្រភព​ហិរញ្ញ​វត្ថុ [……] និងទី៤ ​គឺ​ប្រព័ន្ធ​Startup​ Ecosystem ​នៅ​មាន​កម្រិត​។"

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ស្ថិត​នៅ​ក្នុង​បរិវេន​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ស្ថិត​នៅ​ក្នុង​បរិវេន​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​ Techo Startup Center

 

-ម្ចាស់​អាជីវកម្ម​បង្កើត​ថ្មី​ចាត់​ទុល​ការ​ប្រឈម​នឹង​ក្រុម​ហ៊ុន​ខាង​ក្រៅ ជា​ឱកាស

លោក កែម បូរ៉ា នាយក​គ្រប់គ្រង​ក្រុមហ៊ុន Mekong Strategic Partners បាន​លើក​ឡើង​ថា​អាជីវកម្ម​បង្កើត​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​អាច​ប្រឈម​នឹង​ក្រុមហ៊ុន​ធំៗ​ពី​ខាង​ក្រៅ​ទេ​។

លោក កែម បូរ៉ា ៖ "ក្នុង Tech Sector ហ្នឹង​គឺ ពេល​ខ្លះ​ អាជីវកម្ម​បង្កើត​ថ្មី​មិន​អាច​ប្រឈម​ជា​មួយ​នឹង​ Google, Facebook បាន​ទេ​។ ប៉ុន្តែ​អ្វី​ដែល​គាត់​អាច​ធ្វើ​ល្អ​ជា​ក្រុមហ៊ុន​ធំៗ​នោះ​ គឺ​ គាត់​យល់​អតិថិជន​ខ្មែរ​យើង​ជាង​ក្រុម​ហ៊ុន​ធំៗ​។​ បាន​ន័យ​ថា​គាត់​ធ្លាប់​ដឹង​ពី​ទីផ្សារ គាត់​ដឹង​ចំណុច​ខ្សោយ​ចំណុច​ខ្លាំង​ (ពី)ស្ថានភាព​នៅ​ក្នុង​ប្រទេស​យើង ទោះបី​ក្រុមហ៊ុន​ធំគាត់​មាន​ថវិកា​ច្រើន​ក៏​ដោយ ក៏​គាត់​មិន​អាច ឬ​ពេល​ខ្លះ​គាត់​មិន​អាច​មើល​ឃើញ​ឱកាស​ក្នុង​ប្រទេស​យើង​។"

បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ក្រុម​ហ៊ុនធំៗ​មួយ​ចំនួន បាន​ចូល​ប្រឡូក​តាម​រយៈ​វិស័យ​បច្ចេកវិទ្យា​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ក្នុង​ស្រុក​។ Netflix Inc ជា​ក្រុម​ហ៊ុន​ផ្តល់​នូវ​សេវាកម្ម​មើល​ភាព​យន្ត​ដ៏​ធំ​របស់​ពិភព​លោក​បាន​បោះ​ជើង​ចូល​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ខែ​មករា ឆ្នាំ​២០១៦​កន្លង​ទៅ​ ស្រប​នឹង​ការ​ដាក់​ឲ្យ​សេវាកម្ម​របស់​ខ្លួន​ដំណើរ​ការ​នៅ​តាម​បណ្តា​ប្រទេស​១៣០​ផ្សេង​ទៀត​លើ​ពិភព​លោក​។

នៅ​ខែសីហា ​ឆ្នាំ​២០១៧ iflix ដែល​ជា​ក្រុម​ហ៊ុន​ផ្តល់​នូវសេវាកម្ម​ស្រដៀង​គ្នា​បាន​ដំណើរ​ការ​ចូល​ក្នុង​ទីផ្សារ​កម្ពុជា និង​បាន​សហការ​ជា​មួយ​ក្រុម​ផ្តល់​សេវា​ទូរស័ព្ទ Smart Axiata ក្នុង​ការ​ពង្រីក​ការ​ផ្តល់​សេវា​មើល​ភាព​យន្ត​ដល់​ទីផ្សារ ដែល​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ចល័ត​ប្រមាណ​១៣លាន​ស៊ីម​កាត និង​បន្ត​កើន​ឡើង​ប្រមាណ​២៦​ភាគ​រយ​រវាង ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​។ នេះ​បើ​តាម​របាយ​ការណ៍​របស់​និយ័តករ​ទូរគមនាគមន៍​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា​។ Soyo ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន​Sabay ដែល​ជា​កម្មវិធី​ផ្តល់​សេវាកម្ម​មើល​ភាពយន្ត​របស់​ខ្មែរ​ក៏​បាន​ដាក់​ឲ្យ​ដំណើរ​ការ​សេវាកម្ម​របស់​ខ្លួន កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៧​ដែរ​។

បន្ទាប់​ពី​ក្រុម​ហ៊ុន​ទាំង​អស់​នេះ ការ​ប្រកួត​ប្រជែង​រវាង​អាជីវកម្ម​ក្នុង​ស្រុក និង​ក្រៅស្រុក ក៏​កើត​មាន​តាម​រយៈសេវាកម្ម​ហៅ​តាក់ស៊ី​ក្នុង​ប្រទេស​កម្ពុជា​។ ក្រៅ​ពី​កម្មវិធី​ហៅ​តាក់ស៊ី PassApp ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ សេវាកម្ម​នេះ ក៏​មាន​ចំណែក​របស់​ក្រុមហ៊ុន​ក្រៅ​ស្រុក ដែល​គេ​ស្កាល់​ឈ្មោះ​ថា​ Grab​។

លោក ធុល រឹទ្ធី សហស្ថាបនិក SmallWorld ដែល​ជា​កន្លែង​ផ្តល់ ទីតាំង និង​វិនិយោគ​លើ​ជីវកម្ម​បង្កើត​ថ្មី​នៅ​កម្ពុជា​ បាន​ថ្លែង​ថា​ក្នុង​ការ​បង្កើត​អាជីវកម្ម​បង្កើត​ថ្មី​ ឬ​ក្រុម​ហ៊ុន​ថ្មី តែង​តែ​មាន​ការ​ប្រឈម​ពី​ខាង​ក្រៅ ប៉ុន្តែ​ពេល​ខ្លះ​វា​អាច​ក្លាយ​ជា​ឱកាស​ទៅ​វិញ​។

លោក ធុល រឹទ្ធី៖ " ក្នុង​ការ​បើក​អាជីវកម្ម ឬ​បើក​ក្រុម​ហ៊ុន យើង​ធ្វើ​អី​ក៏​មាន​ការ​ប្រឈម​មុខ​ដែរ​។ ក្រុម​ហ៊ុន​ធម្មតា​ក៏​ប្រឈម​ជា​មួយ​នឹង​ក្រុមហ៊ុន​ខាង​ក្រៅ ពេល​ដែល​គេ​ចូល​មក​ខាង​ក្នុង​។ ក្រុម​ហ៊ុន​ Startup Technology យើង​គិត​មើល​ពួក​គាត់​មាន​ការ​ប្រឈម​ដូច​គ្នា ប៉ុន្តែ​ប្រហែល​ជា​មាន​ឱកាស​ក្នុង​ការ​រីក​ចំរើន​មុន​ ហើយ​លឿន​ មុន​ពេល​ដែល​គេ​ចូល​មក​ដល់​នៅ​ក្នុង​ស្រុក​ខ្មែរ​។ ប៉ុន្តែ​បើ​គាត់​គិត​តែ​រឿង Startup នៅ​ស្រុក​ខ្មែរ​ គាត់​នឹង​បាត់បង់​ឱកាស​ប្រកួតប្រជែង​នៅ​ខាង​ក្រៅ​៕"

លោក ឈួម ពិសិដ្ឋ ​ជា​​នាយក​​គ្រប់​​គ្រង និង​​ជា​​ស្ថាបនិក DirexPlay បាន​លើក​ឡើង​ថា​បច្ចុប្បន្ន​ការ​ប្រឈម​នឹង​ក្រុមហ៊ុន​ខាង​ក្រៅ​គឺ​មាន​ការ​លំបាក​មួយ​ចំនួន​ ដោយ​សារ​តែ​ក្រុមហ៊ុន​ក្នុង​ស្រុក​ដូច​ជា​ក្រុមហ៊ុន​របស់​លោក​តូច​ជាង​ក្រុមហ៊ុន​ខាង​ក្រៅ, ដើរ​ក្រោយ​គេ, និង​បញ្ហា​ហិរញ្ញវត្ថុ។

លោក ឈួម ពិសិដ្ឋ៖ " ទី១​យើង​តូច, ទី២​យើង​ដើរ​ក្រោយ​គេ, ហើយ​ទី៣​យើង​អត់​មាន​លុយ​ដូច​គ្នា។​ អាហ្នឹង​គឺ​ជា​ចំណុច​ខ្វះខាត​របស់​យើង តែ​ក៏​វា​មិន​ប្រាកដ​ថា​ជា​បញ្ហា​ដែល​មិន​ឲ្យ​យើង​ដើរ​ទៅ​មុខ​ដែរ​។ គាត់​ជា​ក្រុមហ៊ុន​ធំ ប៉ុន្តែ​គាត់​ត្រូវ​ផ្តោត​លើ​ប្រទេស​ផ្សេងៗ​ច្រើន​អញ្ចឹង​ទៅ​។ និយាយ​រួម​គេ​ថា​ទូក​ធំ​ក្តោង​ធំ ​សម្រាប់​យើង​តូច​យើង​មាន​ទីផ្សារ​របស់​យើង​។

លោក ឈួម ពិសិដ្ឋ នាយកគ្រប់គ្រង DirexPlay
លោក ឈួម ពិសិដ្ឋ នាយកគ្រប់គ្រង DirexPlay RFI

លោក ដេវីដ ហាស្កែល (David Haskel) ជា​នាយក​គ្រប់​គ្រង Cambodia Startup Advisers និង​ជា​អ្នក​និពន្ធ​សៀវភៅ​ស្តីពី​អាជីវកម្ម​បង្កើត​ថ្មី​នៅ​កម្ពុជា តាម​រយៈ​អ៊ីមែល បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា​មិន​មាន​អ្វី​ត្រូវ​ខ្លាច​ការ​ប្រកួត​ប្រជែង​ពី​ក្រុមហ៊ុន​ខាង​ក្រៅ​ស្រុក​នោះ​ទេ​។

លោក ដេវីដ ហាស្កែល៖ “ប្រសិន​បើ​ខ្ញុំ​ជា​ស្ថាបនិក​អាជីវកម្ម​បង្កើត​ថ្មី​នៅ​កម្ពុជា ជា​មួយ​គំនិត គំរូ​អាជីវកម្ម និង​ក្រុម​ការងារ ដ៏​ខ្លាំង​មួយ​ ខ្ញុំ​មិន​មាន​អ្វី​ដែល​ត្រូវ​ខ្លាច​ការ​ប្រកួត​ប្រជែង​ពី​ខាង​ក្រៅ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​នឹង​ស្វាគមន៍​ពួក​គេ​។​ចំណេះ​ដឹង​ពី​ក្នុង​ស្រុក និង​មូលដ្ឋាន​ដ៏​ល្អ អាច​រាប់​បញ្ចូល​បាន ហើយ​មិន​មាន​អ្នក​ណា​ស្គាល់​ពី​កម្ពុជា​ច្រើន​ជាង​កម្ពុជា​ខ្លួន​ឯង​នោះ​ទេ​។

លោក ដេវីដ បន្ត​ថា ទោះ​បី​ជា​ក្រុមហ៊ុន​ផ្នែក​បច្ចេកវិទ្យា​អន្តរជាតិ​មាន​ហិរញ្ញវត្ថុ​មែន ប៉ុន្តែ​ស្ថាបនិក​អាជីវកម្ម​ថ្មី​ត្រូវ​ដឹង​ថា​លុយ​ទាំង​នោះ​គឺ​អាច​មក​ពី​ប្រភព​ហិរញ្ញវត្ថុ​តែ​មួយ​។ លោក ដេវីដ ៖ “ប្រសិន​បើ​ករណី​នៃ​ការ​ធ្វើ​ជំនួញ​វា​ល្អ​សម្រាប់​ក្រុមហ៊ុន​អន្តរជាតិ​ចូល​មក​ក្នុង​ស្រុក អញ្ចឹង​វា​ក៏​ល្អ​សម្រាប់​ក្រុម​ហ៊ុនវិនិយោគ​ ដែល​អាច​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម​ក្នុង​ស្រុក​។ អ្នក​មក​មុន​មាន​ឱកាស​ច្រើន នៅ​ក្នុង​ទម្រង់​អ្នក​ឈ្នះ​គឺ​មាន​ចំណែក​ទីផ្សារ​ច្រើន​។ ជាក់​ស្តែង​ករណី​កម្មវិធី​ហៅ​តាក់​ស៊ី PassApp នៅ​តែ​ខ្លាំង​ជាង​ក្រុមហ៊ុន​អន្តរជាតិ​ដូច​ជា​ Uber។

លោក គួច ផេង ជា​​​ប្រធាន​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា (YEAC) បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា​ភាគ​ច្រើន​អាជីវកម្ម​បង្កើត​ថ្មី ផ្នែក​បច្ចេកវិទ្យា គឺ​ជា​អ្នក​ដែល​ប្រឈម​នឹង​ការ​ពង្រីក​ទីផ្សារ​ពី​ក្រុម​ហ៊ុនខាង​ក្រៅ​ស្រុក​។ លោក គួច ផេង អះអាង​ថា អ្វី​ដែល​សហគិ្រន ឬ​ម្ចាស់​អាជីវកម្ម​បង្កើត​ថ្មី​ធ្វើ​បាន​គឺ​ការ​ពង្រឹង​ខ្លួន​ឯង​។

លោក គួច ផេង៖ “អ្វី​ដែល​ពួក​គាត់​អាច​ធ្វើ​បាន​គឺទី​១​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង ទី២​ពង្រឹង​អភិបាល​កិច្ច​ក្រុម​ហ៊ុន​ខ្លួន​ឯង​។ អាហ្នឹង​ជា​រឿង​ដែល​សំខាន់ ដើម្បី​និរន្តរភាព​នៃ​ក្រុម​ហ៊ុន។ ទី៣ គាត់​ធ្វើ​មេច​ត្រូវ​ Plan ហិរញ្ញវត្ថុ​របស់​គាត់​ឲ្យ​បាន​ល្អ។ អាហ្នឹង​ជា​ចំណុច​ដែល​សំខាន់​ ដែល​គាត់​អាច​ទៅ​ប្រកួត​ប្រជែង​ខាង​ក្រៅ​បាន​។ ប្រសិន​បើ​ខាង​ក្នុង​មិន​ខ្លាំង​ទេ មិន​អាច​ប្រកួត​ប្រជែង​ខាង​ក្រៅ​បាន​ទេ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ