អាជីវកម្មបង្កើតថ្មីនៅកម្ពុជា៖ ឱកាស និងការប្រឈមជាមួយក្រុមហ៊ុនក្រៅស្រុក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០៩
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជីវកម្មបង្កើតថ្មី(Startup) បានកើនឡើងជាបន្តបន្ទាប់ ខណៈរបាយការណ៍មួយបង្ហាញថាតួលេខនៃអាជីវកម្មបង្កើតថ្មីក្នុងប្រទេសកម្ពុជានឹងបន្តកើនឡើងទ្វេដងថែមទៀតនារយៈពេល២ ឬ៣ឆាំ្នខាងមុខនេះ។ ទន្ទឹមនឹងការកើនឡើងច្រើនបែបនេះ អាជីវកម្មថ្មីៗទាំងនោះ ក៏ប្រឈមនឹងកត្តាពង្រីកទីផ្សារនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗពីខាងក្រៅ។
-អាជីវកម្មបង្កើតថ្មី
កំពុងអង្គុយក្នុងបន្ទប់បិទជិតមួយ ដែលបំពាក់ដោយកុំព្យូទ័រប្រមាណ៥គ្រឿង លោក ឈួម ពិសិដ្ឋ អង្គុយលើកៅអី, ពាក់អាវពណ៌ប្រផេះដៃខ្លី បានរៀបរាប់ពីការចាប់ផ្តើមអាជីវកម្មរបស់លោកដំបូង កាលពីឆ្នាំ២០១៣ ជាមួយបងប្អូនរបស់លោក។ លោក ពិសិដ្ឋ បច្ចុប្បន្នគឺជានាយកគ្រប់គ្រង និងជាស្ថាបនិក DirexPlay ដែលជាស្ទូឌីយ៉ូ រចនាហ្គេមនៅក្នុងប្រទេសកម្ពុជា។ ហ្គេមដំបូង ដែលលោកបានបង្កើតត្រូវបានដាក់ឲ្យដំណើរការលើប្រព័ន្ធប្រតិបត្តិការទូរស័ព្ទប្រភេទអេនដ្រ៉យ (Android) ដែលមានឈ្មោះថា ដំណើរផ្សងព្រេងរបស់ សុខ និងសៅ។
លោក ឈួម ពិសិដ្ឋ ៖ហ្គេមគឺជាទម្រង់នៃសិល្បៈមួយ ដែលយកផ្នែកផ្សេងៗមកច្របាច់បញ្ចូលគ្នាបង្កើតចេញជារបស់មួយ ដែលគេអាចលេងសប្បាយ ហើយមានបញ្ចូលការអប់រំ។ អញ្ចឹងយើងចាប់ផ្តើមបង្កើតជាក្រុម ហើយធ្វើហ្គេមហ្នឹងតែម្តងទៅ។ គំនិតដំបូងនៅឆ្នាំ២០១៣ ប៉ុន្តែយើងចាប់ផ្តើមធ្វើមែនទែន នៅឆ្នាំ២០១៤។"
បច្ចុប្បន្ននេះអាជីវកម្មបង្កើតថ្មី ដែលផ្តោតលើការបង្កើតហ្គេមនៅក្នុងប្រទេសកម្ពុជាមានប្រមាណ៥ក្រុមហ៊ុន ដែលជាអាជីវកម្មក្នុងស្រុក។ របាយការណ៍ស្រាវជ្រាវមួយរបស់ក្រុមហ៊ុន Mekong Strategic Partners ដែលចេញផ្សាយនៅខែមករា ឆ្នាំ២០១៩នេះ បានបង្ហាញថា នៅឆ្នាំ២០១៨ ប្រទេសកម្ពុជាមានអាជីវកម្មបង្កើតថ្មីលើផ្នែកបច្ចេកវិទ្យាលើសពី៣០០អាជីវកម្ម។
លោក កែម បូរ៉ា នាយកគ្រប់គ្រងក្រុមហ៊ុន Mekong Strategic Partners និងជាអ្នកប្រឹក្សាយោបល់ដល់អាជីវកម្មបង្កើតថ្មីផ្នែកបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា បានថ្លែងថាតួលេខនៃអាជីវកម្មបង្កើតថ្មីមានច្រើន ប៉ុន្តែអ្វីដែលសំខាន់នោះគឺគុណភាព។
លោក កែម បូរ៉ា៖ "សំខាន់ជាងតួលេខ គឺគុណភាព ក្នុងមតិខ្ញុំ បើមានក្រុមហ៊ុន ល្អ តែ៥០ទេ ប្រសើរជាងមានក្រុមហ៊ុន៥(៥០០)ទៅ៦០០។ ឧទាហរណ៍ចុះ! អញ្ចឹងសំខាន់តើក្រុមហ៊ុនមួយ គាត់អាចរស់បានដោយមិនត្រូវការហិរញ្ញវត្ថុពីខាងក្រៅឬអត់?"
លោកបន្តថាការកើនឡើងដ៏ច្រើននៃអាជីវកម្មថ្មីនេះ ដោយសារតែសហគ្រិនក្មេងៗមានចំណាប់អារម្មណ៍នឹងបច្ចេកវិទ្យាថ្មី។ លោក កែម បូរ៉ា ៖ទី១ចំណាប់អារម្មណ៍ពីសហគ្រិនផ្សេងៗគាត់គិតថាបច្ចេកវិទ្យាគឺមានអនាគតទៅថ្ងៃខាងមុខ។ អញ្ចឹងចំណាប់អារម្មណ៍គឺមានច្រើន ជាពិសេសប្អួនៗ ដែលជាសិស្សានុសិស្សនៅមហាវិទ្យាល័យ ហើយក៏មានបុគ្គលិកមកពីក្រុមហ៊ុនគាត់បង្កើតជាអាជីវកម្មថ្មីរបស់គាត់។ ទី២ យើងឃើញថាមានការគាំទ្រជាកម្មវិធីពីរដ្ឋាភិបាល និងក្រុមហ៊ុន ដូចជាក្រុមហ៊ុន Smart Axiata ជាដើម។"
លោក កែម បូរ៉ា លើកឡើងពីអត្រា ដែលអាជីវកម្មបង្កើតថ្មី អាចដើរដល់ភាពជោគជ័យរបស់ខ្លួន ដែលបានកំណត់។
លោក កែម បូរ៉ា ៖ "បើយើងមើលលើប្រទេសជិតខាងវិញ Startup គេមាន Survival Rate។ បានន័យថាបើចាប់ផ្តើមមួយរយអញ្ចឹង អាចដែល គាត់ជោគជ័យបានពី១០ទៅ២០ភាគ។ (តែ)នៅស្រុកយើង ដោយសារតែ Startup គាត់ទើបតែបង្កើតបានពី២ទៅ៥ឆ្នាំមុន (យើង)អត់ដឹងថាតួលេខនោះ វាយ៉ាងមេចនោះទេ តែបើតាមការស្មានរបស់ខ្ញុំគឺ ពី២០ ទៅ៣០ភាគរយ គឺជាតួលេខល្អហើយ។
-ការប្រឈមរបស់អាជីវកម្មបង្កើតថ្មី
ចំពោះលោក ឈួម ពិសិដ្ឋ នាយកគ្រប់គ្រង និងជាស្ថាបនិក DirexPlay បានលើកឡើងថានៅពេលបង្កើតអាជីវកម្មដំបូងគឺក្រុមហ៊ុនរបស់លោកបានជួបប្រទះនឹងបញ្ហាជាច្រើន។ លោក ឈួម ពិសិដ្ឋ ៖ "បញ្ហាដំបូងគឺវាទាក់ទងនឹងទីផ្សារ។ យើងមើលលើផ្នែកទីផ្សារ ទី១ទាក់ទងនឹងទូរស័ព្ទ ព្រោះកាលជំនាន់នោះមិនមានទូរស័ព្ទ ដែលដើរ(ដំណើរការ)លឿនដូចសម័យបច្ចុប្បន្ន ហើយទូរស័ព្ទមានតម្លៃថ្លៃ អ៊ីនធឺណិតមានតម្លៃថ្លៃ។ ហើយក្នុងក្រុមវិញ គឺទាក់ទងនឹងជំនាញ។ បង្កើតដំបូងគឺយើងថ្មីសុទ្ធតែម្តង ហើយគ្មានសាលាណាបង្រៀនទាក់ទងនឹងគំនូរជីវចល ដែលទាក់ទងនឹងធ្វើហ្គេមហ្នឹងទេ។ និយាយទៅសាលាបង្រៀនធ្វើហ្គេមចំ គឺអត់មានទេ អាចមានលាយមុខវិទ្យាខ្លះៗ ដូចជា Programming ឬអាចជា Art អីតិចៗ តែមិនមានចំទាក់ទងហ្នឹងហ្គេមហ្នឹងទេ។ "
លោកបណ្ឌិត តាំង ងួនលី នាយកគ្រប់គ្រងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ដែលជាមជ្ឈមណ្ឌលស្ថិតក្រោមការផ្តល់ជំនួយពីរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា មានកត្តាប្រឈម៣ទៅ៤ចំណុចធំៗសម្រាប់អាជីវកម្មបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត តាំង ងួនលី៖ "តាមយោបល់ខ្ញុំ ខ្ញុំគិតថា ប្រហែលជាមាន៣ទៅ៤ចំណុចធំៗ។ ទី១គឺការស្វែងរកដៃគូ ឬក៏យើងនិយាយថា Teamwork ហ្នឹងឯង។ [....] ហើយទី២ ខ្ញុំគិតថាជាបញ្ហាប្រឈមដែរហ្នុង គឺបញ្ហាបច្ចេកទេស។ ព្រោះថា Tech Startup រឿងសំខាន់បំផុតគឺត្រូវប្រើបច្ចេកវិទ្យាជាស្នូលក្នុងការធ្វើផលិតផលអ្វីមួយ ឬក៏សេវាកម្មអ្វីមួយ។ ហើយដើម្បីធ្វើរបស់ហ្នឹងឲ្យដល់កម្រិត ដើម្បី Meet Customer Expectation ហ្នឹង គឺយើងត្រូវការប្រើបច្ចេកវិទ្យាកម្រិតខ្ពស់។ […… ] ទី៣ គឺប្រភពហិរញ្ញវត្ថុ [……] និងទី៤ គឺប្រព័ន្ធStartup Ecosystem នៅមានកម្រិត។"
-ម្ចាស់អាជីវកម្មបង្កើតថ្មីចាត់ទុលការប្រឈមនឹងក្រុមហ៊ុនខាងក្រៅ ជាឱកាស
លោក កែម បូរ៉ា នាយកគ្រប់គ្រងក្រុមហ៊ុន Mekong Strategic Partners បានលើកឡើងថាអាជីវកម្មបង្កើតថ្មីនៅក្នុងប្រទេសកម្ពុជាមិនអាចប្រឈមនឹងក្រុមហ៊ុនធំៗពីខាងក្រៅទេ។
លោក កែម បូរ៉ា ៖ "ក្នុង Tech Sector ហ្នឹងគឺ ពេលខ្លះ អាជីវកម្មបង្កើតថ្មីមិនអាចប្រឈមជាមួយនឹង Google, Facebook បានទេ។ ប៉ុន្តែអ្វីដែលគាត់អាចធ្វើល្អជាក្រុមហ៊ុនធំៗនោះ គឺ គាត់យល់អតិថិជនខ្មែរយើងជាងក្រុមហ៊ុនធំៗ។ បានន័យថាគាត់ធ្លាប់ដឹងពីទីផ្សារ គាត់ដឹងចំណុចខ្សោយចំណុចខ្លាំង (ពី)ស្ថានភាពនៅក្នុងប្រទេសយើង ទោះបីក្រុមហ៊ុនធំគាត់មានថវិកាច្រើនក៏ដោយ ក៏គាត់មិនអាច ឬពេលខ្លះគាត់មិនអាចមើលឃើញឱកាសក្នុងប្រទេសយើង។"
បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនធំៗមួយចំនួន បានចូលប្រឡូកតាមរយៈវិស័យបច្ចេកវិទ្យាជាមួយនឹងក្រុមហ៊ុនក្នុងស្រុក។ Netflix Inc ជាក្រុមហ៊ុនផ្តល់នូវសេវាកម្មមើលភាពយន្តដ៏ធំរបស់ពិភពលោកបានបោះជើងចូលក្នុងប្រទេសកម្ពុជា កាលពីខែមករា ឆ្នាំ២០១៦កន្លងទៅ ស្របនឹងការដាក់ឲ្យសេវាកម្មរបស់ខ្លួនដំណើរការនៅតាមបណ្តាប្រទេស១៣០ផ្សេងទៀតលើពិភពលោក។
នៅខែសីហា ឆ្នាំ២០១៧ iflix ដែលជាក្រុមហ៊ុនផ្តល់នូវសេវាកម្មស្រដៀងគ្នាបានដំណើរការចូលក្នុងទីផ្សារកម្ពុជា និងបានសហការជាមួយក្រុមផ្តល់សេវាទូរស័ព្ទ Smart Axiata ក្នុងការពង្រីកការផ្តល់សេវាមើលភាពយន្តដល់ទីផ្សារ ដែលមានអ្នកប្រើប្រាស់អ៊ីនធឺណិតចល័តប្រមាណ១៣លានស៊ីមកាត និងបន្តកើនឡើងប្រមាណ២៦ភាគរយរវាង ឆ្នាំ២០១៧ និងឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍របស់និយ័តករទូរគមនាគមន៍កម្ពុជា ចេញផ្សាយកាលពីខែមេសា។ Soyo ដែលបង្កើតឡើងដោយក្រុមហ៊ុនSabay ដែលជាកម្មវិធីផ្តល់សេវាកម្មមើលភាពយន្តរបស់ខ្មែរក៏បានដាក់ឲ្យដំណើរការសេវាកម្មរបស់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០១៧ដែរ។
បន្ទាប់ពីក្រុមហ៊ុនទាំងអស់នេះ ការប្រកួតប្រជែងរវាងអាជីវកម្មក្នុងស្រុក និងក្រៅស្រុក ក៏កើតមានតាមរយៈសេវាកម្មហៅតាក់ស៊ីក្នុងប្រទេសកម្ពុជា។ ក្រៅពីកម្មវិធីហៅតាក់ស៊ី PassApp ដែលបង្កើតឡើងដោយកូនខ្មែរ សេវាកម្មនេះ ក៏មានចំណែករបស់ក្រុមហ៊ុនក្រៅស្រុក ដែលគេស្កាល់ឈ្មោះថា Grab។
លោក ធុល រឹទ្ធី សហស្ថាបនិក SmallWorld ដែលជាកន្លែងផ្តល់ ទីតាំង និងវិនិយោគលើជីវកម្មបង្កើតថ្មីនៅកម្ពុជា បានថ្លែងថាក្នុងការបង្កើតអាជីវកម្មបង្កើតថ្មី ឬក្រុមហ៊ុនថ្មី តែងតែមានការប្រឈមពីខាងក្រៅ ប៉ុន្តែពេលខ្លះវាអាចក្លាយជាឱកាសទៅវិញ។
លោក ធុល រឹទ្ធី៖ " ក្នុងការបើកអាជីវកម្ម ឬបើកក្រុមហ៊ុន យើងធ្វើអីក៏មានការប្រឈមមុខដែរ។ ក្រុមហ៊ុនធម្មតាក៏ប្រឈមជាមួយនឹងក្រុមហ៊ុនខាងក្រៅ ពេលដែលគេចូលមកខាងក្នុង។ ក្រុមហ៊ុន Startup Technology យើងគិតមើលពួកគាត់មានការប្រឈមដូចគ្នា ប៉ុន្តែប្រហែលជាមានឱកាសក្នុងការរីកចំរើនមុន ហើយលឿន មុនពេលដែលគេចូលមកដល់នៅក្នុងស្រុកខ្មែរ។ ប៉ុន្តែបើគាត់គិតតែរឿង Startup នៅស្រុកខ្មែរ គាត់នឹងបាត់បង់ឱកាសប្រកួតប្រជែងនៅខាងក្រៅ៕"
លោក ឈួម ពិសិដ្ឋ ជានាយកគ្រប់គ្រង និងជាស្ថាបនិក DirexPlay បានលើកឡើងថាបច្ចុប្បន្នការប្រឈមនឹងក្រុមហ៊ុនខាងក្រៅគឺមានការលំបាកមួយចំនួន ដោយសារតែក្រុមហ៊ុនក្នុងស្រុកដូចជាក្រុមហ៊ុនរបស់លោកតូចជាងក្រុមហ៊ុនខាងក្រៅ, ដើរក្រោយគេ, និងបញ្ហាហិរញ្ញវត្ថុ។
លោក ឈួម ពិសិដ្ឋ៖ " ទី១យើងតូច, ទី២យើងដើរក្រោយគេ, ហើយទី៣យើងអត់មានលុយដូចគ្នា។ អាហ្នឹងគឺជាចំណុចខ្វះខាតរបស់យើង តែក៏វាមិនប្រាកដថាជាបញ្ហាដែលមិនឲ្យយើងដើរទៅមុខដែរ។ គាត់ជាក្រុមហ៊ុនធំ ប៉ុន្តែគាត់ត្រូវផ្តោតលើប្រទេសផ្សេងៗច្រើនអញ្ចឹងទៅ។ និយាយរួមគេថាទូកធំក្តោងធំ សម្រាប់យើងតូចយើងមានទីផ្សាររបស់យើង។”
លោក ដេវីដ ហាស្កែល (David Haskel) ជានាយកគ្រប់គ្រង Cambodia Startup Advisers និងជាអ្នកនិពន្ធសៀវភៅស្តីពីអាជីវកម្មបង្កើតថ្មីនៅកម្ពុជា តាមរយៈអ៊ីមែល បានប្រាប់វិទ្យុបារាំងអន្តរជាតិថាមិនមានអ្វីត្រូវខ្លាចការប្រកួតប្រជែងពីក្រុមហ៊ុនខាងក្រៅស្រុកនោះទេ។
លោក ដេវីដ ហាស្កែល៖ “ប្រសិនបើខ្ញុំជាស្ថាបនិកអាជីវកម្មបង្កើតថ្មីនៅកម្ពុជា ជាមួយគំនិត គំរូអាជីវកម្ម និងក្រុមការងារ ដ៏ខ្លាំងមួយ ខ្ញុំមិនមានអ្វីដែលត្រូវខ្លាចការប្រកួតប្រជែងពីខាងក្រៅនោះទេ ប៉ុន្តែខ្ញុំនឹងស្វាគមន៍ពួកគេ។ចំណេះដឹងពីក្នុងស្រុក និងមូលដ្ឋានដ៏ល្អ អាចរាប់បញ្ចូលបាន ហើយមិនមានអ្នកណាស្គាល់ពីកម្ពុជាច្រើនជាងកម្ពុជាខ្លួនឯងនោះទេ។ ”
លោក ដេវីដ បន្តថា ទោះបីជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាអន្តរជាតិមានហិរញ្ញវត្ថុមែន ប៉ុន្តែស្ថាបនិកអាជីវកម្មថ្មីត្រូវដឹងថាលុយទាំងនោះគឺអាចមកពីប្រភពហិរញ្ញវត្ថុតែមួយ។ លោក ដេវីដ ៖ “ប្រសិនបើករណីនៃការធ្វើជំនួញវាល្អសម្រាប់ក្រុមហ៊ុនអន្តរជាតិចូលមកក្នុងស្រុក អញ្ចឹងវាក៏ល្អសម្រាប់ក្រុមហ៊ុនវិនិយោគ ដែលអាចផ្តល់ហិរញ្ញវត្ថុសម្រាប់អាជីវកម្មក្នុងស្រុក។ អ្នកមកមុនមានឱកាសច្រើន នៅក្នុងទម្រង់អ្នកឈ្នះគឺមានចំណែកទីផ្សារច្រើន។ ជាក់ស្តែងករណីកម្មវិធីហៅតាក់ស៊ី PassApp នៅតែខ្លាំងជាងក្រុមហ៊ុនអន្តរជាតិដូចជា Uber។”
លោក គួច ផេង ជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថាភាគច្រើនអាជីវកម្មបង្កើតថ្មី ផ្នែកបច្ចេកវិទ្យា គឺជាអ្នកដែលប្រឈមនឹងការពង្រីកទីផ្សារពីក្រុមហ៊ុនខាងក្រៅស្រុក។ លោក គួច ផេង អះអាងថា អ្វីដែលសហគិ្រន ឬម្ចាស់អាជីវកម្មបង្កើតថ្មីធ្វើបានគឺការពង្រឹងខ្លួនឯង។
លោក គួច ផេង៖ “អ្វីដែលពួកគាត់អាចធ្វើបានគឺទី១ពង្រឹងសមត្ថភាពខ្លួនឯង ទី២ពង្រឹងអភិបាលកិច្ចក្រុមហ៊ុនខ្លួនឯង។ អាហ្នឹងជារឿងដែលសំខាន់ ដើម្បីនិរន្តរភាពនៃក្រុមហ៊ុន។ ទី៣ គាត់ធ្វើមេចត្រូវ Plan ហិរញ្ញវត្ថុរបស់គាត់ឲ្យបានល្អ។ អាហ្នឹងជាចំណុចដែលសំខាន់ ដែលគាត់អាចទៅប្រកួតប្រជែងខាងក្រៅបាន។ ប្រសិនបើខាងក្នុងមិនខ្លាំងទេ មិនអាចប្រកួតប្រជែងខាងក្រៅបានទេ។”
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ