ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
មជ្ឈិមបូព៌ា

FIFA អះអាងថា អ៊ីរ៉ង់ធានាឱ្យ​​នារីៗ​អាច​ចូល​ទស្សនា​ការ​​ប្រកួត​បាល់ទាត់​​​បាន នៅ​ខែតុលា

media ក្រុមនារី​ដ៏តិចតួច​ដែល​អាច​ចូលរួម​មើល​បាល់ទាត់​បាន នៅ​អ៊ីរ៉ង់​។ Reuters

ថ្នាក់ដឹកនាំកីឡារបស់​ប្រទេស​អ៊ីរ៉ង់ បាន​សន្យាធានាជាថ្មី​ថា​ នារីៗ​អាច​ចូល​ទស្សនា​ការ​​ប្រកួត​បាល់ទាត់​​​នៅ​ពហុកីឡដ្ឋាន​អ៊ីរ៉ង់​បាន​ នៅ​ក្នុង​ការ​ប្រកួតខ្នាតអន្តរជាតិ នា​ខែតុលា​ខាង​មុខ​នេះ។ ការ​ធានាដូច្នេះ​ គឺក្រោយ​ពីមាន​យុវតីអ៊ីរ៉ង់​ម្នាក់ បាន​ធ្វើ​អត្តឃាត​ដោយ​ដុត​សម្លាប់​ខ្លួន​នៅមុខ​តុលាការ ដោយ​សារតែ​អាជ្ញាធរ​បាន​ចាប់​ឃាត់​រូបនាង មិន​ឱ្យ​មើល​ការ​ប្រកួត​បាល់ទាត់នៅពុហកីឡដ្ឋាន​អ៊ីរ៉ង់។ អ៊ីរ៉ង់​ ជាប្រទេស​ដែល​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ចំពោះ​នារីយ៉ាងតឹងតែង។

លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក ហៅកាត់​ថា FIFA ​បាន​ធានាអះអា​ង​ ថា​ អ៊ីរ៉ង់​យល់​ព្រម​អនុញ្ញាត​ឱ្យ​នារីៗ អាច​ចូល​ទស្សនា​ការ​ប្រកួត​បាល់ទាត់​អន្តរជាតិ​បាន នៅ​ក្នុង​ខែ​ក្រោយ​នេះ។  ដំណឹង​នេះ បាន​ទម្លាយ​ឱ្យ​ដឹង​ ចំនួន​​ពីរថ្ងៃក្រោយ​​ពេល​ដែល​ប្រតិភូ​នៃ​​សហព័ន្ធ​កីឡា​បាល់ទាត់​ពិភពលោក បាន​ចុះទៅ​ជជែក​គ្នា​យ៉ាង​ផុសផុល​ជាមួយ​ថ្នាក់ដឹកនាំ​កីឡាអ៊ីរ៉ង់​ នៅ​ស្តាត​ Azadi Stadium។

នៅ​​ចំពោះ​មុខ​អ្នក​កាសែត ពីប្រទេស​អ៊ីតាលី នាថ្ងៃទី​២២កញ្ញា លោក​ប្រធាន​សហព័ន្ធ​កីឡា FIFA  ថ្លែងថា «យើង​ត្រូវការ​ការគាំទ្រ​របស់​នារីៗ​នៅ​ពហុកីឡដ្ឋាន។​​ យើង​ត្រូវតែ​ចូលរួម​ដាក់​សម្ពាធ​ឱ្យខ្លាំង ដើម្បី​ឱ្យ​​មាន​វត្តមាន​របស់​ស្រីៗ ​នៅក្នុង​ការ​ទស្សនា​កីឡា​បាល់ទាត់ ហើយចំពោះរឿង​នេះ ​យើង​មិន​អាច​បន្ត​រង់ចាំ​បាន​តទៅទៀត​ទេ ដ្បិត​ថា យើង​បាន​រង់ចាំ​អស់ជាង​​៤០ឆ្នាំមកហើយ​»។

ការ​ជំរុញ​ដាក់​សម្ពាធ​ពី​​សហព័ន្ធ​កីឡា FIFA គឺ​កើត​មាន​ក្រោយ​ពី​មរណភាព​របស់​យុវតី សាហារ កូដាយ៉ារី​ (Sahar Khodayari) ដែល​ដុត​សម្លាប់​ខ្លួន នៅ​ចំពោះ​មុខ​តុលាការ កាលពី​សប្តាហ៍​មុន​​។ រូប​នាង​បាន​តែងខ្លួន​ជា​ប្រុស​ ដើម្បី​ចូលទៅមើល​បាល់ ប៉ុន្តែ​ត្រូវ​​នគរបាល​អ៊ីរ៉ង់​ចាប់​ឃាត់។ តាម​ពិត​ទៅ ក្រសួង​កីឡា​អ៊ីរ៉ង់​ កាលពី​ចុង​ខែ​សីហា បាន​យល់ព្រម​ឱ្យ​នារីៗ​ចូល​ទស្សនា​បាល់ទាត់​បាន។ ក៏ប៉ុន្តែ សមត្ថកិច្ច​អ៊ីរ៉ង់ ពុំ​បាន​អនុវត្តតាម​នោះឡើយ ដោយ​ធ្វើ​ទុក្ខ​បុកម្នេញ ចំពោះស្រីៗណាដែលឈ្មុសឈ្មុល​​ចង់ចូល​មើល​បាល់ទាត់ ​នៅស្តាត។ ក្នុង​ការ​ប្រកួត​បាត់ទាត់​កន្លងមក មាន​ស្រីៗ​តិចតួចណាស់​ដែល​អាច​ចូល​មើល​បាន ហើយ​នារីខ្លះ ក៏ត្រូវ​ប៉ូលីស​ចាប់ ឬត្រូវ​រង​ទុក្ខបុកម្នេញ​ផ្សេងៗ។

ការ​ធ្វើ​អត្តឃាតរបស់ Sahar Khodayari ជាការសម្តែង​ក្តីប្រឆាំង​ចំពោះ​បម្រាប​​និង​ការ​បំបិទ​សិទ្ធិ​ដ៏​តឹងតែង​ចំពោះ​ស្រ្តី​នៅអ៊ីរ៉ង់​ ហើយ​ក៏​ជា​ជំរុញ​ឱ្យ​អន្តរជាតិ​ដាក់​សម្ពាធ​ចំពោះ​អ៊ីរ៉ង់​ផង​ដែ​រ។ មរណយុវតី​រូបនេះ​ បាន​ផ្ទុះ​ផ្អើល​ពេញ​បណ្តាញ​សង្គម ហើយ អ្ន​កប្រើ​ប្រាស់​អ៊ីនធឺណិត​នៅ​អ៊ីរ៉ង់ បាន​បបួល​គ្នា ពហិការ​ ឈប់​ទៅមើល​បាល់ទាត់ ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​រឿង​នេះទេ។ នៅ​ទីបំផុត តុលាការ​អ៊ីរ៉ង់​ ក៏​បា​នសុទ្ធ​ចិត្ត​បើក​ការ​ស៊ើប​ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​យុវតី Sahar Khodayari។

គួរ​ជ្រាបថា ក្នុង​ការ​ប្រកួត​កីឡាបាល់ទាត់ ​នៅ​​ខែតុលាខាងមុខ​នេះ កីឡាករ​ក្រុម​ជម្រើ​ស​ជាតិអ៊ីរ៉ង់ នឹង​ប៉ះ​ជើង​ជាមួយក្រុម​ជម្រើ​ស​ជាតិ​កម្ពុជា នៅ​កីឡដ្ឋាន Azadi Stadium ដែល​ប្រទេស​អ៊ីរ៉ង់​ជាម្ចាស់ផ្ទះ។ ការ​ប្រកួតរវាង​កម្ពុជា​និងអ៊ីរ៉ង់នេះ​​ ដើម្បីជម្រុះ​ជម្រើ​រើសយក​ជើងខ្លាំង​ សម្រាប់​​ចូលរួមវគ្គ​បន្ត ​នៅ​ប្រទេស​កាតា ឆ្នាំ​២០២២៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ