ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/08 12h00 GMT
អាស៊ី

ខួប​៥​ឆ្នាំ​នៃ​ឧបទ្ទវហេតុយន្តហោះ MH17៖ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បន្ត​ដង្ហោយ​រក​យុត្តិធម៌

media បំណែក​យន្តហោះ MH17 ដែល​ត្រូវ​មីស៊ីល​បាញ់​ធ្លាក់​នៅលើ​ទឹក​ដី​អ៊ុយក្រែន ថ្ងៃ​ទី​១៧ កក្កដា ២០១៤ REUTERS/Maxim Zmeyev

ថ្ងៃ​ទី​១៧​កក្កដា​នេះ គឺ​ជា​ខួប​គម្រប់​៥​ឆ្នាំ​នៃ​ហេតុការណ៍​បាញ់​ទម្លាក់​យន្តហោះ MH17 នៅ​លើ​ដែនដី​អ៊ុយក្រែន។ ពិធី​រំឭក​ខួប ត្រូវ​បាន​គេ​រៀប​ចំ​ធ្វើ​នៅ​ក្បែរ​ព្រលាន​យន្តហោះ Amsterdam ប្រទេស​ហូឡង់។ ជា​ទី​ដែលយន្តហោះ​ម៉ាឡេស៊ី MH17 ចាប់​ផ្ដើម​ដំណើរ​តាម​ផ្លូវ​អាកាស​របស់​ខ្លួន​តម្រង់​ទៅ​កាន់​ទីក្រុង​គូឡាំឡាំពួរ ប្រទេស​ម៉ាឡេស៊ី​។

នៅ​ក្បែរ​ព្រលាន​យន្តហោះ Amsterdam ប្រទេស​ហូឡង់ មនុស្ស​ម្នា​ជា​ច្រើន​បាន​នាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​ថ្ងៃ​ពុធ ទី​១៧​កក្កដា​នេះ ដើម្បី​​រំឭក​ដល់​ជន​រង​គ្រោះ​ចំនួន​២៩៨​នាក់ ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ឧបទ្ទវហេតុ​បាញ់​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី MH17 កាល​ពី​៥​ឆ្នាំ​មុន​។ កន្លែង​ប្រារព្ធ​ពិធី គឺ​ជា​បូជនីយដ្ឋាន​​ដែល​មាន​ដើម​ឈើ​ចំនួន​២៩៨​ដុះ​ព័ទ្ធ​ជុំ​វិញ៖ ដើម​ឈើ​មួយដើម​ តំណាង​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​។

​នៅ​ក្នុង​ពិធី​រំឭក​ខួប​ដ៏​ក្រៀក​ក្រំ​នេះ ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ ​បាន​បន្ត​អំពាវនាវ​ស្វែង​រក​យុត្តិធម៌ជូន​​ដល់​អ្នក​ស្លាប់​​ បើ​ទោះ​បី​ជាជន​សង្ស័យ​ចំនួន​៤​នាក់ ត្រូវ​បាន​​ក្រុម​អ្នក​ស៊ើប​អង្កេត​អន្ដរជាតិ​​សម្រេច​ចោទ​ប្រកាន់​នៅ​ក្នុង​សំណុំ​រឿង​​បាញ់​ទម្លាក់​យន្តហោះ MH17 នេះ​រួច​ហើយ​ក្ដី​។

គួរ​ជ្រាប​​ថា ជិត​មួយ​ខែ​មុន ពោល​គឺ​នៅ​ថ្ងៃ​ទី​១៩​ខែ​មិថុនា ក្រុម​អ្នក​ស៊ើប​អង្កេត​អន្ដរជាតិ ដែល​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​ម៉ាឡេស៊ី​ផង បាន​សម្រេច​ចោទ​ប្រកាន់​ជនជាតិរុស្ស៊ី​៣​នាក់ និង​ជនជាតិ​អ៊ុយក្រែន​ម្នាក់ ថា​ជា​អ្នក​ទទួលខុស​ត្រូវ​លើ​ការ​បាញ់​ទម្លាក់​យន្តហោះ MH17 កាល​ពី​ឆ្នាំ​២០១៤​។ ​បើ​តាម​ក្រុម​អ្នក​ស៊ើប​អង្កេត​អន្ដរជាតិ​ដឹក​នាំរដ្ឋ​អាជ្ញា​ហូឡង់ ទោះ​បី​ជា​ជន​សង្ស័យ​ទាំង​៤​នាក់ មិន​បាន​ចុច​ប៊ូតុងបាញ់​​មីស៊ីល​ដោយ​ផ្ទាល់ ប៉ុន្តែ​ពួក​គេបាន​រួម​ចំណែក​រៀបចំ​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​យក​ប្រព័ន្ធ​មីស៊ីល​ប្រភេទ Bulk ទៅ​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នក​ដំណើរ​ម៉ាឡេស៊ី MH17 ពី​ទឹក​ដី​ភាគ​ខាង​កើត​អ៊ុយក្រែន​។

បន្ទាប់​ពី​ចេញ​ដីកា​ចាប់​ខ្លួន​រួច​រាល់​មក សវនាការ​ជំនុំ​ជម្រះ​លើ​​ជន​សង្ស័យ​ទាំង​៤​នាក់ ​គ្រោង​រៀបចំធ្វើ​នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ នៅ​ក្នុង​ប្រទេស​ហូឡង់​។ ជា​សវនាការ​កំបាំង​មុខ ព្រោះ​ថា ជន​សង្ស័យ​ជនជាតិ​រុស្ស៊ី​ទាំង​៣​នាក់ កំពុង​រស់​នៅ​ក្នុង​ទឹក​ដី​រុស្ស៊ី ខណៈ​ជន​សង្ស័យម្នាក់​ទៀត​​ជា​ជនជាតិ​អ៊ុយក្រែន កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​គ្រប់គ្រង​របស់​ក្រុម​ទាមទារ​ផ្ដាច់​ទឹក​ដី នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ