អានតួអត្ថបទ
អ៊ីរ៉ង់

លោក ដូណាល់ ត្រាំ ថា​អាច​នឹង​ជួប​ប្រធានាធិបតី​អ៊ីរ៉ង់ ​បើ​កាលៈទេសៈ​អំណោយផល

ជំនួប​នៃថ្នាក់​ដឹកនាំ​ក្រុម​ប្រទេស​មានសេដ្ឋកិច្ច​នាំមុខ ទាំងG៧ បាន​បិទ​បញ្ចប់ពី​ម្សិលមិញ នៅប្រទេស​បារាំង។ ក្នុង​កិច្ចប្រជុំ​កំពូល​នេះ គឺមាន​ប្រធានបទ​​អន្តរជាតិ ធំៗនិងក្តៅៗ​ជាច្រើន​ត្រូវ​លើកយក​ទៅ​ជជែកពិភាក្សា​ ហើយ​និង​មានការ​ថ្លែង​ការណ៍​ផ្សេងៗគ្នា​​ជាច្រើន។

មុននឹងបិទបញ្ចប់ជំនួបកំពូល ប្រធានាធិបតីអាមេរិកនិងបារាំងធ្វើសន្និសីទកាសែតរួមគ្នា។
មុននឹងបិទបញ្ចប់ជំនួបកំពូល ប្រធានាធិបតីអាមេរិកនិងបារាំងធ្វើសន្និសីទកាសែតរួមគ្នា។ REUTERS/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

ចំពោះ​វិបត្តិ​ពាណិជ្ជកម្មអាមេរិកនិងចិន ​នៅទីបំផុតទៅ​ ប្រធានាធិបតីអាមេរិក  ​លោក ដូណាល់ ត្រាំ បានប្រកាសថាចង់ជួបជជែកគ្នាជាមួយ​​ចិន​ នៅក្នុង​ពេល​ឆាប់ៗនេះ ដើម្បី​ចរចា​គ្នា​។ ចំណែក​ភាគីចិន​វិញ ថា ​ក្រុង​ប៉េកាំង​បាន​ត្រៀម​ខ្លួន​រួចហើយ។​

ចំណែក សំណុំរឿង​វិបត្តិ​នុយក្លេអ៊ែរអ៊ីរ៉ង់ ជា​រឿង​ក្តៅ​ជាងគេ ដែល​ហាក់​គ្រប​ដណ្តប់​វេទិកាកំពូលG7​នេះ។​ មុន​នឹង​បិទបញ្ចប់​ជំនួប​កំពូល លោក​ប្រធានាធិបតី​អាមេរិក​និង​បារាំង​បាន​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា។ ​ប្រមុខ​រដ្ឋ​ទាំងពីរ​និយាយ​ក្នុង​សំឡេង​តែមួយ ប្រាប់ទៅកាន់​អ្ន​ក​សារព័ត៌មាន​ថា ​ក្រុម​ប្រទេស​G៧ មិន​ចង់​ឃើញ​អ៊ឺរ៉ង់មាន​នុយក្លេអ៊ែរនោះទេ។ លោក ម៉ាក្រុង បញ្ជាក់ថា គេត្រូវ​ចរចា​ឱ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ដែល​ប្រាកដ​ជាក់​ច្បាស់​ថា អ៊ីរ៉ង់ មិន​បន្ត​ឆ្លៀត​ចម្រាញ់​ជាតិ​អ៊ុយរ៉ានីញ៉ូម​ ហើយ​ផ្ទុយ​មកវិញ គេត្រូវ​រកវិធី​ស្តារ​សេដ្ឋកិច្ច​និងទីផ្សា​របស់​អ៊ីរ៉ង់​ឡើងវិញ។ លោក ​ដូណាល់ ត្រាំ ថ្លែងដែរថា​ បើ​កាលៈទេសៈ​ល្អ លោក​អាច​នឹង​យល់ព្រម​ទទួល​ជួប​ប្រធានាធិបតី​អ៊ីរ៉ង់។ ចំណែក​បារាំង​ក៏​បន្ទរទៀត​ថា បារាំង​សង្ឃឹមថា​នឹងជួយ​បង្កើត​កាលៈទេសៈ​ល្អនោះ ដើម្បីឱ្យ​ភាគីទាំងពីរ​បាន​ជួប​ចរចា​គ្នា។

នេះ​ជា​​ប្រសាសន៍​របស់​លោកប្រធានាធិបតី​បារាំង​ អេម៉ាណុយអែល ម៉ាក្រុង៖

«មិនទាន់​មា​នអ្វីជារូបរាង​ទេ ​រឿងនេះស្ថិតក្នុង​សភាព​ផុយស្រួយ​នៅឡើយ។ ក៏ប៉ុន្តែ ការ​ពិភាក្សា​គ្នា ចេះតែ​ដំណើរការ​ទៅមុខ បាន​ល្អ ជាបណ្តើរៗ​ហើយ​ ទៅលើផ្នែក​បច្ចេកទេស។​

គឺដូច​អ្វី​ដែល​ខ្ញុំ​ បាន​ជម្រាប​ជូន​រដ្ឋមន្ត្រី​ការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif ហើយ​ក៏​ដូច​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​តាម​ទូរសព្ទ​ជាមួយ​លោកប្រធានាធិបតី​អ៊ីរ៉ង Hassan Rohani អ៊ីចឹងដែរ ថា​ប្រសិន​បើ​មាន​ជំនួប​ណាមួយ​រវាង​អ៊ីរ៉ង់និងលោកប្រធានាធិបតី​ដូណាល់ ត្រាំ ខ្ញុំ​ជឿជាក់ថា​ប្រហែល​ជា​មាន​កិច្ច​ព្រមព្រៀមណាមួយ អាច​កើតឡើង។

យើង​នឹងប្រឹងប្រែង​​បង្កលក្ខខណ្ឌ​ឱ្យ​មាន​កាលៈ​ទេសៈ​ល្អនៃ​ជំនួប​នេះ​។

ខ្ញុំ​ជូនពរ​ដោយ​ក្តី​សង្ឃឹមថា ប្រធានាធិបតី​ទាំងពីរ​អាច​នឹង​ជួប​គ្នា​ នៅប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ ហើយ​អាច​សម្រេចកិច្ចព្រមព្រៀងមួយ​ដោយ​​ជោគជ័យ​។

យើង​ត្រូវ​តែ​​រក្សា​ទឹកចិត្ត​បែបនេះ! តែក៏​ត្រូវតែប្រុងប្រយ័ត្នខ្ពស់ មិនត្រូវ​បង្កឱ្យ​បញ្ហា​ កើន​ជា​​កម្ពៅ​ខ្ពស់​នោះទេ ហើយ​យើងអាច​សម្រេច​គោលបំណង​ដែល​យើង​បាន​ដៅ​ទុក​រួច​មកហើយ»៕​

ដោយ​ឡែក ចំពោះ​រឿង​ភ្លើង​ឆេះព្រៃ​នៅ​តំបន់​អាម៉ាហ្សូន, ​ ថ្នាក់​ដឹកនាំ​ក្រុម​ប្រទេស​មានសេដ្ឋកិច្ច​នាំមុខ ទាំងG៧ សម្រេច​ជួយ​គម្រោង​ថវិកា​ប្រមាណ ​២០លានអឺរ៉ូ​ សម្រាប់​ជួយ​គម្រោង​ដាំដើមឈើ​ឡើងវិញ​ ​នៅ​តំបន់​ព្រៃ​អាម៉ាហ្សូ​​ន​។ អង់គ្លេស បា​ន​សន្យា​ផ្តល់​ជំនួយ​ទឹក​ប្រាក់​ប្រមាណា​ជាង​ ១១ លាន​អឺរ៉ុប។ រីឯ​បារាំងរបស់​លោក អេម៉ាណុយអែល ម៉ាក្រុង នឹង​បញ្ចូន​ទាហាន​បារាំង​ទៅចុះ​ជួយ​ពន្លត់ព្រៃ ហើយ​បារាំង​នឹង​​គាំទ្រ​គម្រោង​ស្តារ​បរិស្ថាន​និងដាំកូន​ឈើឡើងវិញ។

ចំណែក​សំណុំ​រឿង​នៅអាហ្វ្រិក, តាមរយៈ​ប្រធានាធិបតីបារាំង គឺក្រុម​ប្រទេស​G៧​​នឹង​ជួយ​ជ្រោម​ជ្រែង​លើកកម្ពស់​កម្រិត​ជីវភាព​សហគ្រិន​នារី​អាហ្វ្រិក តាម​រយៈ​ធនាគារ​អភិវឌ្ឍ​អាហ្វ្រិក ដែល​ផ្តល់​ប្រាក់​កម្ចី​​សម្រាប់បើករបរ​​រកស៊ីដល់ស្ត្រី​។​ ហើយដោយឡែក​​ការប្រយុទ្ធ​ប្រឆាំង​ភេរវកម្មនៅតំបន់​សាហែល បារាំង​និងអាម្លឺម៉ង់ នៅតែ​បន្ត​ជួយ​សហការ​ជានិច្ច៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ