អានតួអត្ថបទ
អេស្ប៉ាញ

អេស្ប៉ាញ​កំពុង​ស៊ើបអង្កេត​លើ​ករណី​ឆ្លង​អេបូឡា​លើក​ទីមួយ ក្នុង​ទឹកដី​ខ្លួន

គិលានុបដ្ឋាយិកា​អេស្ប៉ាញ​ដែល​គេ​រកឃើញ​មាន​ផ្ទុក​មេរោគ​អេបូឡា​ត្រូវ​បាន​ដឹក បញ្ជូន​ចូល​ជា​បន្ទាន់​ទៅ​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ។ គិលានុបដ្ឋាយិកា​ ធ្លាប់​បាន​ចូលរួម​ព្យាបាល​បុព្វជិត​​ពីររូប ដែល​បាន​ឆ្លង​​​មេរោគ​អេបូឡា នៅក្នុង​ប្រទេស​សៀរ៉ាឡេអូន។ នេះជាលើក​ទីមួយ ដែល​ករណី​ឆ្លង​មេរោគអេបូឡា​ផ្ទុះ​ឡើង​ក្នុងទឹកដី​អឺរ៉ុប។ កាលពី​ចុងខែ​កញ្ញា មេរោគអេបូឡា​បាន​ឆ្លង​ចេញ​ក្រៅ​ទឹកដី អាហ្វ្រិក ដោយ​ឆ្លង​ចូល​ដំបូង​គេ​ទៅក្នុង​ទឹកដី​អាមេរិក។ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ទើប​បាន​ចេញ​បញ្ជា កាលពីថ្ងៃ​ម្សិលមិញ ​ឲ្យ​គេ​បង្កើន​ការត្រួតពិនិត្យ​បន្ថែម​នៅ​តាម​ច្រក​ចូល​នៅព្រលាន​យន្តហោះ​អាមេរិក។ 

បុព្វជិត​អេស្ប៉ាញ​ទីពីរ​ឆ្លង​មេរោគ​អេបូឡា​នៅ សៀរ៉ាឡេអូន និង​ត្រូវ​បញ្ជូន​មក​ព្យាបាល​នៅ​ម៉ាឌ្រីដ។ លោក​បាន​ស្លាប់​នៅថ្ងៃ​ទី ២៥​កញ្ញា
បុព្វជិត​អេស្ប៉ាញ​ទីពីរ​ឆ្លង​មេរោគ​អេបូឡា​នៅ សៀរ៉ាឡេអូន និង​ត្រូវ​បញ្ជូន​មក​ព្យាបាល​នៅ​ម៉ាឌ្រីដ។ លោក​បាន​ស្លាប់​នៅថ្ងៃ​ទី ២៥​កញ្ញា REUTERS/Ministry of Defence/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

គិលានុបដ្ឋាយិកា​ជាតិ​អេស្ប៉ាញ​មាន​អាយុ​៤០​ឆ្នាំ។ គាត់​ និង​ក្រុមបុគ្គលិក​ពេទ្យ​ពិសេស​​ផ្សេងទៀត​ធ្លាប់​បាន​ចូល​ព្យាបាល​បុព្វជិត​សាសនា​គ្រឹស្ត​ពីរ។ បុព្វជិត​ទាំងពីរ​ដែល​បាន​ឆ្លង​មេរោគ​អេបូឡា​នៅ​​ប្រទេសលីបេរីយ៉ា និង​​សៀរ៉ាឡេអូន ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ចូល​មក​ព្យាបាលពិសេស នៅក្នុង​មន្ទីរពេទ្យ​​ក្នុងទីក្រុង​ម៉ាឌ្រីដ។ បុព្វជិតទីមួយ​បាន​​ស្លាប់​កាលពី​ខែ​សីហា ចំណែក​បុព្វជិត​ទីពីរ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី ២៥​កញ្ញា​កន្លងទៅ។

 
រហូត​មក​ដល់​ពេលនេះ គេ​នៅមិនទាន់​ដឹងថា តើ​គិលានុបដ្ឋាយិកា​ឆ្លង​មេរោគ​អេបូឡា​បាន​យ៉ាងម៉េចទេ ប៉ុន្តែ គេ​គ្រាន់តែ​ដឹងថា គិលានុបដ្ឋាយិកា​ខាងលើ​បាន​ចូល​ទៅក្នុង​បន្ទប់​ ​អ្នកជម្ងឺ​ទីពីរ ដល់​ទៅ​ពីរដង គឺ​នៅពេល​ត្រួតពិនិត្យ​រោគសញ្ញា​លើកដំបូង នៅ​ក្រោយ​ពេល​ដែល​បុព្វជិត​បាន​ស្លាប់។ គេ​សង្ស័យថា គិលានុបដ្ឋាយិកា​អាច​ឆ្លង​មេរោគ​អេបូឡា នៅក្នុង​ពេល​ដែល​គាត់​ចូល​ជាលើកទីពីរ​ទៅ​ក្នុង​បន្ទប់ព្យាបាល ក្រោយ​អ្នកជម្ងឺ​ស្លាប់​​។

នៅក្រោយ​បុព្វជិត​ទីពីរ​ស្លាប់ដោយ​មេរោគ​អេបូឡា គិលានុបដ្ឋាយិកា​បាន​ដាក់ពាក្យ​សុំ​សម្រាកកាយ។ នៅថ្ងៃ​ទី​៣០​ កញ្ញា គាត់ចាប់ផ្តើម​មិនស្រួលខ្លួន ប៉ុន្តែ ទាល់​តែ​៥​ថ្ងៃ​ក្រោយ គឺ​ពេល​គាត់​ត្រលប់មក​ពី​វិស្សមកាល​វិញ ទើប​គាត់​សម្រេច​ចូល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ជាទី​ដែល​គេ​ធ្វើ​តេស្ត​ពីរដង បង្ហាញ​ថា គាត់​មាន​មេរោគអេបូឡា។​ អាជ្ញាធរ​អេស្ប៉ាញ បាន​ចាប់​ដាក់​បង្ឃាំងឲ្យ​នៅ​ដាច់​ដោយ​ឡែក ​ក្រុមមនុស្ស និង​បុគ្គលិក​ពេទ្យ​​៣០​នាក់​ផ្សេងទៀត ដែល​ធ្លាប់​ប៉ះពាល់ មាន​ទំនាក់ទំនង​ជាមួយ​ស្រ្តី គិលានុបដ្ឋាយិកា។ ​

រដ្ឋមន្រ្តី​សុខាភិបាល​អេស្ប៉ាញ​បាន​និយាយ​ធានា​ដល់​ប្រជាជន​ក្នុង​រដ្ឋធានី​ម៉ាឌ្រីដ​ដែល​កំពុង​បារម្ភ​ខ្លាច​ឆ្លង​មេរោគ​អេបូឡា។ ថ្នាក់ដឹកនាំ​ក្រសួង​សុខាភិបាល​បាន​បញ្ជា​ផងដែរ​ឲ្យ​គេ​សើរើ​ពិនិត្យ​​​ឡើងវិញ ដើម្បី​ចង់​ដឹងថា តើ​មន្ទីរពេទ្យ​មាន​បាន​គោរពក្រិតក្រម ម៉ត់ចត់ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ការឆ្លងរាតត្បាត​​មេរោគ​អេបូឡាដែរឬទេ។

អ្នកទទួល​ខុសត្រូវ​របស់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ បាន​និយាយ​ថា គេ​បាន​ចាត់​វិធានការ​រក្សា​​អនាម័យយ៉ាង​​ម៉ត់ចត់ នៅពេល​ទទួល​ព្យាបាល​បុព្វជិត ទាំងពីរ ដែល​ឆ្លង​មេរោគ​​អេបូឡា។

តាម​ធម្មតា ដើម្បី​ចូល​ទៅ​ព្យាបាល​អ្នកជម្ងឺ​អេបូឡា គេ​តម្រូវ​ឲ្យ​បុគ្គលិក​ពេទ្យ​ប្រើប្រាស់​សម្ភារៈ កម្រិត​ថ្នាក់​ទី៤ ពោល​គឺ​ខោអាវ​បិទជិត​ដែល​មិន​អាច​ជ្រាបទឹក និង​បំពង់​ដកដង្ហើម​ដាច់​ដោយឡែក​មួយ។ ប៉ុន្តែ ផ្ទុយទៅវិញ តាម​រូបភាព​ដែល​បង្ហាញ​ដោយ​បុគ្គលិក​ពេទ្យ និង​ត្រូវ​ចុះផ្សាយ​ដោយ​កាសែត​ក្នុង​ស្រុក ក្រុម​គ្រូពេទ្យ​អេស្ប៉ាញ​បាន​ប្រើ​កម្រិត​សុវត្ថិភាព​ទីពីរ។ តាម​បុគ្គលិក​ពេទ្យ​អេស្ប៉ាញ គេ​មិន​បាន​ពាក់ឯកសណ្ឋាន​បិទគ្រប​ជិតទាំងស្រុងទេ ដើម្បី​កុំ​ឲ្យ​ថប់​ដង្ហើម ចំណែក​ស្រោមដៃ​ គ្រាន់តែត្រូវ​បិទ​ភ្ជាប់​រុំស្កុត​ ទៅ​នឹង​ដៃអាវតែ​ប៉ុណ្ណោះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ