អានតួអត្ថបទ
ចិន

IMF​ជំរុញចិន​​​អោយ​​ចាត់​វិធានការ​​បន្ទាន់​​ប្រឆាំង​​នឹង​​​កំនើន​​​​បំណុល​​

អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បានជំរុញ​ចិន​អោយ​ចាត់វិធានការ​បន្ទាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល​សហគ្រាស​ដែលចេះ​តែកើនឡើង។ IMFបារម្ភ​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​ចិន​​ដែល​កំពុង​ផុយស្រួយ។ 

តំបន់​ឧស្សាហកម្ម​ Shizuishan នៅ​ភាគខាងជើង​ចិន
តំបន់​ឧស្សាហកម្ម​ Shizuishan នៅ​ភាគខាងជើង​ចិន Reuters/Jason Lee
ផ្សាយពាណិជ្ជកម្ម

អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិIMF ​មិនចង់ឃើញដំណើរការ​សេដ្ឋកិច្ច​​​ចិន​បន្ត​ពឹងផ្អែក​លើ​​កំចី​​ទៀតទេ។ IMF ជំរុញ​ចិន​អោយ​ចាត់វិធានការ​បន្ទាន់​ប្រឈម​បញ្ហា​នេះ មិនដូច្នោះ​ទេ កំណើន​សេដ្ឋកិច្ច​នឹង​ចុះខ្សោយ។

បើមិនគិត​ពី​វិស័យ​​ហិរញ្ញវត្ថុ បំណុល​​សហគ្រាស​ចិនឆ្នាំ​២០១៥ ​​មានអត្រា​១២០ភាគរយ​នៃ​ផលិតផល​សរុប​ក្នុងស្រុកចិន ហើយ​អាច​កើនឡើងដល់​​ជិត​១៤០ភាគរយ នៅឆ្នាំ២០១៩។ បំណុល​មិនច្បាស់លាស់​វិញ មាន​ប្រហែល​៥,៥ភាគរយ ​នៃ​បំណុល​សរុប ហើយ​អាច​កើនជាង​១៥ភាគរយ។

ចិន​​បានខិតខំ​​ធ្វើអោយ​មាន​តុល្យភាព​សេដ្ឋកិច្ច​​​​ ដោយបាន​​ជំរុញអោយ​​​ការប្រើប្រាស់​ក្នុង​ស្រុក​​ឡើង​ខ្ពស់ តែ​វា​​​​បាន​ប៉ះពាល់ដល់​ឧស្សាហកម្ម​​ធុនធ្ងន់ បែបយ៉ាង​ឧស្សាហកម្ម​ដែកថែប។ ​ចិន​ផលិត​ដែកថែប ​ក្នុងស្រុក​ហួសតំរូវការ​ប្រើប្រាស់ ផលិតក្នុង​តម្លៃ​ថោក ហើយ​លក់ចេញ​ក្នុងតម្លៃ​ថោកដូចគ្នា។ ​ឧស្សាហកម្ម​ដែកថែប ​នឹង​​អុសធ្យូង​​​ពេលនេះ កំពុង​​រង​បញ្ហា​បំណុល​។

ទោះបីរដ្ឋាភិបាល​​​សន្យា​បន្ថយ​ការផលិត​ដែកថែប​ហួសតំរូវការ ក៏អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ នៅ​តែបារម្ភ។ ​សហគ្រាស​រដ្ឋចិន​មាន​បំណុល​ខ្ពស់​ជាង​សហគ្រាស​ឯកជន ព្រោះ​​​​រដ្ឋ​អាច​ខ្ចីលុយ ​​ក្នុងអត្រាការប្រាក់​កម្រិតទាប។ បើគ្មាន​វិធានការ​បន្ទាន់ ប្រឈម​បំណុល​សហគ្រាស ហើយ​​រដ្ឋ​នៅតែ​បន្តខ្ចី​លុយ នោះ​វា​​អាច​ធ្វើ​អោយចិនពិបាក​ដោះស្រាយបញ្ហា​កំនើន​ទៅថ្ងៃមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ