អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាម​លោក​លើក​ទីពីរ ៖ ថ្ងៃទី​៦ មិថុនា ១៩៤៤ ថ្ងៃ​ដ៏​វែង​បំផុត​នៃ​ប្រតិបត្តិការ​រំដោះ​បារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

៦ មិថុនា ១៩៤៤- ៦​ មិថុនា ២០១៤ ! ថ្ងៃ​នេះ​ជា​ខួប​៧០​ឆ្នាំ​គត់ ដែល​កង​ទ័ព​សម្ព័ន្ធ​មិត្តបាន​បើក​ប្រតិបត្តិការ​យោធា​ដ៏​ធំ​បំផុត​នៃ​ប្រវត្តិ​សង្គ្រាមលោក​លើក​ទីពីរ។ ​ប្រមុខ​រដ្ឋ រដ្ឋាភិបាល ឥស្សរជន​នយោបាយ​កំពូលៗ​លើ​​ពិភពលោក មិន​តិច​ជាង​១៩​រូប បាន​មក​ចូល​រួម មាន​ជា​អាទិ៍​ លោក​ប្រធានាធិបតី​បារាំង​ជា​ម្ចាស់​ផ្ទះ ប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ព្រះ​មហាក្សត្រីយ៍​ អេលីហ្សាប៉ែត​​ទី​ពីរ របស់​អង់គ្លេស និង​នាយក​រដ្ឋមន្ត្រី លោក​ប្រធានាធិបតីរុស្ស៊ី ពូទីន លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ មែរកិល ... ក៏​ប៉ុន្តែ​ពិធី​រំលឹក​ខួប ដ៏​អឹកអធឹកនេះ ត្រូវ​បាន​អាប់​អួរ​រស្មី​បន្តិច ដោយ​ហេតុ​តែ វិបត្តិ​អ៊ុយក្រែន​​ ដែល​បាន​រុញ​ច្រាន​បស្ចឹម​លោក​និង​រុស្ស៊ី​មិត្ត​រួម​អាវុធ​ក្នុង​សម័យសង្គ្រាម​លោក​លើក​ទីពីរ កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ដូច​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់។

ទាហាន​អាមេរិក​សម្រុក​ចូល​សមរភូមិ​ Omaha Beach ឆ្នេរ​ណ័រម៉ង់ឌី​បារាំង ថ្ងៃ​ទី ៦ មិថុនា ១៩៤៤
ទាហាន​អាមេរិក​សម្រុក​ចូល​សមរភូមិ​ Omaha Beach ឆ្នេរ​ណ័រម៉ង់ឌី​បារាំង ថ្ងៃ​ទី ៦ មិថុនា ១៩៤៤ AFP PHOTO/HO
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​យោធា​ថ្ងៃ​ទី ៦ មិថុនា ឆ្នាំ ១៩៤៤ (D-Day) ជា​ព្រឹត្តិការណ៍​​ចងចាំ​មួយ​ដែល​មាន​កត់​ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ព្រោះ​ជា​ថ្ងៃ​ដែល​កងទ័ព​សម្ព័ន្ធមិត្ត​ រួម​មាន​ទ័ព​អាមេរិក អង់គ្លេស និង​កាណាដា​សំរុក​​​ចូលបាន​ក្នុង​​​​ទឹក​ដី​បារាំង។ នាវា​ចម្បាំង​ ១២១៣​គ្រឿង នាវា​ជំនួយ​​៧៣៦​គ្រឿង ៨៦៤ នាវាសម្ភារៈ​បរិក្ខារ ៤១២៦​យានយន្ត ទូក បាន​​បញ្ជួន​រថយន្ត​២​ម៉ឺន​គ្រឿង​ ជាមួយ​នឹង​ពល​ទាហាន ​ប្រមាណ​ជាង ១៥៦០០០​នាក់ (៧៣០០០អាមេរិក -​៨៣០០០ជា ទាហាន​អង់គ្លេស និង​កាណាដា) ខ្លះ​លោត​ឆ័ត្រ​យោង ខ្លះ​មក​តាម​ផ្លូវ​ទឹក ទាហាន​អាមេរិក អង់គ្លេស និងកាដាណា និង​បារាំង បានដាក់​ជើង​ជាន់​ដី​បារាំង និង​​បុក​ចូល​តាម​​មុខ​ព្រួញទិស​ដៅ​៥​សមរភូមិ​ ទម្លុះ​រនាំង​ទ័ព​អាល្លឺម៉ង់ ប្រែក្លាយ​​បណ្តោយ​ឆ្នេរ​ណ័រម៉ង់ឌី ជា​សមរភូមិប្រយុទ្ធ​ យ៉ាង​សន្ធោសន្ធៅ​ !  ពេញ​មួយ​ថ្ងៃ​ទី ៦​មិថុនា ១៩៩៤​នោះ ការ​ប្រយុទ្ធ​គ្នា​មាន​គ្រប់​សណ្ឋាន ទាំង​នៅ​លើ​អាកាស​ លើ​សមុទ្ទ​ និង​លើ​ដី ជា​ប្រតិបត្តិការ​ដ៏​ធំ​បំផុត​ និង​អស្ចារ្យ​មួយ​នៃ​សង្គ្រាម​លោក​លើក​ទី​ពីរ​នៅ​អឺរ៉ុប ដែលមាន​​ប្រើ​ឧបករណ៍​សង្គ្រាម​ សម្ភារៈ​បរិក្ខារ និង​បច្ចេកវិទ្យា​ទំនើបខ្លាំង​ដំបូង ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ។ ​

 

រយៈ​ពេល​តែ​២៤ម៉ោង កងទ័ព​សម្ព័ន្ធមិត្ត​អាច​ជ្រៀត​ចូល​ជាន់​ដី​បារាំង​បាន និង​​​រុល​ទៅ​មុខ​ បណ្តេញ​ទ័ព​អាល្លឺម៉ង់​ហ៊ីត្លែរ បាន​ជា​ច្រើន​គីឡូម៉ែត្រ ប៉ុន្តែ​មាន​ទាហាន​ និង​មនុស្ស​ស្លាប់​មិន​តិច​ជាង​១០០០០​នាក់​ទេ​ ក្នុងមួយ​ថ្ងៃ​នោះ។ ថ្ងៃ​ទី​៦​មិថុនា១៩៤៤​ គ្រាន់​តែ​ជា​ថ្ងៃ​ចាប់​ផ្តើម​បើក​សមរភូមិ​ប្រយុទ្ធ​ប៉ុណ្ណោះ។ យុទ្ធនាការ​នេះមាន​ឈ្មោះ​ថា Overlord អូស​បន្លាយ​អស់​ពេល​ ១០០​ថ្ងៃ និងបាន​ចាត់​ទុក​ចប់​​​នៅ​ថ្ងៃ​រវាង​ថ្ងៃ​ទី ១៩​ទៅ​២១​សីហា (មិន​មែន​ចប់​សង្គ្រាម​ទេ) ក្រោយ​ពេល​ដែល​ទ័ព​សម្ព័ន្ធមិត្ត​រំដោះ​ក្រុង​ប៉ារីស​ពី​កណ្តាប់​ដៃ​ទ័ព​អាល្លឺម៉ង់​ហ៊ីត្លែរ​ បាន​នៅ​ថ្ងៃ​ទី ២៥​សីហា ១៩៤៤។ ជា​យុទ្ធនាការ​យោធា​ដែល​មាន​ជីវិត​ទាហាន​និង​ស៊ីវិល​ស្លាប់​យ៉ាង​ច្រើន ៩៥%​​​នៃការ​ស្លាប់​របស់​ជន​ស៊ីវិល គឺ​ដោយ​សារ​ការ​ទម្លាក់​គ្រាប់​បែក ពី​សំណាក់​កម្លាំង​សម្ព័ន្ធ​មិត្ត។

វាល​កប់​ខ្មោច​ទាហាន​អាមេរិក​នៅ​ Beny-sur-Mer (Basse-Normandie) ប្រទេស​បារាំង.
វាល​កប់​ខ្មោច​ទាហាន​អាមេរិក​នៅ​ Beny-sur-Mer (Basse-Normandie) ប្រទេស​បារាំង. REUTERS/Chris Helgren

 
សូម​បញ្ជាក់​ថា​នៅ​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​ពីរ​នោះ (១៩៣៩-១៩៤៥) នៅ​ផ្នែក​ខាង​អឺរ៉ុប​ ពួក​ណាហ្ស៊ី​ ឬ​ផាស៊ីស​ហ៊ីត្លែរ​អាល្លឺម៉ង់ បាន​រុក​រាន​ឈ្លានពានមិន​មែន​នៅ​ក្នុង​ប្រទេស​បារាំង​មួយ​ប៉ុណ្ណោះ គឺ​ស្ទើរ​គ្រប់​ប្រទេស​នៅ​តំបន់​អឺរ៉ុប កាប់​សម្លាប់​ជនជាតិ​ជ្វីហ្វ​ឱ្យ​ផុត​ពូជ។ ទ័ព​អាល្លឺម៉ង់​នេះ​ក៏​បាន​វាយ​លុក​ទន្ទ្រានទី​លើ​ប្រទេស​រុស្ស៊ី​ដែរ។ កងទ័ពក្រហម​ទប់​ម្ខាង កងទ័ព​ខ្ទប់​ទៅ​ពី​ម្ខាង​ទៀត ! ​រុស្ស៊ី​ បារាំង ​អាមេរិក​អង់គ្លេស​ ត្រូវ​រួម​គ្នា​​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​តែ​មួយ គឺ​ហ៊ីត្លែរ។ អ៊ីចឹង​បាន​ជា​ក្រុម​សម្ព័ន្ធ​មិត្ត​ ​បាន​មក​ជួប​ជុំ​គ្នា​ នៅ​ឆ្នេរ​ណ័រម៉ង់ឌី ដើម្បី​ប្រារព្ធ និង​គោរព​វិញ្ញាណក្ខន្ធ​ដល់​យុទ្ធជន ដែល​បាន​​ពលី​ជីវិត​ដើម្បី​រំដោះ​បារាំង ដើម្បី​ប្រជាធិបតេយ្យ។​

វិបត្តិ​អ៊ុយក្រែន- ពិធីការ​ស្មុគស្មាញ

ពិធី​រំលឹក​ខួប​៧០​ឆ្នាំ​នៃ​ការ​បើក​ប្រតិបត្តិការ​យោធា​សម្ព័ន្ធ​មិត្ត​នៅ​បារាំង​ ត្រូវ​បាន​អញ្ជើញ​មក​ចូល​រួម​ ដោយ​ឥស្សរជន​នយោបាយ​កំពូលៗ ដូច​ជា​ប្រធានាធិបតី​អាមេរិក ព្រះ​មហាក្សត្រីយ៍​អង់គ្លេស និង​ក្រុមគ្រួសាររាជវង្ស​ ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល ១៨​ប្រទេស និង​ភ្ញៀវ​កិត្តិយស​ដល់​ទៅ​៧០០០​នាក់ ក្នុង​នោះ​ជាង​១៨០០​នាក់​អតីត​យុទ្ធជន​សង្គ្រាមខ្លះ អាយុ​ជាង​៩០​ឆ្នាំ​ហើយ នេះ​ដោយ​មិន​រាប់​បណ្តាជន​សាមញ្ញ និង​អ្នក​កាសែត​ជាង​មួយ​នាក់​ផង។​​ ជា​ធម្មតា​ រាល់​ពិធី​ ដែល​មាន​ប្រមុខ​រដ្ឋ​ប្រមុខ​រដ្ឋាភិបាល​កំពូល​នៃ​ប្រទេស​ ធំៗ មក​ជួប​ជុំ​គ្នា អ្នក​ជា​ម្ចាស់​ផ្ទះ​មាន​បន្ទុក​ក៏​ធ្ងន់ និង​ហើយ​ពិធីការ​ទទួល​ក៏​ត្រូវ​លៃ​លក​ឱ្យ​សក្តិសម​ តាម​ថានៈ ការ​រក្សា​សន្តិសុខ​សុវត្ថិភាព​ក៏​ត្រូវ​តែ​ខ្លាំង។ ប៉ុន្តែ​ក្នុង​ករណី​លើក​នេះ​ មាន​លក្ខណៈ​ស្មុគស្មាញ​ពិសេស​ព្រោះ​ត្រូវ​ចៀស​ឱ្យ​បាន​កុំឱ្យ​មាន​ការ​ប៉ះទង្គិច​ផ្នែកការទូត។

លោកប្រធានាធិបតី​បារាំង ដែល​បាន​អញ្ជើញ​លោកស្រី​អង់ហ្គឺឡា​ មែរកិល នាយក​រដ្ឋមន្ត្រី​​អាល្លឺម៉ង់ ព្រោះ​ចង់​បង្ហាញ​ពី​ការ​ផ្សះ​ផ្សា​រវាង​ក្រុម​អ្នក​ឈ្នះ​ និង​ចាញ់​សង្គ្រាម​ ប៉ុន្តែ​វិបត្តិ​អ៊ុយក្រែន​បែរ​ជា​បាន​នាំ​ភាព​ទើស​ទាស់​ថ្មី មក​បំពុល​ពិធី​រំលឹក​ខួប​ឆ្នាំ​នេះ។ ​អាមេរិក និង​ រុស្ស៊ី សុទ្ធ​តែ​ជា​សម្ព័ន្ធមិត្ត​ ធ្លាប់​បាន​ជួយ​សង្គ្រោះ​បារាំង​ក្នុង​សង្គ្រាម​លើក​លើក​ទីពីរ​ ធ្លាប់​មាន​ចំណង និង​បន្ត​មាន​ចំណង​នឹង​គ្នា។ តែ​តាំង​ពី​ផ្ទុះ​វិបត្តិ​អ៊ុយក្រែន​មក មេ​ដឹក​នាំ​ប្រទេស​​ទាំងពីរ​នេះ មិន​ត្រូវ​ការ​​ជួប​គ្នា​ឡើយ​ ជាពិសេស​នៅ​ពេល​នេះ។ ដូច្នេះ​សួរ​ថា​តើ​ត្រូវ​ធ្វើ​ដូចម្តេច ?!

រូបថត​ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​១៩​រូប ដែល​បាន​ចូល​រួម​រំលឹក​ខួប​៧០​ឆ្នាំ​នៅ​ណ័រម៉ង់ឌី ប្រទេស​បារាំង
រូបថត​ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​១៩​រូប ដែល​បាន​ចូល​រួម​រំលឹក​ខួប​៧០​ឆ្នាំ​នៅ​ណ័រម៉ង់ឌី ប្រទេស​បារាំង ©Reuters

 
តាំង​ពី​ម្សិលមិញ​មក ប្រធានាធិបតី​ទាំង​ពីរ​រូប​ បាន​មក​ដល់​ប្រទេស​បារាំង​ ដោយ​ចុះ​ព្រលាន​យន្ត​ហោះ​ខុស​គ្នា លោក​ហ្វ្រង់​ស័រ​ហូរឡង់ ត្រូវ​ទទួល​គារវកិច្ច​ដាច់​ដោយ​ឡែក​ពី​គ្នា ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​ភ្ញៀវពីរ​បី​កន្លែង​ដាច់​ពី​គ្នា​។ ឯ​​ពិធីទទួល​ទាន​អាហារ​ជួប​ជុំ​សម្ព័ន្ធ​មិត្ត​ ថ្ងៃ​ត្រង់​នេះ ​ថ្នាក់​ប្រមុខ​រដ្ឋ​ប្រមុខ​រដ្ឋាភិបាល ពិធីការ​ចៀស​យ៉ាង​ណា​មិន​ដាក់​មេដឹក​នាំ​ទាំង​ពីរ​ឱ្យ​នៅ​អង្គុយ​ជិត​គ្នា​។ លោក​អូបាម៉ា ត្រូវ​តែ​បង្ខំ​ចិត្ត​​រក្សា​ភាព​ប្រុង​ប្រយ័ត្ន​​ នៅ​ចំពោះ​មុខ​រុស្ស៊ី​ និង​មតិ​សាធារណៈ។

នេះ​មិន​បាន​រៀប​រាប់​អំពី​ពិធីការ​ពិសេស​ ក្នុង​ការទទួល​​ព្រះ​មហាក្សត្រី​យ៍​អង់គ្លេស គឺ​ជា​ភ្ញៀវ​កិត្តិយស​ពិសេសផង។​ ជាអង្គក្សត្រ​ ឬ​តំណាង​​ប្រមុខ​ដឹកនាំ​ជាតិ​​​តែ​ម្នាក់​គត់​ដែល​បាន​ឆ្លង​កាត់​សង្គ្រាម​លោក​ ព្រះ​មហា​​ក្សត្រី​ដែល​ចូលចិត្ត​បារាំង ប្រជាជន​បារាំង​ក៏​គោរព​ចូល​ចិត្ត គួរ​តែ​ទទួល​បាន​ស្វាគមន៍​យ៉ាងណាផង ?!

គ្មាន​ការ​ចរចា​នយោបាយ​

យោល​ទៅ​លើ​ទំហំ​នៃ​ពិធី​ និង​របៀប​វារៈ​នៃ​កម្មវិធី ការ​ផ្តោះ​ប្តូរ ពិភាក្សា​​នយោបាយ​ការទូត​ទំនង​ មិន​ថា​លើ​ប្រធាន​បទ​អ្វី​ទេ ទំនង​ជា​អាច​មាន​ប្រព្រឹត្ត​ទៅ ដោយ​ខ្លីៗ​។ ការ​ពិភាក្សា​ ជជែក​គ្នា​ក្រោយ​ឆាក​ប្រាកដ​ជាមាន ប៉ុន្តែ​មិន​មែន​ជា​ការ​ចរចាអ្វី​ទេ។

មុន​នេះ​បន្តិច​ គេ​ឃើញ​លោក​ប្រធានាធិបតី​ពូទីន និង​លោក​ស្រី នាយក​រដ្ឋមន្ត្រី​អាល្លឺម៉ង់ បាន​ជួប​គ្នា មួយ​ទល់​នឹង​មួយ ដើម្បី​ ពិភាក្សា​អំពី​វិបត្តិ​អ៊ុយក្រែន។ ព្រោះគ្រប់​គ្នា​បាន​ដឹង​ហើយថា មាន​តែ​លោកស្រី​មែរកិល​ម្នាក់​ទេ ដែល​និយា​យទៅ​​ហាក់​ដូច​ជា​ចូល​ត្រចៀក​លោក​ពូទីន​ខ្លះ។ លោក​ពូទីន​ដែល​តាំង​ពី​ផ្ទុះ​វិបត្តិ​ចាប់​តំបន់​គ្រីមេ​ជា​រណប​ម៉ូស្គូមក បាន​ត្រូវ​ដាក់​ឱ្យ​ឯកា និង​ដក​ចេញ​ពី​ក្រុម​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ ហៅ​កាត់​ថា​ហ្សេ ៨ ឱ្យ​មក​នៅ​តែ​ត្រឹម​ហ្សេ​៧។ ថ្ងៃ​រំលឹក​ខួប​៧០​ឆ្នាំ​នៃ​ការ​ប្រយុទ្ធ​នៅ​ណ័រម៉ង់ឌី​ នេះ​ជា​ឱកាស​ដំបូង​ដែល​ប្រធានាធិបតី​រុស្ស៊ី​មាន​មុខ​ក្នុង​ចំណោម​ប្រមុខ​ដឹកនាំ​បស្ចឹម​លោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ