អានតួអត្ថបទ
បារាំង

មេដឹកនាំ​គណបក្ស​​ស្តាំនិយមជ្រុល​បារាំង​សង្ឃឹម​ឈ្នះ​ដូច​លោក​ដូណាល់ត្រាំ​នៅ​អាមេរិក

លោកស្រី​ម៉ារីន ឡឺពែន ប្រមុខដឹកនាំ​គណបក្ស​ស្តាំនិយមជ្រុល​បារាំង​ បាន​លើកឡើង នៅថ្ងៃ​សៅរ៍​ថា ក្រោយ​ការ​បោះឆ្នោត​ប្រជាមតិ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស និង​ជោគជ័យ​របស់​លោក​ដូណាល់ត្រាំ នៅ​អាមេរិក គឺ​តំបន់​អឺរ៉ុប​ទាំងមូល​ដែល​នឹង​ត្រូវ​ស្គាល់​នូវ​ការផ្លាស់ប្តូរ ដោយ​ចាប់ផ្តើម​ពី​ការ​បោះឆ្នោត​ធំៗ​មួយចំនួន នៅ​ក្នុង​ឆ្នាំ​២០១៧។ ការថ្លែង​បែបនេះ ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​ពិធី​ជួបជុំ​ដ៏ធំមួយ ដែល​គណបក្ស​ស្តាំនិយមជ្រុល​អឺរ៉ុប​បាន​រៀបចំ​ធ្វើ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។

លោកស្រី​ម៉ារីន ឡឺពែន (Marine Le Pen) ប្រមុខដឹកនាំ​គណបក្ស​រណសិរ្ស​ជាតិ ដែល​មាន​និន្នាការ​ស្តាំនិយមជ្រុល
លោកស្រី​ម៉ារីន ឡឺពែន (Marine Le Pen) ប្រមុខដឹកនាំ​គណបក្ស​រណសិរ្ស​ជាតិ ដែល​មាន​និន្នាការ​ស្តាំនិយមជ្រុល REUTERS/Wolfgang Rattay
ផ្សាយពាណិជ្ជកម្ម

“ឆ្នាំ២០១៦​ជា​ឆ្នាំ​ដែល​ប្រទេស​អង់ហ្គ្លោសាក់សុង​ភ្ញាក់ខ្លួន។ ឆ្នាំ២០១៧ គឺ​ប្រាកដ​ជា​ដល់​វេន​អឺរ៉ុប​ទាំងមូល​ដែល​នឹង​ត្រូវ​ភ្ញាក់ខ្លួន​ដែរ” នេះ​គឺ​ជា​ការ​អះអាង​របស់​លោកស្រី​ម៉ារីន ឡឺពែន នៅ​ក្នុងមិទ្ទិញ​ ចូលរួម​ដោយ​ក្រុម​អ្នក​នយោបាយ​ស្តាំនិយមជ្រុល​ប្រមាណ​ជា​៨០០នាក់​ ​មក​ពី​បារាំង អាល្លឺម៉ង់​ អ៊ីតាលី ហូឡង់ និង​អូទ្រីស។ មិទ្ទិញ​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​តែមួយថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ការស្បថ​ចូល​កាន់តំណែង​របស់​លោក​ដូណាល់ត្រាំ។

គួរបញ្ជាក់ថា ​ក្រុម​អ្នក​នយោបាយ​ស្តាំនិយម​ជ្រុល​​អឺរ៉ុប​​ភាគច្រើន​មាននិន្នាការ​នយោបាយ​ស្រដៀង​នឹង​លោក​ដូណាល់ត្រាំ ពោលគឺ ប្រឆាំង​ជនអន្តោប្រវេសន៍ ប្រឆាំង​នឹង​​ពាណិជ្ជកម្ម​សេរី​ជា​ទូទៅ ប្រឆាំង​សហភាព​អឺរ៉ុប ប្រឆាំង​នឹង​ការ​លុបព្រំដែន​អឺរ៉ុប ព្រមទាំង​នយោបាយ​មួយចំនួន​ទៀត​ដែល​មាន​លក្ខណៈ​ជា​នយោបាយ​ប្រជាភិថុត។ ពួកគេ​រំពឹង​ថា ជោគជ័យ​របស់​លោក​ដូណាល់ត្រាំ​នៅ​អាមេរិក​នឹង​ជះចំហាយ​មក​ដល់​អឺរ៉ុប ដែល​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ នឹង​ត្រូវ​ឆ្លងកាត់​ការ​បោះឆ្នោត​​នៅ​ក្នុង​ប្រទេស​សំខាន់ៗ​ចំនួន ៣ គឺ ការបោះឆ្នោត​ជាតិ​នៅ​ហូឡង់​នៅ​ខែ​មីនា, ​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង នៅ​ខែ​មេសា​និង​ឧសភា និង​ការ​បោះឆ្នោត​ជាតិ​អាល្លឺម៉ង់​ នៅខែកញ្ញា។

គេ​កត់សម្គាល់​ឃើញ​ថា នៅ​សល់​តែ​ប៉ុន្មានខែ​ទៀត​ដល់​ពេល​បោះឆ្នោត​ គណបក្ស​ស្តាំនិយម​ជ្រុល​នៅ​ក្នុង​ប្រទេស​ទាំង ៣​នេះ ជាពិសេស នៅ​បារាំង និង​ហូឡង់ កំពុងតែ​មាន​ប្រជាប្រិយភាព​កើនឡើង​យ៉ាងខ្លាំង រហូតដល់​កម្រិត​ប្រហាក់ប្រហែល ឬ​ពេលខ្លះ លើស​គណបក្ស​ផ្សេង​ទៅទៀត។ នៅ​អាល្លឺម៉ង់​វិញ គណបក្ស​ស្តាំនិយម​ជ្រុល​​មាន​ប្រជាប្រិយភាព​ក្នុង​ចន្លោះ​ពី ១០% ទៅ ១៥% អាស្រ័យ​ទៅ​តាម​ការ​ស្ទាបស្ទង់​មតិ ហើយ​អាច​នឹង​ក្លាយ​ជា​ចលនា​ស្តាំនិយមជ្រុល​អាល្លឺម៉ង់​​​ទីមួយ ដែល​អាច​ទទួល​បាន​អាសនៈ​ក្នុង​សភា​ ចាប់តាំង​ពី​សម័យ​ហ៊ីត្លែរ។

នៅ​ក្នុង​មិទ្ទិញ​​ថ្ងៃ​សៅរ៍ លោកស្រី​ម៉ារីន ឡឺពែន បាន​ធ្វើការ​បរិហារិះគន់​សាជាថ្មី​ម្តងទៀត​ទៅលើ​​ការយក​លុយ​អឺរ៉ូ​ជា​លុយ​រួម​សម្រាប់​អឺរ៉ុប វាយប្រហារ​លើ​នយោបាយ​បើក​ចំហ​ដល់​ជនភៀសខ្លួន​របស់​លោកស្រី​អង់ហ្គេឡា​មែរកិល ហើយ​បាន​លើក​សរសើរ​ដល់​លោក​ដូណាល់ត្រាំ និង​ប្រជាពលរដ្ឋ​អង់គ្លេស​ដែល​បាន​បោះឆ្នោត​ចាកចេញ​ពី​សហភាព​អឺរ៉ុប។ លោកស្រី​ក៏​បាន​លើកឡើង​ផងដែរ​ថា ប្រសិន​បើ​លោកស្រី​ទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង នៅ​ខែ​ឧសភា​ខាងមុខ លោកស្រី​​​នឹង​រៀបចំ​ឲ្យ​បារាំង​​ធ្វើការ​បោះឆ្នោត​ប្រជាមតិ​​ដូចជា​អង់គ្លេសដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ