អានតួអត្ថបទ
បារាំង

បារាំង៖ តំណាងបាតុករអាវកាក់លឿង ត្រូវ​ប៉ូលីស​ចាប់​ឃាត់​ខ្លួន ពីបទ​ធ្វើ​បាតុកម្ម​គ្មាន​ជូន​ដំណឹង

ថ្ងៃ​ពុធ​ទី​២មករា ប៉ូលីស​បារាំង​បាន​ចាប់​ឃាត់​ខ្លួន​ តំណាង​ក្រុម​បាតុករ​អាវកាក់​លឿង និង​គ្នីគ្នា​ បួន​ដប់​នាក់ ដែល​ប្រុង​ដើរ​សំដៅ​ទៅ​វិមាន​ប្រធានាធិបតី​បារាំង​។ បើ​តាម​​រដ្ឋអាជ្ញាក្រុង​បារាំង ការ​ចាប់​ខ្លួន​នេះ គឺ​ពីបទ​ធ្វើ​បាតុកម្ម​គ្មាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​។ ចំណាត់​ការ​របស់​សមត្ថកិច្ច​បែប​នេះ ត្រូវ​រងការ​រិះគន់​យ៉ាង​ខ្លាំងពី​សំណាក់​ក្រុម​ចលនា​បាតុករ​​ ហើយ​បង្ក​ជា​សង្គ្រាម​ប៉ាកកាយ៉ាង​សម្បើម​​ក្នុង​ចំណោម​អ្នក​នយោបាយ​បារាំង។

លោក Eric Drouet មានមុខរបរជាអ្នកបើកឡាន គឺជាក្បាលម៉ាស៊ីនមួយរូបដ៏សំខាន់ របស់ចលនាបាតុករអាវកាក់លឿង ដែលបានចូលរួមជំរុញបំផុសការធ្វើបាតុកម្ម តាំងតែពីថ្ងៃដំបូង នៅខែវិច្ឆិកាមកម្ល៉េះ។
លោក Eric Drouet មានមុខរបរជាអ្នកបើកឡាន គឺជាក្បាលម៉ាស៊ីនមួយរូបដ៏សំខាន់ របស់ចលនាបាតុករអាវកាក់លឿង ដែលបានចូលរួមជំរុញបំផុសការធ្វើបាតុកម្ម តាំងតែពីថ្ងៃដំបូង នៅខែវិច្ឆិកាមកម្ល៉េះ។ FRANCOIS GUILLOT / AFP
ផ្សាយពាណិជ្ជកម្ម

តំណាង​ក្រុម​បាតុករ​ លោក Eric Drouet និង​បក្សពួកប្រមាណ​១០នាក់ ត្រូវ​នគរបាល​បារាំង​ចាប់​ឃាត់​ខ្លួន​សួរ​ចម្លើយ ហើយ​ត្រូវ​រដ្ឋ​អាជ្ញា​ក្រុង​ប៉ារីស​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួនតែម្តង​។ ដើមហេតុដំបូង នៅក្នុង​វេលា​ម៉ោង​៧​ល្ងាច ថ្ងៃពុធ ពួក​គេ​បាន​ផ្តុំ​គ្នាប្រហែល​បួន​ដប់​នាក់​ ហើយ​ប្រុង​ដើរ​សំដៅ​ទៅ​វិមាន​អេលីហ្សេ របស់​ប្រធានាធិបតី។  នេះបើ​តាម​ប្រភព​ពីប៉ូលីស។​

គួរ​បញ្ជាក់​ថា លោក Eric Drouet មាន​មុខរបរជា​អ្នក​បើក​ឡាន គឺ​ជា​ក្បាល​ម៉ាស៊ីន​មួយ​រូប​ដ៏​សំខាន់​ របស់​​ចលនា​បាតុករ​អាវកាក់​លឿង ដែល​បាន​ចូលរួម​ជំរុញ​បំផុស​ការ​ធ្វើ​បាតុកម្ម ​តាំងតែ​ពីថ្ងៃដំបូង នៅ​ខែ​វិច្ឆិកា​មក​​ម្ល៉េះ។ បុរស​វ័យ​៣៣ឆ្នាំរូបនេះ ធ្លាប់​ត្រូវ​នគរបាល​ហៅ​ទៅ​សាក​សួរ​ម្តង​ជា​ពីរ​រួច​មកហើយ ពីករណី​បាតុកម្ម​ហិង្សា។ កាលពី​ថ្ងៃទី​៨ធ្នូ​ រូប​គេ​បាន​អំពាវវនាវ​ប្រឆាំង​នឹង​ស្ថាប័ន​សាធារណៈ​ និង​ប្រកាស​ឲ្យ​ដើរ​ទៅ​​វិមាន​អេលីហ្សេ​។​ ហើយ​កាលពី​សប្តាហ៍​មុន បុគ្គលនេះ​​ក៏បាន​ប្រកូកប្រកាស​ឲ្យ​បាតុករ​​ដើរ​សម្រុក​ចូល​ទៅ​កាន់ ​វិមានប្រធានាធិបតី​តែម្តង នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​។

ភ្លាមៗ​បន្ទាប់ពីការ​​ចាប់​ខ្លួន​ក្បាល​ម៉ាស៊ីន​បាតុករ​! រដ្ឋ​មន្ត្រី​ខាង​សេដ្ឋកិច្ច​បារាំង Bruno Le Maire បានថ្លែង​សាទរ​ថា នៅ​ក្នុង​សាធារណរដ្ឋ​បារាំង ច្បាប់​និង​សណ្តាប់​ធ្នាប់​គឺ​សំខាន់ គឺ​មិន​អាច​បណ្តោយ​ឲ្យ​គេ​អ្វី​អនាធិបតេយ្យ​​ស្រេច​តែ​នឹង​ចិត្ត​ទេ។ ចំណែក​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​គណនេយ្យ​សាធារណៈ​ Gérald Darmanin សង្កត់ធ្ងន់ថា ជាការ​ធម្មតាទេ បើ​គេមិនគោរព​ច្បាប់​របស់​ប្រទេស គេ​​នឹងទទួល​ផល​នៃ​ទង្វើ​របស់នោះ​។

តែយ៉ាងណា​ក៏ដោយ អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដ៏​លេចធ្លោ លោក Jean Luc Mélenchon  ប្រធាន​បក្ស​ La France Insoumise បាន​ប្រតិកម្ម​ជា​ខ្លាំង។ លោក​ចោទ​អាជ្ញាបារាំង​ថា កំពុងតែ​រំលោភ​បំពាន​អំណាច​ និង​តម្រង់​រក​​ចាប់​ខ្លួន​ តែ​បុគ្គល​សំខាន់​ៗ​របស់​ក្បាល​ម៉ាស៊ីននៃ​​​ចលនា​បាតុកម្ម​មហាជន​។ លោក​ Mélenchon ស្នើ​ឲ្យ​សមត្ថកិច្ច​ដោះលែង​ពួកគេ​មកវិញ។ ចំណែក លោកស្រី Marine Le Pen ប្រធាន​បក្ស​ជ្រុល​និយម Le Rassemblement national បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​បារាំង​ថា រំលោភបំពាន​លើ​សិទ្ធ​លើអ្នក​មាន​មតិផ្ទុយ ហើយ​ធ្វើ​ទុក​បុកម្នេញ​លើ​អ្នក​ប្រឆាំង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ