អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ារីស-​តូក្យូ​ចង់​សម្រេច​កិច្ចព្រមព្រៀង​ដៃ​គូ​យុទ្ធសាស្ត្រ​ពិសេស​រវាង​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​​អេស្ប៉ាញ ថ្ងៃ​នេះ ប្រតិភូ​ជប៉ុន​ត្រូវ​ងាក​មក​​​បារាំង​ម្តង។ កម្មវត្ថុ​គឺ​ ដើម្បី​ស្វែង​រក​គាំទ្រ​ជប៉ុន​នៅ​លើ​ឆាក​អន្តរជាតិ និង​ម្យ៉ាង​ទៀត​ដើម្បី​ពង្រឹង​ភាព​ដៃគូ​យុទ្ធសាស្ត្រ​​ពិសេស។ ដៃគូយុទ្ធសាស្ត្រ​ពិសេស ​ ​ដែលប៉ារីស​​និង​តូក្យូ​ ចង់​សម្រេច​ឱ្យ​បាន​នៅ​ថ្ងៃព្រហស្បតិ៍​នេះ នា​ឱកាស​ទស្សនកិច្ច​របស់​​រដ្ឋមន្ត្រីក្រសួង​ការបរទេស​និង​ការពារជាតិ​ជប៉ុន​នៅ​ប្រទេស​បារាំង។ ពិសេស​ ព្រោះ​​ប្រភេទ​ដៃគូ​យុទ្ធសាស្ត្របែប​​នេះ បារាំង​មាន​តែ​ជា​មួយ​​​​រុស្ស៊ីប៉ុណ្ណោះ។​

នៅ​តូក្យូ​ថ្ងៃ​ទី ៩ មករា ២០១៤ ទីផ្សារ​ហិរញ្ញវត្ថុ​​រង​​ឥទ្ធិពល​ពីការ​ចរចា​ដៃគូ​យុទ្ធសាស្ត្រ​​ពិសេស​បារាំង​ជប៉ុន​
នៅ​តូក្យូ​ថ្ងៃ​ទី ៩ មករា ២០១៤ ទីផ្សារ​ហិរញ្ញវត្ថុ​​រង​​ឥទ្ធិពល​ពីការ​ចរចា​ដៃគូ​យុទ្ធសាស្ត្រ​​ពិសេស​បារាំង​ជប៉ុន​ REUTERS/Yuya Shino
ផ្សាយពាណិជ្ជកម្ម

 

​ដៃគូយុទ្ធសាស្ត្រ​ពិសេស ?
ដៃគូយុទ្ធសាស្ត្រ​​ពិសេស​បារាំង-ជប៉ុន ​ត្រូវ​បាន​លើក​ឡើង​តាំង​ពី​ខែ​​មិថុនា ២០១៣ មក​នា​ឱកាស​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​ប្រធានាធិបតី​បារាំង​ ហ្វ្រង់ស័រ ហូឡង់ ​និង​លោក​​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស នៅ​ជប៉ុន។ បារាំង​និង​ជប៉ុន​ចង់​ចរចា​បង្កើត​​ភាព​ជា​ដៃគូ​ឱ្យ​មាន​លក្ខណៈ​ពិសេស​ ឱ្យ​ស្រប​ទៅ​នឹង​លក្ខណៈ​ពិសេស​នៃ​ទំនាក់ទំនង​បារាំង​ជប៉ុន ដែល​ប្រកប​ដោយ​ទំនុក​ចិត្ត​ ដោយ​ឈរ​លើ​មូលដ្ឋាន​រួម​ និងបាន​ទទួល​ផលប្រយោជន៍​ដូច​គ្នា។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​រវាង​បារាំង​និង​ជប៉ុន ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ពិសេស នឹង​ត្រូវ​បង្កើត​ឡើង​ ដើម្បី​​ប្រយោជន៍​សន្តិសុខ កំណើន​សេដ្ឋកិច្ច ការ​ជឿនលឿន​ និង​​វប្បធម៌។
វប្បធម៌ ៖ ភ្ជាប់​ទំនាក់ទំនង​សង្គម​ទាំង​ពីរ​ឱ្យ​មួល​រមិញ​ចូល​គ្នា ជា​ផល​ល្អ​ណាស់​សម្រាប់​អនាគត។ ប្រជាជន​បារាំង​ចូល​ចិត្ត​វប្បធម៌​និង​ប្រពៃណី​ជប៉ុន ឯ​ជប៉ុន​វិញ​ក៏​មើល​ឃើញ​តម្លៃ​នៃ​វប្បធម៌​បារាំង។ ការ​ផ្តោះ​ប្តូរ​​វប្បធម៌គ្នា ភាសា បន្ត​ធ្វើ​សហប្រតិបត្តិការ​ស្អិត​ល្មួត​​ដើម្បី​រក្សា​តម្លៃ​​បេតិកភណ្ឌ​ជាតិ។

សេដ្ឋកិច្ច​ ៖ ជំរុញ​ឱ្យ​សេដ្ឋកិច្ចប្រទេស​ទាំង​ពីរ​ខិត​ជិត​ចូល​គ្នា ដើម្បី​សម្រេច​អាទិភាព​កំណើន​សេដ្ឋកិច្ច ការ​ជឿន​លឿន​ របក​ឃើញ​ថ្មីៗ​ និង​បង្កើត​ទីផ្សារ​​ការងារ ព្រមទាំង​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ ពង្រឹង​ការ​ធ្វើ​អធិការកិច្ច​ហិរញ្ញវត្ថុ​អន្តរជាតិ។ តាម​រយៈ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ពិសេស​នេះ ​ក៏​មាន​ការ​ចរចា​របង្កើត​តំបន់​ព្រមព្រៀង​ផ្តោះ​ប្តូរពាណិជ្ជកម្ម​សេរី​រវាង​ជប៉ុន​និង​អឺរ៉ុប។ តំបន់​សេដ្ឋកិច្ច​សំខាន់​ពីរ​របស់​ពិភពលោក​។
ទំនាក់ទំនង​ពិសេស​នេះ​មិន​បញ្ចប់​ត្រឹម​សេដ្ឋកិច្ចហិរញ្ញវត្ថុ​ទេ វិស័យ​កសិកម្ម​ ថាមពល
នុយក្លេអ៊ែ​រ​ បរិស្ថាន​សុទ្ធ​សឹង​ជា​ដណ្តើម​ថ្មី​សម្រាប់​ពេល​អនាគត​ទាំងអស់។ បារាំង​-ជប៉ុន បាន​ថែម​ទាំង​លើក​ទឹក​ចិត្ត​ឱ្យ​​ក្រុមហ៊ុន​​របស់​ប្រទេស​ទាំង​ពីរ​អភិវឌ្ឍន៍​ភាព​ជា​ដៃគូ ដើម្បី​អនុគ្រោះ​ទីផ្សារជាតិ​រៀង​ខ្លួនៗ។ ភាព​ល្អូន​ល្អើន​​មាន​កាន់​តែ​ច្រើន ថ្មីៗ​នេះ​ជនជាតិ​បារាំង​ម្នាក់​បានក្លាយ​ជា​អគ្គនាយក​ក្រុមហ៊ុន​ផលិត​ឱសថ​ថ្នាក់​អន្តរជាតិ​ដ៏​ធំ​របស់​ជប៉ុន​។ តើ​នេះ​អាច​ចាត់​ទុក​ថា​ជា​ចំណាយ​ឥទ្ធិពល​នៃ​ការ​ចាប់​ផ្តើម​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ឬ ?!

សន្តិសុខ ៖ ជប៉ុន​គាំទ្រ​បារាំង បារាំង​លើក​ទឹក​ចិត្ត​ជប៉ុន​ ប្រទេស​ទាំង​ពីរ​ផ្តល់​តម្លៃ​ដូ​ច​គ្នា​ដល់​សន្តិនិយម​ គាំទ្រ​​តម្លៃ​នៃ​សេរីភាព​ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស​ និង​អធិបតេយភាព​ជាតិ។ តម្លៃ​នៃ​សន្តិភាព​ដែល​បារាំង​និង​ជប៉ុន​ចង់​រួម​ចំណែក​រួម​គ្នា​ ការពារ​សន្តិភាព​ សន្តិសុខ​អន្តរជាតិ​ នៅ​ទូទាំង​ពិភពលោក ដោយ​ត្រូវ​ ថា​ចាត់​ទុក​គ្នា​ជា​ដៃគូ​ផ្តាច់​មុខ​គាំទ្រ​ ​ ​គ្នា​ទៅវិញ​ទៅ​មកនៅក្នុង​ស្ថាប័ន​អន្តរជាតិ​នានា ឬ​នៅ​លើ​ឆាក​អន្តរជាតិ​។

បារាំង​និង​ជប៉ុន​ បាន​គូសវាស​គម្រោង​ចង្អុល​ផ្លូវ​ ​កំណត់​លម្អិត​និង​ជាក់ស្តែង​ ទៅ​តាមករណី​មួយ សម្រាប់​សហប្រតិបត្តិការ​ ៥​ឆ្នាំ ខាង​មុខ មុន ក្នុង​ក្របខ័ណ្ឌ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ពិសេស។

បារាំងមិន​មែន​ ​គ្រូ​​

ការ​គាំទ្រ​របស់​អន្តរជាតិ ដែល​មាន​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ប្រឈម​នឹង​គូប្រជែង​ចិន។ ប៉ុន្តែ​ជប៉ុន​ខ្លួន​ឯង​ក៏​ចង់​មាន​មុខ​មាន​មាត់​ បញ្ចេញ​លើក​ឆាក​អន្តរជាតិ ប្រលូក​ក្នុង​វិស័យ​​យោធា​​ដែរ បើ​ទោះ​បី​ជា​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ប្រទេស​​ប្រកាន់​យក​សន្តិនិយម​យ៉ាងណា​ក៏​ដោយ។ ជំនួប​ពិភាក្សា​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ត្រូវ​ចំណាយ​មួយ​ភាគ​ធំ​ទៅ​​កិច្ចសហប្រតិបត្តិការ​​ដោះស្រាយ​វិបត្តិ​អន្តរជាតិ មាន​ជា​អាទិ៍​វិបត្តិ​នៅ​ទ្វីប​អាហ្វ្រិក។ យើង​ដឹង​ហើយ​ថា បារាំង​​​ដើរ​តួនាទីជួរ​មុខ​ ក្នុង​សំណុំ​រឿង​ប្រទេសម៉ាលី ឯ​មិត្តជប៉ុន​ក៏​បាន​សន្យា​ជួយ​​ម៉ាលី​ បើ​គិត​ជា​ទឹក​ប្រាក់​មាន​ទំហំ​ប្រមាណ​ជា ៤៧៥​លាន​អឺរ៉ូ តាម​រូបភាព​ផ្សេងៗ។ ហើយ​ជាពិសេស​នោះ គឺ​ជប៉ុន​បាន​សម្តែង​ការ​គាំទ្រ​​នយោបាយ​បារាំង​​ក្នុង​វិបត្តិ​នៅ​អាហ្វ្រិក​កណ្តាលទៀត។ បារាំង​ក៏​សង្ឃឹម​លើ​មិត្ត​វិញ​ ថា​នឹង​អាច​មាន​ជំនួយ​បន្ថែម​ផ្នែក​ហិរញ្ញវត្ថុ​ផង។

ដូច្នេះ​ដើម្បី​ជា​ការ​តប​ស្នង​ជប៉ុន​វិញ​ តើ​បារាំង​ធ្វើ​ដូចម្តេច ? ជប៉ុន​មាន​អារម្មណ៍​ថា​ត្រូវ​គំរាមកំហែង​​វាត​ទឹក​ដី​ ជាក់​ស្តែង​ជម្លោះ​ដណ្តើម​ប្រជុំកោះសេនកាគូ។ ប៉ុន្តែ​ជំហរ​ជាតិ​និយម​ជ្រុល​ហួសហេតុ​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ ដែល​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​​យោធា​នៅ​ទីសក្ការៈ​យ៉ាស៊ូគូនី បារាំង​គ្មាន​ហេតុ​ផល​​អ្វី​ត្រូវ​បញ្ចេញ​មតិ​យោបល់​ ឬ​ធ្វើ​គ្រូចេះ​ណែនាំ ឬ​ត្រូវ​ប្រកាន់​យក​ជំហរ​ណា​មួយ ដោយ​ត្រូវ​គាំទ្រ​ចិន ឬ​ជប៉ុន​ទេ​។ ទាំង​ចិន​ ទាំង​ជប៉ុន​សុទ្ធ​តែ​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​បារាំង។ ហើយ​បារាំង​ពេលនេះ​កំពុង​សំឡឹង​ឃើញ​ប្រយោជន៍​​ថ្មី​មួយ​ទៀត​ពី​ជប៉ុន គឺ​ក្នុង​វិស័យ​យោធា។ ជប៉ុន​កំពុង​មាន​ទស្សនវិស័យ​នយោបាយ​ថ្មី​លើ​វិស័យ​ការពារ​ជាតិ។ ចេតនា​ចង់កែ​ប្រែ​រដ្ឋធម្មនុញ្ញ​សន្តិនិយម​របស់​នាយក​រដ្ឋមន្ត្រី​ ដើម្បី​ពង្រឹង​ឯករាជភាព​យោធា​​ជប៉ុន​​ នោះ​​មាន​ន័យ​ថា​ជប៉ុន​អាច​នឹង​ត្រូវ​ការ​ទិញ​សព្វាវុធ ទិញ​សម្ភារៈ​បិរក្ខារ​យោធា ហើយ​បារាំង​មាន​វត្ថុ​ទាំង​អស់​នោះ​​ដាក់​លក់។ ចង់​មិន​ចង់​បារាំង​ត្រូវ​ប្រយ័ត្ន​ប្រយែង​បន្តិច​ហើយ !

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ