អានតួអត្ថបទ
បារាំង

ក្រសួង​ការពារជាតិ​បារាំង​នឹង​ពង្រឹង​សន្តិសុខ​ទល់នឹង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត

ករណី​រុស្ស៊ី​លូកដៃ​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិ​បតី​អាមេរិក តាម​រយៈ​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត កំពុងតែ​ជា​បញ្ហា​ដ៏​សែន​ចម្រូងចម្រាស​មួយ​នៅ​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ ការគំរាមកំហែង​​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​នេះ​មិនមែន​កើត​មាន​តែ​ចំពោះ​សហរដ្ឋ​អាមេរិក​មួយ​នោះទេ។ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បារាំង​បាន​ឲ្យដឹង​នៅថ្ងៃ​អាទិត្យ​នេះ​ថា បារាំង​ក៏​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​យ៉ាង​ច្រើន​សន្ធឹកស​ន្ធាប់​ផងដែរ ហើយ​ថា បារាំង​នឹង​ធ្វើការ​ពង្រឹង​រចនាសម្ព័ន្ធ​ក្នុងការ​ការពារទល់​នឹង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។

ក្រសួងការពារជាតិ​បារាំង​គ្រោង​បង្កើត​សេនាធិការ​ពិសេស ដែល​មាន​ទាហាន​ជំនាញ​ខាង​អ៊ីនធ័រនែត មានសមត្ថភាព​ទាំង​ខាង​ការពារ និង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត
ក្រសួងការពារជាតិ​បារាំង​គ្រោង​បង្កើត​សេនាធិការ​ពិសេស ដែល​មាន​ទាហាន​ជំនាញ​ខាង​អ៊ីនធ័រនែត មានសមត្ថភាព​ទាំង​ខាង​ការពារ និង​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត REUTERS
ផ្សាយពាណិជ្ជកម្ម

បារាំង​កំពុងតែ​ប្រឈមមុខ​នឹង​ការ​គំរាមកំហែង​ដោយ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ទាំងទៅលើ​ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមមាន​ដូចជា ប្រព័ន្ធផ្គត់ផ្គង់​ទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ និង​ដឹកជញ្ជូន ក៏ដូចជា ទៅលើ​ដំណើរការ​ប្រជាធិបតេយ្យ និង​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ នេះ​គឺ​ជា​ការ​អះអាង​របស់​លោក ​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់​ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បារាំង នៅ​ក្នុង​បទស​ម្ភាសន៍​ជាមួយ​ទស្សនាវដ្តី​បារាំង (Journal du Dimanche) ចេញផ្សាយ​នៅថ្ងៃ​អាទិត្យ​នេះ។

បើ​តាម​លោក​ឡឺឌ្រីយ៉ង់ ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត​​មក​លើ​បារាំង​បាន​កើនឡើង​ទ្វេដង​ជារៀងរាល់​ឆ្នាំ ហើយ​ គ្រាន់តែ​ក្រសួង​ការពារជាតិ​មួយ​ត្រូវ​រង​ការ​វាយប្រហារ​រហូតដល់​ទៅ ២ម៉ឺន៤ពាន់​ដង កាល​ពី​ឆ្នាំ២០១៦កន្លងទៅ ក៏ប៉ុន្តែ ការ​វាយប្រហារ​នេះ​ត្រូវបាន​ទប់ស្កាត់ជាប់។ លោក​ក៏​បាន​លើកឡើង​ផងដែរ​ថា ការ​វាយប្រហារ​តាម​ប្រព័​ន្ធ​អ៊ីនធ័រនែត ដើម្បី​លូកដៃ​ចូល​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត ដូចអ្វី​ដែល​បាន​កើតឡើង​នៅ​សហរដ្ឋ​អាមេរិក ក៏​អាច​កើតឡើង​ដែរ នៅ​បារាំង។

គួរបញ្ជាក់ថា បារាំង​នឹង​បោះឆ្នោត​ប្រធានាធិបតី នៅ​ខែ​មេសា និង​ឧសភា​ខាងមុខ ហើយ​នៅ​ក្នុង​ចំណោម​បេក្ខជន​ប្រធានាធិបតី គេឃើញ​មាន​ បេក្ខជន​មក​ពី​គណបក្ស​ស្តាំនិយម និង​គណបក្ស​ស្តាំ​និយម​ជ្រុល សុទ្ធតែ​បាន​បង្ហាញ​ពី​ជំហរ​ដែល​មាន​ទំនោរ​ទៅខាង​រុស្ស៊ី ផ្ទុយ​ស្រឡះ​ពី​គណបក្ស​ឆ្វេងនិយម​របស់​លោក​ហ្វ្រង់ស័រ​ហូឡង់ ដែល​ប្រកាន់​ជំហរតឹងរ៉ឹង ចាប់តាំង​ពី​រុស្ស៊ី​កាត់យក​តំបន់​គ្រីមេ ពី​អ៊ុយក្រែន។

សម្រាប់​លោក​រដ្ឋមន្រ្តីការពារជាតិ​បារាំង ការណ៍​ដែល​រដ្ឋមួយ​លូកដៃ​ចូលជ្រៀតជ្រែក​វាយប្រហារ​ទៅលើ​មូលដ្ឋានគ្រឹះ​នៃ​ប្រជាធិបតេយ្យ​របស់​រដ្ឋ​មួយ​ទៀត គឺ​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន ហើយ​លោក​ក៏​បាន​ព្រមាន​ផងដែរ​ថា ក្នុងករណី​ទទួល​រង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត បារាំង​នឹង​ធ្វើការ​តបទៅទៅវិញ ដោយ​ប្រើ​ទាំង​ការវាយប្រហារ​តាមប្រព័ន្ធ​អ៊ីនធ័រនែត និង​អាវុធ​យុទ្ធភ័ណ្ឌ​ធម្មតា។

ដើម្បី​ពង្រឹង​សមត្ថភាព​ក្នុង​វិស័យ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត ក្រសួង​ការពារជាតិ​បារាំង​គ្រោង​នឹង​បង្កើត​សេនាធិការ​ពិសេស​មួយ ដែល​មាន​ទាហាន​ជំនាញ​ខាង​អ៊ីនធ័រនែត​ចំនួន ២៦០០នាក់ ហើយ​មាន​សមត្ថភាព​ទាំង​ខាង​ការពារ​ និង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ