អានតួអត្ថបទ
បារាំង

សមាសភាព​រដ្ឋាភិបាលថ្មី​របស់​បារាំង​មាន​ពាក់កណ្តាល​មកពី​សង្គមស៊ីវិល

កាលពី​ថ្ងៃ​ពុធ លោក​អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំងដែល​ទើប​នឹង​ជាប់ឆ្នោត​ បាន​ប្រកាស​តែងតាំង​​រដ្ឋាភិបាល​ថ្មី​របស់​លោក ហើយ​ស្រប​ទៅតាម​ការ​សន្យា​របស់​លោក កាល​ពី​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត រដ្ឋាភិបាល​ថ្មី​នេះមាន​សមាសភាព​​ចម្រុះលាយឡំគ្នា រវាង​អ្នក​នយោបាយ និង​ឥស្សរជន​មក​ពី​សង្គមស៊ីវិល ព្រមទាំង​មាន​សមាសភាព​ស្មើគ្នា រវាង​បុរស​ និង​ស្រ្តី។

​លោក​អេឌ័រ ហ្វីលីព នាយករដ្ឋមន្រ្តីបារាំង មក​ពី​គណបក្ស​ស្តាំនិយម ដែល​ជា​បក្ស​ប្រឆាំង
​លោក​អេឌ័រ ហ្វីលីព នាយករដ្ឋមន្រ្តីបារាំង មក​ពី​គណបក្ស​ស្តាំនិយម ដែល​ជា​បក្ស​ប្រឆាំង RFI/Pierre René-Worms
ផ្សាយពាណិជ្ជកម្ម

 

ទេសរដ្ឋមន្រ្តី ៣រូប រដ្ឋមន្រ្តី ១៥រូប និង​រដ្ឋលេខាធិការ ៤រូប... នេះ​គឺ​ជា​សមាសភាព​រដ្ឋាភិបាល​ថ្មី​របស់​បារាំង ក្រោមការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង។ គិតជាសរុប រដ្ឋាភិបាល​ថ្មី​នេះ មាន​សមាជិក ២២រូប ដោយ​បែងចែកគ្នា​ស្មើត្រឹម រវាង​បុរស និង​ស្រ្តី (១១រូប​ជា​ស្រ្តី និង​១១រូប​ជា​បុរស) ហើយ​ក៏​​បែងចែក​គ្នា​យ៉ាង​​ស្មើត្រឹមដែរ រវាង​អ្នក​នយោបាយ និង​សង្គមស៊ីវិល (១១រូប​ជា​អ្នក​នយោបាយ និង​១១រូប​ជា​ឥស្សរជន​មក​ពី​សង្គមស៊ីវិល)។

នៅ​ក្នុង​ចំណោម​ឥស្សរជន​មក​ពី​សង្គមស៊ីវិល គេ​សង្កេតឃើញ​មាន​ជាអាទិ៍ ប្រធានមូលនិធិ​ការពារ​បរិស្ថាន​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន, សាស្ត្រាចារ្យ​វេជ្ជសាស្រ្ត​ត្រូវ​បាន​តែងតាំង​ជា​​រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល, សកលវិទ្យាធិការ ត្រូវ​បានតែងតាំង​ជា​ រដ្ឋមន្រ្តី​ក្រសួង​ឧត្តមសិក្សា​និង​ស្រាវជ្រាវ, អតីតប្រមុខដឹកនាំ​ក្រុមហ៊ុន ត្រូវបានតែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការងារ, អ្ន​កនិពន្ធ​និង​ជា​ប្រធានគ្រឹះស្ថាន​បោះពុម្ពផ្សាយ​សៀវភៅ ត្រូវ​បានតែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌, កីឡាករ​ជើងឯក​អូឡាំពិច​​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​កីឡា ព្រមទាំង​តំណាង​សមាគម ឬ​អង្គការ​ក្រៅរដ្ឋាភិបាល​មួយចំនួន​ផ្សេងទៀត ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ ជាពិសេស ទទួល​បន្ទុក​ខាង​កិច្ចការ​នារី និង​ខាង​ជនពិកា។

នៅ​ក្នុង​ចំណោម​អ្នក​នយោបាយវិញ ក៏​គេ​សង្កេតឃើញ​មាន​សមាសភាព​ចម្រុះ​បក្ស​ផងដែរ ដោយ​ក្នុងនោះ មាន​រដ្ឋមន្រ្តី​ចំនួន ២រូប មក​ពី​គណបក្ស​ស្តាំនិយម ដែល​ជា​បក្ស​ប្រឆាំង។ ក្នុង​ចំណោម​រដ្ឋមន្រ្តី​មក​ពី​បក្ស​ស្តាំនិយម​ទាំងពីរ​រូប មាន​១រូប កាន់​ក្រសួង​ដ៏សំខាន់​មួយ គឺ​ក្រសួង​សេដ្ឋកិច្ច។

ការតែងតាំង​រដ្ឋមន្រ្តី​មក​ពី​បក្ស​ប្រឆាំង​ទាំងពីររូប បូករួម​ជាមួយ​នឹង​នាយករដ្ឋមន្រ្តី​ផ្ទាល់ ដែល​មក​ពី​គណបក្ស​ប្រឆាំង​ដូចគ្នា គឺ​ជា​យុទ្ធសាស្រ្ត​ដ៏សំខាន់​មួយ​របស់​លោក​អេម៉ានុយអែល ម៉ាក្រុង ដើម្បី​ស្វះស្វែង​រក​សំឡេង​ភាគច្រើន​​ក្នុង​សភា នៅ​ក្នុង​ការ​បោះឆ្នោត​សភា ដែល​នឹង​ប្រព្រឹត្ត​ទៅ នៅ​ពាក់កណ្តាលខែ​មិថុនា​ខាងមុខនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ