អានតួអត្ថបទ
បារាំង

សារធាតុ​ល្អិតឆ្មារ​បំពុល​បរិយាកាស​​ប្រទេស​បារាំង​ ឡើងដល់​កម្រិត​កំពូល​

នៅប្រទេស​បារាំង​ ថ្ងៃ​​សុក្រ​នេះ កម្រិតសារធាតុ​ល្អិតឆ្មារ ដែល​​បំពុលបរិយាកាស​ ​ប៉ុន្មាន​ថ្ងៃ​មកនេះ​​​ ​បាន​ឡើងដល់​បរិមាណ​​​កំពូល​​ ហួស​ពី​កម្រិត​​ធម្មតា​ ​​នៅ​តាម​ខេត្ត​ជាង​៣០ ​តំរូវ​អោយ​អាជ្ញាធរ​បារាំង​​ចាត់វិធានការ​​​អោយ​​ប្រជាជន​នៅ​តាមទីក្រុងធំៗ​ជាច្រើន​ មិនបាច់​ចំណាយ​លុយ​​ក្នុង​ការជិះ​​រថភ្លើង រឺ​រថយន្តក្រុង​ រយៈ​ពេល​​៣ថ្ងៃ​​ចុង​សប្តាហ៍​នេះ។ ​គណបក្ស​ការពារ​បរិស្ថាន​បារាំង​បាន​ស្វាគមន៍​វិធានការ​រដ្ឋាភិបាល​ ប៉ុន្តែ​បាន​រិះគន់ថា​ រដ្ឋាភិបាល​យឺតយ៉ាវ​​ក្នុង​ការ​ចាត់វិធានការ​ទប់ទល់​បញ្ហា​បំពុល​បរិស្ថាន​នេះ។

ក្រុង​ប៉ារីស​រង​ការបំពុល​បរិយាកាស​ ថ្ងៃព្រហស្បតិ៍​១៣មីនា
ក្រុង​ប៉ារីស​រង​ការបំពុល​បរិយាកាស​ ថ្ងៃព្រហស្បតិ៍​១៣មីនា REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃ​សុក្រ​នេះ រហូត​ដល់ថ្ងៃ​អាទិត្យ ប្រជាជន​បារាំង​នៅតាម​ក្រុង​ធំៗ ជាច្រើន​នៅ​ទូទាំង​​​ប្រទេស ពិសេស​អ្នក​នៅ​ក្រុងប៉ារីស និង​ជាយក្រុង​​ប៉ារីស ​មិនចាំបាច់​ចំណាយ​ប្រាក់កាស​ទិញ​សំបុត្រ​ជិះ​រថយន្ត រឺ​រទេះភ្លើង នោះទេ។ នេះជាវិធានាការ​​របស់​រដ្ឋាភិបាល​បារាំង ទប់ទល់​នឹង​ការបំពុល​បរិយាកាស​​បង្ក​ឡើង​​ដោយ​សារធាតុ​ល្អិតឆ្មារ ​​ក្នុងរយៈពេល​​ប៉ុន្មាន​ថ្ងៃ​មកនេះ។  

ប៉ុន្មាន​ថ្ងៃ​មកនេះ ប្រទេស​បារាំង​បាន​រង​ការវាយប្រហារ​​ដោយសារធាតុ​ល្អិតឆ្មារ​ ឈ្មោះថា PM១០ ជាសារធាតុ​ល្អិតឆ្មារ​​ បង្ក​ឡើង​ដោយ​​​រថយន្តប្រើប្រេង​ឌីយេស៊ែល​​ ម៉ាស៊ីន​កំដៅ​ប្រើ​​ក្នុង​​រដូវ​រងារ​​ រឺក៏​​​​សកម្មភាព​ឧស្សាហកម្ម​​​​ផ្សេងៗ។ ប៉ុន្មាន​ថ្ងៃ​​នេះ លក្ខខណ្ឌ​​​សម្ពាធ​បរិយាកាស ​​អាកាសធាតុ​ត្រជាក់​ពេលយប់ និង​ក្តៅ​​នៅពេលថ្ងៃ បានកើតឡើង​​​បន្តបន្ទាប់​គ្នា ​ធ្វើអោយ​​​សារធាតុ​ល្អិតឆ្មារ​ទាំងនេះ​នៅតែ​បន្តវត្តមាន​ក្នុង​បរិយាកាស។ ​នៅតាម​​​​តំបន់ជាច្រើន​នៅ​​ភាគខាងជើង និង​តំបន់​Rhône-Alpes ស្ថិត​នៅ​ភាគអាគ្នេយ៍​​ សារធាតុ​ល្អិតឆ្មារ​បាន​ឡើង​ដល់​៨០មីក្រូក្រាម​ ក្នុង​មួយម៉ែត្រ​គូប គឺ​ខ្ពស់ហួស​​ពី​កម្រិត​​កំណត់ដែល​មានត្រឹម​​​ ៥០​មីក្រូក្រាម ក្នុង​មួយម៉ែត្រ​គូបទៅទៀត។ សារធាតុ​ល្អិតឆ្មារ​នេះ ប៉ះពាល់​សុខភាព​មនុស្សយើង​ អាច​បង្ក​​ជា​ជំងឺ​ហឺត ជំងឺ​ផ្លូវ​ដង្ហើមផ្សេងៗ។​ ​​ប្រសិន​បើ​វា​​ជ្រាបចូល​​​​ក្នុង​​ផ្នែកផ្សេងៗ​នៃ​ផ្លូវដង្ហើម និង​ឈាម​​ វាអាច​បង្ក​​​ជំងឺ​មហារីក​បាន។ ​

​ស្ថានភាព​​​បរិយាកាស​​បារាំង​នឹង​ចាប់ផ្តើម​ប្រសើរ​ឡើងវិញ នៅ​ចុងសប្តាហ៍​នេះហើយ។ ​ប្រឈម​នឹង​ការកើនឡើង​​នៃសារធាតុ​ល្អិតឆ្មារបំពុលបរិយាកាស​នៅពេលនេះ​ ​ក្រៅពី​អនុញ្ញាត​អោយ​ប្រជាជន​​បាន​ជិះរថយន្ត រឺ​រថភ្លើង​ដោយ​ឥតបង់ថ្លៃ​​ ក្រសួង​​ការពារ​បរិស្ថាន​បារាំង​ក៏​​បាន​ចាត់​វិធានការ​​​ដូចជា កាត់បន្ថយ​សកម្មភាព​រោងចក្រ ហាមឃាត់​មិនអោយ​ដុតអុស​​​​ធ្យូង​​បង្ក​ជាផ្សែងភ្លើង រឺក៏​កំណត់​កម្រិត​ល្បឿនរថយន្ត​ជាដើម។ អាជ្ញាធរ​​ផ្តល់​ដំបូន្មាន​ ​ប្រជាជន​​​ ពិសេស​​មនុស្ស​ចាស់ និងអ្នកមាន​បញ្ហា​ដង្ហើម អោយ​​ចៀសវាង​ធ្វើ​សកម្មភាព​​កីឡា​ នៅ​ទីវាល៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ