ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/07 12h00 GMT

តើ​បេក្ខជន​ប្រធានាធិបតី​បារាំង​មាន​កម្មវិធី​នយោបាយ​យ៉ាងណា​ចំពោះ​បរិស្ថាន?

តើ​បេក្ខជន​ប្រធានាធិបតី​បារាំង​មាន​កម្មវិធី​នយោបាយ​យ៉ាងណា​ចំពោះ​បរិស្ថាន?
 
បច្ចុប្បន្ន​បារាំង​មាន​ម៉ាស៊ីនប្រតិករ​នុយក្លេអ៊ែរ​សរុប​ចំនួន​៥៨ ផលិត​ថាមពល​អគ្គិសនី​ប្រមាណ​ជា ៧៥% នៃ​តម្រូវការ​សរុប​ក្នុងស្រុក AFP/François Nascimbeni

នៅសល់តែ​៣ថ្ងៃទៀត​ប៉ុណ្ណោះ បារាំង​នឹង​ត្រូវ​ធ្វើការ​បោះឆ្នោត​ប្រធានាធិបតី គឺ​ការ​បោះឆ្នោត​ជុំទីមួយ នៅថ្ងៃអាទិត្យ ២៣មេសា។ នៅថ្ងៃនេះ យើង​នឹង​ពិនិត្យ​មើល​ទៅលើ​សំណុំរឿង​ដ៏សំខាន់មួយ មិនត្រឹមតែ​សម្រាប់​ប្រទេស​បារាំង​ប៉ុណ្ណោះទេ តែ​សម្រាប់​ពិភពលោក​ទាំងមូល គឺ​សំណុំរឿង​បរិស្ថាន។ តើ​បេក្ខជន​ប្រធានាធិបតី ដែល​នឹង​ត្រូវ​ឡើង​មក​ដឹកនាំ​ប្រទេស​បារាំង សម្រាប់​រយៈពេល ៥ឆ្នាំ​ខាងមុខ មានគោល​​នយោបាយ​បែបណា នៅ​ក្នុងវិស័យ​បរិស្ថាន?

បារាំង​គឺ​ជា​ប្រទេស​ម្ចាស់ផ្ទះ ដែល​រៀបចំ​សន្និសីទ​អន្តរជាតិ រហូតឈាន​ដល់​ការ​ចុះកិច្ចព្រមព្រៀង​អាកាសធាតុ​ដ៏សំខាន់​មួយ កាល​ពី​ឆ្នាំ​២០១៥​កន្លងទៅ ហើយបច្ចុប្ប​ន្ន បារាំង​កំពុងតែ​ព្យាយាម​ដើរតួនាទី​យ៉ាងសំខាន់ នៅ​ក្នុងការជំរុញ​ឲ្យមាន​ការ​អនុវត្ត​យ៉ាងពេញលេញ​នូវ​កិច្ចព្រមព្រៀង​នេះ។

​បើ​យើងសង្កេតមើល​ជាទូទៅ​នៅ​ក្នុងនយោបាយ​ក្នុងស្រុកបារាំងវិញ តាមការស្ទាបស្ទង់មតិ​ជាច្រើន​នាពេល​កន្លងមក ប្រជាជន​បារាំង​ភាគច្រើន​លើសលុប​​បាន​បង្ហាញ​នូវ​ចំណាប់អារម្មណ៍​ខ្លាំង​លើ​បរិស្ថាន។ ពួកគេ​នាំគ្នា​​សម្តែងនូវក្តីព្រួយបារម្ភ​ចំពោះ​ផលវិបាក​នៃ​ការ​ឡើងកម្តៅនៃ​ភាពផែនដី ការ​បំពុល​បរិយាកាស ក៏ដូចជាចំពោះ​សារធាតុគីមី​នៅ​ក្នុង​ចំណី​អាហារ ហើយ​ពួកគេ​សុទ្ធតែ​យល់ឃើញ​ថា វិធានការ​ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​បារាំង​ជា​បន្តបន្ទាប់​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​នៅ​មាន​ការខ្វះចន្លោះ​ច្រើន ហើយ​ទាមទារ​ចង់​ឲ្យ​មាន​វិធានការ​កាន់តែ​ច្រើន ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ដ៏​ចម្បងមួយ​នេះ។
 
ក៏ប៉ុន្តែ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​នៅពេលនេះ បញ្ហា​បរិស្ថាន​ គឺ​គ្រាន់តែ​ជា​បញ្ហា​បន្ទាប់​បន្សំ​មួយ​តែប៉ុណ្ណោះ។ តាមការពិត គម្លាតគ្នា ​រវាង​ចំណាប់អារម្មណ៍​នៃ​សាធារណមតិ​ជាទូទៅ និង​សារៈសំខាន់​ដែល​គេ​ផ្តល់​ចំពោះ​សំណុំរឿង​បរិស្ថាន នៅ​ក្នុង​ពេល​បោះឆ្នោត តែងតែ​បាន​កើតមាន​​ស្ទើរតែ​ជា​ទម្លាប់ទៅហើយ នៅ​ក្នុង​ការ​បោះឆ្នោត​បារាំង។ បញ្ហា​ចោទ គឺ​ដោយសារ​តែ​សំណុំរឿង​បរិស្ថាន​នៅ​បារាំង ​គឺ​ជា​បញ្ហា​ដែល​ត្រូវ​​គេ​ភ្ជាប់​ទៅនឹង​ការ​បែងចែក​នៃ​និន្នាការ​នយោបាយ​ឆ្វេង និង​ស្តាំ។ អ្នក​ដែល​មាន​គំនិត​និយម​ខាង​​ការពារបរិស្ថាន​តែងតែនាំគ្នា​​ភ្ជាប់ខ្លួន​ទៅនឹង​នយោបាយ​សេដ្ឋកិច្ច និង​សង្គម របស់​គណបក្ស​ឆ្វេងនិយម ឬ​រហូត​ទៅដល់​ឆ្វេង​និយមជ្រុល រហូត​បង្កើត​ឲ្យ​មាន​ជា​ការបែងចែក​នយោបាយ​មួយ​ថា អ្នក​និយម​បរិស្ថាន គឺឆ្វេង ឬ​ឆ្វេងនិយមជ្រុល។ ការបែងចែក​និន្នាការ​នយោបាយ​បែបនេះ​ត្រូវ​បាន​គេ​សង្កេតឃើញ​យ៉ាងច្បាស់ នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំនេះ ដោយ​បេក្ខជន​មកពី​គណបក្ស​ឆ្វេងនិយម និង​ឆ្វេងនិយម​ជ្រុល​បាន​ដាក់​បញ្ហា​បរិស្ថាន​ជា​បញ្ហាស្នូល នៅ​ក្នុង​គោលនយោបាយ​របស់​ខ្លួន ចំណែក​ឯ​បេក្ខជន​មកពី​គណបក្ស​ស្តាំនិយម និង​ស្តាំនិយមជ្រុលវិញ ស្ទើរតែមិនចង់​និយាយ​ដល់។
 

តើនរណាខ្លះ​ជា​បេក្ខជន​ប្រធានាធិបតី​បារាំង?
 
នៅ​ក្នុង​សំណុំរឿង​បរិស្ថាននេះ គេ​សង្កេតឃើញ​មាន​បញ្ហា​មួយ ដែល​មាន​ភាព​ចម្រូងចម្រាស​ជាងគេ គឺ​​បញ្ហា​នុយក្លេអ៊ែរ និយាយ​ឲ្យចំ គឺ​ការ​ប្រើប្រាស់​នុយក្លេអ៊ែរ​ក្នុងការ​ផលិត​ថាមពល​អគ្គិសនី។
 
បេក្ខជន​មកពី​គណបក្ស​ឆ្វេងនិយម (បឺណ័រ អាម៉ុង និង​ហ្សង់លុច មេឡង់ស្ហុង) ចង់​លុបបំបាត់​ទាំងស្រុង​នូវ​ការ​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ ហើយ​ចង់​ធ្វើ​ឲ្យ​បាន នៅ​ក្នុងរយៈពេល​ ៥ឆ្នាំ​ទៀត ដោយ​ជំនួស​មកវិញ​បន្តិចម្តងៗ ដោយ​ថាមពល​កើតឡើងវិញ (ថាមពល​ព្រះអាទិត្យ ខ្យល់ និង​វារីអគ្គិសនី ជាដើម)។ គោលដៅ គឺ​ធ្វើយ៉ាងណា​ផលិតអគ្គិសនី​ដោយ​ថាមពល​កើតឡើងវិញ​សុទ្ធសាធ ត្រឹមឆ្នាំ២០៥០។
 
ផ្ទុយ​ពីនេះ​ទៅវិញ បេក្ខជន​មក​ពី​គណបក្ស​ស្តាំនិយម (ហ្វ្រង់ស័រ ហ្វីយ៉ុង និង​ម៉ារីន ឡឺប៉ែន) មិនត្រឹមតែ​មិនចង់​បញ្ឈប់​ការ​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ​នោះទេ តែ​ថែម​ទាំងចង់​អភិវឌ្ឍ​វិស័យ​នេះ​ឲ្យ​កាន់តែ​ទំនើប​ថែម​ទៀត។ សម្រាប់​បេក្ខជន​ទាំងពីរ​រូប​នេះ ថាមពល​នុយក្លេអ៊ែរ គឺ​ជា​ដំណោះស្រាយ​ដ៏ល្អជាងគេ ក្នុងការ​កាត់បន្ថយ​​ការ​ផលិត​អគ្គិសនី​ដោយ​ថាមពល​ផូស៊ីល និង​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដើម្បី​ទប់ស្កាត់​ការឡើងកម្តៅ​នៃ​ភពផែនដី។ បើ​និយាយ​ពី​ថាមពល​កើតឡើងវិញ​ លោកស្រី​ម៉ារីន ឡឺប៉ែន បាន​បង្ហាញ​នូវ​ជំហរ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ផលិតអគ្គិសនី​ដោយ​ប្រើថាមពល​ខ្យល់ ដោយលោកស្រី​បាន​លើកឡើង​ថា​វាមានតម្លៃ​ថ្លៃ​ផង និង​ជាពិសេស​ទៅទៀត ការសាងសង់​កង្ហារធំៗ​ដើម្បី​ទាញ​យក​ថាមពល​ពី​ខ្យល់​នេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ទេសភាព​របស់​ស្រុកទេស។
 
នៅចន្លោះកណ្តាល រវាង​បេក្ខជន​ស្តាំនិយម និង​ឆ្វេងនិយម គឺ​មាន​លោក​អេម៉ានុយអែល ម៉ាក្រុង ដែល​ជា​អ្នក​នយោបាយ​ជាន់ថ្មី ហើយ​ដែល​ការ​ស្ទាបស្ទង់មតិ​ជាច្រើន​បង្ហាញ​ថា លោក​កំពុងមាន​សំឡេង​នាំមុខគេ។ នៅ​ក្នុង​វិស័យ​នុយក្លេអ៊ែរ​នេះ លោក​អេម៉ានុយអែល ម៉ាក្រុង ដែល​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច ក្នុងរដ្ឋាភិបាល​របស់​លោក​ហ្វ្រង់ស័រ ហូឡង់ បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ស្រដៀង​នឹង​លោក​ហូឡង់​ដែរ គឺ​កាត់បន្ថយ​ការ​ប្រើ​ថាមពល​នុយក្លេអ៊ែរ ក៏ប៉ុន្តែ មិនលុបបំបាត់​ទាំងស្រុង​នោះទេ។
 
សម្រាប់​លោក​អេម៉ានុយអែល ម៉ាក្រុង ការ​​ទប់ស្កាត់ការ​ឡើងកម្តៅផែនដី គឺ​ជា​រឿង​សំខាន់​សម្រាប់​មនុស្សជាតិ ហើយ​ដើម្បី​កាត់បន្ថយ​​ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់​ឲ្យ​បាន​ច្រើន គេ​មិន​អាច​ពឹងផ្អែក​តែ​ទៅលើ​នុយក្លេអ៊ែរតែមួយមុខ ឬ​ក៏ទៅលើ​តែ​ថាមពល​កើតឡើងវិញ​តែមួយមុខ​នោះទេ។ ផ្ទុយទៅវិញ គឺ​ត្រូវ​អភិវឌ្ឍ​ប្រភព​ថាមពល​ទាំងពីរ​ព្រមពេល​ជាមួយគ្នា។
 
បច្ចុប្បន្ន​នេះ ​អគ្គិសនី​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​បារាំង មាន ៧៥% ផលិតចេញ​ពី​ថាមពល​នុយក្លេអ៊ែរ ហើយ​នៅ​ក្នុង​គោលនយោបាយ​ដាក់ចេញ​ដោយ​លោក​អេម៉ានុយអែល ម៉ាក្រុង គឺ​ធ្វើ​យ៉ាងណា កាត់បន្ថយ​ចំណែក​នុយក្លេអ៊ែរ ក្នុងការ​ផលិត​អគ្គិសនី​នេះ ឲ្យ​ចុះ​មកនៅត្រឹម ៥០% នៅ​ត្រឹមឆ្នាំ​២០២៥​ខាងមុខ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ