អានតួអត្ថបទ
បារាំង

​ភេរវកម្ម​នៅ​មហាវិថីស្ហង់ស៍អេលីហ្សេ​ក្រុងប៉ារីស

ទីក្រុង​ប៉ារីស​ត្រូវ​ទទួល​រង​ការ​វាយប្រហារ​ភេរវកម្ម​សាជាថ្មី កាលពីយប់ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ ​ភេរវជន ដែល​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​បាន​ប្រកាស​អះអាង​ថា​ជា​កូនចៅ​របស់​ខ្លួន បាន​បើក​ការ​បាញ់​ប្រហារ នៅលើ​ដងវិថី​ដ៏​ល្បីល្បាញ​​ក្នុងក្រុង​ប៉ារីស គឺ​មហាវិថី​ស្ហង់ស៍អេលីហ្សេ។ ​ការ​បាញ់​ប្រហារ​នេះ​បាន​បណ្តាល​ឲ្យ​ស្លាប់​ប៉ូលិស​ម្នាក់ និង​មនុស្ស ៣នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។ ចំណែក​ឯ​ភេរវជន​វិញ​ក៏​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​ក្នុងពេលនោះដែរ។

ប៉ូលិស​បារាំង​ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅលើ​ដងវិថី​ស្ហង់ស៍អេលីហ្សេ ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ នៅ​យប់ថ្ងៃព្រហស្បតិ៍ ២០ មេសា ២០១៧
ប៉ូលិស​បារាំង​ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅលើ​ដងវិថី​ស្ហង់ស៍អេលីហ្សេ ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ នៅ​យប់ថ្ងៃព្រហស្បតិ៍ ២០ មេសា ២០១៧ REUTERS/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​បាន​កើតឡើង​នៅម៉ោង ៨ និង៥០នាទី (ត្រូវ​នឹងម៉ោង ១និង៥០នាទី​រំលងអធ្រាត​ចូលថ្ងៃ​សុក្រ ម៉ោង​នៅ​កម្ពុជា)។ ប្រភព​ពី​មន្រ្តី​ប៉ូលិស​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ​ថា ខ្មាន់កាំភ្លើង​ប្រដាប់ដោយ​កាំភ្លើងវែងស្វ័យប្រវត្តិ បាន​ធ្វើ​ដំណើរ​តាមរថយន្ត មកឈប់​លើ​​​មហាវិថី​ស្ហង់សេលីហ្សេ រួចហើយ​ចុះពីឡាន ក៏​បាន​បើក​ការ​បាញ់​ប្រហារ​ភ្លាមៗ​ទៅលើ​ប៉ូលិស ដែល​កំពុងឈរជើង​ល្បាត នៅត្រង់​ចំណុច​មុខ​ហាង Mark​ & Spencer ។

ការបាញ់​ប្រហារ​នេះ​បាន​បណ្តាល​ឲ្យ​ប៉ូលិស​ម្នាក់​ត្រូវ​ស្លាប់ និង ២នាក់​ផ្សេងទៀត​រងរបួស ក្នុងនោះ​មាន​ម្នាក់​របួស​ធ្ងន់ធ្ងរ។ អ្នកដំណើរ​ម្នាក់ ដែល​ជា​ពលរដ្ឋ​បរទេស ហើយ​ដែល​កំពុង​ស្ថិត​នៅ​កន្លែង​កើតហេតុ ក៏​ត្រូវ​រងរបួស​ស្រាល​ផងដែរ។ ចំណែក​ឯខ្មាន់កាំភ្លើង​ខ្លួនឯង​ក៏​ត្រូវ​ស្លាប់​ដែរ នៅ​ក្នុង​ការ​បាញ់​តដៃ​គ្នា​ជាមួយ​ប៉ូលិស។
 

ខ្ញុំ​មិនបង្ហាញ​ពី​អត្តសញ្ញាណ​ខ្មាន់កាំភ្លើងទេ ព្រោះ​ការស៊ើបអង្កេតកំពុងដំណើរការ ដើម្បីស្វែងរក​មើលថា​តើ​ខ្មាន់កាំភ្លើង​នេះធ្វើសកម្មភាពតែម្នាក់ឯង ឬក៏មានគូកន ឬអ្នកសមគំនិតផ្សេងទៀត។

01:08

លោក​ហ្វ្រង់ស័រ ម៉ូឡាំង រដ្ឋអាជ្ញាទទួលបន្ទុកប្រឆាំង​ភេរវកម្ម

លោក​ហ្វ្រង់ស័រ ម៉ូឡាំង រដ្ឋអាជ្ញា​​ទទួលបន្ទុក​ខាង​ប្រឆាំង​ភេរវកម្ម​បាន​ឲ្យដឹង​ថា ​ប៉ូលិស​កំណត់​បាន​យ៉ាងច្បាស់លាស់​នូវ​​អត្តសញ្ញាណរបស់​​ខ្មាន់កាំភ្លើង ក៏ប៉ុន្តែ លោក​បាន​បដិសេធ​មិន​បង្ហាញ​ជា​សាធារណៈ​នូវ​​​អត្តសញ្ញាណ​នេះ​ទេ ដោយ​លើកហេតុផល​ថា នៅពេលនេះ ​​ការ​ស៊ើបអង្កេត​កំពុង​ដំណើរការ មានទាំង​ការ​ឆែកឆេរលើ​​ទីតាំង​មួយ​ចំនួន​ផង ដើម្បី​ស្វែងរក​មើល​ថា​តើ​ខ្មាន់កាំភ្លើង​នេះ​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង ឬ​ក៏​មាន​គូកន ឬ​អ្នក​សមគំនិត​ផ្សេងទៀត។

គួរបញ្ជាក់ថា មហាវិថី​ស្ហង់ស៍អេលីហ្សេ ដែល​ត្រូវ​បានគេ​ចាត់ទុក​ថា​ជា​មហាវិថី​ដ៏ស្រស់ស្អាត​បំផុត​មួយ​នៅលើ​ពិភពលោក គឺជាទីតាំង​ដែល​ជាទូទៅ​តែងតែ​​មាន​មនុស្ស​ដើរលេង​អ៊ូរអរ ជាពិសេស គឺ​អ្នកទេសចរ។ សាក្សី​ដែល​ស្ថិត​នៅ​កន្លែង​កើតហេតុ​បាន​រៀបរាប់​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​​ អំពី​ភាពតក់ស្លុត ព្រមទាំង​ចលនា​រត់ពពាក់ពពូន​របស់​ហ្វូងមនុស្ស​នៅពេល​មាន​ហេតុការណ៍​បាញ់​ប្រហារ​កាលពីយប់មិញ។
 

ពេលនោះខ្ញុំកំពុងស្ថិតក្នុងភោជនីយដ្ឋាន ហើយទើបនឹងឲ្យគេគិតលុយ រួចដើរចេញមកក្រៅ ក៏ស្រាប់តែឃើញហ្វូងមនុស្សនាំគ្នារត់ពពាក់ពពូនដោយភាពតក់ស្លុត ហើយខ្ញុំក៏រត់ជាមួយគេជាមួយឯង។

00:47

សាក្សី​ដែល​មាន​វត្តមាន​នៅ​ស្ហង់ស៍អេលីហ្សេ

តែប៉ុន្មានម៉ោង​ក្រោយ​ការ​វាយប្រហារ​នេះ ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​បាន​ប្រកាសចេញ​មុខ​ទទួលខុសត្រូវ ដោយអះអាង​ថា ខ្មាន់កាំភ្លើង​គឺ​ជា​សមាជិក​ក្រុមជីហាត។ ក៏ប៉ុន្តែ រហូតមកទល់​នឹង​ពេលនេះ មន្ទិល​សង្ស័យ​នៅតែ​កើតមានឡើង ដោយ​ឈ្មោះ​ខ្មាន់កាំភ្លើង ដែល​លើកឡើង ក្នុងសេចក្តីថ្លែងការណ៍​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាមហាក់ដូចជា​មិនស្រប​នឹង​អត្តសញ្ញាណ​របស់​ខ្មាន់កាំភ្លើង​ដែល​ត្រូវ​ប៉ូលិស​បាញ់ស្លាប់​នៅ​កន្លែងកើតហេតុ។

លោក​ហ្វ្រង់ស័រ ហូឡង់ ប្រធានាធិបតី​បារាំង​បាន​កោះប្រជុំ​បន្ទាន់​មន្រ្តី​ទទួល​បន្ទុក​សន្តិសុខជាតិ នៅ​ព្រឹកព្រលឹម​ថ្ងៃ​សុក្រ​នេះ ហើយ​នៅក្រោយ​កិច្ចប្រជុំ​នេះ លោក​ប្រធានាធិបតី​បារាំង​បាន​មានប្រសាសន័​ថា សម្រាប់​អាជ្ញាធរ​ ហេតុការណ៍​បាញ់​ប្រហារ​កាលពីយប់មិញ​នេះ គឺ​ជា​ការវាយប្រហារ​ភេរវកម្ម ហើយ​ថា រដ្ឋាភិបាល​កំពុង​ស្ថិត​ក្នុង​​ការ​ប្រុងប្រយ័ត្នខ្ពស់​បំផុត នៅ​ក្នុងការ​រក្សា​សន្តិសុខ​នៅ​ទូទាំង​ប្រទេស នៅ​ក្នុង​ពេល​ដែល​ការ​បោះឆ្នោត​ប្រធានាធិបតី​ជុំទីមួយ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ នៅថ្ងៃ​អាទិត្យ​ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ