អានតួអត្ថបទ
អេបូឡា

អេបូឡា៖ ​បារាំង​ប្រកាស​ចាត់​វិធានការ​ត្រួតពិនិត្យ​សុខភាព​នៅ​ព្រលាន​យន្តហោះ

ប្រឈមមុខ​នឹង​ការ​រីករាលដាល​កាន់តែ​ខ្លាំង នៃ​មេរោគ​អេបូឡា អាជ្ញាធរ​បារាំង​បាន​សម្រេច​ចាប់ផ្តើម​ធ្វើការ​ត្រួតពិនិត្យ​ផ្នែក​សុខភាព​​ទៅលើ​អ្នក​ដំណើរ​តាម​យន្តហោះ ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ហ្គីណេ ដែល​ជា​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​នៅ​អាហ្វ្រិក ដែល​កំពុង​ទទួលរង​ការ​រាតត្បាត​នៃ​មេរោគ​អេបូឡា។ នេះ​បើ​យោងតាម​ការ​ប្រកាស​​របស់​លោកស្រី ម៉ារីសុល តួរ៉ែន (Marisol Touraine) រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បារាំង។

ព្រលានយន្តហោះ​ប៉ារីស​ស្ហាលដឺហ្គោល (រូបថតឯកសារ)
ព្រលានយន្តហោះ​ប៉ារីស​ស្ហាលដឺហ្គោល (រូបថតឯកសារ) © Reuters / Pascal Rossignol
ផ្សាយពាណិជ្ជកម្ម

ការត្រួតពិនិត្យ​ផ្នែក​សុខភាព​លើ​ជើងហោះហើរ​ពី​ប្រទេស​ហ្គីណេ នឹង​ត្រូវ​ចាប់ផ្តើម​ធ្វើ នៅ​ព្រឹកថ្ងៃ​សៅរ៍ ចុងសប្តាហ៍​នេះ នៅ​ឯ​ព្រលាន​យន្តហោះ​ប៉ារីសស្ហាលដឺហ្គោល (Charles De Gaulle)។

យោងតាម​ការ​ឲ្យដឹង​របស់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​បារាំង ក្រុម​គ្រូពេទ្យ​ជំនាញ​នឹង​ធ្វើការ​វាស់​សីតុណ្ហភាព​របស់​គ្រប់​អ្នក​ដំណើរ​ទាំងអស់ ដែល​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ពី​ប្រទេស​ហ្គីណេ ហើយ​ការ​ត្រួតពិនិត្យ​នេះ​នឹង​ត្រូវ​ធ្វើឡើង​ភ្លាមៗ​ក្រោយ​ពី​អ្នក​ដំណើរ​ចេញ​ពី​យន្តហោះ ហើយ​មិនទាន់​ចូល​ទៅ​ដល់​ក្នុង​អគារ​អ្នក​ដំណើរ។

លោក​ស្រី​ម៉ារីសុល តួរ៉ែន ក៏​បាន​ឲ្យដឹង​ផងដែរ​ថា បារាំង​នឹង​បញ្ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ​ឲ្យ​ទៅ​ជួយ​អាជ្ញាធរ​ហ្គីណេ ដើម្បី​ត្រួតពិនិត្យ​សុខភាព​លើ​អ្នក​ដំណើរ​នៅ​ព្រលាន​យន្តហោះ​ មុននឹង​ពួកគេ​ឡើង​លើ​យន្តហោះ។

ការដាក់ចេញ​នូវ​វិធានការ​ត្រួតពិនិត្យ​​អ្នក​ដំណើរ​តាម​យន្តហោះ​នេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្រោយ​ពី​គេ​ឃើញ​ករណី​ឆ្លង​មេរោគ​អេបូឡា​បាន​កើតមាន​ឡើង​ជា​បន្តបន្ទាប់ នៅ​ក្រៅ​តំបន់​អាហ្វ្រិក គឺ​មួយករណី នៅ​អេស្ប៉ាញ និង​ពីរករណី​នៅ​សហរដ្ឋ​អាមេរិក។

កាល​ពីល្ងាច​ថ្ងៃ​ពុធ ក្រោយ​ពី​មាន​ករណីឆ្លង​មេរោគ​អេបូឡា​ទីពីរ​នៅ​អាមេរិក កិច្ចប្រជុំ​តាម​ Vidéoconférence ត្រូវ​បាន​រៀបចំ​ធ្វើឡើង​រវាងប្រមុខដឹកនាំ​កំពូល​របស់​សហរដ្ឋ​អាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ និង​អ៊ីតាលី ហើយ​​បើ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ក្រោយ​កិច្ចប្រជុំ លោក​អូបាម៉ា លោក​ហ្វ្រង់ស័រ ហូឡង់ លោក​ដាវីដ កាមេរ៉ន លោកស្រី​អង់ហ្គេឡា មែរកិល និង​លោក​ម៉ាតេអូ រេនហ្ស៊ី សុទ្ធតែ​បាន​យល់ឃើញ​ដូចគ្នា​​ថា ការរាតត្បាត​នៃ​មេរោគ​អេបូឡា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ជា​វិបត្តិ​ផ្នែក​សុខាភិបាល​សាធារណៈ​ដ៏ធំបំផុត​ដែល​ពិភពលោក​មិន​ធ្លាប់​ជួប​ប្រទះ នៅក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​ថា សហគមន៍​អន្តរជាតិ​ត្រូវ​តែ​ចាត់វិធានការ​ឲ្យ​បាន​ឆាប់​បំផុត ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​មេរោគ​នេះ។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​នៃ​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​ក៏​គ្រោង​នឹង​បើក​កិច្ចប្រជុំ​មួយ​ដែរ នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល ដើម្បី​ជជែក​អំពី​វិធានការ​ដែល​ត្រូវ​ដាក់ចេញ​រួមគ្នា ជាពិសេស គឺ​ការ​ត្រួតពិនិត្យ​នៅ​តាម​ព្រលាន​យន្តហោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ