ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/09 12h00 GMT
អឺរ៉ុប

សភាបារាំង​អនុម័ត​ច្បាប់ថ្មី​ប្រឆាំង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត

media រដ្ឋសភាបារាំង Thomas SAMSON / AFP

ថ្ងៃពុធ​ ទី៤​កក្កដានេះ សភា​បារាំង ​បាន​សម្រេច​អនុម័ត​ច្បាប់​ថ្មី ស្តីពីការ​ប្រឆាំង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ឬហៅថា​​ Fake news។ ច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ គឺ​មាន​គោល​ដៅ​រាំង​ខ្ទប់​ដល់​ការផ្សព្វ​​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ ដែល​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​។

 

​តាម​សេចក្តី​ស្នើ​ច្បាប់ថ្មី​នេះ គឺ​នៅ​ក្នុង​រដូវ​ការ​បោះឆ្នោត​ អាជ្ញាធរ​រដ្ឋ​អំណាចបារាំង មាន​លទ្ធភាព​កំណត់អំពីនីតិវិធីពិសេស ដោយ​ប្រើពេលយ៉ាងយូរបំផុត៤៨ម៉ោង ដើម្បីបិទខ្ទប់ ឬដកចេញព័ត៌មានដែលត្រូវចាត់ទុកថាជាព័ត៌មានមិនពិត។

ច្បាប់​ថ្មី​នេះ ក៏​ចែង​ពី​កាតព្វ​កិច្ច​របស់​ឧត្តមក្រុមប្រឹក្សាសោតទស្សន៍ ហៅកាត់ថា CSA (Conseil supérieur de l'audiovisuel)។ ស្ថាប័នេះ​​ត្រូវ​​សហការ​ជាមួយក្រុមហ៊ុនអ៊ិនធឺនែត​ ដូច​ជា​​ Facebook, Google, Twitter ជា​ដើម​ ដើម្បី​ផ្សព្វផ្សាយ​ដល់​មហាជន​ចំពោះ​​អត្ថបទ​ណា​ដែល​មាន​ខ្លឹម​សារ​មិន​ពិត។​ ច្បាប់​ថ្មី​នេះ អាច​នឹង​ត្រូវ​អនុវត្ត​ដំបូង នៅឆ្នាំ​២០១៩ គឺ​​សម្រាប់​រដូ​វ​កាលបោះឆ្នោត​ជ្រើសរើស​អ្នក​តំណាង​រាស្ត្រ​បារាំង ដើម្បី​ទៅ​ធ្វើអ្នក​​តំណាងនៅ​​សភានៃ​សហភាព​​អឺរ៉ុប​។​

ជា​ក់​ស្តែងទៅ​ ច្បាប់​ប្រឆាំង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត គឺ​ត្រូវ​សភា​បារាំង​យក​ទៅ​ជជែក​ពិភាក្សា​គ្នា​តាំងតែ​ពី​ដើម​ខែមិថុនា​​មក​ម្ល៉េះ។ ប៉ុន្តែ អ្នក​តំណាង​រាស្ត្រ​បារាំង ​យល់​ឃើញ​ខុសៗ​គ្នាចំពោះ​ច្បាប់​នេះ។​ អ្នក​ខ្លះ​គិត​ថា មិន​បាច់​ធ្វើ​ច្បាប់​ពិសេស​ថ្មី​អ្វី​ទេ ដ្បិតថា ​ការ​ប្រឆាំង​នឹង​ព័ត៌មាន​មិន​ពិត គឺ​មាន​ចែង​ក្នុង​ច្បាប់​ពាក់​ព័ន្ធ​ដទៃ​​រួច​ហើយ។ សមាជិក​រដ្ឋ​សភាព​ខ្លះ​ទៀត ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ ខ្លាច​ក្រែង​ថា ច្បាប់​នេះ វា​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​​នៃ​ការ​បញ្ចេញ​មតិ និង​រឹត​ត្បិត​​សិទ្ធិ​សេរីភា​ព​​នៃការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ស្ថាប័នកាសែត​នានា​​។

នៅ​ក្នុង​ការ​ជជែក​ពិភាក្សា​ខែ​មិថុនានោះ​​ សភា​បារាំងប៊ិះតែនឹង​ត្រូវ​អនុម័ត​ទៅ​ហើយ តែ​​នៅ​មាន​និយម​ន័យ​ពាក្យ​មួយ​ចំនួន​ដែល​មិន​ទាន់​ច្បាស់​លាស់។ ទើបតែ​ថ្ងៃ​អង្គារ៍​កន្លងទៅនេះ​ សភា​បារាំង បាន​ឲ្យ​និយមន័យ​ពាក្យមួយ​ចំនួន​ឲ្យ​កាន់​តែ​ជា​ច្បាស់​ ដូច​ជា​និយម​ន័យ​នៃ​ពាក្យ​ ព័ត៌មាន​មិន​ពិត គឺជា​ព័ត៌មាន​ក្លែង​ក្លាយទាំង​ឡាយ​ណា​ ​ដែល​មាន​ចេតនា​អាក្រក់​ទុច្ចរិត​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ