អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង-តួកគី ៖ ជំនួប​ពិភាក្សាគ្នា​ ត្រូវឈរលើភាពជាក់ស្តែង និង​​ប្រាដកនិយម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​សុក្រ​ ទី៥មករា ប្រធានាធិបតីបារាំង​ Emmanuel Macron នឹង​ទទួល​ជួប​ប្រមុខ​រដ្ឋ​តួកគី Recep Teyyip Erdogan នៅ​ទីក្រុង​ប៉ារីស។ ខុស​ពី​អាល្លឺម៉ង, បារាំង គឺជា​ប្រទេសទី១ នៅ​ក្នុង​សហភាព​អឺរ៉ុប ដែល​បាន​បោះដៃ និង​បើ​ក​ចំហ​ចិត្តចំពោះ​តួកគី។ តួកគីជា​​ប្រទេស​​រំលោភ​សិទ្ធិមនុស្ស ដែលខុស​ពី​គោល​ការ​ណ៍​សហភាព​អឺរ៉ុប​។ ដូច្នេះ​តើ​ហេតុអ្វី​បាន​ជាបារាំង​ត្រូវ​ការ​តួក​គី​?

Macron et Erdogan
Macron et Erdogan © LEFEVRE-POOLSIPA
ផ្សាយពាណិជ្ជកម្ម

តួកគី រំលោភសិទ្ធិមនុស្ស ហេតុអ្វី ​បារាំង ​សុខចិត្ត​ទទួល​ជួប?

នៅក្នុង​​ក្រសែ​ភ្នែកប្រទេស​ប្រជាធិបតេយ្យ​ធំៗនៅ​បច្ចិមលោក ប្រធានាធិបតី​តួកគី Erdogan គឺកាន់អំណាច​ផ្តាច់​ការ ក្រាញ​អំណាច​ និង​រំលោភ​សិទ្ធិមនុស្ស​។ គេ​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង​ច្បាស់​មកហើយថា​ រដ្ឋាភិបាល​តួកទីក្រោម​ការ​ដឹកនាំ​របស់​លោក Erdogan បាន​ចាប់​ចង​មនុស្ស​រាប់​សិប​ពាន់​នាក់ តាំង​ពី​ក្រោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច ​កាលពីពាក់​កណ្តាល​​ឆ្នាំ​២០១៦មក​។ ពោល​គឺមាន​មន្ត្រី​រដ្ឋការ ជា១ម៉ឺន​៤ពាន់​នាក់ ត្រូវ​បញ្ឈប់​និង​បណ្តេញ​ចេញពីមុខ​តំណែង ហើយ​មនុស្ស​ជាង៥ម៉ឺន​៥ពាន់​នាក់ ត្រូវ​ចាប់​ខ្លួន​ដាក់​គុក។ ក្នុង​នោះ ​មាន​សាស្ត្រាចារ្យ និស្សិត អ្នក​កាសែត និង​អ្នក​ការពារសិទ្ធិមនុស្ស​ផង។​ ការ​ចាប់​ខ្លួន​តាម​ការ​ចោទ​ប្រកាន់​របស់​រដ្ឋអំណាច​តួកគីដូច្នេះ​ ជា​រឿង​មិន​អាច​ទទួល​យក​បាន​ឡើយ​សម្រាប់​ប្រទេស​ប្រជាធិបតេយ្យ​នៅ​បច្ចិ​មលោក ពិសេស​នៅ​សហគមន៍​អឺរ៉ុប។

ប្រទេស​អាល្លឺម៉ង ដែល​ជា​ក្បាលម៉ាស៊ីន​សហភាព​អឺរ៉ុប​ បានសម្រេច​កាត់​ជំនួយ​ពីតួកទី ហើយឈប់​ចរចា​រឿង​បេក្ខភាព​តួកគី​ចូល​សហភាព​អឺរ៉ុបថែមទៀត​។ ​លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ ធ្លាប់​ទាំង​បាន​​បញ្ជាក់ថា “ច្បាស់​ណាស់​ដែល​ថា តួកគី​មិន​ត្រូវ​កា្លយជា​សមាជិក​សហភាព​អឺរ៉ុបទេ"។ តួកទី​និង​អាល្លឺម៉ង រឹង​រឹតតែមើល​មុខ​គ្នា​មិនថែមទៀត នៅពេល​ដែល​រដ្ឋាភិបា​លតួកគី បាន​ចាប់ខ្លួនជន​ជាតិ​អាល្លឺម៉ង់​ដាក់​គុក។​

​ក៏ប៉ុន្តែ ចំពោះ​បារាំងវិញ គឺ​មា​នទស្សនៈ​វិស័យ​ផ្ទុះ​ពី​អាល្លឺម៉ង ក្នុង​ករណី​រឿង​តួកគី។ ប្រធានាធិបតី​វ័យ​ក្មេង​របស់​បារាំង យល់ថា គេ​ត្រូវ​អនុវត្ត​នយោបាយ​អន្តរជាតិ​ ដោយ​ឈរទៅ​​លើ​ភាព​ពិត​ជាក់​​ស្តែង ហើយ​ត្រូវ​មាន​ភាព​ប្រាកដនិយម​។ ដូច្នេះហើយ​ ទើប​ប្រធានាធិបតីបារាំង​ Emmanuel Macron ​ទទួល​ជួប​ប្រធានាធិបតី​តួកទី នៅវិមាន​អេលីហ្សេ​។ នេះ​គឺជា​លើកទី១ហើយ​ ចាប់តាំងពី​ប្រមុខ​រដ្ឋ​បារាំងបាន​​ជាប់​ឆ្នោត​ នៅ​ខែ​ឧសភា​ឆ្នាំ​២០១៧មក​។ ក៏ប៉ុន្តែ ថ្នាក់​ដឹកនាំ​ទាំងពីរ​ ​បាន​ជួប​គ្នា​ជជែក​ជាច្រើន​ដង​មកហើយ នៅក្នុងជំនួប​អន្តរជាតិ​ធំៗ និងតាម​រយៈ​ទូរសព្ទ​។

បើ​តាម​គម្រោង ថ្នាក់​ដឹកនាំទាំងពីរ​នេះ នឹង​ជជែក​គ្នា​ពី​សំណុំ​រឿង​ធំៗ ដូចជា រឿង Jérusalem ​ភេរវនិយម និង​ជន​អន្តោប្រវេសន៍។ ចំពោះការ​​ទទួល​ស្គាល់​ក្រុង Jérusalem ជារដ្ឋធានី​របស់​អ៊ីស្រាអែល ពី​សំណាក់​ប្រធានាធិបតី​អាមេរិក គឺ​តួកទីមិន​ឯកភាព​ និង​​បាន​បោះមេ​​កោះ​ប្រជុំ​ប្រទេស​ក្នុង​សម្ព័ន្ធ​អារ៉ាប់ ព្រមទាំង​​បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​ថ្កោល​ទោស​អាមេរិក​រួច​មកហើយ។ ជំហរនេះ គឺត្រូវ​ចិត្ត​បារាំង ដែល​មិនទទួល​ស្គាល់​ការ​សម្រេច​ជាឯកច្ឆនរបស់​លោក ដូណាល់ ត្រាំ នោះដែរ​​។​

មិនតែប៉ុណ្ណោះ បារាំង​ ត្រូវ​ការ​តួកទី ដើម្បី​ជួយ​ខ្ទប់​លំហូរ​អន្តោប្រវេសន៍ កុំ​ឲ្យ​ហូរ​ចូល​សហភាព​អឺរ៉ុប​ ដូច​ទឹក​បាក់​ទំនប់​ខ្លាំង​ពេក។ ម្យ៉ាងទៀត​ បារាំង ក៏​ត្រូវការ​​តួកទី ក្នុង​ប្រតិបត្តិការ​​ប្រយុទ្ធប្រឆាំង​នឹង​ភេរវ​និយមនៅ​ក្នុង​តំបន់​​ផង​ដែរ។

តួកគី​ត្រូវការ​បារាំង​ ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច និង​ចរចាពីបេក្ខភាព​ចូល​សហភាព​អឺរ៉ុប

ចំពោះ​ភាគីតួកគីវិញ ប្រធានាធិបតី​តួកគី Erdogan បាន​និយាយ​ស្រេច​ហើយថា លោក​មក​អឺរ៉ុប​លើកនេះ គឺ«​ចង់​កាត់​បន្ថយ​សត្រូវ និង​​ចង​មិត្តភាព​​ឲ្យ​បាន​ច្រើន»។ ពោលគឺលោកចង់មាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហភាព​អឺរ៉ុប និងមាន​​ទំនាក់​ទំនងកាន់តែ​ប្រសើរ​​ជាមួយរដ្ឋសមាជិក​​ក្នុង​សហភាព​អឺរ៉ុប។

ដើម្បី​សម្រេច​គោល​ដៅនេះ លោក Erdogan សម្លឹង​ឃើញ​បារាំង ដែល​ជាក្បាលម៉ាស៊ីន​សំខាន់​មួយ​របស់​សហភាព​អឺរ៉ុប។ ដ្បិត​ថា លោក Erdogan មើល​មុខ​ អាល្លឺម៉ង់ របស់​លោកស្រី Merkel មិន​ត្រង់​នៅ​​ឡើយ​ទេ។ តាមរយៈ​បារាំង, តួកទី ក៏​ចង់​ស្នើសុំ​បារាំង ឲ្យ​ជួយ​សើ​រើ​រឿង​កិច្ច​ការ​ចរចា​ដាក់​បញ្ជូន​បេក្ខភាព​របស់​ខ្លួន​ ទៅក្នុង​សហភាព​អឺរ៉ុប​។

តួកទី រឹងរឹត​ត្រូវ​ការបារាំង​និង​សហភាព​អឺរ៉ុប​ ព្រោះថា ជញ្ជីង​ពាណិជ្ជកម្មរបស់​​តួកទី ប្រហែល​ជិត​៥០ភាគរយ ពឹងពាក់​លើ​សហភាព​អឺរ៉ុប ហើយ​ការ​វិនិយោគទុន​របស់​តួកគីនៅ​ប្រទេស ប្រហែល​៩០ភាគរយ គឺ​នៅក្នុង​ទឹក​ដី​​សហភាពអឺរ៉ុប។

បើ​គេ​និយាយ​ពី​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន​រវាង​​បារាំង​និង​តួកគី​វិញ រដ្ឋទាំងពីរ​ក៏​មាន​​​ផល​ប្រយោជន៍សេដ្ឋ​កិច្ច​​ផ្ទាល់​​ខ្លួន​​ផង​ដែរ។ សម្រាប់​តួកតី បារាំង​គឺជា​ដៃ​គូសេដ្ឋកិច្ច​និង​​ពាណិជ្ជ​កម្ម​ទី១ ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រហែល​ជាង ១ម៉ឺន​៣ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៦។ ចំណែ​ក​ បារាំងវិញ ក៏​រពឹង​នឹងលក់ មីស៊ីលឲ្យ​តួក​គី ដែរ។​ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ តួកទី​បា​នចុះ​កិច្ច​ព្រមព្រៀង​ទទួល​ទិញមីស៊ីល ពី​ក្រុមហ៊ុន​បារាំង​និង​អ៊ីតាលី។​

បើទោះ​បី​ជា​យ៉ាងណា​ក៏ដោយចុះ​​ ​ជំនួប​ថ្ងៃ​សុក្រ​ ទី​៥មករា​នេះ ក្នុង​នាមជា​ប្រទេស​ប្រជាធិបេតយ្យនិង​គោរព​សិទ្ធិមនុស្ស,​ ប្រធានាធិបតីបារាំង​ ច្បាស់​ជា​មិន​អាច​ធិប​ចោល សំណុំ​រឿង​សិទ្ធិមនុស្ស​នៅ​តួកគី មិន​លើកយកទៅ​និយាយ​សោះនោះទេ។ តែ​ទំនង​ជាលោក Emmanuel Macron អាច​នឹង​ត្រូវ​និយាយ​ដោយ​ប្រុង​ប្រយ័ត្នបំផុត​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ