បារាំង-តួកគី ៖ ជំនួបពិភាក្សាគ្នា ត្រូវឈរលើភាពជាក់ស្តែង និងប្រាដកនិយម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣០
ថ្ងៃសុក្រ ទី៥មករា ប្រធានាធិបតីបារាំង Emmanuel Macron នឹងទទួលជួបប្រមុខរដ្ឋតួកគី Recep Teyyip Erdogan នៅទីក្រុងប៉ារីស។ ខុសពីអាល្លឺម៉ង, បារាំង គឺជាប្រទេសទី១ នៅក្នុងសហភាពអឺរ៉ុប ដែលបានបោះដៃ និងបើកចំហចិត្តចំពោះតួកគី។ តួកគីជាប្រទេសរំលោភសិទ្ធិមនុស្ស ដែលខុសពីគោលការណ៍សហភាពអឺរ៉ុប។ ដូច្នេះតើហេតុអ្វីបានជាបារាំងត្រូវការតួកគី?
តួកគី រំលោភសិទ្ធិមនុស្ស ហេតុអ្វី បារាំង សុខចិត្តទទួលជួប?
នៅក្នុងក្រសែភ្នែកប្រទេសប្រជាធិបតេយ្យធំៗនៅបច្ចិមលោក ប្រធានាធិបតីតួកគី Erdogan គឺកាន់អំណាចផ្តាច់ការ ក្រាញអំណាច និងរំលោភសិទ្ធិមនុស្ស។ គេបានឃើញយ៉ាងជាក់ស្តែងច្បាស់មកហើយថា រដ្ឋាភិបាលតួកទីក្រោមការដឹកនាំរបស់លោក Erdogan បានចាប់ចងមនុស្សរាប់សិបពាន់នាក់ តាំងពីក្រោយរដ្ឋប្រហារមិនបានសម្រេច កាលពីពាក់កណ្តាលឆ្នាំ២០១៦មក។ ពោលគឺមានមន្ត្រីរដ្ឋការ ជា១ម៉ឺន៤ពាន់នាក់ ត្រូវបញ្ឈប់និងបណ្តេញចេញពីមុខតំណែង ហើយមនុស្សជាង៥ម៉ឺន៥ពាន់នាក់ ត្រូវចាប់ខ្លួនដាក់គុក។ ក្នុងនោះ មានសាស្ត្រាចារ្យ និស្សិត អ្នកកាសែត និងអ្នកការពារសិទ្ធិមនុស្សផង។ ការចាប់ខ្លួនតាមការចោទប្រកាន់របស់រដ្ឋអំណាចតួកគីដូច្នេះ ជារឿងមិនអាចទទួលយកបានឡើយសម្រាប់ប្រទេសប្រជាធិបតេយ្យនៅបច្ចិមលោក ពិសេសនៅសហគមន៍អឺរ៉ុប។
ប្រទេសអាល្លឺម៉ង ដែលជាក្បាលម៉ាស៊ីនសហភាពអឺរ៉ុប បានសម្រេចកាត់ជំនួយពីតួកទី ហើយឈប់ចរចារឿងបេក្ខភាពតួកគីចូលសហភាពអឺរ៉ុបថែមទៀត។ លោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ ធ្លាប់ទាំងបានបញ្ជាក់ថា “ច្បាស់ណាស់ដែលថា តួកគីមិនត្រូវកា្លយជាសមាជិកសហភាពអឺរ៉ុបទេ"។ តួកទីនិងអាល្លឺម៉ង រឹងរឹតតែមើលមុខគ្នាមិនថែមទៀត នៅពេលដែលរដ្ឋាភិបាលតួកគី បានចាប់ខ្លួនជនជាតិអាល្លឺម៉ង់ដាក់គុក។
ក៏ប៉ុន្តែ ចំពោះបារាំងវិញ គឺមានទស្សនៈវិស័យផ្ទុះពីអាល្លឺម៉ង ក្នុងករណីរឿងតួកគី។ ប្រធានាធិបតីវ័យក្មេងរបស់បារាំង យល់ថា គេត្រូវអនុវត្តនយោបាយអន្តរជាតិ ដោយឈរទៅលើភាពពិតជាក់ស្តែង ហើយត្រូវមានភាពប្រាកដនិយម។ ដូច្នេះហើយ ទើបប្រធានាធិបតីបារាំង Emmanuel Macron ទទួលជួបប្រធានាធិបតីតួកទី នៅវិមានអេលីហ្សេ។ នេះគឺជាលើកទី១ហើយ ចាប់តាំងពីប្រមុខរដ្ឋបារាំងបានជាប់ឆ្នោត នៅខែឧសភាឆ្នាំ២០១៧មក។ ក៏ប៉ុន្តែ ថ្នាក់ដឹកនាំទាំងពីរ បានជួបគ្នាជជែកជាច្រើនដងមកហើយ នៅក្នុងជំនួបអន្តរជាតិធំៗ និងតាមរយៈទូរសព្ទ។
បើតាមគម្រោង ថ្នាក់ដឹកនាំទាំងពីរនេះ នឹងជជែកគ្នាពីសំណុំរឿងធំៗ ដូចជា រឿង Jérusalem ភេរវនិយម និងជនអន្តោប្រវេសន៍។ ចំពោះការទទួលស្គាល់ក្រុង Jérusalem ជារដ្ឋធានីរបស់អ៊ីស្រាអែល ពីសំណាក់ប្រធានាធិបតីអាមេរិក គឺតួកទីមិនឯកភាព និងបានបោះមេកោះប្រជុំប្រទេសក្នុងសម្ព័ន្ធអារ៉ាប់ ព្រមទាំងបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអាមេរិករួចមកហើយ។ ជំហរនេះ គឺត្រូវចិត្តបារាំង ដែលមិនទទួលស្គាល់ការសម្រេចជាឯកច្ឆនរបស់លោក ដូណាល់ ត្រាំ នោះដែរ។
មិនតែប៉ុណ្ណោះ បារាំង ត្រូវការតួកទី ដើម្បីជួយខ្ទប់លំហូរអន្តោប្រវេសន៍ កុំឲ្យហូរចូលសហភាពអឺរ៉ុប ដូចទឹកបាក់ទំនប់ខ្លាំងពេក។ ម្យ៉ាងទៀត បារាំង ក៏ត្រូវការតួកទី ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភេរវនិយមនៅក្នុងតំបន់ផងដែរ។
តួកគីត្រូវការបារាំង ដើម្បីប្រយោជន៍សេដ្ឋកិច្ច និងចរចាពីបេក្ខភាពចូលសហភាពអឺរ៉ុប
ចំពោះភាគីតួកគីវិញ ប្រធានាធិបតីតួកគី Erdogan បាននិយាយស្រេចហើយថា លោកមកអឺរ៉ុបលើកនេះ គឺ«ចង់កាត់បន្ថយសត្រូវ និងចងមិត្តភាពឲ្យបានច្រើន»។ ពោលគឺលោកចង់មានទំនាក់ទំនងល្អជាមួយសហភាពអឺរ៉ុប និងមានទំនាក់ទំនងកាន់តែប្រសើរជាមួយរដ្ឋសមាជិកក្នុងសហភាពអឺរ៉ុប។
ដើម្បីសម្រេចគោលដៅនេះ លោក Erdogan សម្លឹងឃើញបារាំង ដែលជាក្បាលម៉ាស៊ីនសំខាន់មួយរបស់សហភាពអឺរ៉ុប។ ដ្បិតថា លោក Erdogan មើលមុខ អាល្លឺម៉ង់ របស់លោកស្រី Merkel មិនត្រង់នៅឡើយទេ។ តាមរយៈបារាំង, តួកទី ក៏ចង់ស្នើសុំបារាំង ឲ្យជួយសើរើរឿងកិច្ចការចរចាដាក់បញ្ជូនបេក្ខភាពរបស់ខ្លួន ទៅក្នុងសហភាពអឺរ៉ុប។
តួកទី រឹងរឹតត្រូវការបារាំងនិងសហភាពអឺរ៉ុប ព្រោះថា ជញ្ជីងពាណិជ្ជកម្មរបស់តួកទី ប្រហែលជិត៥០ភាគរយ ពឹងពាក់លើសហភាពអឺរ៉ុប ហើយការវិនិយោគទុនរបស់តួកគីនៅប្រទេស ប្រហែល៩០ភាគរយ គឺនៅក្នុងទឹកដីសហភាពអឺរ៉ុប។
បើគេនិយាយពីទំនាក់ទំនងផ្ទាល់ខ្លួនរវាងបារាំងនិងតួកគីវិញ រដ្ឋទាំងពីរក៏មានផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួនផងដែរ។ សម្រាប់តួកតី បារាំងគឺជាដៃគូសេដ្ឋកិច្ចនិងពាណិជ្ជកម្មទី១ ដែលមានទំហំទឹកប្រាក់ប្រហែលជាង ១ម៉ឺន៣ពាន់លានដុល្លារ នៅឆ្នាំ២០១៦។ ចំណែក បារាំងវិញ ក៏រពឹងនឹងលក់ មីស៊ីលឲ្យតួកគី ដែរ។ កាលពីខែវិច្ឆិកាឆ្នាំ២០១៧ តួកទីបានចុះកិច្ចព្រមព្រៀងទទួលទិញមីស៊ីល ពីក្រុមហ៊ុនបារាំងនិងអ៊ីតាលី។
បើទោះបីជាយ៉ាងណាក៏ដោយចុះ ជំនួបថ្ងៃសុក្រ ទី៥មករានេះ ក្នុងនាមជាប្រទេសប្រជាធិបេតយ្យនិងគោរពសិទ្ធិមនុស្ស, ប្រធានាធិបតីបារាំង ច្បាស់ជាមិនអាចធិបចោល សំណុំរឿងសិទ្ធិមនុស្សនៅតួកគី មិនលើកយកទៅនិយាយសោះនោះទេ។ តែទំនងជាលោក Emmanuel Macron អាចនឹងត្រូវនិយាយដោយប្រុងប្រយ័ត្នបំផុត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ