ទិដ្ឋភាពបារាំងឈ្នះបែលហ្ស៊ិក ធ្វើឲ្យគេនឹកដល់កាលដែលបារាំងឈ្នះ World Cup ឆ្នាំ១៩៩៨ ពី២០ឆ្នាំមុន
ការប្រកួតWorld Cup នៅរុស្ស៊ី ថ្ងៃទី១០កក្កដានេះ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិបារាំង បានផ្តួលក្រុមប៊ែលហ្សិក មួយទល់នឹងសូន្យ។ ជាលទ្ធផលដ៏រំភើបសម្រាប់ប្រជាជាតិបារាំង ដែលអនុញ្ញាតឲ្យបារាំងឈានទៅកាន់វគ្គជម្រុះផ្តាច់ព្រ័ត្រ World Cup ពិភពលោក ២០១៨។ បន្ទាប់ពីបារាំងឈ្នះ World Cup ឆ្នាំ១៩៩៨មក នេះជាលើកទី៣ហើយ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ដែលបារាំងបានឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ពលរដ្ឋបារាំងចុះផ្លូវអបអរសាទរយ៉ាងគគ្រឹកគគ្រេង គឺទិដ្ឋភាពសប្រៀបបាន ដូចពីពេលដែលបារាំងបានឈ្នះ World Cup ឆ្នាំ១៩៩៨ កាលពី២០ឆ្នាំមុនដូច្នោះដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣៩
«On est en final យើងឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ!» នេះគឺជាសំឡេងហោកញ្ជ្រាវ ដែលបានលាន់ឮកងរំពង នៅកណ្តាលរដ្ឋធានីប៉ារីស៍ ក៏ដូចជានៅទូទាំងប្រទេសបារាំងដែរ។ នៅជិត Tour Eiffel និង Champs Elysées មនុស្សរាប់ម៉ឺននាក់ នាំគ្នាចុះផ្លូវ ស្រែកអបអរក្រុមជម្រើសជាតិបារាំង។ អ្នកខ្លះគ្រវីទង់ជាតិ អ្នកខ្លះរាំនិងស្រែកច្រៀងដោយក្តីមោទនភាព បន្ទាប់ពីដឹងថា បារាំងប្រយុទ្ធយកឈ្នះក្រុមកីឡាករប៊ែលហ្ស៊ិកនៅទីបំផុត។
នៅថ្ងៃទី១០កក្កដា អាជ្ញាធរបារាំង បានបំពាក់អេក្រង់ទូរទស្សន៍ចាក់បញ្ចាំងការផ្សាយផ្ទាល់កីឡាបាល់ទាត់ជាច្រើនកន្លែងក្នុងទីធ្លាសាធារណាៈ ដូចនៅសាលាក្រុងជាដើម ដែលមានហ្វូងមនុស្សយ៉ាងណែនណាន់តាន់តាប់។ ចំណែករង្គសាល និងភោជនីយដ្ឋាននានា គឺផ្ទុកមនុស្សពេញៗ ស្ទើរតែរកកន្លែងអង្គុយ គ្មាន។
នៅពេលនេះ ពលរដ្ឋបារាំងភាគច្រើន គឺកំពុងតែដាក់សង្ឃឹមយ៉ាងមុតមាំចំពោះក្រុមជម្រើសជាតិបារាំង ដែលថានឹងអាចយកឈ្នះបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅប៉ុន្មានថ្ងៃដ៏ខ្លីខាងមុខនេះ។ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី១៥កក្កដា តើបារាំងត្រូវបះជាមួយអង់គ្លេស ឬក្រូអាស៊ី? គឺត្រូវសម្រេចតាមរយៈលទ្ធផលប្រកួតរបស់ប្រទេសទាំងពីរនៅយប់នេះ។
ក៏ប៉ុន្តែ បើតាមអ្នកវិភាគបាល់មួយចំនួន គេយល់ថា ទោះបី អង់គ្លេស ឬក្រូអាស៊ី ឈ្នះនៅយប់នេះក៏ដោយ ក៏ទំនងជាស៊ូមិនរួចនឹងបារាំងទេ នៅវគ្គផ្តាច់ព្រ័ត្រ។ ពីព្រោះថា ក្រូអាស៊ី គ្មានដែលមានថ្វីជើង ឈានដល់វគ្គផ្តាច់ព្រ័ត្រម្តងណាឡើយ។ ក្រុមអង់គ្លេសវិញ គឺមានប្រវត្តិឈ្នះ World Cup នៅឆ្នាំ១៩៦៦ តែម្តងគត់ ប៉ុន្តែតាំងពីពេលនោះមក អង់គ្លេសគ្មានដែលមានប្រវត្តិអាចឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ សូម្បីតែម្តង។ ក៏ប៉ុន្តែចំពោះបារាំងវិញ គឺក្រុមជម្រើសជាតិបារាំង ធ្លាប់បានឈ្នះ World Cup ឆ្នាំ១៩៩៨ ហើយឈានដល់វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០០៦ និងនៅឆ្នាំ២០១៨នេះទៀត។
ជារួម ប្រសិនបើបារាំង អាចយកឈ្នះ World Cup ឆ្នាំ២០១៨ នៅលើកនេះ គឺជាមោទនភាពដ៏សម្បើម ព្រោះវាមិនត្រឹមតែជាជ័យជម្នះមួយថ្មីទេ តែក៏ជាការអបអររម្លឹកខួប២០ឆ្នាំ ដែលបារាំងឈ្នះ World Cup កាលពីឆ្នាំ១៩៩៨ផងដែរ។ លើសពីនេះ លោក Didier Deschamps ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង គឺលោកជាអតីតកីឡាករដ៏ល្បី ដែលបានចូលរួមប្រកួតនិងលើកពានរង្វាន់ World Cup កាលពី២០ឆ្នាំនោះតែម្តង។ បើបារាំងឈ្នះនៅថ្ងៃអាទិត្យ លោក Didier Deschamps នឹងក្លាយជាគ្រូបង្វឹកដ៏កម្រ នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ