អានតួអត្ថបទ
បារាំង

ទិដ្ឋភាព​បារាំងឈ្នះ​បែលហ្ស៊ិក​ ​ធ្វើ​ឲ្យ​គេ​នឹក​ដល់​កាល​ដែល​បារាំង​ឈ្នះ​ World Cup ឆ្នាំ​១៩៩៨ ពី​២០ឆ្នាំមុន

ការ​ប្រកួត​World Cup នៅ​រុស្ស៊ី ថ្ងៃទី​១០កក្កដានេះ​ ​ក្រុមកីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​បារាំង បាន​ផ្តួល​ក្រុម​ប៊ែលហ្សិក មួយ​ទល់​នឹង​សូន្យ។ ជា​លទ្ធផល​ដ៏​រំភើប​សម្រាប់​ប្រជាជាតិ​បារាំង ដែល​អនុញ្ញាត​ឲ្យបារាំងឈាន​​ទៅ​កាន់​វគ្គជម្រុះ​​ផ្តាច់​ព្រ័ត្រ​ World Cup ពិភព​លោក​​ ២០១៨។ បន្ទាប់ពី​បារាំង​ឈ្នះ​ World Cup ឆ្នាំ​១៩៩៨មក នេះ​ជា​លើកទី​៣ហើយ ក្នុង​រយៈ​ពេល​២០ឆ្នាំចុងក្រោយ​នេះ​ ដែល​បារាំង​បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។ ពលរដ្ឋ​បារាំង​ចុះ​ផ្លូវ​អបអរសា​ទរ​​​យ៉ាង​គគ្រឹក​គគ្រេ​ង​ គឺ​ទិដ្ឋភាព​សប្រៀប​បាន​ ដូច​ពីពេល​ដែល​បារាំង​បានឈ្នះ World Cup ឆ្នាំ១៩៩៨ កាលពី២០ឆ្នាំមុនដូច្នោះ​ដែរ។ 

ទិដ្ឋភាព​នៅ Champs Elysées
ទិដ្ឋភាព​នៅ Champs Elysées reuters
ផ្សាយពាណិជ្ជកម្ម

«On est en final យើង​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ!»​ នេះ​គឺ​ជា​សំឡេង​ហោ​កញ្ជ្រាវ​ ដែល​បាន​លាន់​ឮកង​រំពង ​នៅ​កណ្តាល​រដ្ឋធានីប៉ារីស៍ ក៏ដូចជា​នៅ​ទូទាំង​ប្រទេស​បារាំងដែរ​​។​ នៅ​ជិត​ Tour Eiffel និង Champs Elysées មនុស្ស​រាប់​ម៉ឺននាក់ ​នាំគ្នា​ចុះ​ផ្លូវ​ ស្រែក​អបអរ​ក្រុ​ម​ជម្រើស​​ជាតិ​បារាំង។ អ្នក​ខ្លះគ្រវី​ទង់ជាតិ​​​ អ្នក​ខ្លះ​រាំនិង​ស្រែក​ច្រៀងដោយ​ក្តី​មោទនភាព បន្ទាប់ពីដឹង​​ថា បារាំង​ប្រយុទ្ធ​យក​​ឈ្នះ​ក្រុម​កីឡាករ​ប៊ែលហ្ស៊ិក​នៅទីបំផុត​។

នៅថ្ងៃទី​១០កក្កដា អាជ្ញាធរ​បារាំង បាន​បំពាក់​​អេក្រង់ទូរទស្សន៍​​ចាក់​បញ្ចាំង​ការ​ផ្សាយ​ផ្ទាល់​កីឡាបាល់ទាត់​ជា​ច្រើន​កន្លែង​ក្នុង​ទីធ្លា​​សាធារណាៈ ដូ​ចនៅ​សាលាក្រុង​​ជា​ដើម ដែល​​មាន​ហ្វូង​មនុស្សយ៉ាង​​ណែន​ណាន់​តាន់​តាប់​។​​ ចំណែក​រង្គសាល​ និង​ភោជនីយដ្ឋាននានា​ គឺ​ផ្ទុក​​មនុស្ស​ពេញៗ ​ស្ទើរតែ​រក​កន្លែង​អង្គុយ​ គ្មាន​។

នៅពេល​នេះ ពលរដ្ឋ​បារាំង​ភាគ​ច្រើន​ គឺ​កំពុង​តែ​ដាក់​សង្ឃឹម​យ៉ាង​មុត​មាំ​​ចំពោះ​ក្រុម​ជម្រើស​ជាតិ​បារាំង ដែល​ថា​នឹង​អាច​យក​ឈ្នះ​បាល់ទាត់​ពិភពលោក​ ឆ្នាំ​២០១៨ ​នៅ​ប៉ុន្មាន​ថ្ងៃ​ដ៏​ខ្លី​ខាងមុខ​នេះ​​​។ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី១៥កក្កដា តើបារាំងត្រូវបះជាមួយអង់គ្លេស ឬក្រូអាស៊ី? គឺត្រូវសម្រេចតាមរយៈលទ្ធផលប្រកួតរបស់ប្រទេសទាំងពីរនៅយប់នេះ។

ក៏​ប៉ុន្តែ បើតាមអ្នកវិភាគបាល់មួយចំនួន គេយល់ថា ទោះបី អង់គ្លេស ឬក្រូអាស៊ី ឈ្នះនៅយប់នេះក៏ដោយ ក៏ទំនងជាស៊ូមិនរួចនឹងបារាំងទេ នៅ​វគ្គផ្តាច់​ព្រ័ត្រ។​​ ពី​ព្រោះថា ក្រូអាស៊ី គ្មាន​ដែល​មានថ្វីជើង ឈាន​ដល់​​​វគ្គ​ផ្តាច់​ព្រ័ត្រម្តង​ណាឡើយ​។ ក្រុម​​អង់គ្លេសវិញ គឺ​មាន​ប្រវត្តិ​ឈ្នះ​ World Cup នៅ​ឆ្នាំ១៩៦៦ តែម្តង​គត់ ប៉ុន្តែតាំង​ពី​ពេលនោះ​មក​ អង់គ្លេស​គ្មាន​ដែល​មា​នប្រវត្តិ​អាច​ឡើង​ទៅដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ​ សូម្បីតែម្តង​។ ក៏ប៉ុន្តែ​ចំពោះ​​បារាំងវិញ គឺ​ក្រុម​ជម្រើស​ជាតិ​បារាំង ធ្លាប់​បាន​​ឈ្នះ​ World Cup ឆ្នាំ​១៩៩៨ ហើយ​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ឆ្នាំ​២០០៦ និង​នៅ​ឆ្នាំ​២០១៨​នេះទៀត។

ជារួម ប្រសិន​បើ​បារាំង អាច​យក​​ឈ្នះ​ World Cup ឆ្នាំ​២០១៨​ នៅ​លើកនេះ គឺជា​មោទនភាព​ដ៏​សម្បើម​ ព្រោះ​វា​មិនត្រឹម​តែ​ជា​ជ័យ​ជម្នះ​មួយ​ថ្មីទេ តែ​​ក៏​ជាការ​អបអរ​រម្លឹក​ខួប​២០ឆ្នាំ ដែ​ល​​បារាំង​ឈ្នះ​ World Cup កាល​ពី​ឆ្នាំ​១៩៩៨ផង​ដែរ​។ លើស​ពីនេះ លោក Didier Deschamps ដែល​ជា​គ្រូ​បង្វឹក​ក្រុមជម្រើស​ជាតិ​​បារាំង​ គឺ​លោក​ជា​អតីត​កីឡាករដ៏​ល្បី​ ​ ​ដែល​បាន​ចូ​លរួ​ម​ប្រកួត​និ​ង​លើកពាន​រង្វាន់​ World Cup កាលពី​២០​ឆ្នាំ​នោះតែម្តង។ បើ​បារាំង​ឈ្នះ​នៅ​ថ្ងៃអាទិត្យ លោក Didier Deschamps ​នឹង​ក្លាយ​ជា​គ្រូបង្វឹក​​ដ៏​​កម្រ នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​ពិភព​លោក​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ