អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សករាជ​ខ្មៅងងឹត ​(La ​Terreur) ​នៅ​បារាំង ​ក្រោយ​បដិវត្តន៍​ឆ្នាំ​១៧៨៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​ធ្វើការ​រៀបរាប់​អំពី​សករាជ​ខ្មៅ​ងងឹត នៅ​ក្នុង​ប្រទេស​បារាំង ក្រោយ​​ការ​ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម នៅ​ឆ្នាំ​១៧៨៩។

រូបគំនូរ​បង្ហាញ​ពី​​សមរភូមិ​មួយ ​រវាង​កងទ័ព​សាធារណរដ្ឋបារាំង ទល់​នឹង​ចលនា​បះបោរ​របស់​ប្រជាជន​ ដែល​គេ​ហៅ​ថា​ជា​ចលនា​ប្រឆាំង​បដិវត្តន៍ (ឆ្នាំ​១៧៩៣)
រូបគំនូរ​បង្ហាញ​ពី​​សមរភូមិ​មួយ ​រវាង​កងទ័ព​សាធារណរដ្ឋបារាំង ទល់​នឹង​ចលនា​បះបោរ​របស់​ប្រជាជន​ ដែល​គេ​ហៅ​ថា​ជា​ចលនា​ប្រឆាំង​បដិវត្តន៍ (ឆ្នាំ​១៧៩៣)
ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ​១៧៨៩ ​ចលនាបដិវត្តន៍​ប្រជាជន​​បាន​​ផ្តួលរំលំ​របប​រាជានិយម​ផ្តាច់ការ ហើយ​នាំ​ប្រទេស​បារាំង ទៅ​រក​របបនយោបាយថ្មី​មួយ​ គឺ​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។ ព្រះមហាក្សត្រ​បារាំង គឺ​ព្រះបាទ​ល្វីសទី១៦ បាន​​បង្ខំ​ចិត្ត​ទទួល​យក​របបនយោបាយ​ថ្មី​នេះ ដោយសារ​តែ​មាន​សម្ពាធ​ពី​ចលនា​បដិវត្តន៍​​តែ​ប៉ុណ្ណោះ។ រីឯ​ក្នុង​ចិត្ត​វិញ ព្រះអង្គ​នៅតែ​ចង់​ឲ្យ​បារាំង​​វិលត្រឡប់​ទៅរក​របបរាជានិយម​ផ្តាច់ការ ដូចកាល​​ពីសម័យ​ដើម។

នៅ​យប់​មួយ ក្នុង​ខែ​មិថុនា ឆ្នាំ​១៧៩១ ព្រះបាទ​ល្វីស​ទី១៦ ព្រមទាំង​ក្រុម​គ្រួសារ ក៏​បាន​លួច​រត់​ភៀសព្រះកាយ​ចេញ​ពី​ព្រះបរមរាជវាំង ដើម្បី​ទៅ​ស្វះស្វែង​រក​ជំនួយ​ពី​ស្តេច​អាល្លឺម៉ង់។ ក៏ប៉ុន្តែ នៅតែ​ប្រមាណ​ជា ៣០គីឡូម៉ែត្រ​ពី​ព្រំដែន​អាល្លឺម៉ង់ ព្រះ​អង្គ​ត្រូវ​​​គេ​ចាប់ខ្លួន​បាន រួច​ហើយ​បញ្ជូន​ឲ្យ​ត្រឡប់​មក​កាន់​ទីក្រុង​ប៉ារីស​វិញ។

ចាប់ពីពេលនោះ​មក ប្រជាជន​បារាំង​បាន​បាត់បង់​ទំនុកចិត្ត​លើ​ព្រះមហាក្សត្រ​ទាំងស្រុង ដោយ​ពួកគេ​ចាត់ទុក​ថា ការព្យាយាម​រត់ភៀស​ព្រះកាយ​ទៅ​រក​ជំនួយ​ពី​បរទេស​ គឺ​ជា​ទង្វើ​ក្បត់​ជាតិ។ ចលនាបដិវត្តន៍​ប្រជាជន​ក៏​បាន​ចាប់កក្រើកឡើងវិញ ហើយ​មាន​សន្ទុះ​កាន់តែ​ខ្លាំងក្លា​ជាងមុន ដោយ​ពេលនោះ ពួកគេ​​ទាមទារ​ឲ្យ​រំលាយ​របបរាជានិយម​ចោល​ទាំងស្រុង ដើម្បី​បង្កើត​ជា​របបសាធារណរដ្ឋ​​ជំនួសវិញ។

នៅ​ព្រឹកព្រលឹម​​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ​១៧៩២ ក្រុម​បដិវត្តន៍​​បាន​បើក​ការ​វាយលុក​ចូល​ទៅ​ដល់​ក្នុង​​ព្រះបរមរាជវាំង ក្នុង​ក្រុង​ប៉ារីស (Les Tuileries )។ របបរាជានិយម​ត្រូវ​គេ​លុប​បំបាត់​ចោល​ទាំងស្រុង ហើយ​​របបសាធារណរដ្ឋ​​ក៏​ត្រូវ​បាន​បង្កើតឡើង។ ​ព្រះបាទ​ល្វីសទី១៦ ត្រូវ​បាន​តុលាការ​បដិវត្តន៍​កាត់ទោស​ប្រហារ​ជីវិត ដោយ​កាត់ក្បាល នៅថ្ងៃទី២១ ខែ​មិថុនា ឆ្នាំ​១៧៩៣។ ការប្រហារ​ជីវិត​ព្រះបាទ​ល្វីសទី១៦ ត្រូវ​បាន​ធ្វើ​ឡើង​ជា​សាធារណៈ នៅ​កណ្តាល​ក្រុង​ប៉ារីស (នៅ​ត្រង់​ទីលាន​មួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ទីលាន​បដិវត្តន៍” ហើយ​បច្ចុប្បន្ន ត្រូវ​ប្តូរឈ្មោះ​មក​ជា​ “Place de la Concorde”)។

សូមអាន៖ បដិវត្តន៍​ផ្តួលរំលំ​របបរាជានិយម​នៅ​បារាំង​ឆ្នាំ​១៧៨៩

ការផ្តួលរំលំ​របបរាជានិយម និង​ប្រហារ​ជីវិត​​ស្តេច​នៅបារាំង ​បាន​ធ្វើ​ឲ្យ​ព្រះមហាក្សត្រ​​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​អឺរ៉ុប​ផ្ទុះកំហឹង ហើយ​នាំ​គ្នា​លើកទ័ព​​វាយលុក​​មក​លើ​របប​សាធារណរដ្ឋ​​បារាំង។ ពី​ខាងក្រៅ របបសាធារណរដ្ឋ​​ដែល​ទើប​នឹង​បង្កើត​ថ្មី​​ត្រូវ​ប្រឈមមុខ​នឹង​ការ​ឈ្លានពាន​​ពី​គ្រប់ទិស គឺ​អង់គ្លេស និង​ប៊ែលហ្ស៊ិក ពី​ខាងជើង អាល្លឺម៉ង់ និងអូទ្រីស​ពី​ខាង​កើត ហើយ​អេស្ប៉ាញ ពី​ខាង​ត្បូង។ ចំណែក​នៅ​ខាងក្នុងស្រុកវិញ សង្រ្គាមផ្ទៃក្នុង​​ក៏​បានឆាបឆេះ​យ៉ាង​សន្ធោរសន្ធៅ​​​ឡើងដែរ គឺ​សង្រ្គាម​ទល់​នឹង​ក្រុម​អ្នក​រាជានិយម។

ស្ថិត​ក្នុង​ស្ថានភាព​ចលាចល​នេះ របប​សាធារណរដ្ឋបារាំង​បាន​ដាក់ចេញ​នូវ​នយោបាយ​បែបផ្តាច់ការ និង​ឃោរឃៅ​មួយ ដែល​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​បារាំង​គេ​បាន​ដាក់​ឈ្មោះ​ថា « La Terreur »។ នៅ​ក្នុង​សម័យកាល​នោះ រាល់​អ្នក​ណា​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល ត្រូវ​គេ​ចាប់ខ្លួន និង​សម្លាប់​ចោល ដោយ​ចោទ​ថា​ជា​អ្នក​ប្រឆាំង​នឹង​បដិវត្តន៍។ អ្នក​ដែល​ត្រូវ​ចាប់ខ្លួន និង​សម្លាប់ ពីបទ​ប្រឆាំង​នឹង​បដិវត្តន៍​នេះ​ មាន​ទាំង​អតីត​មន្រ្តី​ក្នុង​របបចាស់ ប្រជាជន​ធម្មតា រហូតដល់​ជួរថ្នាក់ដឹកនាំ​នៃ​របបសាធារណរដ្ឋ​គ្នាឯង។ របបសាធារណរដ្ឋ​ ដែល​កើតចេញ​ពី​បដិវត្តន៍​ប្រឆាំង​នឹង​របបផ្តាច់ការ​របស់​ស្តេច ក៏​បាន​ក្លាយ​ខ្លួន​ទៅជា​របបផ្តាច់ការ​ថ្មី​មួយទៀត។

របបផ្តាច់ការ​ និង​ឃោរឃៅ​នេះ​បាន​បិទបញ្ចប់ នៅខែ​កក្កដា ឆ្នាំ​១៧៩៤ នៅ​ក្រោយ​ពេល​ដែល​មេដឹកនាំ​ដ៏​មាន​អំណាច​ម្នាក់ ឈ្មោះ Robespierre ត្រូវ​បាន​ចាប់ខ្លួន និង​កាត់ទោស​ប្រហារ​ជីវិត​ ដោយ​​ត្រូវ​គេ​យក​ទៅ​កាត់ក្បាល នៅ​ត្រង់​កន្លែង ដែល​គេ​ធ្លាប់​កាត់ក្បាល​ស្តេច​ល្វីសទី១៦ កាល​ពី​ជាង​១ឆ្នាំមុន។ គិត​ជា​សរុប មាន​មនុស្ស​ប្រមាណ​ជា ៥០ម៉ឺននាក់​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ ហើយ​ប្រមាណ​ជា ១០ម៉ឺននាក់​ត្រូវ​គេ​សម្លាប់ នៅ​ក្រោម​របប​សាធារណរដ្ឋ​ផ្តាច់ការ​ថ្មីនេះ។

សូមអាន៖ Siècle des Lumières នៅ​អឺរ៉ុប ចន្លោះ​សតវត្សរ៍​ទី១៧ និង​ទី​១៨

ក្រោយ​ពេល​ដែល Robespierre ត្រូវ​បាន​ចាប់ខ្លួន និង​ប្រហារ​ជីវិត បិទបញ្ចប់​របបឃោរឃៅ ដែល​គេហៅ​ថា “La Terreur” រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ត្រូវ​បាន​គេ​តាក់តែង​ឡើង ដើម្បី​បង្កើត​​របបដឹកនាំ​ថ្មី​មួយទៀត​។ ក៏ប៉ុន្តែ ជម្លោះ​ផ្ទៃក្នុង រវាង​ក្រុម​អ្នក​សាធារណរដ្ឋ និង​អ្នក​រាជានិយម នៅតែ​បន្ត​កើតមាន ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​អស្ថិរភាព​នយោបាយ​ជា​ប្រចាំ។ ទិដ្ឋភាព​នយោបាយ​បារាំង នៅពេលនោះ ​​តែងតែ​ប្រែប្រួល​ឥតឈប់ រវាង​ការបោះឆ្នោត និង​រដ្ឋប្រហារ​យោធា ដែល​តែងតែ​កើតមាន​ជារឿយៗ។

ស្ថិត​នៅ​ក្នុង​ភាព​ច្របូកច្របល់​នេះ គេឃើញ​មាន​ឥស្សរជន​ម្នាក់​​ចាប់​ផ្តើម​លេចមុខឡើង ហើយ​ដែល​ក្រោយ​មក​នឹង​នាំ​មក​នូវការ​ផ្លាស់ប្តូរ​ដ៏ធំមួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​បារាំង ក៏ដូចជា ប្រវត្តិសាស្រ្ត​អឺរ៉ុប។ ឥស្សរជននោះ គឺ​ណាប៉ូឡេអុង បូណាប៉ាត (Napoléon Bonaparte)។

ណាប៉ូឡេអុង កើត​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​១៧៦៩ នៅ​កោះ Corse ដែល​ជា​អតីត​កោះ​របស់​អ៊ីតាលី។ នៅ​ឆ្នាំ​ដែល​ណាប៉ូឡេអុង​កើត កោះ Corse ទើប​នឹង​ត្រូវ​បាន​អ៊ីតាលី​កាត់​មក​ឲ្យ​ប្រទេស​បារាំង។

នៅ​ពេល​ដែល​បដិវត្តន៍​បារាំង​ផ្ទុះឡើង នៅ​ឆ្នាំ​១៧៨៩ ណាប៉ូឡេអុង​ទើប​នឹង​មាន​អាយុ ២០ឆ្នាំ ហើយ​គ្រាន់តែ​ជា​នាយទាហាន​ថ្នាក់ទាប​ម្នាក់ ដែល​ទើប​នឹង​បញ្ចប់​សាលា​នាយទាហាន នៅ​ប៉ារីស។ ក៏ប៉ុន្តែ នៅ​ក្រោម​​របបសាធារណរដ្ឋ​ ណា​ប៉ូឡេអុង ដែល​មាន​ស្នាដៃ​ច្រើន​ក្នុង​សមរភូមិ ក៏បាន​ឡើង​បុណ្យស័ក្តិ​ជា​បន្ត​បន្ទាប់។ នៅ​ឆ្នាំ​១៧៩៦ នៅពេល​ដែល​របបសាធារណរដ្ឋ​បារាំង​កំពុង​ប្រឈមមុខ​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ស្តេច​នៃ​បណ្តា​ប្រទេស ដែល​នៅ​ជុំវិញ ណាប៉ូឡេអុង​ត្រូវ​បាន​គេ​តែងតាំង​ជា​ឧត្តមសេនីយ៍​ ហើយ​បាន​ដឹកនាំទ័ព​យក​ជ័យជម្នះ នៅ​តាម​បណ្តា​សមរភូមិ​សំខាន់ៗ​​ជាច្រើន ជាពិសេស នៅ​ប៉ែក​ខាង​អ៊ីតាលី ដែល​កងទ័ព​របស់​ណាប៉ូឡេអុង​វាយបំបាក់​កងទ័ព​អូទ្រីស​ រហូត​ធ្វើ​ឲ្យ​​អូទ្រីស​ត្រូវ​បង្ខំចិត្ត​​​​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​​ជាមួយ​បារាំង។

នៅ​ឆ្នាំ​១៧៩៩ នៅពេល​ដែល​កងទ័ព​បារាំង​​បាន​បង្ហាញ​នូវ​កម្លាំង​គួរ​ឲ្យ​ស្ញប់ស្ញែង​ចំពោះ​សត្រូវ​ពី​ខាងក្រៅ នៅ​ផ្ទៃក្នុង​ប្រទេស​បារាំង​ឯណេះវិញ វិបត្តិ​នយោបាយ​តែងតែ​កើតមាន​ជា​អចិន្រ្តៃយ៍។ ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ ណាប៉ូឡេអុង ដែល​កំពុង​គ្រប់គ្រងទ័ព ក្នុង​ប្រទេស​អេហ្ស៊ីប ក៏​បាន​ធ្វើ​ដំណើរ​វិលត្រឡប់​មក​កាន់​ទីក្រុង​ប៉ារីស​វិញ។ ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៧៩៩ ណាប៉ូឡេអុង​បាន​រៀបចំ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល ដណ្តើម​អំណាច​យក​មក​កាន់កាប់។

របបដឹកនាំ​ថ្មី​នេះ មាន​រដ្ឋធម្មនុញ្ញ ដែល​មានរូបភាព​ខាងក្រៅ​ជា​របបប្រជាធិបតេយ្យ ក៏ប៉ុន្តែ ក្នុងការ​អនុវត្ត​ជាក់ស្តែង អំណាច​ទាំងអស់​ស្ថិត​ក្នុង​ដៃ​រដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​របស់​ណាប៉ូឡេអុង។ ជាថ្មី​ម្តងទៀត ប្រជាជន​បារាំង ដែលខិតខំ​រើខ្លួន​​ចេញ​ពី​របបផ្តាច់ការ​មួយ ប៉ុន្តែ​ តែងតែត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​របបផ្តាច់ការ​ថ្មី​ជា​បន្តបន្ទាប់។ លើសពីនេះ​ទៅទៀត នៅឆ្នាំ​១៨០៤ ណាប៉ូឡេអុង បូណាប៉ាត ដែល​អះអាង​ថា​ជា​អ្នក​ការពារ​របប​សាធារណរដ្ឋ ក៏ប៉ុន្តែ ស្រាប់តែ​បាន​ប្រកាស​ខ្លួន​ជា​អធិរាជ។ ១៥ឆ្នាំ ក្រោយ​បដិវត្តន៍​ទម្លាក់​របបរាជានិយម​ផ្តាច់ការ បារាំង​បាន​វិលត្រឡប់​ទៅ​រក​ការដឹកនាំ​តាមបែប​រាជានិយម​ផ្តាច់ការ​ដូចពីមុន​វិញ គឺ​ចក្រភព​បារាំង ក្រោម​អំណាច​របស់​អធិរាជ​ណាប៉ូឡេអុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ