អានតួអត្ថបទ
បារាំង-ឥណ្ឌា

ប្រធានាធិបតី​បារាំង​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​ដើម្បី​ជំរុញ​ការ​លក់​យន្តហោះ​ចម្បាំង

លោក​ហ្វ្រង់ស័រ ហូឡង់ (François Hollande) ប្រធានាធិបតី​បារាំង​បាន​មក​ដល់​ប្រទេស​ឥណ្ឌា នៅថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល​ពីរថ្ងៃ​ ផ្តោត​ជា​ពិសេស​​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម។ នៅ​ក្នុង​ការចរចា​ផ្នែក​ពាណិជ្ជកម្ម​នេះ កិច្ចសន្យា​ដ៏ចម្បង​បំផុត គឺ​ការ​លក់​យន្តហោះ​ចម្បាំង​បារាំង ធុន Rafle ទៅ​ឲ្យ​ឥណ្ឌា។ កិច្ចសន្យា​ដែល​មាន​តម្លៃ​រហូតទៅ​ដល់​ប្រមាណ​ជា ១២ពាន់​លាន​ដុល្លារ​អាមេរិក។

លោក​ប្រធានាធិបតី​បារាំងហ្វ្រង់ស័រ ហូឡង់ (François Hollande) និង​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ម៉ាន់ម៉ូហាន់ ស៊ិង (Manmohan Singh) ថ្ងៃទី១៤ កុម្ភៈ ២០១៣
លោក​ប្រធានាធិបតី​បារាំងហ្វ្រង់ស័រ ហូឡង់ (François Hollande) និង​លោក​នាយករដ្ឋមន្រ្តី​ឥណ្ឌា ម៉ាន់ម៉ូហាន់ ស៊ិង (Manmohan Singh) ថ្ងៃទី១៤ កុម្ភៈ ២០១៣ Reuters / Mathur
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ដំណើរទស្សនកិច្ច​លើកទី១ ទៅកាន់​តំបន់​អាស៊ី លោក​ហ្វ្រង់ស័រ ហូឡង់ ជ្រើសរើស​យក​ប្រទេស​ឥណ្ឌា ដែល​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​អាទិភាព​របស់​លោក​ហូឡង់ ក្នុងការ​ពង្រឹងទំនាក់ទំនង​ជាមួយ​​​ឥណ្ឌា ដែល​ជា​ប្រទេស​​​​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាងគេ​លំដាប់​ទី២ នៅ​លើ​ពិភពលោក បន្ទាប់​ពី​ចិន។

អមដំណើរ​ជាមួយ​លោក​ហូឡង់ នៅ​ក្នុង​ដំណើរទស្សនកិច្ច​នេះ គឺ​រួមមាន​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ព្រមទាំង​​មេដឹកនាំ​ក្រុមហ៊ុន​​ធំៗ​របស់​បារាំង​ ជាង ៦០ក្រុមហ៊ុន។

នៅ​ក្នុង​ដំណើរទស្សនកិច្ច​រយៈពេល​ពីរថ្ងៃ​នេះ លោក​ប្រធានាធិបតី​បារាំង​គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា ព្រមទាំង​ជួប​ជាមួយ​រដ្ឋមន្រ្តី​មួយចំនួន​ទៀត មុននឹង​ធ្វើ​ដំណើរទៅ​​ជួបជាមួយ​មេដឹកនាំ​ក្រុមហ៊ុន​ឥណ្ឌា នៅ​ទីក្រុង​ប៊ុមបៃ។

របៀបវារៈ​ដ៏​ចម្បងមួយ​ នៅ​ក្នុង​ដំណើរទស្សនកិច្ច​នេះ គឺ​ការ​ចរចា​លើ​កិច្ចសន្យា​​លក់​យន្តហោះចម្បាំង​ធុន Rafale ចំនួន ១២៦​គ្រឿង ទៅ​ឲ្យ​កងទ័ព​ឥណ្ឌា។ កិច្ចសន្យា​ដែល​មានទឹកប្រាក់​ប្រមាណ​ជា ១២ពាន់​លាន​ដុល្លារ​អាមេរិក។

គួរបញ្ជាក់ថា យន្តហោះ​ចម្បាំង​ធុន Rafale របស់​បារាំង​ ត្រូវ​បាន​គេ​ចាត់បញ្ចូល​ក្នុង​ចំណោម​យន្តហោះ​ចម្បាំង​​​ធុន​ទំនើប​ៗ​បំផុត​នៅលើ​ពិភពលោក ក៏ប៉ុន្តែ បារាំង​ពិបាក​ក្នុង​ការនាំចេញ​យន្តហោះ​អស់ទាំងនេះ ដោយសារ​តែ​វាមាន​តម្លៃ​ថ្លៃ។ ឥណ្ឌា​​ដែល​កំពុង​តែ​រៀបចំ​ធ្វើ​ទំនើបកម្ម​កងទ័ព​អាកាស​របស់​ខ្លួន​នោះ បាន​ព្រមព្រៀង​បើក​ការចរចា​ផ្តាច់មុខ​ជាមួយ​ក្រុមហ៊ុន​បារាំង កាល​ពី​ឆ្នាំ​២០១២​កន្លងទៅ ដើម្បី​ទិញយន្តហោះ​ចម្បាំង ធុន Rafale នេះ។

នៅ​ក្រោយ​ពេល​ជួប​ជាមួយ​លោក​ហ្វ្រង់ស័រ ហូឡង់ នៅ​ថ្ងៃ​នេះ លោក​ម៉ាន់មូហាន់ ស៊ិង បាន​ឲ្យដឹង​ថា ដំណើរការ​ចរចា​ជុំវិញ​យន្តហោះ​ចម្បាំង Rafale នេះ មាន​ការ​ជឿនលឿន​ទៅមុខ។ ក៏ប៉ុន្តែ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ឥណ្ឌា​​ធ្លាប់​បាន​ប្រកាស​ឲ្យដឹង​រួចហើយ​ថា កិច្ចសន្យា​​នេះ នឹង​មិន​ត្រូវ​ចុះ នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​លោក​ហ្វ្រង់ស័រ ហូឡង់ នៅ​ឥណ្ឌា នៅពេលនេះ​ទេ ដោយសារ​តែ​នៅ​មាន​ចំណុច​មួយចំនួន ដែល​រដ្ឋាភិបាល​ឥណ្ឌា​ត្រូវការ​​ពេល​គិតពិចារណា​បន្ថែមទៀត។

ក្រៅពី​ការលក់​យន្តហោះ​ចម្បាំងនេះ កិច្ចសន្យា​សំខាន់មួយ​ទៀត ដែល​នឹង​ជា​ប្រធានបទ​នៃ​ដំណើរទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង នៅ​ឥណ្ឌា គឺ​គម្រោង​សង់​រោងចក្រ​ផលិតអគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​មួយកន្លែង ដែល​មាន​កម្លាំង ជិត១ម៉ឺន​ម៉េហ្កាវ៉ាត់ ហើយ​ដែល​មាន​តម្លៃ​ ៩ពាន់ ៣រយ​លាន​ដុល្លារ​អាមេរិក។ រដ្ឋាភិបាល​ឥណ្ឌា​បាន​ព្រមព្រៀង​ជាគោលការណ៍​ កាល​ពី​ឆ្នាំ​២០១០ ឲ្យ​ក្រុមហ៊ុន​បារាំង​ជា​អ្នក​ទទួល​បន្ទុក​សាងសង់​រោងចក្រ​អគ្គិសនី​នេះ។ ក៏ប៉ុន្តែ គម្រោង​នេះ​ត្រូវ​ជាប់គាំង​​ដោយសារ​មាន​ការ​ជំទាស់​ពី​សកម្មជន​បរិស្ថាន ដោយ​លើកឡើង​ថា ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ​នេះ​ស្ថិត​នៅ​ក្បែរ​ឆ្នែរ​សមុទ្រ ​ក្នុង​តំបន់​ដែល​អាច​មាន​ការ​រញ្ជួយដី ហើយ​ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់ ដូចជា នៅ​ហ្វ៊ូគូស្ហ៊ីម៉ា​ប្រទេស​ជប៉ុន។

ទោះជាយ៉ាងណា មន្រ្តី​រដ្ឋាភិបាល​ឥណ្ឌា​បាន​ប្រកាស​ឲ្យដឹង​នៅ​ក្នុង​សប្តាហ៍​នេះ​ថា ឥណ្ឌា​មិន​​ដូរ​ចិត្ត​ទេ គឺ​នៅតែ​ចង់​សាងសង់​រោងចក្រ​អគ្គិសនី​នេះ​ ហើយ​​ចង់ឲ្យ​ក្រុមហ៊ុន​បារាំង​ជា​អ្នក​សាងសង់​ គ្រាន់តែ​ត្រូវការ​ចរចា​គ្នា​ទៅលើ​តម្លៃ​សាងសង់។ គឺ​ចំណុច​អស់ទាំងនេះ​ហើយ ដែល​លោក​ហ្វ្រង់ស័រ​ ហូឡង់ ត្រូវ​ជជែក​ជាមួយ​នឹង​សមភាគី​របស់​លោក នៅ​ក្នុង​ដំណើរទស្សនកិច្ច​ពេលនេះ។

ក្រៅពី​ការចរចា​លើ​កិច្ចសន្យា​ពាណិជ្ជកម្ម​អស់ទាំងនេះ បើ​តាម​មន្រ្តី​រដ្ឋាភិបាល​បារាំង ​ដំណើរទស្សនកិច្ច​របស់​លោក​ហ្វ្រង់ស័រ ហូឡង់ បង្កប់​ទៅដោយ​គោលដៅ​កាន់តែ​សំខាន់​មួយ​ទៀត គឺ​ការ​ចរចា​បង្កើត​ភាព​ជាដៃគូ​យុទ្ធសាស្រ្ត​ជាមួយ​ប្រទេស​ឥណ្ឌា។ ការចរចា​បង្កើត​ភាព​ជាដៃគូយុទ្ធសាស្រ្ត​បារាំង-ឥណ្ឌា​នេះ ត្រូវ​បាន​បើក​ធ្វើ​តាំង​ពី​ ១៥ឆ្នាំ​មកហើយ ក៏ប៉ុន្តែ មិនទាន់​បាន​ទទួល​ជោគជ័យ។ បណ្តាញសារព័ត៌មាន​ឥណ្ឌា​មួយ​ចំនួន បាន​ចុះផ្សាយ​បទវិចារណកថា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បាន​លើកឡើង​ថា ឥណ្ឌា និង​បារាំង គួរ​នាំគ្នា​ចាប់ផ្តើម​ផ្តោត​លើ​ការ​បង្កើត​ទំនាក់ទំនង​​ជា​យុទ្ធសាស្រ្ត​រយៈពេលវែង ជាជាង​គិត​តែ​ពី​ផលប្រយោជន៍​ពាណិជ្ជកម្ម​រយៈពេល​ខ្លី ដូចជា ពេល​បច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ