អានតួអត្ថបទ
អេបូឡា-បារំាង

បារាំង​រកឃើញ​វិធី​ដែល​អាច​ឲ្យ​គេ​រក​ឃើញ​មេរោគ​អេបូឡា​​រយៈពេល ១៥​នាទី

ជាមួយ​នឹង​ការរកឃើញ​របស់​អ្នកស្រាវជ្រាវ​បារាំង គេ​អាច​ដឹង​ក្នុង​រយៈពេល​១៥នាទី​ថា អ្នកណា​ម្នាក់​មាន​ឆ្លង​មេរោគ​អេបូឡា។ កាលពី​ថ្ងៃ​អង្គារ ទី ២១​តុលា វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​ផ្នែក​ថាមពល​អាតូមិក របស់​បារាំង​បាន​បង្ហាញ​ថា គេ​បាន​ស្រាវជ្រាវ​រក​ឃើញ​វិធី​ធ្វើ​តេស្ត​ដែល​អាច​គេ​រក​ឃើញ​ ​បាន​លឿន ​មេរោគ​អេបូឡា។

ឈាម​ដែល​គេ​បូម​ពី​ជន​សង្ស័យ​ឆ្លង​មេរោគ​អេបូឡា​ត្រូវ​បញ្ជូនបន្ត ​ទៅ​ធ្វើ​តេស្ត​រក​លទ្ធផល​នៅ​ទីក្រុង​Freetown ក្នុង​ប្រទេស​សៀរ៉ាឡេអូន
ឈាម​ដែល​គេ​បូម​ពី​ជន​សង្ស័យ​ឆ្លង​មេរោគ​អេបូឡា​ត្រូវ​បញ្ជូនបន្ត ​ទៅ​ធ្វើ​តេស្ត​រក​លទ្ធផល​នៅ​ទីក្រុង​Freetown ក្នុង​ប្រទេស​សៀរ៉ាឡេអូន ©REUTERS/Christopher Black/WHO/Handout via Reuters
ផ្សាយពាណិជ្ជកម្ម

របៀប​ធ្វើ​តេស្ត​រក​មេរោគ​អេបូឡា ដែល​ក្រុម​ស្រាវជ្រាវ​បារាំង​រកឃើញ មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ការធ្វើ​តេស្ត ដើម្បី​ចង់​ដឹងថា តើ​ស្រី្ត​មាន​ផ្ទៃពោះ ឬ​ក៏​គ្មាន។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្នងការ​ថាមពល​អាតូមិក ដែល​ជា​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្រ្ត ការធ្វើ​តេស្ត​ក្រោម​ឈ្មោះថា Ezyscreen​នឹង​អាច​ត្រូវ​គេ​ប្រើ​បាន​នៅគ្រប់​កន្លែង ដោយ​មិន​ចាំបាច់​ត្រូវការ​ឧបករណ៍​វិទ្យាសាស្រ្ត ឬ​មន្ទីរពិសោធន៍។ ជារួម គេ​គ្រាន់តែ​ត្រូវការ​តំណក់​ឈាម ទឹកមូត្រ ឬ​លោហិតម្ពុ (plasma) ដើម្បី​បន្តក់​ទៅលើ​បន្ទះ​ស​នៃ​ឧបករណ៍​ធ្វើ​តេស្ត។ ១៥​នាទី​ក្រោយ បើសិន បន្ទះ​ប្រែពណ៌ នោះ​មានន័យថា លទ្ធផល​វិជ្ជមាន គឺ​គេ​កំពុង​ផ្ទុក​មេរោគ​អេបូឡា។

 
ការ​ធ្វើតេស្ត​លឿន ដើម្បី​រក​មេរោគ​អេបូឡា​នឹង​ជួយ​ឲ្យ​គេ​ចំណេញ​ពេល នៅ​ក្នុង​យុទ្ធនាការ​ស្វែងរក​អ្នកជម្ងឺ​មេរោគ​អេបូឡា នៅ​តាម​តំបន់​ជនបទ នៅ​អាហ្រ្វិក​ខាងលិច។ បច្ចុប្បន្ន គេ​ត្រូវការ​ពេល​២ម៉ោង ដើម្បី​ធ្វើ​តេស្ត​រក​មេរោគ​អេបូឡា របស់​មនុស្ស​ម្នាក់។ ការពិនិត្យ​វិនិច្ឆ័យ​រក​មេរោគ​អេបូឡា​ទៀត​សោត ត្រូវតែ​ធ្វើ​នៅ​មន្ទីរពិសោធន៍។

យ៉ាងណាក៏ដោយ ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ វិទ្យាសាស្រ្ត​ផ្នែក​ថាមពល​អាតូមិក ​បាន​បញ្ជាក់​ហើយថា ការធ្វើ​តេស្ត​លឿន​នឹង​មិន​អាច​ជំនួស​ផ្តាច់មុខ ការធ្វើតេស្ត​បែប​បុរាណ​ទេ។ មានន័យថា ជនសង្ស័យ​ឆ្លង​មេរោគ​អេបូឡា​ម្នាក់ ត្រូវ​ប្រឈម​នឹង​ការធ្វើ​តេស្ត​បែប​បុរាណ សា​ជា​ថ្មី ក្នុងករណី​ដែល​តេស្ត​លឿន ផ្តល់​លទ្ធផល​អវិជ្ជមាន ឬ​គ្មាន​មេរោគ​អេបូឡា​នោះ។

តាម​វិទ្យាស្ថាន​ខាងលើ​ដដែល នៅ​ចុង​ខែ​តុលា គេ​នឹង​បញ្ចេញ​គំរូ​តេស្ត​ឲ្យ​ប្រើប្រាស់​សាកល្បង នៅ​តាម​កន្លែង​ឆ្លងមេរោគ​អេបូឡា​ផ្ទាល់ ពោល​គឺ​ដើម្បី​ចង់​ដឹងថា តើ​វាពិត​ជា​មាន​ប្រសិទ្ធិភាព​ដែរ​ឬទេ។ រហូតមក​ដល់​ពេលនេះ ក្រៅពី​បារាំង មាន​ជប៉ុន និង​អាមេរិក​ដែល​កំពុង​ស្រាវជ្រាវ​រក​វិធីធ្វើ​តេស្ត​លឿន​ដើម្បី​កំណត់​រោគសញ្ញា​អេបូឡា។ អ្នកវិទ្យាសាស្រ្ត​ជប៉ុន​បាន​រកឃើញ​តេស្ត​មួយ​ដែល​គេ​អាច​រកឃើញ​មេរោគ​អេបូឡា​ក្នុង​ពេល​៣០​នាទី ចំណែក​អាមេរិក​វិញ ក៏​កំពុង​ស្រាវជ្រាវ​រក​វិធី​ធ្វើ​តេស្ត​ដែល​ត្រូវការ​ពេល​តែ​១០​នាទី។

មេរោគ​អេបូឡា​ដែល​រាតត្បាត​ខ្លាំង​នៅ​ប្រទេស​លីបេរីយ៉ា ហ្គីណេ និង​សៀរ៉ាឡេអូន បាន​សម្លាប់​មនុស្ស​ជាង ៤៥០០​នាក់។ កាលពីល្ងាច​ថ្ងៃ​ចន្ទ ក្រុមហ៊ុន​ជប៉ុន ហ្វីជីហ្វីម​ដែល​រក​ឃើញ​ថ្នាំ អាច​ព្យាបាល​មេរោគ​អេបូឡា បាន​ប្រកាស​ថា ក្រុមហ៊ុន​មាន ថ្នាំ Avigan បម្រុង​សម្រាប់​អ្នកជម្ងឺ អេបូឡា​២ម៉ឺននាក់។ អ្នកស្រាវជ្រាវ​ជប៉ុន​បាន​សាកល្បង ថ្នាំ Avigan ដើម្បី​ព្យាបាល​យ៉ាង​មាន​ប្រសិទ្ធិភាព​ទៅលើ​សត្វ​កណ្តុរ​ដែលមាន​ឆ្លង​មេរោគអេបូឡា។ នៅ​ខែ​វិច្ឆិកា​ខាងមុខ គេ​នឹង​សាកល្បង​ប្រើ​ថ្នាំ​របស់​ជប៉ុន នៅក្នុង​ប្រទេស​ហ្គីណេ ដើម្បី​ចង់​ដឹង​ប្រសិទ្ធិភាព​របស់​វា​ទៅលើ​មនុស្ស​ដែល​ឆ្លង​មេរោគ​អេបូឡា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ