អានតួអត្ថបទ
កម្ពុជា

ហ្វ៊ុនស៊ិនប៉ិច ប្រឆាំង​មិន​ឲ្យ​លោក​ញឹក ប៊ុន​ឆៃ យក​បក្ស​ចាស់​!​

មិនដូចការគ្រោងទុកនោះទេ នៅរសៀលថ្ងៃទី ៤កុម្ភៈនេះ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ មិនបានចេញមុខមកធ្វើសន្និសីទកាសែតបំភ្លឺពីការចាកចេញរបស់លោកញឹក ប៊ុនឆៃ នោះឡើយ ប៉ុន្តែប្រធានបក្សរាជានិយមរូបនេះ បានចាត់តាំងលោកសាយ ហាក់ អគ្គលេខាធិការ មកស្រាយបំភ្លឺមុខអ្នកសារព័ត៌មានវិញ។ ក្នុងសន្និសីទកាសែត នៅស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិច លោកសាយ ហាក់ បាន ប្រកាសការពារនិមិត្តសញ្ញាគណបក្សចាស់ មិនឲ្យលោកញឹក ប៊ុនឆៃ យកទៅប្រើប្រាស់សម្រាប់គណបក្សថ្មីរបស់ខ្លួន ជាដាច់ខាត។ ក្រៅពីនោះ មន្ត្រីរូបនេះ បានអះអាងថា គណបក្សហ៊្វុនស៊ិនប៉ិច មិនបានបែកបាក់ទេ បែកបាក់តែបុគ្គលមួយចំនួនប៉ុណ្ណោះ ។

លោក​សាយ ហាក់ អគ្គលេខាធិការគណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។
លោក​សាយ ហាក់ អគ្គលេខាធិការគណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច គិតថា ការចាកចេញទៅបង្កើតគណបក្សថ្មីរបស់លោកញឹក ប៊ុនឆៃ គឺជារឿងធម្មតា។ នេះគឺជាការលើកឡើងរបស់លោកសាយ ហាក់ អគ្គលេខាធិការប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច ក្នុងសន្និសីទកាសែត បន្ទាប់ពីការប្រកាសដើរចេញពីបក្សរបស់លោកញឹក ប៊ុនឆៃ។ តែទោះធម្មតាក៏ដោយចុះ គណបក្សរាជានិយមមួយនេះ នឹងការពារដាច់ខាតនូវនិមិត្តសញ្ញារបស់ខ្លួន មានដូចជាស្លាកសញ្ញាវិមានឯករាជ្យ និងអក្សរកាត់ មិនឲ្យគណបក្សថ្មីរបស់លោកញឹក ប៊ុនឆៃ យកទៅប្រើប្រាស់ជាដាច់ខាត។ សូមរម្លឹកថា លោកញឹក ប៊ុនឆៃ បានប្រកាសទាមទារយកអត្តសញ្ញាណគណបក្សហ្វ៊ុនស៊ិនប៉ិចចាស់ ទៅដំណើរការជាមួយគណបក្សថ្មី ឈ្មោះ រួបរួមជាតិ។
 

ទោះសព្វថ្ងៃហ្វ៊ុនស៊ិនប៉ិច មិនប្រើ logo វិមានឯករាជ្យ ក្នុងស្លាកសញ្ញាបក្ស ប៉ុន្តែលោកសាយ ហាក់ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានសម្រេចទទួលស្គាល់រួចហើយ នូវកំណត់ហេតុ និងសេចក្តីសម្រេចចិត្តរបស់សមាជគណបក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី ១២មិនា ឆ្នាំ ២០១៥ ថានិមិត្តសញ្ញាវិមានឯករាជ្យ និងអក្សរកាត់នៃ រណសិរ្ស រួបរួមជាតិ ដើម្បីកម្ពុជា ឯករាជ្យ អព្យាក្រិត សន្តិ និងសហប្រត្តិបត្តិ (រ.រ.ជ.ក.ឯ.អ.ស.ស) ជាចំណែកមួយនៃប្រវត្តិកំណើតរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច ហើយមិនអនុញ្ញតិឲ្យក្រុមណា ឬគណបក្សណាមួយយកទៅប្រើប្រាស់ ឬកែសម្រួល បានឡើយ។
 

តាមលោកសាយ ហាក់ ប្រសិនបើលោកញឹក ប៊ុនឆៃ នៅតែទាមទារចង់បាន ហើយធ្វើឲ្យខូចខាតអ្វីនោះ បក្ស នឹងចាត់វិធានតាមផ្លូវច្បាប់ ប្តឹងបកទៅលោកញឹក ប៊ុនឆៃវិញ។ ក្រៅពីការប្រកាសការពារនិមិត្តសញ្ញារបស់បក្សហើយ តំណាងឲ្យសម្តេចក្រុមព្រះ លោកសាយ ហាក់ បានបញ្ជាក់ថា គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងបញ្ចប់តួនាទីលោកញឹក ប៊ុនឆៃ រួមទាំងមន្ត្រីមួយចំនួនដែលទៅតាមលោកញឹក ប៊ុនឆៃ បង្កើតគណបក្សនយោបាយថ្មី ក្នុងពេលឆាប់ៗ។
 

អគ្គលេខាធិការរូពនេះ បានបញ្ជាក់ទៀតថា គណបក្សហ្វ៊ុនស៊ិនប៉ិច មិនដែលស្តាយស្រណោះនូវការចាកចេញរបស់លោកញឹក ប៊ុនឆៃ ឡើយ ទោះបីប្រធានបក្សមិនដែលមានគំនិតបណ្តេញនរណាចេញពីបក្ស ក៏ដោយ។ លោកសាយ ហាក់ ថែមទាំងបានឌឺដាក់គណបក្សថ្មីរបស់លោកញឹក ប៊ុនឆៃ ទៀតថា គណបក្សហ្វ៊ុនស៊ិនប៉ិច គ្មានក្តីបារម្ភខ្លាចចាញ់ឆ្នោតបក្សថ្មីនោះទេ ព្រោះកាលពេលដែលលោកញឹក ប៊ុនឆៃ នៅក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ដោយគ្មានវត្តមានសម្តេចក្រុមព្រះ គឺហ្វ៊ុនស៊ិនប៉ិច បានត្រឹម ០អាសនៈ។ ប៉ុន្តែពេលសម្តេចក្រុមព្រះដឹកនាំ កាលពីមុន ហ្វ៊ុនស៊ិនប៉ិច ទទួលបាន ២៦អាសនៈ។
 

សូមរំលឹកថា ក្រោយបង្រួបបង្រួមអស់ជារយៈពេលជាងមួយឆ្នាំ តាំងពី២០១៥ ក្រុមរបស់លោក ញឹក ប៊ុនឆៃ និងក្រុមសម្តេចក្រុមព្រះ បានផ្ទុះជម្លោះផ្ទៃក្នុងយ៉ាងស្រួចស្រាវ ក្នុងរយៈពេលចុងក្រោយនេះ។ ជាជម្លោះដែលលោក ញឹក ប៊ុនឆៃ បានអះអាងថា សម្តេចក្រុមព្រះ តែងតែធ្វើការគាបសង្កត់មកលើក្រុមរបស់លោក និងរុះរើរចនាសម្ព័ន្ធគណបក្សចាស់ដែលធ្វើឱ្យសមាជិកមួយចំនួនធំមិនសប្បាយចិត្ត។ ប៉ុន្តែខាងសម្តេចក្រុមព្រះ អះអាងថា តែងតែធ្វើការតាមគោលការណ៍ ហើយផ្តល់តំណែង និងគោរពលោកញឹក ប៊ុនឆៃជានិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ