ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
កម្ពុជា

ជម្លោះផ្ទៃ​ក្នុង​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច ​កាន់​តែ​កក្រើក​ឡើង​

media  
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ។ RFI/ Siv Channa

ជម្លោះ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​កាន់​តែ​កក្រើក​ឡើង​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​។​ ជម្លោះ​ផ្ទៃ​ក្នុង​ដែល​បាន​ស្តែង​ឡើង ​តាម​រយៈ ​ការ​ឆ្លើយ​ឆ្ល​ង​លិខិត​គ្នារ​វាង​​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឬទ្ធិ​ ជា​ប្រធាន​ និង​លោក ​ញឹក ​ប៊ុនឆៃ ​ជា​អនុ​ប្រធាន​ទី​២​គណបក្ស​។

នៅ​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ ជម្លោះ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ បាន​បង្ហាញ​កាន់​តែ​ច្បាស់​ឡើង ​តាម​រយៈ​លិខិត​ឆ្លើយ​ឆ្លង​គ្នា​ជា​បន្ត​បន្ទាប់​ រវាង​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឬទ្ធិ​ ដែល​ជា​ប្រធាន​ និង​លោក ​ញឹក ​ប៊ុន​ឆៃ​។

កាល​ពី​ថ្ងៃ​ចន្ទ ទី​២៥​ មករា ​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឬទ្ធិ ​បាន​ធ្វើ​លិខិត​ជូន​ដំណឹង​ថា ​ព្រះ​អង្គ​មិន​បាន​អនុញ្ញាត​ឲ្យ​មន្រ្តី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ណា​ក៏​ដោយ​ ទៅ​លូក​ដៃលូក​ជើង​ក្នុង​ក្រុម​ការងារ​បោះឆ្នោត​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​នោះទេ​។ ហើយ​ព្រះ​អង្គ​ ថែម​ទាំង​បាន​អំពាវ​នាវ​ឲ្យ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ខេត្ត​នីមួយៗ​ បន្ត​ការងារ​របស់​ខ្លួន​ ដើម្បី​ពង្រឹង​រចនា​សម្ព័ន្ធ​នៅ​តាម​មូលដ្ឋាន​រាជធានី​-ខេត្ត​រៀង​ៗ​ខ្លួន​។ លិខិត​ជូន​ដំណឹង​របស់​សម្តេច​ក្រុម​ព្រះ​នេះ ​ទំនង​ ជា​បាន​ឆ្លើយ​តប​ដោយ​ប្រយោល​ទៅ​នឹង​ការ​ប្រកាស​របស់​លោក ​ញឹក ​ប៊ុនឆៃ ​នៅ​ពេល​ថ្មី​ៗ​នេះថា លោក​នឹង​ចាប់​ផ្តើម​ចុះ​ទៅ​ជួប​ថ្នាក់​ដឹកនាំ ​និង​រចនា​សម្ព័ន្ធ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ ខណៈ​ដែល​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ ​បាន​ខិត​ជិត​ចូល​មក​ដល់ទៅ​​ហើយ​នោះ​។

ឆ្លើយតប​នឹង​លិខិត​របស់​សម្តេច​ក្រុម​ព្រះបែ​បនេះ ​លោក ​ញឹក ​ប៊ុនឆៃ​ ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​វិញ​ថា លោក​គ្មាន​បំណង​លូក​ដៃ​លូក​ជើង​ចូល​ទៅ​ក្នុង​ក្រុម​ការ​ងារ​បោះ​ឆ្នោត​ខេត្ត​ ឬ​ក៏​រចនា​សម្ព័ន្ធ​គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិចថ្មី​នោះ​ទេ​។ ហើយ​ថា ​ការ​ចុះ​ទៅ​តាម​បណ្តា​ខេត្ត​នានា​របស់​លោក ​គឺ​ដើម្បី​ជួប​តែ​អតីត​ថ្នាក់​ដឹក​នាំ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ចាស់​ ដែល​ត្រូវ​បាន​គេ​ដក​ចេញ​ពី​តំណែង ​និង​តួនាទី​តែ​ប៉ុណ្ណោះ។​

ជម្លោះ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ បាន​លេច​ចេញ​ឡើង​កាន់​តែ​ច្បាស់​ នៅ​ក្រោយ​ ការ​ប្រកាស​របស់​សម្តេច​ក្រុម​ព្រះ ​នរោត្តម​ រណឬទ្ធិ កាល​ពី​ថ្ងៃ​ទី​១៦ ​មករា​ឆ្នាំ​២០១៦​ គឺ​នៅ​ពេល​ដែល​សម្តេច​ក្រុម​ព្រះ ​បាន​ប្រកាស​បើកទ្វារ​ចំហរ​ជូន​សមាជិក​គណបក្ស​ណា ​ដែល​ចង់​ចាក​ចេញ​ពី​ហ្វ៊ុន​ស៊ិនប៉ិច​។ នៅ​ក្នុង​លិខិត​ជូន​ដំណឹង​របស់​សម្តេច​ក្រុម​ព្រះ ​កាល​ពី​ថ្ងៃ​ទី​២៥​មករា​ បាន​បញ្ជាក់​ថា ​ព្រះអង្គ​គ្មាន​បំណង​បណ្តេញ​សមាជិក​ណា​ចេញ​ពី​គណបក្ស​នោះ​ទេ​។ ប៉ុន្តែ​សមាជិក​ណា ​ដែល​មាន​បំណង​បំបះ​បំបោរ ​អូសទាញ ​រឺ​បំបែក​កំលាំង​រាជា​និយម​ នោះ​ព្រះអង្គ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​អញ្ជើញឲ្យ​ចេញ​ពី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​នោះ​ឡើយ​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​នៅ​ក្នុង​លិខិត​បំភ្លឺ​ចុងក្រោយ​របស់​លោក​ ញឹក ​ប៊ុនឆៃ ​កាល​ពី​ថ្ងៃ​​ទី​២៦​មករា ​លោក​ ញឹក ​ប៊ុនឆៃ​ បាន​បញ្ជាក់​ថា ​លោក​កំពុង​ត្រូវ​បាន​អតីត​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គម​រាស្រ្ត​រាជា​ធិបតេយ្យ ​ដែល​បាន​ធ្វើ​សមាហរណ​កម្ម​ជាមួយ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ កាល​ពី​ថ្ងៃទី​១៩ ​មករា​ ឆ្នាំ​២០១៥​នោះ ​ថា​កំពុង​បំផុស​បំផុល​ និង​ធ្វើ​សកម្មភាព​បំភ្លៃការណ៍​ពិត​មក​លើ​រូប​លោក​។ លោក ​ញឹក ​ប៊ុនឆៃ ​បាន​បញ្ជាក់​ថា ​លោក​គ្មាន​បំណង ​ឬគ​ម្រោង​ណា​មួយ ​ដើម្បី​ប្រឆាំង​នឹង​សម្តេច​ក្រុម​ព្រះ ​នរោត្តម ​រណឬទ្ធិ​ នោះ​ទេ ​ហើយ​ក៏​គ្មានហេតុ​ផលណា​មួយ​ ដែល​លោក​ជា​អ្នក​ធ្វើ​ឲ្យ​បែក​បាក់ ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ ដែល​លោក​ក៏​ជា​អ្នក​ផ្តួចផ្តើម​កវែក​កឆ្នាំង​តាំង​ពី​ដំបូង​ដៃ​មកដែរ៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ