អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ពាណិជ្ជករ​លក់​គ្រឿង​សង្ហារឹម​នឹង​អាច​ក្លាយ​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឥណ្ឌូណេស៊ី​ប្រទេស​មាន​សេដ្ឋកិច្ចនាំមុខ​គេ​នៅ​អាស៊ី​អាគ្នេយ៍​បាន​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅថ្ងៃ​ពុធ ទី ៩​កក្កដា។ ​ប្រជាជន​ឥណ្ឌូណេស៊ី​ប្រមាណ​១៨៥​លាន​ត្រូវ​ទៅ​បោះឆ្នោត​ ​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ បន្ត​ពី​លោក​ស៊ុយស៊ីឡូ បំបង យូដូយ៉ូណូ ដែល​គ្រប់​គ្រង​​ឥណ្ឌូណេស៊ី​ពីរអាណត្តិ និង​មិន​អាចឈរ​ឈ្មោះ​សម្រាប់​​អាណត្តិ​ទី​បី។ ​បេក្ខជនប្រធានាធិបតី​ទាំង​​​ពីរមាន​ប្រវត្តិរូប និង​បទពិសោធន៍​ខុសគ្នា​ដាច់​ស្រឡះ។ លោក​ហ្សូកូ វីដូដូ ជាពាណិជ្ជករ និង​ចៅហ្វាយក្រុង ហ្សាកាតា មិន​ដែល​ជាប់​ឈ្មោះ​ធ្វើ​នយោបាយ​ពីមុនមក ចំណែក​លោក​ ប្រាបូវូ ស៊ូបៀនតូជា​អតីត​មេទាហាន និង​ជា​កូនប្រសារ​របស់​អតីតមេដឹកនាំ​ផ្តាច់ការ​ស៊ូហាតូ។  

លោក​ហ្សូកូ វីដូដូ ជាអតីត​ពាណិជ្ជករ និង​ចៅហ្វាយក្រុង​ហ្សាកាតា ទៅបោះឆ្នោត​ដែលលោក​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី នៅថ្ងៃ​ទី ៩​កក្កដា ២០១៤
លោក​ហ្សូកូ វីដូដូ ជាអតីត​ពាណិជ្ជករ និង​ចៅហ្វាយក្រុង​ហ្សាកាតា ទៅបោះឆ្នោត​ដែលលោក​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី នៅថ្ងៃ​ទី ៩​កក្កដា ២០១៤ ©REUTERS/Darren Whiteside
ផ្សាយពាណិជ្ជកម្ម

បេក្ខជន​​ទាំងពីរ​សុទ្ធ​តែ​ទទួល​បាន​ប្រជាប្រិយភាព គាំទ្រ​ពី​ប្រជាជន​ឥណ្ឌូណេស៊ី។ បេក្ខជន​ទីមួយ គឺ​លោក​​ ហ្សូកូ វីដូដូ ដែល​មាន​រហស្សនាម ហ្សូកូវី មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ឥណ្ឌូណេស៊ី​នៃ​ការ​ប្រយុទ្ធ។ លោក​ហ្សូកូវីជា​អតីត ពាណិជ្ជករ ខាងនាំចេញ​គ្រឿង​សង្ហារឹម មក​ពី​ត្រកូល​គ្រួសារ​សាមញ្ញ ដែល​គ្មាន​ប្រវត្តិ​ធ្វើ​នយោបាយ​ពីមុនមក​ទាល់តែសោះ។ ​ មុន​នឹង​ប្រកាស​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី លោក​ហ្សូកូវី ធ្លាប់​ជាប់ឆ្នោត​ជា​ចៅហ្វាយ​ក្រុង ហ្សាកាតា ​នៅឆ្នាំ ២០១២ ប៉ុន្តែ មិនដែល​ចូលរួម​នៅក្នុង​សកម្មភាព​នយោបាយ​របស់​បក្ស​ណាទេ។

 

ប្រជាប្រិយភាព​ខ្ពស់​របស់​លោកហ្សូកូវី ​បាន​ទាក់ទាញ​គណបក្ស​ប្រជាធិបតេយ្យ​​ឥណ្ឌូណេស៊ី ដើម្បី​ការប្រយុទ្ធ របស់លោក​ស្រី មេហ្គាវ៉ាទី ឲ្យ​សហការ​ ជ្រើសរើស​លោក​ហ្សូកូវី ឲ្យ​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតី។ គេ​ប្រហែល​ចាំ​លោកស្រី មេហ្គាវ៉ាទី​​ដែល​ធ្លាប់​កាន់​តំណែង​ជា​ប្រធានាធិបតី​​​ឥណ្ឌូណេស៊ី ម្តង នៅ​ឆ្នាំ ២០១០។ លោកស្រី​ម៉េហ្គាវ៉ាទេ ជា​កូនស្រីច្បង​របស់លោក​ស៊ូកាណូ ​បិតា​ប្រជាធិបតេយ្យ ស្ថាបនិកប្រទេស​ឥណ្ឌូណេស៊ី​។

 

បេក្ខជន​ប្រធានាធិបតី​លោក​ហ្សូកូ វីដូដូ នៅក្នុង​ស្តាត​ពេល​ធ្វើ​ឃោសនា​បោះឆ្នោត ថ្ងៃ​ទី ៥​កក្កដា ២០១៤
បេក្ខជន​ប្រធានាធិបតី​លោក​ហ្សូកូ វីដូដូ នៅក្នុង​ស្តាត​ពេល​ធ្វើ​ឃោសនា​បោះឆ្នោត ថ្ងៃ​ទី ៥​កក្កដា ២០១៤ REUTERS/Darren Whiteside

ដោយ​សហការ​ជាមួយ​គណបក្ស​ដ៏​ធំ​ជាងគេ​នៅ​ឥណ្ឌូណេស៊ី កូដ​ប្រជាប្រិយភាព​របស់​លោក​ហ្សូកូវីកាន់​តែ​ឡើងខ្ពស់។ លោក​ហ្សូកូវី ត្រូវ​គេ​មើល​ឃើញ​ ជាបេក្ខជន​ប្រធានាធិបតី​ដ៏សក្តិសម ព្រោះ​លោក​ជា​មនុស្សស្អាតស្អំ ​គ្មាន​ប្រឡាក់ប្រឡូស​នឹង​ស្ថាប័ន​នយោបាយ​របស់​រដ្ឋាភិបាល​​បច្ចុប្បន្ន ដែល​កំពុង​ស្អុយឈ្មោះ​ដោយសារ​អំពើពុករលួយ​ ស៊ីរូងផ្ទៃក្នុង។

ការស្ទង់មតិ​មុន​ការបោះឆ្នោត​បាន​បង្ហាញថា លោក​ហ្សូកូវី​ទទួល​បាន​ការគំាទ្រ​ច្រើន​ពី​ប្រជាជន​ឥណ្ឌូណេស៊ី​វ័យក្មេង ប្រជាជន​ក្រីក្រ ទាំងនៅក្នុង​ក្រុង និង​នៅ​ជនបទ។

លោក​ ប្រាបូវូ ស៊ូបៀនតូ មក​ពី​គណបក្ស​ហ្សឺរីនដា។ ខុសពី​លោក​ហ្សូកូវី ដែល​គ្មាន​ប្រវត្តិ​ធ្វើនយោបាយ លោក​ ប្រាបូវូ​ ជាបេក្ខជន​មក​ពី​គ្រួសារ​អ្នកធ្វើ​នយោបាយ។ លោក​ជា​កូន​ប្រសារ​​របស់​ លោក​ស៊ូហាតូ អតីត​​មេដឹកនាំ​ផ្តាច់ការដែល​ទើប​ដួលរលំ នៅ​​ឥណ្ឌូណេស៊ី នៅឆ្នាំ ១៩៩៨។ នៅ​សម័យ​គ្រប់គ្រង​របស់​ស៊ូហាតូ លោក​ ប្រាបូវូ​ធ្លាប់​​បញ្ជា​​ទ័ព និង​ជាប់ឈ្មោះ​ជា​មេដឹកនាំ​ការបង្រ្កាប​ទៅលើ​ចលនា​និស្សិត​ទាមទារ​ប្រជាធិបតេយ្យ នៅ​ឆ្នាំ ១៩៩៨។ នៅ​ក្រោយ​​ហេតុការណ៍នោះ លោកត្រូវ​បាន​គេ​ដក​ចេញ​ពីតំណែងរហូត និង​ទើប​តែ​​​លេចមុខ​ជា​​ថ្មី​ដើម្បី​ប្រជែង​យក​តំណែង​ប្រធានាធិបតី​នៅពេលនេះ។ ​​លោក ប្រាបូវូ​​បាន​ទទួល​ការគាំទ្រ​ពី​គណបក្ស​កាន់អំណាច​បច្ចុប្បន្ន​របស់​លោកប្រធានាធិបតី​អស់អាណត្តិ លោក​ ស៊ុយស៊ីឡូ បំបង យូដូយ៉ូណូ។ ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​គេ​បារម្ភ​គឺ​នយោបាយសេដ្ឋកិច្ច​​ជាតិ​និយម​របស់​បេក្ខជន​នយោបាយ ជា​ពិសេស លោក​ប្រាវូបូ ដែល​បាន​ផ្តោត​ខ្លាំង​ទៅលើ​នយោបាយ​ការពារ​ផលិតផល​ក្នុង​ស្រុក។ លោក​ប្រាវូបូ​បាន​សន្យា​ដក​ការវិនិយោគ ទៅ​លើ​ប្រេង និង​ឧស្ម័ន​ឥណ្ឌូនេស៊ី ពី​ក្រុមហ៊ុន​បរទេស។ លោក​សន្យា​ផង​ដែរ​នឹង​កាត់​បន្ថយ​ការហូរ​ចេញ​មូលធន​ទុន ដែល​រហូត​មកដល់​ពេលនេះ​ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី​ខាតបង់​ជាង ៨៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

បេក្ខជន​ទាំងពីរ​និយាយ​តែ​ពី​រឿង​ជំរុញ​កំណើន​សេដ្ឋកិច្ច ប៉ុន្តែ មិន​បាន​បង្ហាញ​លំអិត ពី​នយោបាយ​បង្កើត​ការងារ​ធ្វើ ឬ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ អំពើ​ពុករលួយ​ដែល​ជា​កង្វល់​របស់​ប្រជាជន ព្រោះវា​ជា​មេរោគ​មហារីក​ដែល​ពន្យឺត​កំណើន​សេដ្ឋកិច្ច និង​បង្កើន​ភាពក្រីក្រ​នៅ​ឥណ្ឌូណេស៊ី។
 

បេក្ខជន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក​ប្រាវូបូ ស៊ូបៀនតូ (ឆ្វេង) និង​លោក​ហ្សកូវី (ស្តាំ)
បេក្ខជន​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក​ប្រាវូបូ ស៊ូបៀនតូ (ឆ្វេង) និង​លោក​ហ្សកូវី (ស្តាំ) REUTERS/Stringer

សំឡេងឆ្នោត​ប្រផិតប្រផើយគ្នា
តាំងពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ គេ​ឃើញថា បេក្ខជន​ទាំងពីរ​ទទួល​បាន​សំឡេង​គាំទ្រ​ប្រផិតប្រផើយគ្នា។ បេក្ខជន​ទាំងពីរ​មាន​កម្មវិធី​នយោបាយ​ស្រដៀង​គ្នា​ សម្រាប់​ប្រជាជន​ឥណ្ដូណេស៊ី តាំងពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច បង្កើត​ការងារ​ធ្វើ និង​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ។ ដូច្នេះ គេ​មាន​តែ​ពិនិត្យ​មើល​លើ​បុគ្គលិក​លក្ខណៈ​របស់​បេក្ខជន​ទាំងពីរ ដើម្បី​សម្រេច​ចិត្ត​ក្នុង​ពេល​បោះឆ្នោត។

លោក​ហ្សូកូវី ឬ​អូបាម៉ា​ឥណ្ឌូណេស៊ី ត្រូវ​បាន​គណបក្សរបស់លោក​ និង​ប្រព័ន្ធផ្សព្វផ្សាយ​ក្នុង​ស្រុក​សរសេរ​ថា ជាមេដឹកនាំ​សាមញ្ញ ​ព្រោះ​នៅក្នុង​ពេល​កាន់តំណែង​ជា​ចៅហ្វាយក្រុង លោក​ធ្លាប់​ដាក់ខ្លួន​ចុះ​ជាប់​​ប្រជាជន និង​ដោះស្រាយ​គ្រប់​​បញ្ហា​ដែល​​​​ប្រជាជនជួប តាំងពី​សុខភាព អប់រំ និង​ការជាប់គាំង​ផ្នែក​រដ្ឋបាល​ជាដើម។ ការដោះស្រាយ​រាល់បញ្ហា​របស់​ប្រជាជន ធ្វើ​ឲ្យ​ប្រជាជន​សាមញ្ញ​ជាច្រើន យល់​ថា​លោក​ហ្សូកូវី នឹង​អាច​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​ យ៉ាង​មាន​ប្រសិទ្ធិភាព​ជាង​រដ្ឋាភិបាល​មុន។

ប៉ុន្តែ គណបក្ស​ប្រឆាំង​វិញ​បាន​វាយប្រហារ​ទៅលើ​លោក​ហ្សូកូវី ដោយ​ថា លោក​គ្មាន​បទ​ពិសោធន៍​ក្នុង​ការដឹកនាំ​ដោះស្រាយ​បញ្ហា​ជាតិ ឬ​អន្តរជាតិ។ មួយ​វិញ​ទៀតគេ​ថា លោកហ្សូកូវី ​ជា​កូនចៅ​ចិន ឬ​អ្នកកាន់​សាសនា​គ្រិស្ត។ ចំណុច​នេះ​សំខាន់ណាស់ ព្រោះ​នៅ​ឥណ្ឌូណេស៊ី ដែល​មាន​ប្រជាជន​ជាង​៩០​ភាគរយ កាន់សាសនា​អ៊ីស្លាម គេ​មិន​ចង់​បាន​អ្នកដឹកនាំ ដែល​មិនមែន​ជា​ជាតិ​ឥណ្ឌូណេស៊ី​សុទ្ធ ឬ​អ្នកដែលមិនកាន់​សាសនា​អ៊ីស្លាម​នោះ​ទេ។ លោក​ហ្សូកូវី ធ្លាប់​បាន​បដិសេធថា មិន​ពិត ប៉ុន្តែ ចង់ ឬ​មិនចង់ ការចោទប្រកាន់​ ​បាន​ធ្វើ​ឲ្យប៉ះពាល់​ដល់​ប្រជាប្រិយភាព​មួយ​ចំណែក​របស់លោក​ហ្សូកូវីដែរ។

នៅ​ឥណ្ឌូណេស៊ី​ប្រជាជន​​មក​ពី​គ្រួសារ​អ្នកមាន បញ្ញាវន្ត គំាទ្រ​​បេក្ខជន លោក ប្រាបូវូ។ ប្រជាជន​ឥណ្ឌូណេស៊ី​ស្រមៃ​ចង់​បាន​មេដឹកនាំ​ម៉ត់ចត់ និង​រឹងមាំ ដូចជា​លោក​ប្រាបូវូ ដែល​ធ្លាប់​មាន​ប្រវត្តិ​ជា​មេដឹកនាំ ទាហាន។ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បច្ចុប្បន្ន​ដែល​ត្រូវ​អស់អាណត្តិ​ត្រូវ​បាន​គេ​សរសើរ​ចំពោះ​នយោបាយ​របស់​លោក​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី ប៉ុន្តែ គេ​ក៏​បាន​បន្ទោសលោក​ផងដែរ ថា ស្ពឹក អសកម្មមិន​ហ៊ាន​សម្រេច​កិច្ចការ​ធំដំ និង​ មិន​អាច​លុបបំបាត់​ចោល​អំពើ​ពុករលួយដូច​ដែលលោក​បាន​សន្យា។ លោក​ប្រាវូបូវិញ​ អាច​ជា​ប្រធានាធិបតី​រឹងមាំដែល​ប្រជាជន​ឥណ្ឌូណេស៊ី​ចង់បាន ប៉ុន្តែ បញ្ហា​នៅត្រង់ថា បើ​អតីត​មេបញ្ជាការ​ទ័ព អាចឈ្នះឆ្នោត ឡើងគ្រប់គ្រង​ឥណ្ឌូណេស៊ី នោះ​ក៏មិន​ខុសអី ពី​​ឥណ្ឌូណេស៊ី​អាច​ត្រលប់​ទៅ​ស្ថិតនៅក្រោម​អំណាច​គ្រប់គ្រង​ផ្តាច់ការ​ដូច្នេះដែរ។ ប្រជាធិបតេយ្យ​ក្មេងខ្ចី​ដែល​ឥណ្ឌូណេស៊ី​ទើប​ស្គាល់​បាន​១៦​ឆ្នាំ នឹង​អាច​រលាយ​សាបសូន្យ​ទៅវិញ បើ​សិន​បេក្ខជន​ លោក ប្រាបូវូឈ្នះឆ្នោត​ប្រធានាធិបតី។

លោក​ប្រាវូបូ មាន​ប្រវត្តិរូប​ដិតដាម​ដោយ​អំពើ​ហិង្សា ការចាប់ជំរិត​ បង្រ្កាប ធ្វើ​ទារុណកម្ម​​ក្រុមនិស្សិត​ដែល​ទាមទារ​លទ្ធិប្រជាធិបតេយ្យឆ្នាំ ១៩៩៨។ ដោយសារ​ជាប់ជំពាក់​នឹង​រឿង​រំលោភសិទ្ធិមនុស្ស​ លោក​ប្រាវូបូ​ត្រូវ​បាន​សហរដ្ឋអាមេរិក​ហាម​មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​អាមេរិក។ ហ្សូកូវី ជា​បេក្ខជន​​ជាប់ឈ្មោះ​ជា​មនុស្សគ្មាន​បទពិសោធន៍ ​ជាប់​សែស្រឡាយ​ចិន និង​កាន់សាសនា​គ្រិស្ត ចំណែក​បេក្ខជន​ម្នាក់ជាប់ឈ្មោះ​ខាង​រំលោភ​សិទ្ធិមនុស្ស។ តើ​បេក្ខជន​ណា​នឹង​ឈ្នះឆ្នោត។ ប្រជាជន​ឥណ្ឌូណេស៊ី ១៥​ភាគរយ​ដែលកំពុង​រារែក​ មិន​ទាន់​គាំទ្រ​បេក្ខជន​ណាសោះនោះ ជាអ្នកសម្រេច​ជោគវាសនា នៅក្នុង​ការបោះឆ្នោត​លើកនេះ។

នៅមួយ​ម៉ោង​​ក្រោយ​បិទ​ការិយាល័យ​បោះឆ្នោត បេក្ខជន​ប្រជែង​ទាំងពីរ​អះអាងថាខ្លួន​ឈ្នះ​រៀងខ្លួន ព្រោះគេ​មើល​ទៅលើ​លទ្ធផល​បណ្តោះអាសន្ន ដែលរាប់ភ្លាមៗ នៅក្រោយ​បិទ​ទ្វារ​ការិយាល័យ។ ​ជាញឹកញយលទ្ធផល​​អាច​​ឲ្យ​គេ​ជឿ​ទុកចិត្ត​បានដែរ។ ចំណែក​ លទ្ធផល​ជា​ផ្លូវការ​នឹង​ត្រូវ​គេប្រកាស​ឲ្យ​ដឹង នៅ​ថ្ងៃ​ទី ២០ ឬ​ទី ២១​កក្កដា​ខាងមុខ។ បេក្ខជន​ដែល​នឹង​ឈ្នះឆ្នោត នឹង​ស្បថ​ចូល​កាន់តំណែង ប្រធានាធិបតី​ថ្មី​ នៅ​ខែ​តុលា​ខាងមុខ។  ​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ