អានតួអត្ថបទ
បារំាង

ខេត្ត Toulouse៖ ការ​បាញ់រះ​នៅ​មុខ​សាលារៀន Juif បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៤នាក់

នៅ​វេលា​ម៉ោង ៨​ព្រឹក​នៅ​ក្នុង​ថ្ងៃ​ច័ន្ទ ទី១៩ មីនា​នេះ បុរស​ម្នាក់​បាន​​បាញ់រះ​ទៅ​លើ​ហ្វូង​សិស្សានុសិស្ស​នៃ​អនុវិទ្យាល័យ Juif Ozar-Hatorah ក្នុង​ខេត្ត Toulouse បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៤នាក់ ក្នុង​នោះ​មាន​កូន​សិស្ស ៣នាក់។ យោង​តាម​ប៉ូលិស ជនដៃដល់​អាច​ជា​មនុស្ស​តែ​មួយ​ដែល​បាន​បាញ់​សម្លាប់​ទាហាន​បារំាង ៤នាក់​ក្នុង​ខេត្ត Toulouse និង Montauban កាល​ពី​សប្តាហ៍​មុន។

ក្រុម​ប៉ូលិស​កំពុង​ជម្លៀស​សិស្សសាលា juive Ozar Hatorah ក្នុង​ខេត្ត Toulouse
ក្រុម​ប៉ូលិស​កំពុង​ជម្លៀស​សិស្សសាលា juive Ozar Hatorah ក្នុង​ខេត្ត Toulouse AFP PHOTO / REMY GABALDA
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ប៉ូលិស និង​សាក្សី​ជា​ច្រើន​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​នឹង​ភ្នែក បុរស​ម្នាក់​បាន​ទាញ​កំាភ្លើង​បាញ់​រះ​ទៅ​លើ​ហ្វូង​ឪពុកម្តាយ និង​កូនក្មេង​ដែល​កំពុង​ប្រមូល​ផ្តុំគ្នា​នៅ​ពី​មុខ​អនុវិទ្យាល័យ Juif Ozar-Hatorah ស្ថិត​ក្បែរ​លំនៅដ្ឋាន​របស់​ប្រជាជន។ តួលេខ​ផ្តល់​ដោយ​រដ្ឋអាជ្ញា​ក្នុង​ខេត្ត Toulouse ឲ្យ​ដឹង​ថា ចំនួន​អ្នក​ស្លាប់​ទំាង ៤នាក់​នោះ មាន​គ្រូបង្រៀន​ម្នាក់ និង​កូនសិស្ស ៣នាក់ មាន​អាយុ ៣ឆ្នំា ៦ឆ្នំា និង​១០ឆ្នំា។ ក្រៅ​ពី​នោះ នៅ​មាន​អ្នក​​រងរបួស​ធ្ងន់​ចំនួន ២នាក់​ដែល​កំពុង​ព្យាបាល​បន្ទាន់​ក្នុង​មន្ទីរពេទ្យ។ ទាក់ទង​នឹង​ជនដៃដល់​វិញ​ត្រូវ​បាន​ប៉ូលិស​អះអាង​ថា ប្រហែល​ជា​មាន​កាន់​កំាភ្លើង​ចំនួន ២ដើម​ខុស​គ្នា ក្នុង​នោះ មាន​មួយ​ដើម​ដូច​គ្នា​នឹង​កំាភ្លើង​ដែល​បាន​បាញ់​សម្លាប់​ទាហាន ៣នាក់​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​ខេត្ត Toulouse និង Montauban។

ក្នុង​ករណី​នេះ​ត្រូវ​បាន​រដ្ឋអាជ្ញា​ក្នុង​ខេត្ត Toulouse ​បញ្ជាក់​ថា មាន​ភស្តុតាង​ជា​ច្រើន​ដែល​បង្ហាញ​ពី​ចំណង​ទាក់ទង​គ្នា​រវាង​ព្រឹត្តិការណ៍​បាញ់រះ​លើ​សិស្ស​សាលា​នៅ​ព្រឹកមិញ និង​ការ​សម្លាប់​ទាហាន ៣នាក់​កាល​ពី​សប្តាហ៍​កន្លង​ទៅ មាន​ន័យ​ថា ជន​ដែល​បាន​សម្លាប់​ទាហាន ៣នាក់​កាល​ពី​សប្តាហ៍​មុន និង​បាន​បាញ់រះ​លើ​ហ្វូង​សិស្សសាលា​នៅ​ព្រឹកមិញ គឺ​ជា​មនុស្ស​តែ​មួយ។

ការ​​មន្ទិល​សង្ស័យ​នេះ​ក៏​ត្រូវ​បាន​លើក​ឡើង​ដោយ​លោក​ប្រធានាធិបតី​បារំាង នីកូឡា សាកូស៊ី និង​លោក​​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ Claude Guéant ដែរ។ លោក Claude Guéant ដែល​បាន​ចេញ​បញ្ជា​ឲ្យ​មាន​ការ​ពង្រឹង​សន្តិសុខ​បន្ថែម​នៅ​តាម​សាលារៀន​របស់​ជនជាតិ Juif នៅ​ទូទំាង​ប្រទេស​បារំាង។ ក្នុង​ថ្ងៃ​នេះ លោក Claude Guéant នឹង​ជូន​ដំណើរ​លោក​ប្រធានាធិបតី​នីកូឡា សាកូហ្ស៊ី​ទៅ​កាន់​កន្លែង​កើតហេតុ​ផ្ទាល់។ ចំណែក​លោក François Hollande បេក្ខជន​ប្រធានាធិបតី​បារំាង​ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីនោះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ