អានតួអត្ថបទ
កម្ពុជា

កូដកម្ម​របស់​កម្មករ​រោងចក្រ​សាប្រ៊ីណា​ឈាន​ចូល​ដល់​ថ្ងៃ​ទី ១០

ក្រុមកម្មករ​រោងចក្រ​សាប្រ៊ីណា​ប្រមាណ​ជិត១០០០នាក់ នៅព្រឹកថ្ងៃ​ចន្ទ​នេះ​បាន​បន្ត​ប្រមូល​ផ្តុំគ្នា នៅមុខ​តុលាការ​ខេត្តកំពង់ស្ពឺ ដើម្បី​ទាមទារ​ឲ្យតុលាការ​ធ្វើការ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​របស់​ពួកគេ ៨​នាក់ ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួនបណ្តោះអាសន្ន ​ក្នុង​ពន្ធនាគារ​ខេត្ត ដោយ​ចោទពី​បទ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បតិ្ត​រោងចក្រ កាលពីថ្ងៃ​៣ មិថុនា​កន្លងទៅនេះ។ ទោះ​យ៉ាងណា មេធាវី​ការពារ​ក្តី​កម្មករ​ដែល​កំពុង​ជាប់ឃុំ​បណ្តោះអាសន្ន​បាន​ថ្លែងបញ្ជាក់​ថា ខ្លួន​នឹង​ធ្វើការ​ប្តឹង​ឧទ្ធរណ៍ នៅថ្ងៃអង្គារ​ទី ១១​មិថុនា ២០១៣ ប្រសិនបើ តុលាការ នៅតែ​មិនដោះលែង​តាម​ការស្នើសុំ​របស់ខ្លួន។ 

កម្មករ​កាត់ដេរ​ក្រុមហ៊ុន​សាប្រ៊ីណា​ធ្វើ​កូដកម្ម​នៅ​ខេត្ត​កំពង់ស្ពឺ
កម្មករ​កាត់ដេរ​ក្រុមហ៊ុន​សាប្រ៊ីណា​ធ្វើ​កូដកម្ម​នៅ​ខេត្ត​កំពង់ស្ពឺ ©reuters
ផ្សាយពាណិជ្ជកម្ម

ឈាន​ចូលមួយ​សប្តាហ៍ហើយ គិតត្រឹម​ថ្ងៃចន្ទ ទី ១០ មិថុនានេះ ដែល​ក្រុម​កម្មករ​នៃ​រោងចក្រ​សាប្រ៊ីណា ប្រមាណ​ជិត ១០០០​នាក់​បាន​បន្ត​ធ្វើការ​ទាមទារ នៅមុខ​តុលាការ​ខេត្ត​កំពង់ស្ពឺ ដើម្បីសុំ​ឲ្យ​តុលាការ​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​របស់​ពួក​គេ ៨​រូប ដែលត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន ​ក្នុង​ពន្ធនាគារ​ខេត្ត។

ការស្នើសុំ​របស់​ក្រុម​កម្មករ ក៏​បាន​ធ្វើឡើង ក្រោយពេល​ដែល​តំណាង​មេធាវី​ការពារ​ក្តី​ឲ្យ​កម្មករ ទាំង ៨​រូប ដែល​កំពុង​ជាប់ឃុំ បាន​ដាក់​សំណើ កាលពី​ថ្ងៃទី ៦មិថុនា កន្លងទៅ នៅ​តុលាការ​ខេត្ត​កំពង់ស្ពឺ សុំឲ្យ​កូនក្តី​របស់ខ្លួន នៅ​ក្រៅឃុំ​ជា​បណ្តោះអាសន្ន។ ប៉ុន្តែ សំណើ​នេះ ត្រូវបាន​តុលាការ​ខេត្តកំពង់ស្ពឺ​ធ្វើការ​បដិសេធ ដោយ​សំអាង​ហេតុផល​ថា ជា​រឿង​ធ្ងន់ធ្ងរ ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ភាព​ចលាចល ដល់​រោងចក្រ ខណៈ​ដែល​ការស៊ើបអង្កេត​របស់​តុលាការ នៅមិនទាន់​បាន​ចាប់ផ្តើម នៅឡើយនោះ។ នេះ​បើ​តាម​ការអះអាង​របស់​លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ដែលបាន​ចុះ​ទៅមើល​ការតវ៉ា​របស់កម្មករ នៅពីមុខ​តុលាការ​ខេត្តកំពង់ស្ពឺ នៅថ្ងៃចន្ទ ទី ១០ មិថុនា។

គួរ​បញ្ជាក់​ថា មន្ត្រី​សហជីព ៨​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ និង​ឃុំ​ខ្លួន​ជុំវិញ​ការបង្ក​អំពើ​ហិង្សា​ក្នុង​ការប៉ះ​ទង្គិច ពេល​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ​បន្ថែម កាលពី​ថ្ងៃ៣ មិថុនា​កន្លងទៅ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ក្នុង​រោងចក្រ​សាប្រ៊ីណា ដែល​ជា​រោងចក្រ​ស៊ី​ឈ្នួល​ផលិត​សម្លៀកបំពាក់​កីឡា​ល្បី​របស់​ក្រុមហ៊ុន ណៃគី (Nike) នៅ​សហរដ្ឋអាមេរិក ។

ទោះយ៉ាង​ណា មេធាវី​ការពារ​ក្តី​កម្មករ​ដែល​កំពុង​ជាប់ឃុំ​បណ្តោះអាសន្ន​បានថ្លែង​បញ្ជាក់ថា ខ្លួននឹងធ្វើការប្តឹងឧទ្ធរណ៏ នៅថ្ងៃស្អែក ប្រសិនបើ តុលាការ នៅតែ​មិនដោះលែង​តាម​ការស្នើសុំ​របស់ខ្លួន ដើម្បី​ឲ្យតុលាការ​សាលាឧទ្ធរណ៍​សម្រច​លើ​រឿងនេះ។ នេះបើ​តាម​មេធាវី​ប្រចាំ​សហជីព​សេរីកម្មករ លោក គុជ រដ្ឋា ដែលបានថ្លែង​ប្រាប់​វិទ្យុបារាំង នៅថ្ងៃចន្ទនេះ។

ចំណែក​លោក ឆឹម ឫទ្ធី ចៅក្រម​ស៊ើបអង្កេត​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដែល​កាន់​សំណុំរឿង​នេះបាន​ថ្លែង​បញ្ជាក់ថា នៅថ្ងៃចន្ទ​នេះ​ថា មូលហេតុ​ដែល​តុលាការ​ច្រានចោល​ការសុំនៅ​ក្រៅឃុំ​បណ្តោះអាសន្ន​របស់​កម្មករ​សង្ស័យ​ទាំង​៨នាក់ ដោយសារ​នីតិវិធី​នៃ​ការស៊ើបអង្កេត​របស់​តុលាការ​នៅមិន​ទាន់​ចាប់ផ្តើម ហើយវា​ជា​ការខុស​នីតិវិធី​របស់​ច្បាប់ផង​ដែរ ខណៈ​ដែលដើម​បណ្តឹង​ដែលមាន​ខាង​រោងចក្រ និងកម្មករផង​នោះបាន​ជំទាស់​នឹង​ការស្នើសុំ នៅក្រៅ​ឃុំនេះ។
រោងចក្រ​កាត់​ដេរ សាប្រ៊ីណាដែល​ជា​រោងចក្រ​ស៊ី​ឈ្នួល​ផលិត​សម្លៀកបំពាក់​កីឡា​ល្បី​របស់​ក្រុមហ៊ុន ណៃគី (Nike) បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សមត្ថកិច្ច​ទារ​ថ្លៃ​ខូចខាត​ទ្រព្យ​សម្បត្តិ និង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន១៥​ម៉ឺន​ដុល្លារ ពី​មន្ត្រី​សហជីព ៨​នាក់ ដោយ​ចោទ​ថាបាន​បង្ក​កូដកម្ម រហូត​ឈាន​ទៅ​ផ្ទុះ​ហិង្សា​កើត​ឡើង កាល​ពី​ថ្ងៃ​ទី៣ខែ​មិថុនា និង​ធ្វើ​ឲ្យ​ខូច​ខាត​អគារ និង​ទ្រព្យ​សម្បត្តិសម្ភារៈ​រោងចក្រ​យ៉ាង​ធ្ងន់ធ្ងរ។ ប៉ុន្តែលោក ជា មុន្នីនៅតែបដិសេធ ថាកម្មករ​ទាំង ៨នាក់​នោះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ហឹង្សានោះ​ទេ ដោយ​អះអាង​ថា លោក​សុខចិត្ត​ជាប់​ពន្ធនាគារ​ជំនួស​កម្មករ​ទាំងអស់​នោះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ