អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

គ្រោះអាសន្ន​ថ្មីនៃ​សម័យ​អ៊ីនធើនែត ​ដែល​មិន​ត្រូវ​មើល​រំលង ​គឺ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិភពលោក​​ កាន់តែ​រីក​ចំរើន ​ក្នុង​យុគ​សម័យ​នៃ​បច្ចេកវិទ្យា​ទំនើប ​ទូរស័ព្ទ​ស្មាតហ្វូន ​តាប្លែត ​ម៉ាស៊ីន​កុំព្យូទ័រ​ ដើរ​យ៉ាង​រហ័ស​ ជាមួយ​នឹង​បណ្តាញ​អ៊ីនធើនែត​ ដែល​មាន​ល្បឿន​កាន់​តែ​លឿន។ គេ​អាច​ទាក់ទង​គ្នា​ ផ្តល់​តំណឹង​ឲ្យ​គ្នា ​ផ្ទេរ​ប្រាក់ ​ប្រកប​មុខ​របរ ​អាជីវកម្ម​លក់ដូរ ​ផ្សាយ​ពាណិជ្ជកម្ម​ នៅ​តាម​បណ្តាញ​អ៊ីនធើនែត ​បាន​យ៉ាង​ទូលំ​ទូលាយ។​ តែ​ទន្ទឹម​គ្នា​នេះ ​ការ​រីក​ចំរើន​នៃ​បច្ចេកវិទ្យា​នេះ ​បាន​ធ្វើ​ឲ្យ​លេច​ឡើង​ នូវ​សកម្មភាព​ឧក្រិដ្ឋ ​បែប​ថ្មី​មួយ​ទៀត ​ដែល​គេ​ហៅថា​ Cyber Attack ​ឬ​ការ​វាយ​ប្រហារ ​តាម​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា។

អ៊ីនធើនែត ជាបណ្តាញចាក់ស្រែស ដែលអនុញ្ញាត​ឲ្យចោរទុច្ចរិត ​អាចចូល​ទៅវាយ​ប្រហារ​ប្រព័ន្ធមួយ​ ​ដោយ​ងាយ​ បើ​ប្រព័ន្ធ​នោះ​​​គ្មាន​​រនាំង​​ការពារ​
អ៊ីនធើនែត ជាបណ្តាញចាក់ស្រែស ដែលអនុញ្ញាត​ឲ្យចោរទុច្ចរិត ​អាចចូល​ទៅវាយ​ប្រហារ​ប្រព័ន្ធមួយ​ ​ដោយ​ងាយ​ បើ​ប្រព័ន្ធ​នោះ​​​គ្មាន​​រនាំង​​ការពារ​ Oliver Nicolaas Ponder / EyeEm
ផ្សាយពាណិជ្ជកម្ម

ការ​វាយ​ប្រហារ ​ដែល​ជន​ទុច្ចរិត ​បាន​ចូល​មក​លួច​ទិន្ន័យ ​និង​បំផ្លាញ​ដំណើរការ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​​របស់​ក្រុមហ៊ុន​ ឬ​ស្ថាប័ន​ផ្សេងៗ ​បាន​កើន​ឡើង​ជា​លំដាប់​ និង​កាន់​តែ​សាហាវ​ធ្ងន់ធ្ងរ​ទៅ។ នេះ​គឺ​ជា​ការ​គំរាម​កំហែង​មួយ ​ដែល​អាជ្ញាធររដ្ឋ ​មិន​ត្រូវ​មើល​រំលង​ឡើយ។

ជាមួយ​នឹង​បណ្តាញ​អ៊ីនធើនែត ​ ប្រកប​ដោយ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ​ ​ដ៏​លឿន​រហ័ស  ​ពិភពលោក​យើង​បច្ចុប្បន្ន ​ហាក់​ដូច​ជា​បាន​រួម ​តូច​ទៅៗ។ អ៊ីនធើនែត ​ជា​បង្អួច​បើក​ចំហរ ​ឲ្យ​​យើង​អាច​មើលឃើញ ​ស្តាប់​ឮ ​និង​ឈោង​ចាប់​ពិភព​ខាង​ក្រៅ ​នៅ​ឯ​តំបន់​ផ្សេងៗ​ទៀត ​ជុំវិញ​ពិភពលោក ​បាន​យ៉ាង​ងាយ។ ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ ប្រៀប​បាន​ដូចជា​​ប្រព័ន្ធ​ចាក់ស្រែស ​ខ្វាត់ខ្វែង ​ជុំវិញ​ពិភពលោក ​ ដែល​យើង​មិន​អាច​មើលឃើញ​រូបរាង្គ​វា​ពិត​ប្រាកដ។

សតវត្ស​ទី​២១​ ក្រុមហ៊ុន ​ស្ថាប័ន​ឯកជន ​ ឬ​ស្ថាប័ន​រដ្ឋ​ទាំងអស់ ​ទូទាំង​ពិភពលោក ​ ត្រូវការ​ម៉ាស៊ីន​កុំព្យូទ័រ ​និង​បណ្តាញ​អ៊ីនធើនែត ជា​ចាំបាច់ ​ដើម្បី​ផ្ញើរ ​និង​ផ្ទុក​ទិន្ន័យ។ ក៏​ប៉ុន្តែ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​ស្ថាប័ន​នីមួយៗ​ វា​ត​ភ្ជាប់​គ្នា ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើនែត​ នេះ​តែម្តង។ គឺ​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើនែត​នេះ​ហើយ ​​ ដែល​ជន​ទុច្ចរិត​មួយ​ចំនួន​ បាន​ប្រើប្រាស់​ជា​ផ្លូវ​ ដើម្បី​បន្លំ​ចូល​ទៅ​លុកលុយ​ក្នុង​ប្រព័ន្ធ​នីមួយៗ។

ជន​ទុច្ចរិត​ប្រភេទ​នេះ​ ដែល​ជា​ទូទៅ​គេ​ហៅថា​ ជា​ចោរ​ព័ត៌មាន​វិទ្យា​នោះ ​ ធ្លាប់​បា​នប្រើប្រាស់​វិធី​នេះ ​ ដើម្បី​ចូល​ទៅ​លួច​ទិន្ន័យ​ របស់​ក្រុមហ៊ុន ​ឬ​ស្ថាប័ន​នានា។ បន្តិច​ម្តងៗ ​ សកម្មភាព​ទុច្ចរិត​នេះ  ​បាន​ប្រែ​ក្លាយ​រូបរាង​ទៅ​កាន់​តែ​ធំ ​ និង​បង្ក​ផល​ប៉ះពាល់ ​យ៉ាង​ធ្ងន់ធ្ងរ​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ពីការ​ចូល​ទៅ​លួច​យក​ទិន្ន័យ​របស់​ក្រុមហ៊ុន​ឯកជន ​ក្រុម​ចោរ​ព័ត៌មានវិទ្យា ​បាន​ឈាន​ទៅ​លុក​លុយ​ស្ថាប័ន​ធំៗ​របស់​រដ្ឋ ​ដើម្បី​ប្រមូល​យក​ទិន្ន័យ ​ឬ​ឯកសារ​សំងាត់​ផ្សេងៗ​។ ឧទាហរណ៍ ​ដូចជា​ការ​វាយ​ប្រហារ​ទៅលើ​គេហទំព័រ​របស់​រដ្ឋាភិបាល ​អេស្តូនី។ ក្រោយ​មក​ទៀត ​ក្រុម​ចោរ​ព័ត៌មានវិទ្យា​ បាន​វាយ​ប្រហារ​ ទៅ​លើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​របស់​ក្រុមហ៊ុន​ប្រេង ​Saudi Aramco  ​ផលិតកម្ម​ភាពយន្ត ​Sony Picture Entertainment ​ស្ថានីយ៍​ទូរទស្សន៍​បារាំង ​TV5 Monde ​ឬ​ស្ថានីយ៍​ទូរទស្សន៍​កូរ៉េ​ខាង​ត្បូង​ជា​ដើម។

ប៉ុន្តែឆ្នាំ​២០១៧​នេះ  ​ពិភព​ព័ត៌មានវិទ្យា ​បាន​រញ្ជួយ ​ដោយសារ​មាន​ការ​វាយ​ប្រហារ ​បែបថ្មី ​យ៉ាង​សាហាវ ​ក្នុង​ទ្រង់ទ្រាយ​ធំ ​មិន​ធ្លាប់​មាន​ ទូទាំង​ពិភពលោក ​ក្នុង​ពេល​ព្រមគ្នា។ ខែ​ឧសភា ​ការ​វាយ​ប្រហារ​ឈ្មោះ Wannacry ​បាន​ប្រើ​កម្មវិធី​មួយ​ ជា​ប្រភេទ​កម្មវិធី ​ដែល​ចាប់​ម៉ាស៊ីន​កំព្យូទ័រ ​ឬ​ប្រព័ន្ធ​ដែល​រងគ្រោះ​ទាំងអស់​ ជា​ចំណាប់​ខ្មាំង ​ជា​ថ្នូរ​នឹង​ប្រាក់​លស់ ​យ៉ាង​សន្ធឹក​សន្ធាប់។ ការ​វាយ​ប្រហារ​នេះ ​បាន​ធ្វើ​ឲ្យ​គាំង ​ម៉ាស៊ីន​កុំព្យូទ័រ​រាប់សែន​ នៅ​ទូទាំង​ពិភពលោក ​ហើយ​បាន​ធ្វើ​ឲ្យ​រាំងស្ទះ ​ដល់​ដំណើរការ​របស់​ប្រព័ន្ធ​គ្រប់គ្រង​សេវា​សុខភាព ​របស់​អង់គ្លេស  ​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ផ្លូវដែក ​របស់​អាល្លឺម៉ង់ ​និង​រោងចក្រ​របស់​រថយន្ត​Renault​ របស់​បារាំង​ជាដើម។

បើតាម​ប្រសាសន៍​របស់​លោក ​Guillaume Poupard ​មន្ត្រី​ជំនាញ​នៅ​ភ្នាក់ងារ​សន្តិសុខ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​បារាំង ​បាន​លើកឡើង ​ថា​ការ​វាយ​ប្រហារ​ឈ្មោះ ​Wannacry ​គឺ​ជា​ការ​វាយ​ប្រហារ ​សំដៅ​ចង់​បាន​លុយ​សុទ្ធសាធ។ ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​បំផុត ​គឺ​ការ​វាយ​ប្រហារ​ប្រភេទ​ថ្មី​មួយ​ទៀត ​ ដែល​មាន​គោលដៅ​ចង់​បំផ្លាញ ​ធ្វើ​ឲ្យ​ខូច​ដំណើរការ ​ឬ​ធ្វើ​ឲ្យ​ក្រុមហ៊ុន ​ស្ថាប័ន​នានា ​ខាតបង់​ប្រាក់​ចំណេញ។

ឧទាហរណ៍ ​ការ​វាយ​ប្រហារ ​កាល​ពី​ខែ​មិថុនា ​ឈ្មោះថា​ NotPetya។ ការ​វាយ​ប្រហារ​នេះ ​ត្រូវ​បាន​អ្នក​ជំនាញ​លើក​ឡើង​ថា ​គឺ​ដើម្បី​កំទេច ​ធ្វើ​ឲ្យ​រាំងស្ទះ ​និង​ខាត​ប្រាក់។ ការ​វាយ​ប្រហារ​នេះ ​បាន​សំដៅ ​បំផ្លាញ ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ​នៃ​ស្ថាប័ន​ពន្ធដា ​របស់​ប្រទេស​អ៊ុយក្រែន។ ក្នុង​ចំណោម​អ្នក​រងគ្រោះ ​គឺ​ក្រុមហ៊ុន​បារាំង ​មួយ​ឈ្មោះ​ Saint Gobain ​ដែល​ជា​ក្រុមហ៊ុន​ផលិត​សម្ភារៈ​សំណង់ ​បាន​ខាតបង់​ប្រាក់ ​ដល់​ទៅ ​២៥០​លាន​អឺរ៉ូ។

លោក ​Guillaume Poupard ​ពន្យល់​ថា ​កាល​ពី​មុន​ គេ​ធ្លាប់​ឃើញ​ការ​វាយ​ប្រហារ​ព័ត៌មានវិទ្យា ​ដែល​ក្រុម​ចោរ ​បាន​ចូល​ទៅ​លួច​យក​ទិន្ន័យ ​សំងាត់ ​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ។ ក៏ប៉ុន្តែ​ ​ជា​មួយ​នឹង​ការ​វាយ​ប្រហារ​ ឈ្មោះ ​Wannacry ​និង​ NotPatya ​គឺក្រុមហ៊ុន ​ឬ​ស្ថាប័ន​រងគ្រោះ  ​ត្រូវ​ជាប់គាំង​លែង​ដំណើរ ​ជាង​១០​ថ្ងៃ​ក៏​មាន។ បញ្ហានេះ​ បាន​ញ៉ាំង​ឲ្យ​អ្នក​ជំនាញ​ព័ត៌មាន​វិទ្យា​ទាំង​អស់ ​ ចាប់​ផ្តើម​គិត​គូរ ​ ពី​វិធីសាស្ត្រ ​ក្នុង​ការ​បង្ការ​គ្រោះថ្នាក់​  ប្រភេទ​នេះ។

ក្រៅពី​ចេតនា​ចង់​បំផ្លាញ ​និង​ ចង់​បាន​ប្រាក់​ចំណេញ  ​ការ​វាយ​ប្រហារ​បែប​ព័ត៌មានវិទ្យា​ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​  ក៏​មាន​ទ្រង់ទ្រាយ​ជា​លក្ខខណៈ​នយោបាយ ​ បំរើ​ឲ្យ​ផល​ប្រយោជន៍​ របស់​ប្រទេស​ណា​មួយ។ ក្រុមចោរ​ព័ត៌មានវិទ្យា​ ដែល​ស៊ី​ឈ្នួល​ធ្វើ​សកម្មភាព​ទាំង​នេះ ​មាន​នៅ​ពាសពេញ​ពិភពលោក  ​ដែល​ធ្វើ​ឲ្យកាន់​តែ​ពិបាក​ដល់​ការ​កំណត់​មុខ​សញ្ញា។

ចាប់ពីថ្ងៃ​ពុធ ​ទី​ ១១ ​តុលា​នេះ ​ដល់ថ្ងៃ​សុក្រ ​ទី ​១៣ ​តុលា  ​ក្រុម​អ្នក​ជំនាញ​គ្រប់គ្រង​សន្តិសុខ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ នៅ​បារាំង​ និង​អឺរ៉ុប​ នឹង​បើក​ការ​ប្រជុំ​ពិភាក្សាគ្នា ​នៅ​បុរី​ម៉ូណាកូ ​ដោយ​មាន​ការ​ចូលរួម​ ពីតំណាង​ក្រុមហ៊ុន​ឯកជន​ធំៗ ​និង​អាជ្ញាធរ​ជាតិ​បារាំង​ ទទួល​បន្ទុក​សន្តិសុខ​ព័ត៌មានវិទ្យា។

លោក​ Guillaume Poupard ​តំណាង​អាជ្ញាធរ​ជាតិ​បារាំង​ទទួល​បន្ទុក​សន្តិសុខ​ព័ត៌មានវិទ្យា ​បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន​នេះ ​យើង​គ្រប់គ្នា ​កំពុង​តែ​មើល​ស្រាល ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ​ពេក​ណាស់។ ថ្វីបើ​ការ​អភិវឌ្ឍន៍​កម្មវិធី​ការពារ​សន្តិសុខ​ព័ត៌មានវិទ្យា​ ត្រូវ​ការ​ការ​ចំណាយ​ប្រាក់ ​យ៉ាង​ច្រើន ​តែនេះ​គឺ​ជា​ការ​ចាំបាច់ ​ដើម្បី​ដើរឲ្យ​បាន​មួយ​ជំហាន ​មុន​ក្រុម​ចោរ​ទុច្ចរិត។ ក្រុមហ៊ុន​ទាំងអស់ ​មិន​ថា​ធំ ​មិន​ថា​តូច ​មិនអាច​មិន​មាន​ប្រព័ន្ធ​ការពារ​សន្តិសុខ​ព័ត៌មានវិទ្យា​នេះ​ បាន​ទេ។​

ដូច្នេះ ​អ្នក​ជំនាញ​បច្ចេកទេស ​ត្រូវតែ​បង្កើន​ការ​ស្រាវជ្រាវ​ ផលិត​កម្មវិធីថ្មី​ ដែល​រឹងមាំ ​ហើយ​ដែល​ឆ្លើយតប​ទៅគ្រប់​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​របស់​ក្រុមហ៊ុន ​ឬ​ស្ថាប័ន​នីមួយៗ ទៅតាម​ទំហំ ​តូច​ឬ​ធំ ​ មិនមែន​ធ្វើ​សម្រាប់ ​តែ​ក្រុមហ៊ុន​យក្ស ​ដែល​មាន​ប្រាក់​ចំណូល ​រាប់រយ​លាន​នោះ​ទេ។ ហើយ​គេ​ក៏ត្រូវ​ការ​ការ​ចូលរួម ​ឲ្យបាន​ច្រើន​ពី​ក្រុមហ៊ុន​តូចតាច ​ដែល​រង​គ្រោះដែរ ​ព្រោះថា​កន្លង​មក​ ក្រុមហ៊ុន​ទាំង​នោះ ​បាន​លាក់បាំង​ មិន​ចង់​ឲ្យគេ​ដឹង​ថា​ខ្លួន​ បាន​រង​គ្រោះ​ដោយ​ការ​វាយ​ប្រហារ​ទេ ​ដោយសារ​ខ្លាច​ខូច​មុខ​មាត់​ក្រុមហ៊ុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ