សហរដ្ឋអាមេរិកដកខ្លួន ចេញពីកិច្ចព្រមព្រៀងពិភពលោកស្តីពីជនភៀសខ្លួន និងជនអន្តោប្រវេសន៍
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៨
នៅថ្ងៃអាទិត្យម្សិលមិញនេះ អគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានចេញលិខិតមួយ ជាផ្លូវការ ដោយយោងតាមសេចក្តីសម្រេចចិត្ត របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា សហរដ្ឋអាមេរិកសុំដកខ្លួន ចេញពីកិច្ចព្រមព្រៀងពិភពលោកស្តីពីជនអន្តោប្រវេសន៍ ចាប់ពីពេលនេះទៅ។ ការសម្រេចដកខ្លួន របស់រដ្ឋាភិបាលលោកដូណាល់ ត្រាំនេះ បានធ្វើឲ្យអង្គការសហប្រជាជាតិ ក៏ដូចជា ក្រុមអង្គការមនុស្សធម៌ ដែលធ្វើការ ក្នុងវិស័យអន្តោប្រវេសន៍នេះ មានការស្រង៉ាកចិត្ត ជាខ្លាំង ជាពិសេសបច្ចុប្បន្ននេះ បញ្ហាជនភៀសខ្លួន និងជនអន្តោប្រវេសន៍ កំពុងតែចោទឡើង យ៉ាងធ្ងន់ធ្ងរ ដែលតំរូវឲ្យមានការសហការគ្នា ទូទាំងពិភពលោក។
ដកខ្លួនចេញ ទាំងដែលកិច្ចព្រមព្រៀង មិនទាន់ចេញរូបរាង្គផ្លូវការ
កិច្ចព្រមព្រៀងស្តីពីជនអន្តោប្រវេសន៍នេះ ស្ថិតក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ។ តាមពិតទៅ កិច្ចព្រមព្រៀង នៅមិនទាន់ចេញជារូបរាង្គ មានលាយលក្ខណ៍អក្សរ អ្វីនៅឡើយទេ ។ គឺក្រុមការងារកំពុងតែរៀបចំចរចា និងធ្វើសេចក្តីព្រាង។ កិច្ចព្រមព្រៀងនេះ កើតចេញពី ពីមហាសន្និបាទ នៃអង្គការសហប្រជាជាតិនៅខែកញ្ញា ឆ្នាំ២០១៦ ដោយប្រទេសទាំង១៩៣ ប្រទេស បានមូលមតិគ្នា ជាឯកច្ឆ័ន ចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយ មានឈ្មោះថា សេចក្តីប្រកាសទីក្រុងញូយ៉ក ស្តីជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។
ដោយឈរលើមូលដ្ឋាននៃសេចក្តីប្រកាសនេះ គឺឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការជនភៀសខ្លួន UNHCR ដែលនឹងត្រូវរៀបចំសេចក្តីព្រាងមួយ ដើម្បីឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងចុងក្រោយ ដែលនឹងត្រូវចុះហត្ថលេខ បោះឆ្នោត នៅមហាសន្និបាទអង្គការសហប្រជាជាតិ ចុងឆ្នាំ២០១៨ ខាងមុខ។
ជារួមកិច្ចព្រមព្រៀងនេះ មានទិសដៅ និងទស្សនវិស័យ រៀបចំឲ្យមាន ក្របខណ្ឌសហប្រតិបត្តិការពិភពលោក គ្រប់ប្រទេសទាំងអស់ ដើម្បីការពារ និងសង្រ្គោះ ជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។ ផ្នែក២ធំនៃកិច្ចព្រមព្រៀងនេះ គឺទីមួយកំណត់ពីក្របខណ្ឌ និងដំណោះស្រាយឆ្លើយតបទៅនឹងបញ្ហានីមួយ ដាច់ដោយឡែក ហើយទីពីរ គឺ កំណត់នូវកម្មវិធីចុះប្រតិបត្តិការ។ កិច្ចព្រមព្រៀងស្តីពីជនភៀសខ្លួន និងជនអន្តោប្រវេសន៍នេះ មិនមែនគ្រាន់តែព្រមព្រៀងគ្នា ទទួលយកជនភៀសខ្លួនម្នាក់បន្តិត ឬក៏ផ្តល់ជំនួនសង្រ្គោះដល់ជនភៀសខ្លួននោះទេ។ ទាំងអស់នេះ វាចាំបាច់ហើយ តែមិនមែនជាដំណោះស្រាយយូរអង្វែងទេ។
អ្វីដែលក្រុមការងារ របស់UNHCR ក៏ដូចជា IOM ចង់បានគឺដំណោះស្រាយយូរអង្វែង ដែលទាក់ទងដោយផ្ទាល់ ជាមួយប្រភពនៃការធ្វើចំណាកស្រុក ដូចជាបញ្ហាសេដ្ឋកិច្ចភាពក្រីក្រ សង្គ្រាម គ្រោះធម្មជាតិ ជាដើម។ ក្នុងករណីដែលជនភៀសខ្លួន នៅតែបន្តធ្វើដំណើរចេញ មានន័យថា ត្រូវមានកិច្ចសហការឲ្យបានទូលំទូលាយ រវាងប្រទេសឆ្លងកាត់ទាំងអស់។ ធ្វើយ៉ាងណា ឲ្យការបំលាស់ទី ការធ្វើដំណើររបស់ក្រុមជនភៀសខ្លួន ឬជនអន្តោប្រវេសន៍ត្រូវធ្វើដោយមានសន្តិសុខ សុវត្ថិភាព និងមានការទទួលគាំព៌ា គោរពសិទ្ធិពួកគេឲ្យបានពេញលេញ ក្នុងនាមជាជនអន្តោប្រវេសន៍ និងជនភៀសខ្លួន។
ផ្ទុយពីឯករាជ្យអធិបតេយ្យភាព របស់សហរដ្ឋអាមេរិក
នៅក្នុងលិខិត ដែលអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានផ្ញើរទៅលោក ការិយាល័យអង្គមហាសន្និបាទអង្គការសហប្រជាជាតិ បានសរសេរដោយខ្លីថា៖ “កិច្ចព្រមព្រៀងពិភពលោក ស្តីពីជនអន្តោប្រវេសន៍នេះ មានកំណត់នូវខ្លឹងសារជាច្រើនចំនុច ដែលវាមិនស្រប ជាមួយនឹងគោលនយោបាយរួម របស់សហរដ្ឋអាមេរិក ទាក់ទិននឹងគ្រប់គ្រងជនអន្តោប្រវេសន៍ និងជនភៀសខ្លួននេះ”។ លិខិតសរសេរបន្តថា៖ “កិច្ចព្រមព្រៀងនេះ ក៏ផ្ទុយទៅនឹងគោលការណ៍ធំៗ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចដាក់ចុះដែរ”។
សរសេររ៉ាយរ៉ាប់ តែប៉ុណ្ណេះ អគ្គរដ្ឋទូតអាមេរិក មិនបានបញ្ជាក់លំអិតថា ចំណុចដែលមិនស្រប ឬផ្ទុយនោះ មានចំណុចអ្វីខ្លះទេ។ ដោយឡែក បើយោងតាមប្រសាសន៍ របស់លោកស្រី Nikki Harley អគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិតែម្តង បានឲ្យដឹងថា គឺគោលការណ៍រួម ក្នុងក្របខណ្ឌសកលលោក នៃកិច្ចព្រមព្រៀងនេះតែម្តង ដែលផ្ទុយពីឯករាជ្យអធិបតេយ្យភាព របស់សហរដ្ឋអាមេរិក។
សុរបទៅ អ្វីដែលរដ្ឋាភិបាលលោកដូណាល់ ត្រាំមិនចង់ទទួលយក គឺការដែលយកបញ្ហាជនភៀសខ្លួន ឬជនអន្តោប្រវេសន៍នេះ ទៅដោះស្រាយ ក្នុងក្របខណ្ឌរួមរបស់សកលលោក។ រដ្ឋាភិបាលអាមេរិក របស់លោក ដូណាល់ ត្រាំ គិតថា បញ្ហាជនអន្តោប្រវេសន៍ ឬជនភៀសខ្លួននេះ គឺជាបញ្ហាផ្ទាល់របស់អាមេរិក តែម្នាក់ឯងគត់ អាមេរិក ចង់ទទួល មិនចង់ទទួល ចង់ជួយ ឬមិនចង់ជួយ គឺជាជំរើសរបស់អាមេរិក។ ពោលគឺជានយោបាយបិទទ្វារ មិនខ្វល់ នរណាស្លាប់ នរណារស់ទេ សំខាន់អាមេរិក គិតប្រយោជន៍អាមេរិកជាធំ។ យ៉ាងណាមិញ យើងបានឃើញរួចមកហើយ នូវ វិធានការដ៏តឹងតែងរបស់លោកដូណាល់ ត្រាំ ទាក់ទិននឹងវិស័យគ្រប់គ្រងជនភៀសខ្លួន ជនអន្តោប្រវេសន៍នេះ ចាប់តាំងពីគាត់ឡើងកាន់អំណាចមក។
បញ្ហាអន្តោប្រវេសន៍និងជនភៀសខ្លួន គឺជាបញ្ហាសកល ដែលត្រូវឲ្យមានដំណោះស្រាយរួមក្នុងក្របខណ្ឌសកល
គ្មានអ្វីក្រៅតែការសោកស្តាយនោះទេ ចំពោះការដកខ្លួនសហរដ្ឋអាមេរិកចេញនេះ។ លោក Miroslav Lajcak ប្រធានអង្គមហាសន្និបាទ អង្គការសហប្រជាជាតិ បានផ្ញើរលិខិត មួយតបទៅវិញ ដោយបានលើកឡើងថា៖ “បញ្ហាជនភៀសខ្លួន និងជនអន្តោប្រវេសន៍ គឺជាបញ្ហារួម ជាបញ្ហាសកល មិនមែនទាក់ទង តែនឹងប្រទេសណាមួយ តែម្នាក់ឯងនោះទេ។ ដូច្នេះ យើងត្រូវតែមានដំណោះស្រាយរួម សហប្រតិបត្តិការក្នុងក្របខណ្ឌសកលលោកទាំងមូល”។ ជាចុងក្រោយលោកឆ្លៀតបន្ថែមថា៖ “កិច្ចសហប្រតិបត្តិការចំរុះ និងការសាមគ្គីគ្នា គឺជាវិធីតែមួយគត់ ដើម្បីដោះស្រាយវិបត្តិនានា នៅក្នុងសកលលោកយើងបច្ចុប្បន្ននេះ”។
គួរកត់សម្គាល់ថា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧នេះ រដ្ឋាភិបាលរបស់លោកដូណាល់ ត្រាំ បានដើរចេញឆ្ងាយ ពីគោលការណ៍រួម នៃការសាមគ្គីសហការគ្នាក្នុងក្របខណ្ឌសកល។ លោកដូណាល់ ត្រាំ មានគោលនយោបាយអត្មានិយម បិទទ្វារ ចង្អៀតចង្អល់ជាទីបំផុត។ គោលនយោបាយរបស់លោកដូណាល់ ត្រាំ គឺវាផ្ទុយស្រលះ ដូចមេឃនឹងដី ពីគោលនយោបាយរបស់ លោក អូបាម៉ា។ ហើយអ្វីដែលលោកអូបាម៉ា បានសម្រេចបាន គឺលោកត្រាំកំពុងតែបំផ្លាញម្តងមួយៗ។
ជាក់ស្តែង កិច្ចព្រមព្រៀទទីក្រុងប៉ារីស ស្តីពីអាកាសធាតុ ដែលគ្រប់ប្រទេសទាំងអស់ បានព្យាយាមតស៊ូសំរេចបានកាលពីចុងឆ្នាំ២០១៥ ទីបំផុតលោកត្រាំ បានសម្រេចដកខ្លួនចេញ។ ពោលគឺមានតែសហរដ្ឋអាមេរិក តែម្នាក់ឯងគត់ ដែលដកខ្លួនចេញ។ ហើយថ្មីៗនេះ កាលពីខែ តុលាលោកដូណាល់ ត្រាំ ក៏បានសម្រេចដកខ្លួនចេញ ពីអង្គការយូណេស្កូដែរ។ ក្រៅពីនេះ នៅមានកិច្ចព្រមព្រៀងគ្រប់គ្រងកម្មវិធី នុយក្លេអ៊ែរ អ៊ីរ៉ង់ ដែលកំពុងតែប្រឈមមុខនឹងការរង្គោះរង្គើរ បន្ទាប់ពីលោកដូណាល់ ត្រាំ បានសម្រេចមិនទទួលស្គាល់ ថាអ៊ីរ៉ង់បានគោរពលក្ខខណ្ឌនានា។
ឥឡូវមកបន្ថែម ដកខ្លួនចេញពីកិច្ចព្រមព្រៀងស្តីពីជនអន្តោប្រវេសន៍នេះមួយទៀត។ មិនបាច់និយាយថា ថាបញ្ហាជនភៀសខ្លួន ជនអន្តោប្រវេសន៍ បច្ចុប្បន្ននេះ ពិភពលោកយើងកំពុងតែជួបការលំបាកកំរិតណា។ លំហូរជនអន្តោប្រវេសន៍ ចេញពីអាហ្វ្រិក ចេញពីតំបន់ដើមបូព៌ា ដែលឆ្លងទៅអឺរ៉ុប។ បញ្ហាបណ្តាញទុច្ចរិត ជួញដូរជនភៀសខ្លួន នៅលីប៊ី ហើយនឹងបញ្ហាជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាដើម។ ការដកខ្លួនរបស់រដ្ឋាភិបាលអាមេរិក ចេញពីកិច្ចព្រមព្រៀងនេះ មានន័យថា អាមេរិកក្រោមការដឹកនាំរបស់ លោកដូណាល់ ត្រាំ កំសាកណាស់ យកតែរួចខ្លួនតែម្នាក់ឯង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ