អង្គការសហប្រជាជាតិ រួមគ្នាផ្តួចផ្តើម កតិកាសញ្ញាសកល ស្តីពីជនអន្តោប្រវេសន៍
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៦
ប្រទេស១៩២ សមាជិកនៃអង្គការសហប្រជាជាតិ បានរួមគ្នា កាលពីថ្ងៃសុក្រ ទី១៣កក្កដា បានផ្តួចផ្តើមឲ្យមានការតាក់តែង កតិកាសញ្ញាសកលមួយ ស្តីអំពីជនអន្តោប្រវេសន៍។ នេះគឺជាលើកទីមួយហើយ ដែលអង្គការសហប្រជាជាតិ បានសម្រេចចរចាបានជោគជ័យ ដើម្បីតាក់តែងអត្ថបទកតិកាសញ្ញានេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម នៃការធ្វើចំណាកស្រុក របស់ជនអន្តោប្រវេសន៍ ក៏ដូចជាជនភៀសខ្លួន ដែលកាន់តែធ្ងន់ធ្ងរទៅៗ ទូទាំងពិភពលោក។ បញ្ហាជនអន្តោប្រវេសន៍ គឺជាបញ្ហារួមរបស់សកលលោក ដោយត្រូវតែដោះស្រាយតាមរយៈគោលនយោបាយរួម របស់សកលលោកដែរ។
១៩២ប្រទេស ដោយគ្មានសហរដ្ឋអាមេរិក
មុននឹងឈានមកដល់ដំណាក់កាលនេះ វាមិនមែនជារឿងងាយស្រួលទេ ដែលអង្គការសហប្រជាជាតិ អាចអូសទាញប្រទេសទាំង១៩២ ឲ្យរួមគ្នាទទួលយកអត្ថបទរួម នៃកតិកាសញ្ញាសកល ស្តីពីជនអន្តោប្រវេសន៍នេះ។ ការចរចាគ្នា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីបញ្ហាជនអន្តោប្រវេសន៍នេះ វាគឺជារឿងដ៏សែនលំបាក ដូចអូសឬស្សីបញ្ច្រាចចុង ដូច្នេះឯង។ ប្រទេសទាំងអស់ តែងតែចាត់ទុកបញ្ហាជនភៀសខ្លួន បញ្ហាជនអន្តោប្រវេសន៍ គឺជាបញ្ហារបស់គេដាច់ដោយឡែករៀងៗខ្លួន ហើយដែលវាស្ថិតនៅក្នុងដែនអធិបតេយ្យរបស់គេម្នាក់។
ជាងនេះទៅទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយវិបត្តិជនអន្តោប្រវេសន៍ និងជនភៀសខ្លួនជាដើម នៅតាមប្រទេសជាច្រើន បានជួបប្រទះនឹងបញ្ហានយោបាយ ដែលអ្នកនយោបាយឆក់ឱកាសខ្លះ បានលើកឡើងនូវការឃោសនាប្រជាភិថុត បំភ័យប្រជាជន ថាជនអន្តោប្រវេសន៍មកពីស្រុកផ្សេង កំពុងសំរុកចូលមកក្នុងប្រទេសពួកគេ។ ម្លោះហើយ បញ្ហាទាំងអស់នេះ បានបង្កឲ្យមានឧបសគ្គ ដល់ការព្រមធ្វើសម្បទានរួម ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា ក្នុងក្របខណ្ឌអន្តរជាតិ ស្តីពីបញ្ហាជនអន្តោប្រវេសន៍នេះ។
ប្រមាណ១ឆ្នាំកន្លះមកហើយ ដែលអង្គការសហប្រជាជាតិ ក្រោមការសម្របសម្រួល របស់តំណាងទូតស្វីស និងតំណាងទូតមិចស៊ិក ប្រចាំអង្គការសហប្រជាជាតិ ដែលបានដឹកនាំការចរចា ដើម្បីតាក់តែងកតិកាសញ្ញាអន្តរជាតិ មួយនេះឡើង។ ប្រទេស១៩២បានយល់ព្រម ទទួលយកខ្លឹមសាររួម នៃកតិកាសញ្ញាសកលនេះ។ លើកលែងតែសហរដ្ឋអាមេរិក មួយទេ ដែលបានដកខ្លួនចេញពីការចរចា តាំងតែពីខែ១២ចុងឆ្នាំ២០១៧ម្លេះ។ សម្រាប់ពេលនេះ អ្វីៗនៅមិនទាន់ស្ថាពរនៅឡើយទេ អត្ថបទចុងក្រោយនៃកតិកាសញ្ញាសកលនេះ នឹងត្រូវអនុម័ត នៅក្នុងមហាសន្និបាទប្រចាំឆ្នាំ របស់អង្គការសហប្រជាជាតិ នៅខែធ្នូចុងឆ្នាំ២០១៨ខាងមុខនេះ។
កម្មវត្ថុ២៣ចំណុច
បើតាមការលើកឡើង របស់លោកស្រី Louise Arbour អ្នកតំណាងពិសេសនៃអគ្គលេខាធិការដ្ឋាន ទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍ បានឲ្យដឹងថា កតិកាសញ្ញាសកលនេះ មានដាក់ចុះនូវកម្មវត្ថុចំនួន២៣ចំណុច។ ជារួម គឺកតិកាសញ្ញានេះ ប្រៀបបានដូចជាសៀវភៅណែនាំ ការអនុវត្តន៍មួយដ៏ត្រឹមត្រូវ ដើម្បីគាំព៌ា ការពារ និងដោះស្រាយ បញ្ហាអន្តោប្រវេសន៍របស់សកលលោក។
កតិកាសញ្ញានេះ មានចែងរំលឹកឡើងវិញដល់ប្រទេសហត្ថលេខីទាំងអស់ អំពីគោលការណ៍គ្រិះធំ នៃការគោរពសិទ្ធិមនុស្ស និងសិទ្ធិកុមារ។ បន្ថែមពីនេះ អត្ថបទនេះ កំណត់យ៉ាងទូលំទូលាយ អំពីវិស័យ ឬបញ្ហានានា ដែលជាប់ពាក់ព័ន្ធ នៅជុំវិញ និងបញ្ហាអន្តោប្រវេសន៍ តួយ៉ាង ដូចជាការគ្រប់គ្រងទិនន្ន័យរួមស្តីពីជនអន្តោប្រវេសន៍ ដើម្បីអាចងាយយល់អំពីប្រភពនៃបញ្ហា អំពីគោលដៅនៃការធ្វើដំណើរ កំរិតនៃចំនួនលំហូរជាដើម។
បន្ទាប់មកទៀត កតិកាសញ្ញានេះក៏មានកំណត់អំពីកម្មវត្ថុធំៗ ទាក់ទិននឹងការរៀបចំទទួលជនអន្តោប្រវេសន៍ មិនថានៅតាមប្រទេសជាគោលដៅចុងក្រោយ ឬនៅតាមប្រទេសឆ្លងកាត់ រហូតដល់កម្មវត្ថុ នូវការផ្តល់ជូននូវសេវាសង្គម ដូចជាផ្នែកសុខភាព ជួយផ្តល់ប្រឹក្សាច្បាប់ជាដើម ឲ្យដល់ជនអន្តោប្រវេសន៍ម្នាក់ៗ។
មិនមានតំលៃចាប់បង្ខំ
ចំណុច ឬកម្មវត្ថុទាំងអស់នេះ ពីមុនមក មិនមានអ្វីកំណត់ ឲ្យមានជាលក្ខណៈបទដ្ឋានរួម ទូទាំងសកលលោកទេ។ ក៏ប៉ុន្តែ គួរបញ្ជាក់ដែរថា អត្ថបទកតិកាសញ្ញាសកលនេះ មិនមានតំលៃចាប់បង្ខំទេ។ ពោលគឺប្រទេសហត្ថលេខីទាំងអស់ គ្មានកាតព្វកិច្ចគោរពទេ។ ក៏ប៉ុន្តែ វាជាការគូសវាសផ្លូវដើររួមមួយ ដែលប្រទេសទាំងអស់ បានព្រមព្រៀងគ្នា ដាក់ចុះ និងសរសេរវាឡើង នៅក្នុងកតិកាសញ្ញានេះ។
តែយ៉ាងណាក៏ដោយ ក៏មិនមែនមានន័យថា អត្ថបទកតិកាសញ្ញានេះ ល្អឥតខ្ចោះដែរ។ យ៉ាងណាមិញ អង្គការសិទ្ធិមនុស្សមួយចំនួន បានសំដែងការខកបំណងខ្លះដែរ ចំពោះកតិកាសញ្ញានេះ ដែលបានកំណត់ថា អាជ្ញាធរប្រទេសនីមួយៗ អាចសម្រេចឃុំខ្លួនបណ្តោះអាសន្ន កុមារដែលជាជនអន្តោប្រវេសន៍បាន បើសិនជាគ្មានជំរើសណាផ្សេងទៀត។ អង្គការសង្គមស៊ីវីល បានអំពាវនាវ ឲ្យមានការកែប្រែ ដើម្បីហាមឃាត់ទាំងស្រុងតែម្តង នូវការឃុំខ្លួនជនអន្តោប្រវេសន៍ជាកុមារ។ តែយ៉ាងណាក៏ដោយ ក្រុមការងារចរចា បានលើកឡើងថា គោលការណ៍នៃការចរចា គឺស្ថិតលើការព្រមព្រៀង ស្រុះស្រួលគ្នាទាំងអស់គ្នា។ ចំណែកបញ្ហាឃុំឃាំងជនអន្តោប្រវេសន៍ជាអនីតិជននេះ គឺប្រទេសគ្រប់ភាគី ភាគច្រើន មិនព្រមឲ្យហាមឃាត់ទាំងស្រុងនោះទេ។
ផ្លូវដើររួម ប្រកបដោយសាមគ្គីភាព
លោកស្រី តំណាងអគ្គលេខាធិការទទួលបន្ទុកអន្តោប្រវេសន៍ របស់អង្គការសហប្រជាជាតិ បានសម្តែងសុទិដ្ឋិនិយមថា ទោះបីអត្ថបទកតិកាសញ្ញាសកលនេះ មិនមានតំលៃចាប់បង្ខំ ហើយវាមិនល្អឥតខ្ចោះ ដូចដែលភាគីមួយចំនួនចង់បានក៏ដោយ តែយ៉ាងណា វាជាការបង្ហាញនូវការសាមគ្គី ការតម្រង់ទិសដៅរួមគ្នា ដែលសកលលោក ត្រូវដោះស្រាយ យកចិត្តទុកដាក់។
ជាមួយនឹងកតិកាសញ្ញាសកលនេះ ប្រទេសទាំងអស់ នឹងមានចំណងទទួលខុសត្រូវរួមគ្នា សន្យានឹងគ្នាទៅវិញទៅមក ដើម្បីសហការគ្នា កាត់បន្ថយរឿងរ៉ាងសោកនាដកម្ម ដែលកើតឡើងទៅលើជនអន្តោប្រវេសន៍ ជាក់ស្តែង ដូចជាការប្រយុទ្ធប្រឆាំង និងការជួញដូរជនភៀសខ្លួននៅប្រទេសលីប៊ី ក៏ដូចជាគ្រោះថ្នាក់លិចទូក កណ្តាលសមុទ្រ ដែលបានផ្តាច់សង្ខារជនអន្តោប្រវេសន៍ប្រមាណ៦០ម៉ឺននាក់ តាំងពីឆ្នាំ២០០០មក ជាដើម។
វិបត្តិជនអន្តោប្រវេសន៍នេះ បានបង្កជាបញ្ហា ជាការឈ្លោះគ្នា យករួចខ្លួន រៀងៗខ្លួន ដូចយើងឃើញហើយ ជាមួយនឹងគោលនយោបាយបិទទ្វារ ចង់សង់ជញ្ជាំង របស់លោកដូណាល់ ត្រាំ ឬក៏ការបែកបាក់ នៅអឺរ៉ុបជាដើម។ ប្រទេសមួយចំនួន ដែលប្រឈមមុខខ្លាំងនឹងបញ្ហានេះ បានកើតទៅជាទឹកចិត្តខឹងសំបារ ឬមានស្មារតីភ័យខ្លាច មិនចង់ដោះស្រាយ។
ក៏ប៉ុន្តែជាមួយនឹងការចរចារួមគ្នា ដើម្បីតាក់តែងកតិកាសញ្ញានេះ វាបានបង្ហាញថា ពិភពលោកទាំងមូល លើកលែងតែអាមេរិកមួយចេញ គឺគេបានរួមគ្នាចង់ដោះស្រាយទាំងអស់គ្នា ព្រោះគេយល់ថា បញ្ហាអន្តោប្រវេសន៍នេះ ជាបញ្ហាសកល ដែលត្រូវតែឆ្លងកាត់ដំណោះស្រាយសកលដែរ។ គ្មានប្រទេសណាមួយអាចគេចផុតទេ។
អន្តោប្រវេសន៍ មិនអាក្រក់រហូតនោះទេ!
កតិកាសញ្ញានេះ នឹងក្លាយជាអត្ថបទគោល ប្រាប់ទៅប្រទេសទាំងអស់ឲ្យយល់ដឹង ថា អន្តោប្រវេសន៍ពេលខ្លះ មិនជះផលអាក្រក់ទេ តែគឺជាចំណុចល្អទៅវិញទេ បើសិនជាយើងចេះគ្រប់គ្រង ចេះរៀបចំឲ្យបានត្រឹមត្រូវ។ យ៉ាងណាមិញ លោក Antonio Guterres អគ្គលេខធិការអង្គការសហប្រជាជាតិ បានលើកឡើងថា អន្តោប្រវេសន៍ គឺជាកំលាំងចលករដ៏សំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចសកល។ ក្នុងចំណោមប្រជាជនសកលលោក ជនអន្តោប្រវេសន៍មានចំនួនប្រមាណ៣,៤% ពោលគឺប្រមាណ២៥៨លាននាក់ ដែលបានចូលរូម ប្រមូលប្រាក់ចំណូលដុលសរុប ប្រហែល១០% របស់សកលលោកយើង។
លោកស្រី Louise Arbour បានលើកឡើងថា ការបំលាស់ទី ការធ្វើចំណាកស្រុក ការធ្វើអន្តោប្រវេសន៍របស់ប្រជាជនសកលលោកយើង គឺជារឿងដែលត្រូវតែកើតមាន មិនអាចចៀសបានទេ។ បើសិនជាយើងចេះរៀបចំ ចេះសហការ សម្របសម្រួល នឹងផ្តល់ឱកាស ឲ្យគ្នាទៅវិញទៅមក អន្តោប្រវេសន៍ នឹងក្លាយជាប្រភពនៃការរីកចំរើន ដ៏មានប្រសិទ្ធិភាព ដែលយើងមិនអាចប្រកែកបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ