ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT
general

របាយការណ៍​អន្តរជាតិ ​ថា​ពិភពលោក​កំពុង​រងឥទ្ធិពល​អាក្រក់ ​នៃ​បម្រែបម្រួល​អាកាសធាតុ​រួច​ទៅ​ហើយ

media  
ផែនដីឡើងកំដៅ គឺជាបញ្ហារួម របស់មនុស្ស​ជាតិ Getty Images/ana_gr

អង្គការអន្តរជាតិ ចំនួន២៤ បានរួមគ្នា ធ្វើរបាយការណ៍មួយ​ស្តីពី ផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបណ្តាលមកពីការកើនឡើងនូវកំដៅផែនដី។ យោងតាមការសន្និដ្ឋាន ដោយផ្អែកលើតួលេខវិទ្យាសាស្ត្រ របាយការណ៍នេះ បានអះអាងថា ការបម្រែបម្រួលអាកាសធាតុនេះ បានកំពុងតែជះឥទ្ធិពលអាក្រក់ រួចទៅហើយ មកលើជីវិតមនុស្សសត្វ តាមរយៈ គ្រោះធម្មជាតិ ការរីករាលដាលនៃមេរោគ ព្រមទាំងផលប៉ះពាល់ ដោយប្រយោលផ្សេងទៀត ទៅលើកត្តាជីវភាពរបស់ប្រជាជនក្រីក្រ ជាដើម។

ភពផែនដីយើងឡើងកំដៅ បានបង្កជាការប្រែប្រួលដល់ កត្តាអាកាសធាតុទូទៅ និងបានបង្កជាគ្រោះធម្មជាតិ យ៉ាងធ្ងន់ធ្ងរ និងកាន់តែញឹកញាប់។​ របាយការណ៍ពិសេស ដែលបានចុះផ្សាយ នៅក្នុងទស្សនាវត្តីវិជ្ជសាស្ត្រអង់គ្លេស ឈ្មោះ The Lancet នេះ បានបន្តថា ដូច្នេះមិនបាច់ចោទសួរថា តើការកើនឡើងកំដៅផែនដី​ នឹងជះឥទ្ធិពលអាក្រក់ មកលើជីវិតមនុស្សលោកយើង យ៉ាងណាខ្លះនោះទេ។ គឺឥទ្ធិពលអាក្រក់ទាំងនេះ វាកំពុងតែមានរួចទៅហើយ។

របាយការណ៍ បានសង្កត់ធ្ងន់ទៅលើផលប៉ះពាល់ ដល់សុខភាពរបស់មនុស្សជាតិ។ សីតុណ្ហភាពឡើងក្តៅ រវាងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៦ បានបង្កការលំបាកដល់មនុស្ស កើនពី ១២៥លាន ដល់ ១៧៥លាននាក់។ កំដៅកើនឡើង បានបង្កជាផលវិបាកផ្នែកសតិអារម្មណ៍ ខូចប្រព័ន្ធដកដង្ហើម ខូ​ចចលនានិងចង្វាក់បេះដូង  និងអាចឈានទៅប៉ះពាល់ដល់ក្រលៀន  ដោយសារតែខ្វះជាតិទឹកក្នុងខ្លួន។ បញ្ហាសុខភាពទាំងនេះ បានធ្វើឲ្យមនុស្សមិនអាចបំពេញការងារ ក្នុងជីវភាពប្រចាំថ្ងៃបាន ជាពិសេសគឺប្រជាជននៅតាមទីជនបទស្រែចំការ ដែលសកម្មភាពបំពេញការងាររបស់គេ បានថយចុះ ៥,៣%។

ជាងនេះទៅទៀត ជំងឺឆ្លងផ្សេងៗ បានរីកសាយភាយកាន់តែងាយស្រួល ដោយសារសីតុណ្ហភាពក្តៅ។ សីតុណ្ហភាពឡើងក្តៅ  វាបានពង្រីកដែនដីធ្វើប្រតិបត្តិការ របស់សត្វមូស ដែលជាភ្នាក់ងារ​ចំលងជំងឺជាច្រើនមុខ មានជាអាថទិ៍​ជំងឺគ្រុនចាញ់ និងគ្រុនឈាម។ រង្វង់ទីកន្លែងដែលមានមូសទៅដល់​ បានកើនឡើងចំនួន៩,៤% បើគិតចាប់ពីឆ្នាំ១៩៥០មក។ ចំណែកអ្នកជម្ងឺវិញ​ បានកើនឡើងដល់ទៅ១ទ្វេរជា២ ក្នុងរយៈ​ពេល១០ឆ្នាំកន្លងមកនេះ។

នៅចន្លោះពីឆ្នាំ ២០០០ ដល់២០១៦ ចំនួនគ្រោះធម្មជាតិកាចសាហាវ ដូចជាខ្យល់ព្យុះ ភ្លៀងបង្កទឹកជំនន់​ គ្រោះរាំងស្ងួតជាដើម បានកើនឡើងចំនួន៤៦%។ បញ្ហាទាំងនេះ បានជះឥទ្ធិពលដោយផ្ទាល់ ទៅលើជីវភាពមនុស្ស ដែលក្រីក្រ និងងាយរងគ្រោះ ហើយគួបផ្សំ ជាមួយនឹងការចុះខ្សោយ នៃសុខភាពរបស់ពួកគេ។

សូមបញ្ជាក់ថា របាយការណ៍នេះ គឺជាលទ្ធផលនៃការសហការ ផ្ទៀងផ្ទាត់ទន្និន័យ ចាប់តាំងពីឆ្នាំ២០១៥មក រវាងអង្គការចំនួន២៤ ដែលធ្វើការក្នុងវិស័យសុខាភិបាល និងបញ្ហាអាកាសធាតុ មានជាអាថទិ៍ អង្គការសុខភាពភិភពលោក (OMC) និងអង្គការឧត្តុនិយមពិភពលោក (OMM)។

ជាការសន្និដ្ឋាន ក្រុមអ្នកវិទ្យាសាស្ត្រ លើកឡើងថា ពិភពលោក ត្រូវតែងាកទៅរកការប្រើប្រាស់ ថាមពល ដែលមិនបញ្ចេញនូវឧស្ម័នកាបូនិក ព្រោះឧស្ម័នកាបូនិក​នេះហើយ ដែលជាប្រភព នៃការកើនឡើងនូវកំដៅផែនដី។ ប្រទេសក្រីក្រ ដែលគ្មានលទ្ធភាព ត្រូវតែទទួលបានជំនួយ ដើម្បីអភិវឌ្ឍន៍វិស័យថាមពលស្អាតស្អំ គ្មានផ្សែងពុល៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ