អានតួអត្ថបទ
នុយក្លេអ៊ែរ

មហាអំណាច​នុយក្លេអ៊ែរ​សោះ​អង្គើយ ​នឹង​ការ​ប្រគល់​រង្វាន់​ណូបែល​សន្តិភាព ​ឲ្យ​ICAN

ការប្រគល់ពានរង្វាន់ណូបែលសន្តិភាព នឹងប្រព្រឹត្តិធ្វើទៅនៅ ថ្ងៃអាទិត្យទី ១០ ធ្នូនេះ នៅទីក្រុងអូស្លូ ប្រទេសន័រវែស។ ឆ្នាំ២០១៧នេះ គណកម្មការពានរង្វាន់ណូបែល បានសម្រេចប្រគល់ពានរង្វាន់ណូបែលសន្តិភាពនេះ ទៅឲ្យសមាគមន៍យុទ្ធនាការដើម្បី​លប់​បំបាត់​អាវុធនុយក្លេអ៊ែរ ហៅកាត់ថា ICAN។ ពានរង្វាន់ណូបែលឆ្នាំនេះ គឺជានិម្មិតរូប​ ដាស់តឿនពញ្ញាក់ស្មារតីសហគមអន្តរជាតិ អំពីគ្រោះថ្នាក់នៃការប្រើអាវុធ​នុយក្លេអ៊ែរ ​ជាក់ស្តែងនៅតំបន់ដើមបូព៌ា និងឧបទ្វីបកូរ៉េ។ តែយ៉ាងណា គេសង្កេតឃើញ​​ថា ប្រទេសមហាអំណាចនុយក្លេអ៊ែរ ទាំងអស់ ហាក់មិនសូវពេញចិត្ត និងការប្រគល់​ពានរង្វាន់ណូបែលឆ្នាំនេះទេ។

លោកស្រីអគ្គនាយក ICAN ចុះហត្ថលេខា លើសៀវភៅ​ប្រូតូកូល​​ណូបែល​ អម​ដោយ​លោកស្រី​ ​Setsuko Thurlow ​នៅ​ក្រុង​អូស្លូ ​ថ្ងៃ​ទី​៩​ ធ្នូ ​២០១៧​
លោកស្រីអគ្គនាយក ICAN ចុះហត្ថលេខា លើសៀវភៅ​ប្រូតូកូល​​ណូបែល​ អម​ដោយ​លោកស្រី​ ​Setsuko Thurlow ​នៅ​ក្រុង​អូស្លូ ​ថ្ងៃ​ទី​៩​ ធ្នូ ​២០១៧​ Audun Braastad/NTB Scanpix/via REUTERS
ផ្សាយពាណិជ្ជកម្ម

ជារៀងរាល់ឆ្នាំ គណកម្មការពានរង្វាន់ណូបែល នៅក្រុងអូស្លូ តែងតែជ្រើសរើសបុគ្គល ឬក្រុមការងារណាមួយដែលបានធ្វើសកម្មភាព ក្នុងទិសដៅស្វែងរក និងកសាងសន្តិភាព ដល់ពិភពលោក ដើម្បីទទួលបាននូវពានរង្វាន់ណូបែលសន្តិភាព។ សម្រាប់ឆ្នាំ២០១៧នេះ គឺសមាគមន៍យុទ្ធនាការដើម្បីលប់បំបាត់អាវុធនុយក្លេអ៊ែរ ហៅកាត់ថា ICAN ដែលជាអ្នកទទួលពានរង្វាន់ ដ៏មានតំលៃមួយនេះ។

វាគឺជាការជំរុញលើកទឹកចិត្ត ដល់ក្រុមការងារទាំងអស់នៅក្នុងសមាគមន​នេះ ហើយក៏ជានិម្មិតរូប ពញ្ញាក់ស្មារតីសហគមអន្តរជាតិទាំងមូល ឲ្យយល់ដឹងអំពីគ្រោះថ្នាក់ នៃអាវុធនុយក្លេអ៊ែរ។ កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់នៅដើមបូព៌ា ​វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង ដែលកំពុង​តែគំរាមសន្តិសុខពិភពលោក ទាំងអស់នេះ  គឺសុទ្ធជាការព្រួយបារម្ភធំ នៃ​សកម្មជនដែលមិនគាំទ្រអាវុធនុយក្លេអ៊ែរ។

លោកស្រី Setsuko Thurlow អ្នករួចជីវិតម្នាក់ ពីការទំលាក់គ្រាប់បែកនៅហ៊ីរ៉ូហ្ស៊ីម៉ា គឺជាអ្នកដែលគេចាត់ តំណាងឲ្យក្រុមងារ ICAN ដើម្បីឡើងទទួលពានរង្វានណូបែលសន្តិភាព នៅថ្ងៃនេះ។ ក្រៅពីនេះ មានអ្នកដែលបានរស់រានមានជីវិត ក្រោយការទំលាក់គ្រាប់បែកបរមាណូនៅ ណាហ្កាសាគី និងហ៊ីរ៉ូហ្ស៊ីម៉ា ជាច្រើននាក់ ដែលចូលរួមនៅក្នុងកម្មវិធីនេះ។ លោក Toshiki Fujimori អគ្គលេខា​ធិការ​រង​របស់ ICAN បានថ្លែងថា លោក មានការត្រេកអរណាស់ ដែលនៅឆ្នាំ២០១៧នេះ មតិអន្តរជាតិ បានយល់ដឹងច្រើន ពីគ្រោះថ្នាក់ នៃអាវុធនុយក្លេអ៊ែរដ៏កាចសាហាវនេះ។

តែជាការកត់សម្គាល់ ដែលខុសពីសព្វមួយដង ដែលប្រទេសធំៗទាំងអស់ តែងតែបញ្ជូនអគ្គរដ្ឋទូតប្រចាំអូស្លូទៅចូលរួម តែលើកនេះ គេសង្កេតថា បារាំង អង់គ្លេស ឬសហរដ្ឋអាមេរិក បានបញ្ជូនតែមន្ត្រីទូត​តូចតាច​ តំណាង​ឲ្យតែ​បង្រ្គប់​កិច្ច​តែ​ប៉ុណ្ណោះ។ លោកស្រី ​Setsuko Thurlow ​បាន​លើកឡើង​ថា​ ប្រទេស​មហា​អំណាច​នុយក្លេអ៊ែរ​ទាំងនេះ​ មិនពេញចិត្តទេ ដែលក្រុមការងារប្រយុទ្ធប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ ដូច ICAN បានទទួលពានរង្វាន់ណូបែលសន្តិភាព។ ការដែលគេមិនបញ្ជូនអគ្គរដ្ឋទូតមកចូលរួម មានន័យថា គេមិនឲ្យតំលៃពានរង្វាន់នេះ និងកិច្ចប្រឹងប្រែងរបស់ICAN ទេ។

ដូចគ្នាដែរ លោក Jean-Marie Collin អ្នកស្ម័គ្រចិត្តតំណាងភាគីបារាំង ក្នុងសមាគមន៍ ICAN បានលើកឡើងថា អាកប្បកិរិយារបស់ប្រទេសមហាអំណាចនុយក្លេអ៊ែរ​នាពេលនេះ  បានបញ្ហាអំពីបញ្ហាចំបង ដែល​ចោទ​ឡើង ទាក់ទិននឹងគោលជំហរពិតប្រាកដ​របស់ពួកគេ ដែលមិនចង់លប់បំបាត់​អាវុធនុយក្លេអ៊ែរ​ ទាំងស្រុងឡើយ។ មហាអំណា​ច​នុយក្លេអ៊ែរ​​ទាំងនេះ តែងតែយកលេសសន្តិសុខ​ និងការគំរាមកំញើញ ដើម្បី​​រក្សា​ទុកនូវអាវុធនុយក្លេអ៊ែរ។ លោក Jean-Marie Collin អំពាវនាវ​​ថា ដល់ពេលហើយ ដែលគ្រប់គ្នាត្រូវបើកយន្តការពិចារណា រកដំណោះស្រាយផ្សេង ក្រៅពីនុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ