ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT
general

អសប៖ គ្មាន​សង្ឃឹមទេ​ ថា​​សីតុណ្ហភាព​​ផែនដី​​នឹង​មិន​ឡើង​​លើស ​ពី​២​អង្សារសេ​ នៅឆ្នាំ​២០៣០!

media  
របាយការណ៍​​អង្គការ​សហប្រជាជាតិ​ ស្តីពី​កម្រីត​ឧស្ម័នពុល ​ចេញ​មុន​ពេល​ប្រជុំ​ ​COP 23 REUTERS/Denis Balibouse

នៅ៦ថ្ងៃ មុនបើក សន្និសីទពិភពលោក ស្តីពីអាកាសធាតុលើកទី២៣ (COP23) កម្មវិធីអង្គការសហប្រជាជាតិដើម្បីបរិស្ថាន​ បានចេញរបាយការណ៍មួយ នៅថ្ងៃអង្គារទី​៣១តុលា ដែលរបាយការណ៍នោះ បានបង្ហាញអំពីភាពទុទិដ្ឋិនិយមជាខ្លាំង ទាក់ទិនទៅនឹងការកាត់បន្ថយកំដៅផែនដី។ យោងតាមការសន្និដ្ឋានរបស់ របាយការណ៍នេះ គឹការសន្យាកាត់បន្ថយការបញ្ចេញចោល នូវឧស្ម័នកាបូនិក របស់ប្រទេសដែលចូលរួមទាំងអស់ នាពេលបច្ចុប្បន្ននេះ  មិនអាចគ្រប់គ្រាន់ ធ្វើឲ្យផែនដី មិនឡើងកំដៅលើសពី២អង្សារសេ បានទេ នាឆ្នាំ២០៣០ខាងមុខ។

លោក Erik Solheim ​នាយកកម្មវិធីដើម្បីបរិស្ថាន នៃអង្គការសហប្រជាជាតិ បានលើកឡើង ដោយផ្អែកលើរបាយការណ៍ស្រាវជ្រាវប្រចាំឆ្នាំថា បើពិនិត្យទៅលើការសន្យាកាត់បន្ថយឧស្ម័នពុល ក្នុងពេលបច្ចុប្បន្ននេះ គឺគេសង្ឃឹមតិចណាស់ ថានៅឆ្នាំ២០៣០ ផែនដីនឹងមិនឡើងកំដៅ លើសពី២អង្សារសេ។ តាមការសន្និដ្ឋាន គំលាតនេះគឺធំណាស់ ដែលតំរូវឲ្យប្រទេសទាំងអស់ មិនថាធំមិនថាតូច ព្រមទាំងវិស័យ​​ឯកជនផង ត្រូវតែប្រឹងប្រែងឲ្យអស់ពីលទ្ធភាព។

របាយការណ៍ការវិទ្យាសាស្ត្រប្រចាំឆ្នាំនេះ បានលើកឡើងថា វាគឺជារឿងបន្ទាន់បំផុត បើសិនជាយើងមិនចង់ឃើញផែនដីឡើងសីតុណ្ហភាពកាន់តែក្តៅ។ កិច្ចព្រមព្រៀងក្រុងប៉ារីស ស្តីពីអាកាសធាតុ ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៥ គឺជាកំលាំងចលករមួយដ៏សំខាន់។ តែយ៉ាងណា កម្មវត្ថុដែលកំណត់សម្រាប់ឆ្នាំ២០២០ គឺវានៅឆ្ងាយពីការពិតជាក់ស្តែងណាស់។ បើគ្រប់គ្នា មិនប្រឹង ចាប់ពីពេលនេះទេ សីតុណ្ហភាពផែនដី នឹងឡើងលើសពី៣អង្សារសេ នៅឆ្នាំ២០៣០។ ផែនដីឡើងកំដៅ គឺមានន័យថា មនុស្សជាតិ និងប្រឈមមុខនឹងគ្រោះធម្មជាតិធ្ងន់ធ្ងរ បញ្ហាសុខភាព គ្រោះទុរភិក្ខ និងភាពក្រីក្រកាន់តែខ្លាំងឡើង។

របាយការណ៍បញ្ជាក់ថា ដើម្បីអាចឲ្យសីតុណ្ហភាពផែនដី ឡើងមិនលើសពី២អង្សារសេ នៅឆ្នាំ២០៣០ គឺត្រូវតែកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក កុំឲ្យលើសពី ៤១,៨ ជីហ្កាតោន ក្នុងមួយឆ្នាំ។ បន្តែបច្ចុប្បន្ននេះ ពិភពលោកបញ្ចេញឧស្ម័នកាបូនិក ចន្លោះ ពី ៥១ ទៅ ៥២ ជីហ្កាតោន ក្នុងមួយឆ្នាំ។ បញ្ហានេះ គឺវាពាក់ព័ន្ធទៅនឹងប្រទេសទាំងអស់ ជាពិសេសប្រទេសសាមជិក G20 ដែលមានសេដ្ឋកិច្ចលូតលាស់។

ចាប់ពីឆ្នាំ២០១៤មក កម្រិតឧស្ម័នកាបូនិក បាននៅនឹង ដោយសារមួយចំណែក មកពីចិន បានកាត់បន្ថយរោងចក្រដុតធ្យូងថ្ម របស់ខ្លួន។ ក៏ប៉ុន្តែ គេត្រូវតែកាត់បន្ថយ ការប្រើថាមពល ដើរដោយចំហេះធ្យូងថ្ម និងប្រេងឥន្ធនៈបន្ថែមទៀត ដើម្បីទាញកម្រិតឧស្ម័នកាបូនិក ក្នុងបរិយាកាស ឲ្យធ្លាក់ចុះ។ បច្ចុប្បន្ន នៅមានរោងចក្រដុតធ្យូងថ្ម ​ចំនួន៦៦៨៣ កន្លែង ដែលនៅតែដំនើរការ។ ជាងនេះទៅទៀត កម្រិតឧស្ម័នមេតាន ក្នុងបរិយាកាស បានកើនឡើងគួរឲ្យព្រួយបារម្ភបំផុត។

របាយការណ៍ បានអំពាវនាវ ឲ្យអាជ្ញាធរសាធារណៈ រួមទាំងវិស័យឯកជន ចូលរួមឲ្យបានច្រើន ក្នុងការផ្លាស់ប្តូរទំលាប់ប្រើប្រាស់ ទំលាប់ផលិតថាមពល និងធ្វើយ៉ាងណាសន្សំសំចៃ ថាមពល និងធនធានធម្មជាតិ។ គេអាចសន្សំសំចៃបាន តាមរយៈសំណង់ស្ថាបត្យកម្ម ដែលមិនប្រើថាមពលច្រើន ឬតាមរយៈការប្រើប្រព័ន្ធដឹកជញ្ជូនរួម ឲ្យបានច្រើន ជាដើម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ