អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សីតុណ្ហភាព​ផែនដី​ក្តៅ​ខ្លាំង​នៅ​ឆ្នាំ​២០១៦ ​ហើយ​ឆ្នាំ​២០១៧​ អាច​នឹង​ឡើង​លើស​នេះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី២៣ ​មីនា​ ខាង​មុខ​នេះ ​គឺ​ជា​ទិវា​ឧត្តុនិយម​ពិភពលោក។ អង្គការ​ឧត្តុនិយម​ពិភពលោក ​(OMM) ​ដែល​ស្ថិត​ក្រោម​ចំណុះ​នៃ​អង្គការ​សហប្រជាជាតិ ​ទើប​បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​អង្គារ ​ទី​២១ ​មីនា​ ដោយ​បាន​បូក​សរុប​ទិន្ន័យ​នៃ​ការ​ស្ទាបស្ទង់ ​ការវិវឌ្ឍន៍​នៃ​សីតុណ្ហភាព​​របស់​ភព​ផែន​ដី​យើង។ យោង​តាម​របាយការណ៍​នេះ ​ ឆ្នាំ​២០១៦​កន្លង​ទៅ ​សីតុណ្ហភាព​ភពផែន​ដី​យើង ​បាន​កើន​ឡើង​ក្តៅ​ខ្លាំង​ មិន​ធ្លាប់​មាន​ទេ ​ហើយ​បើ​តាម​ការ​ព្យាករណ៍ ​ឆ្នាំ​២០១៧​នេះ ​សីតុណ្ហភាព​ផែនដី ​អាចនឹង​ឡើង​ក្តៅ​បន្ថែម​ទៀត ​ ដែល​ការ​នេះ​ អាច​នឹង​ញ៉ាំង​ឲ្យ​មាន​គ្រោះ​រាំងស្ងួត ​និង​គ្រោះ​ធម្មជាតិ ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ។

ទីស្នាក់ការ អង្គការ​ឧត្តុនិយម​ពិភពលោក​ នៅទីក្រុង​ហ្សឺណែវ
ទីស្នាក់ការ អង្គការ​ឧត្តុនិយម​ពិភពលោក​ នៅទីក្រុង​ហ្សឺណែវ
ផ្សាយពាណិជ្ជកម្ម

ឆ្នាំ២០១៦ ជាឆ្នាំក្តៅខ្លាំងបំផុត

ជា​រៀងរាល់​ឆ្នាំ​ អង្គការ​ឧត្តុនិយម​អន្តរជាតិ ​(OMM)  តែង​តែ​ចេញ​របាយការណ៍​ស្តី ​អំពី​សីតុណ្ហភាព​ ក៏ដូច​ជា​ស្ថានភាព​អាកាសធាតុ​របស់​ភព​ផែនដី​យើង។ អង្គការ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​អង្គការ​សហ​ប្រជាជាតិ ​ ដែល​មាន​តួនាទី​ប្រមែរប្រមូល​យក​ទិន្ន័យ​ស្រាវជ្រាវ​ របស់​វិទ្យាស្ថាន​ពិសោធន៍​ស្រាវជ្រាវ​នានា​ទូទាំង​ពិភពលោក ​ ដែល​បាន​ធ្វើការ​ក្នុង​វិស័យ​ឧត្តុនិយម​នេះ។ ដូច្នេះ​មាន​ន័យ​ថា ​តួលេខ​ដែល​មាន​កំណត់​ក្នុង​របាយការណ៍​នេះ ​គឺ​​ជា​តួលេខ​គោល ​ដែល​បន្ទាប់​មក​ទៀត ​គ្រប់​ស្ថាប័ន ​អាច​យក​ទៅ​ប្រើប្រាស់​បាន។

សួរថា ​តើ​របាយការណ៍​នេះ ​បាន​លើក​ឡើង​យ៉ាងណាខ្លះ​ ទាក់ទិន​នឹង​សីតុណ្ហភាព​ភព​ផែន​ដី​យើង? ​ចំលើយ​គឺ​ថា ​ ឆ្នាំ​២០១៦​កន្លង​ទៅ​សីតុណ្ហភាព​ផែនដី​យើង ​បាន​ឡើង​ក្តៅ​ខ្លាំង​ណាស់ ​គឺ​ក្តៅ​លើស​ពី​ឆ្នាំ​កន្លង​ទៅ។ ឆ្នាំ​២០១៦ ​កំដៅ​ផែនដី​ បាន​កើន​ឡើង​ ដល់​ទៅ​១,១°c​ ខណៈ​ដែល​ឆ្នាំ​២០១៥​ វា​បាន​កើន​១,០៤°c។ ដូច្នេះ​មាន​ន័យ​ថា ​គ្រាន់​តែ​មួយ​ឆ្នាំ​សោះ ​កំដៅ​បាន​ឡើង​ដល់​ទៅ​0,06°c ។ យើង​ឃើញ​តួលេខ​នេះ​ថា​តិច​ទេ ​តែ​ការពិត​ សម្រាប់​អ្នក​ជំនាញ​ឧត្តុនិយម ​វា​ជា​តួលេខ ​គួរ​ឲ្យ​ព្រួយ​បារម្ភ​បំផុត។ សីតុណ្ហភាព ​ខុសគ្នា​តែ​បន្តិច​បន្តួច ​តែ​វា​អាច​ជះ​ឥទ្ធិពល​ខ្លាំង ​ទៅ​លើ​អាយុជិវិត​មនុស្ស​សត្វ​ទាំង​អស់​ នៃ​ភព​ផែនដី​យើង។

តួលេខ​នេះ ​ជា​តួលេខ​មធ្យម​ទូទៅ។ បើយើង​ក្រលេក​ទៅ​មើល​តាម​តំបន់​នានា ​ជុំវិញ​សកល​លោក ​ យើង​ឃើញ​ថា​សីតុណ្ហភាព ​មាន​ភាព​ប្រែប្រួល​ច្រើន​ជាង​គ្នា​ឆ្ងាយ​ណាស់។ ឧទាហរណ៍ ​នៅ​តំបន់​ Spitzberg ​ភាគ​ខាង​ជើង​ប្រទេស​ន័រវេហ្ស ​សីតុណ្ហភាព​បាន​កើន​ឡើង​ក្តៅ​ដល់​ទៅ៦,៥°c ​លើស​កំរិត​មធ្យម​ធម្មតា។

តំបន់​មួយ​ចំនួន​នៅ​អាហ្វ្រិក​អូស្ត្រាល់ ​នៅ​តំបន់​ដើម​បូព៌ា ​រឺ​អាស៊ី​ជាដើម ​សុទ្ធតែ​ជា​តំបន់ ​ដែល​មាន​រងគ្រោះ​ខ្លាំង​ជាង​គេ ​ដោយសារ​សីតុណ្ហភាព​ក្តៅ​ខ្លាំង។ ឧទាហរណ៍​នៅ​អាហ្វ្រិក​ខាងត្បូង ​ មាន​ពេល​ខ្លះ​សីតុណ្ហភាព​ឡើង​ដល់​៤២°c ​ នៅ​ឥណ្ឌា​វិញ​អាច​ឡើង​ដល់​៥២°c ។ ក្តៅ​បំផុត​នោះ ​គឺ​នៅ​កូវ៉េត ​ ដែល​ពេល​ខ្លះ​សីតុណ្ហភាព ​អាច​ឡើង​ដល់​៥៤°c។

សមុទ្រ​ទឹក​កក​រលាយ ​ទឹក​សមុទ្រ​ឡើង​កំពស់​ និង​ឡើង​កំដៅ
 
ដូចយើង​ដឹងហើយ ​ថា​កំដៅ​របស់​ផែនដី​ គឺ​វា​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​បាតុភូត​ធម្មជាតិ​នានា។ អាយុ​ជីវិត​រុក្ខជាតិ ​មនុស្ស​សត្វ​ទាំង​អស់ ​ដែល​មាន​នៅ​ក្នុង​ជីវចំរុះ ​ គឺ​រំពឹង​ទាំង​ស្រុង​ទៅ​លើ​កត្តា​អាកាសធាតុ។ កាលណា​សីតុណ្ហភាព​ក្តៅ ​វា​នឹង​ធ្វើ​ឲ្យ​មាន​គ្រោះ​រាំងស្ងួត​ខ្លាំង ​គ្មាន​ភ្លៀង​ រឺ​ភ្លៀង​មិន​ទៀង​ទាត់ ​ ខុស​ធម្មតា​ មាន​ខ្យល់​ព្យុះ ​ទឹក​ជំនន់​ជាដើម។ ដូច្នេះ​គឺ​វា​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់ ​ទៅ​ដល់​ការ​ដាំដុះ ​ពោល​គឺ​វិស័យ​កសិកម្ម។ អញ្ចឹង​មាន​ន័យ​ថា ​តំបន់​រង​គ្រោះ​ពិត​ជា​មាន​បញ្ហា ​ដោយ​ខ្វះ​ស្បៀង​អាហារ ​ដោយ​សារ​ការ​ប្រមូល​ផល​គ្រាប់​ធុញ្ញជាតិ​មិន​គ្រប់​គ្រាន់។ នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​ខ្លះៗ​ ប៉ុណ្ណោះ។

មួយ​វិញ​ទៀត ​ កាលណា​សីតុណ្ហភាព​ក្តៅ ​មាន​ន័យ​ថា​សីតុណ្ហភាព​ទឹក​សមុទ្រ​ នឹង​ឡើង​ក្តៅ​ដែរ។ យើងកុំ​ភ្លេចថា​ ៧០%​នៃ​ផ្ទែ​ក្រឡា​ផែនដី​យើង ​ គឺ​គ្រប​ដណ្តប់​ដោយ​ទឹក​សមុទ្រ​ទាំងអស់។ ដូច្នេះ ​បើ​ទឹក​សមុទ្រ​ក្តៅ​ ​វា​នឹង​ជះ​ចំហាយ​ក្តៅ​បន្ថែម​ទៀត​ មក​ក្នុង​បរិយាកាស។ បន្ថែម​ពី​នេះ ​សីតុណ្ហភាព​ទឹក​សមុទ្រ ​ដែល​កាន់​តែ​ក្តៅ ​គឺ​មាន​ន័យ​ថា ​ជីវចំរុះ​នៅ​ក្នុង​សមុទ្រ ​មាន​ដូច​ជា​រនាំង​ផ្កា​ថ្ម ​ត្រី​ និង​សត្វ​ដ៏ទៃ​ទៀត ​ប្រាកដ​ជា​ត្រូវ​រងគ្រោះ​ស្លាប​បណ្តើរ។

របាយការណ៍​របស់​អង្គការ​ឧត្តុនិយម​អន្តរជាតិ ​ក៏បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ផង​ដែរ ​អំពី​កំរិត​នៃ​ការ​​រលាយ​មហាសមុទ្រ​ទឹកកក ​នៅ​តំបន់​អាកទិក​ និង​អង់តាក់ទិក។ យោង​តាម​តួលេខ​បញ្ជាក់​ថា ​នៅ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦​នេះ ​ ផ្ទៃ​ក្រឡា​រួម​នៃ​សមុទ្រ​ទឹកកក​ រឺ​ហៅថា​ បង់គីស​នេះ ​នៅ​សល់​តែ​៤លាន​គីឡូម៉ែត្រ​ក្រឡា​តែ​ប៉ុណ្ណោះ។ ចំនួន​នេះ ​គឺ​វា​បាន​រួញ​តូច​ខ្លាំង ​មិន​ធ្លាប់​មាន​ទេ។ មហាសមុទ្រ​ទឹកកក​រលាយ ​មាន​ន័យ​ថា ​កំពស់​ទឹក​សមុទ្រ​នឹង​កើន​ឡើង ​ ធ្វើ​ឲ្យ​លិច​កោះ ​និង​តំបន់​មួយ​ចំនួន។ គ្រាន់តែ​រវាង​ពី​ឆ្នាំ​ ២០១៤ ​ដល់​ដើម​ឆ្នាំ​២០១៦ ​ទឹក​សមុទ្រ​បាន​កើន​កំពស់​ប្រមាណ​ជា​១,៥ ​សង់ទីម៉ែត្រ។ មាន​ន័យ​ថា ​មិន​ដល់​២ឆ្នាំ​ផង ​ទឹក​សមុទ្រ​បាន​កើន​ឡើង​កំពស់ ​ស្មើ​នឹង​កំណើន​ជា​មធ្យម ​ក្នុង​រយៈពេល​៥ឆ្នាំ​ទៅ​ហើយ។ ពោលគឺ​ ​វា​ជា​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ​ព្រោះ ​អ្វីៗ​កំពុង​ធ្វើ​ដំណើរ​ទៅ​យ៉ាង​លឿន ​ទៅកាន់​គ្រោះថ្នាក់។

បាតុភូត​អែលនីញ៉ូ ​អស់​ឥទ្ធិពល​មែន​តែឆ្នាំ​២០១៧ ​នៅ​តែ​ឡើង​កំដៅ
 
ឆ្នាំ​២០១៦​កន្លង​ទៅ ​គឺ​ភព​ផែនដី​យើង ​បាន​ចូល​មក​ដល់​តំណាក់​កាល​មួយ​ ដែល​ជួប​នឹង​បាតុភូត​ អែល នីញ៉ូ ​(El Niño)។ ផែនដី​យើង​វិល​ជុំវិញ​ព្រះអាទិត្យ ​រយៈ​ពេល​មួយ​ឆ្នាំ ​ហើយបើ​តាម​តួលេខ​អ្នក​វិទ្យាសាស្ត្រ ​ បាតុភូត​អែល នីញ៉ូ​នេះ ​អាច​កើត​ឡើង​រវាង​ពី៤​ទៅ ​៥ឆ្នាំ​ម្តង។ ជាការ​ពិត​កាល​ពី​ឆ្នាំ​ទៅ ​ផែនដី​ឡើង​ក្តៅ​ខ្លាំង ​ទឹក​សមុទ្រ​ឡើង​ក្តៅ​ខ្លាំង​មិន​ធ្លាប់​មាន ​ ក៏​ដោយសារ​មួយ​ចំណែក​មក​ពី​បាតុភូត​នេះ។ ក៏​ប៉ុន្តែ​យោង​តាម​តួលេខ​របស់​របាយការណ៍​អង្គការ​ឧត្តុនិយម ​វា​មាន​សញ្ញាណ​ផ្សេង​ទៀត ​ដែល​ផែន​ដី​យើង ​បាន​កំពុង​ឡើង​កំដៅ​ខ្លាំង​ស្រាប់​ទៅ​ហើយ។

ជា​ធម្មតា ​បាតុភូត​ អែលនីញ៉ូ​នេះ ​ អស់​ឥទ្ធិពល​នៅ​រវាង​ចុង​ឆ្នាំ​២០១៦។ ក៏​ប៉ុន្តែ​អ្វី​ដែល​អ្នក​​ស្រាវជ្រាវ​បាន​រក​ឃើញ​គឺ​ថា ​ នៅ​៣ដើម​ឆ្នាំ​២០១៧​នេះ ​ សីតុណ្ហភាព​ផែនដី​យើង ​នៅ​តែ​បន្ត​ឡើង​ខ្លាំង​ទៀត។ ការិយាល័យ​ស្រាវជ្រាវ​សីតុណ្ហភាព​សមុទ្រ​ និង​បរិយកាស​ របស់​អាមេរិក​ បាន​បង្ហាញ​តួលេខ​ថា ​នៅ​ខែ​កុម្ភៈ​ដើម​ឆ្នាំ​២០១៧​នេះ ​គ្រាន់​តែ​នៅ​សហរដ្ឋ​អាមេរិក​មួយ​ សីតុណ្ហភាព​បាន​ឡើង​លើស​កម្រិត​ខ្ពស់​បំផុត​ដល់​ទៅ​ ជិត​១២០០០​ដង។

តាមពិត​ទៅ ​ស្រទាប់​អូហ្ស៊ូន ​និង​ឧស្ម័ន​កាបូនិក​ ដែល​នៅ​ហ៊ំព័ទ្ធ​ភព​ផែនដី​យើង ​ មាន​កាន់​តែ​ក្រាស់​ស្រាប់​ទៅ​ហើយ ​ដែល​នេះ​គឺ​ជា​ប្រភព​ដ៏​ចំបង​ នៃ​ការ​កើនឡើង​សីតុណ្ហភាព។ កំរាស់​ឧស្ម័ន​កាបូនិក ​ដែល​កើត​ចេញ​ពី​ផ្សែង​ពុល ​បញ្ចេញ​ដោយ​រោងចក្រ ​រឺ​យានយន្ត​របស់​មនុស្ស​យើង​នេះ ​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង​ ហើយ​តាម​ការ​ស្មាន ​គឺ​នឹង​មាន​សន្ទុះ​ខ្លាំង​បន្ថែម​ទៀត ​សម្រាប់​ឆ្នាំ​ខាងមុខ។

យ៉ាង​ណាមិញ ​លោក​ David Carlson ​អគ្គនាយក​កម្មវិធី​ស្រាវជ្រាវ​អាកាសធាតុ​របស់​អង្គការ​ឧត្តុនិយម​អន្តរជាតិ ​ក៏បាន​លើក​ឡើង​ដែរ​ថា​ ​ឆ្នាំ​២០១៧​នេះ​ ​ថ្វី​បើ​គ្មាន​បាតុភូត​អែលនីញ៉ូ​ក៏​ដោយ​ តែ​សីតុណ្ហភាព​ផែនដី​យើង​នឹង​ឡើង​បន្ថែម​ទៀត។ អ្វីដែល​ជា​ការ​ព្រួយ​បារម្ភ​បំផុត​នោះ ​គឺ​កំណើន ​ដែល​ពិបាក​ស្មាន​ទុក​នេះ ​វា​ស្តែង​ឲ្យឃើញ​ពី​ភាព​មិន​ប្រក្រតី ​មិន​ទៀតទាត់​ នៃ​អាកាសធាតុ​របស់​ផែនដី ​ពោល​គឺ​វា​លើស​ពី​សមត្ថភាព​ស្រាវជ្រាវ​រក​ហេតុផល​ រក​ប្រភព ​របស់​ខួរក្បាល​មនុស្ស​យើង។ ការ​បេ្តជ្ញា ​កាត់​បន្ថយ​កំដៅ ​កុំឲ្យ​ឡើង​លើស​ពី​២​អង្សារ​នោះ ​ ប្រហែល​ជា​លំបាក​ណាស់ ​បើ​សិន​ជា​គ្មាន​ការ​ប្រឹងប្រែង​រួមគ្នា ​ពី​មនុស្ស​ជាតិ​ទាំង​អស់​ទេ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ