អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រេងឆៅ ដែល​ធ្លាយ​ពី​ឈូង​សមុទ្រ​ម៉ិចស៊ិក​បាន​ប៉ះពាល់​តំបន់​ឆ្នេរ​សមុទ្រ​រដ្ឋ Louisiane

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ផ្ទុះ​ស្ថានីយ៍​បូម​ប្រេង​មួយ​ របស់​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​អង់គ្លេស​ឈ្មោះ BP នៅ​ឈូង​សមុទ្រ Mexique កាល​ពី​សប្តាហ៍​មុន បាន​ធ្វើ​ឲ្យ​ប្រេងឆៅ ធ្លាយ​ចេញ-អណ្តែត-រសាត់​ពាស​ពេញ​ទឹកសមុទ្រ។ ប្រេង​ឆៅ​បាន​អណ្តែត​រសាត់ ទៅ​ដល់​ឆ្នេរ​សមុទ្រ​នៃ​រដ្ឋ Louisiane សហរដ្ឋអាមេរិក។ ជា​ព្រឹត្តិការណ៍​មួយ​ដែល​បាន​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​ប្រកាស​ចាត់​ទុក ជា​គ្រោះមហន្តរាយ​ជាតិ។

ប្រេង​ឆៅ​អណ្តែត​ត្រា​និង​រសាត់​អណ្តែត​មក​រក​ឆ្នេរ​ Louisiane នៅ​អាមេរិក.
ប្រេង​ឆៅ​អណ្តែត​ត្រា​និង​រសាត់​អណ្តែត​មក​រក​ឆ្នេរ​ Louisiane នៅ​អាមេរិក. AFP/Chris Graythen
ផ្សាយពាណិជ្ជកម្ម

បើយោងតាមអ្នកឯកទេសខាងបរិស្ថានប្រេងឆៅ ដែល​បាន​ធ្លាយ​ចេញ​ពី​ការផ្ទុះ​ស្ថានីយ៍​បូម​ប្រេង​មួយ​របស់​ក្រុមហ៊ុន ប្រេងឥន្ធនៈ​អង់គ្លេស​ឈ្មោះBP នៅ​ឈូង​សមុទ្រMexique កាល​ពី​សប្តាហ៍​មុន គឺជាមហន្តរាយ​មួយ​ដែល​នឹង​អាច​ផ្តល់​ផល​អាក្រក់ ជាង​ការផ្ទុះ​ស្ថានីយ៍​បូម​ប្រេងExxon Valdez នៅក្នុងរដ្ឋAlaska កាលពី២៥ឆ្នំាមុនទៅទៀត។កាលណោះប្រេងឆៅ ដែល​ធ្លាយចេញពីការផ្ទុះនោះ បានអណ្តែត-រសាត់​តាម​បណ្តោយ​ឆ្នេរ​ប្រវែង​ជាង​២០០០​គីឡូម៉ែត្រ។ ករណី​ផ្ទុះស្ថានីយ៍​បូមប្រេងExxon Valdez កាលពី ២៥​ឆ្នំា​មុន គឺ​មាន​តែ​ប្រេងឆៅ​ស្តុក នៅក្នុង​ស្ថានីយ៍​នោះ​ប៉ុណ្ណោះ ដែល​បាន​ធ្លាយ​ហូរចាក់​លើ​ផ្ទៃសមុទ្រ។

ចំណែក​ឯ ការផ្ទុះស្ថានីយ៍បូមប្រេងនៅឈូងសមុទ្រMexique នាពេលនេះ មាន ២​ករណី ទីមួយ៖ គឺ​ការធ្លាយប្រេងឆៅដែលស្ទុកនៅស្ថានីយ៍ប្រមាណជា ៤ម៉ឺន​ម៉ែត្រ​គូប និង​ទីពីរ​ដែល​ជា​ក្តីបារម្ភ​ខ្លំាងជាងគេ​នោះ គឺ មាន​បរិមាណ​ប្រេងឆៅ​ជាង៨០ម៉ឺន​លីត្រ​កំពុង​បន្ត​បាញ់​ចេញ ជារៀងរាល់ថ្ងៃ​ពី​ប្រភព​នៅ​បាត​សមុទ្រ​ក្នុង​ជម្រៅ​១​គីឡូម៉ែត្រ​កន្លះ។

 
ខណៈនេះគេកំពុងគិតគូររកមធ្យោបាយដើម្បីបិទខ្ទប់ប្រភព​ប្រេង​នោះ។ តាម​ធម្មតា គេ​ត្រូវការ​ពេលវេលា ជាច្រើន​សប្តាហ៍ ឬ​ច្រើន​ខែ​ផង។ ឧប្បត្តិហេតុ​​ដូចគ្នា​នេះ​បាន​កើត​មាន​ម្តង​ហើយ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី ក្នុង​ឆ្នំា២០០៩។ កាលណោះ គេ​បាន​ចំណាយ​ពេល​រហូត ដល់​ទៅ ៧០​ថ្ងៃ ទើប​អាច​បិទ​បំពង់​ប្រភព​ប្រេង កុំ​ឲ្យ​បាញ់​ចេញ​មក​ក្រៅ។

ផលវិបាក​ដែល​ជះ​លើ​រដ្ឋLouisiane គឺ​វិស័យ​បរិស្ថាន។ នៅ​រដ្ឋ​Louisiane បញ្ហា​បរិស្ថាន​ជារឿង​មួយ​ដែល គេ​មិន​អាច​ធ្វើ​ព្រងើយ​កន្តើយ​បាន​ឡើយ ពីព្រោះ​ជាតំបន់​ពិសេស​មួយ​ដែល​សម្បូរ​ទៅដោយជីវចម្រុះមានទំាងសត្វ និង​រុក្ខជាតិ​គ្រប់​បែបយ៉ាង។ ដូច្នេះ​វាជារឿង​មួយ​បន្ទាន់​បំផុត ដែលរដ្ឋាភិបាលត្រូវចាត់វិធានការទប់ទល់ព្រោះថា ប្រេងឆៅ​ដែល​អណ្តែត​លើផ្ទៃទឹក​សមុទ្រ និង​ដែល​ទៅបៀមជាប់នឹងដីនោះ អាច​សម្លាប់​សត្វសមុទ្រ និង​បំផ្លាញ​រុក្ខជាតិ​គ្រប់​ប្រភេទ។

ក្រុមសង្រ្គោះបន្ទាន់បានប្រើពោងបណ្តែត ដើម្បីគៀង-ប្រមែល​ប្រមូល​ផ្តុំ​ប្រេងឆៅ​កុំឲ្យ​រសាត់​អណ្តែតពាសវាល ពាសកាលធំពេក។ប៉ុន្តែវិធានការនេះ ហាក់​ដូចជា​គ្មាន​ប្រសិទ្ធិភាព​ប៉ុន្មាន​ទេ ព្រោះថា​ពេលនេះ​ប្រេងឆៅ កំពុង​​រសាត់​​អណ្តែត​លើ​ផ្ទៃទឹក​សមុទ្រ​ប្រមាណ​ជា​១៥០០គីឡូម៉ែត្រក្រឡា និង​កំពុង​តែ​បន្ត​លាត​សន្ធឹង​កាន់តែ​ធំ​ទៅៗ។ វិធានការ​បន្ទាប់​មក​ទៀត គេបានដុតប្រេងឆៅនៅលើផ្ទៃទឹកសមុទ្រនោះតែម្តង។

វិធាន​ការដុតនេះមិនត្រូវបានគ្រប់ប្រទេសយកទៅអនុវត្តន៍ទេ ហើយ​បើ​តាម​ការយល់ឃើញ​របស់​ក្រុម​អ្នកការពារ​បរិស្ថាន គេមិនត្រូវយកទៅប្រើទេពីព្រោះថា ការដុត​ប្រេងឆៅ​បាន​បញ្ចេញ​ជា​ផ្សែងយ៉ាងខ្មួលខ្មាញ់ ដែលបង្កប់ទៅដោយសារធាតុគីមីនំាឲ្យកើតជំងឺមហារីក ដូចគ្នា​នឹងផ្សែងបារី។មួយវិញទៀតសារធាតុគីមី ដែលនំាឲ្យកើតជំងឺមហារីកនេះ មិនមែន​មាន​តែនៅ​ក្នុង​ផ្សែង​នោះប៉ុណ្ណោះទេ តែ​ក៏មាន​នៅ​ក្នុង​កាក​សំណល់​ប្រេងឆៅ​ដែល​មិនឆេះ និង​នៅ​ក្នុង​ទឹកដែរ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ