អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

សហរដ្ឋ​អាមេរិក ៖ ជា​លេខ​១​ ឬ មិនមែន​ជា​លេខ​១​​ពិភពលោក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​​ខែ​​វិច្ឆិកា​​ឆ្នាំ​​២០០៨ បារ៉ាក់ អូបាម៉ា បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក។ ដោយសារ​​ប្រាជា្ញ​​ឆ្លាត​​វៃ ថាមពល​​ក្លៀវក្លា និង ដើម​​កំណើត​​​ជា​កូនកាត់​ស្បែក​ខ្មៅ បារ៉ាក់ អូបាម៉ា ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា ជា​ប្រធានាធិបតីទី១របស់ពិភពលោក។ ក៏​ប៉ុន្តែ លោក អូបាម៉ា​ ​ឡើង​មក​គ្រប់គ្រង​ប្រទេស​មួយ​ដែល​បាន​និង​កំពុង​បន្ត​បាត់បង់​ កិត្យានុភាព​និង​មហិទ្ធិឫទ្ធិ នៅ​លើ​ឆាក​អន្តរជាតិ។ ជា​ការ​ពិត​ណាស់​ដែល​ថា អាមេរិក​នៅ​តែ​ជា​សិស្ស​ពូកែ ជាប់​លេខ​១ ក្នុង​ថ្នាក់​ពិភពលោក ក៏​ប៉ុន្តែ​បណ្តើរៗ មហាយក្ស​មួយ​នេះ​លែង​ជា​មហាអំណាច​ផ្តាច់​មុខ​ទៀត​ហើយ កំពុង​តែ​ក្លាយ​ជា​ប្រទេស​មួយ​ដូច​គេ​ឯង​ដែរ ពីព្រោះ​តែ​ការ​លេច​ត្រដែត​ឡើង​នៃ​មហា​អំណាច​ថ្មីថ្មោង​ដទៃ​ផ្សេង​ទៀត។

វិមាន​ Capitole ថ្ងៃ​ទី​២០ មករា ២០០៩ ថ្ងៃ​លោក​បារ៉ាក់ អូបាម៉ា​ស្បថ​ចូល​កាន់​តំណែងប្រធានាធិបតី​អាមេរិក
វិមាន​ Capitole ថ្ងៃ​ទី​២០ មករា ២០០៩ ថ្ងៃ​លោក​បារ៉ាក់ អូបាម៉ា​ស្បថ​ចូល​កាន់​តំណែងប្រធានាធិបតី​អាមេរិក (Photo : AFP)
ផ្សាយពាណិជ្ជកម្ម

ក្នុង​អំឡុង​ពេល​តែ​មួយ​សតវត្សរ៍​ប៉ុណ្ណោះ គឺ​ពី​ចុង​សតវត្សរ៍​ទី​១៨​ដល់​ចុង​សតវត្សរ៍​ទី​១៩ សហរដ្ឋអាមេរិក​បាន​ក្លាយ​ជា​មហាអំណាច​ពិភពលោក​ទី​១។ លក្ខន្តិកៈ​ជា​មហាយក្ស​ទី១​នេះ​ត្រូវ​បាន​ពង្រឹង​បន្ថែម​នៅ​លើ​ឆាក​អន្តរជាតិ ពេញ​មួយ​សតវត្សរ៍​ទី​២០ ដោយសារ​តែ​ប្រទេស​នេះ​បាន​ឈ្នះ​សង្គ្រាម​លោក​លើក​ទី​១ សង្គ្រាម​លោក​លើក​ទី​២ និង​សង្គ្រាម​ត្រជាក់។

នៅ​ក្នុង​សតវត្សរ៍​ទី​២០ សហរដ្ឋអាមេរិក​បាន​ក្លាយ​ជា​លេខ​១​ពិភពលោក នៅ​ពេល​ដែល​ចក្រភព​ធំៗ​នៅ​អឺរ៉ុប​សម្លាប់​ខ្លួន​ឯង បាក់​កម្លាំង​បន្តិច​ម្តងៗ ដោយហេតុ​តែ​សង្គ្រាម​លោក​ទាំង​ពីរ។ អ៊ីចឹង​ហើយ​បាន​ជា អាមេរិក​ដែល​មាន​ឫទ្ធិ​ខ្លាំង អាច​បង្ខំ​ពិភពលោក​ឲ្យ​ទទួល​យក​នូវ​គោលគំនិត​សេដ្ឋកិច្ច​និង​នយោបាយ​សកល​របស់​ខ្លួន​បាន ដូចជា សេរីកម្ម​នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម អភិបាលកិច្ច​សកល តាម​រយៈ​ការ​បង្កើត​អង្គការ​សហប្រជាជាតិ ។ល។​និង​។ល។​

មិន​តែ​ប៉ុណ្ណោះ​នៅ​ដើម​សតវត្សរ៍​ទី​២១ សហរដ្ឋអាមេរិក​ថែម​ទាំង​មាន​គំនិត​បង្ខំ​បណ្តា​ប្រទេស​កាន់​អំណាច​ផ្តាច់ការ ឲ្យ​ទទួល​យក​គំរូ​ប្រជាធិបតេយ្យ​និង​គំរូ​ពិភពភាវូបនីយកម្ម​របស់​ខ្លួន​ទៀត​ផង ជា​អាទិ៍​តាម​រយៈ​សង្គ្រាម​នៅ​អៀរ៉ាក់ ក្នុង​ឆ្នាំ​២០០៣។

ម្ល៉ោះ​ហើយ នៅ​ក្នុង​បរិបទ​បែប​នេះ និង​តាម​គោលការណ៍ អាមេរិក​ត្រូវ​ខ្លាំង​លើស​គេ ត្រូវ​ក្លាយ​ជា​មហាអំណាច​ផ្តាច់​មុខ​ដែល​គ្មាន​គូ​ប្រជែង នៅ​លើ​ឆាក​អន្តរជាតិ ។ ក៏ប៉ុន្តែ បន្តិច​ម្តងៗ សហរដ្ឋអាមេរិក​បែរ​ជា​បាន​និង​កំពុង​បន្ត​ទទួល​រង​ឥទ្ធិពល​អាក្រក់​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​សកល និង​ប្រព័ន្ធ​នយោបាយ​សកល ដែល​ខ្លួន​បាន​តម្រូវ​ឲ្យ​ពិភពលោក​ទទួល​យក​កាល​ពី​សតវត្សរ៍​មុន។ ឥទ្ធិពល​អាក្រក់​ដែល​ឡង​មក​ត្រូវ​អាមេរិក​ខ្លួន​ឯង​វិញ មាន​ច្រើន​យ៉ាង។

ម្យ៉ាង នៅ​លើ​វិស័យ​សេដ្ឋកិច្ច ការ​បង្កើត​ទី​ផ្សារ​សកល បំផុស​ឲ្យ​មាន​នូវ​ការ​ប្រកួត​ប្រជែង​ជា​សកល រហូត​ដល់​ជួយ​ធ្វើ​ឲ្យ​ប្រទេស​ធំៗ ដូចជា​ចិន ឥណ្ឌា និង​ប្រេស៊ីល​លេច​ត្រដែត​ឡើង​កាន់​តែ​លឿន​រហ័ស និង​កំពុង​ក្លាយ​ជា​គូប្រជែង​របស់​អាមេរិក​ខ្លួន​ឯង។ ម្យ៉ាង​ទៀត នៅ​លើ​វិស័យ​នយោបាយ អភិបាលកិច្ច​សកល តាម​រយៈ​គំរូ​អង្គការ​សហប្រជាជាតិ​ដែល​មាន​មូលដ្ឋាន នៅ​លើ​គោលការណ៍​ប្រជាធិបតេយ្យ​និង​សមភាព​នៅ​ចំពោះ​មុខ​ច្បាប់ តម្រូវ​សហរដ្ឋអាមេរិក​ឲ្យ​គោរព​ករណីយកិច្ច​និង​លក្ខខណ្ឌ​ផ្សេងៗ ដូច​បណ្តា​ប្រទេស​សមាជិក​ធំ​ឬ​តូច​ដទៃ​ទៀត​ដែរ។

ជា​ការ​ពិត​ណាស់​ដែល​ថា ក្នុង​នាម​ជា​សមាជិក​អចិន្រ្តៃយ៍​នៃ​អង្គការ​សហប្រជាជាតិ អាមេរិក​មាន​សិទ្ធិ​វេតូ(Véto) មាន​សិទ្ធិ​កាន់​អាវុធ​នុយក្លេអ៊ែរ ស្រប​ទៅ​តាម​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​ឆ្នាំ​១៩៦៨។ ក៏​ប៉ុន្តែ​ នៅ​ក្នុង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ផ្សេង ដូចយ៉ាង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជា​ដើម អាមេរិក​ជា​ប្រទេស​សមាជិក​មួយ​ដូច​គេ​ឯង​ដែរ។

ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត គោលការណ៍​អភិបាលកិច្ច​សកល ដែល​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ថ្នាក់​ដឹកនាំ​អាមេរិក ក្រោយ​សង្គ្រាម​លោក​លើក​ទី​២ កំពុង​ចង​ក​សហរដ្ឋអាមេរិក​ខ្លួន​ឯង។ ឧទាហរណ៍​ជាក់​ស្តែង គឺ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង នៅ​ឆ្នាំ​២០០២។ នៅ​ថ្ងៃ​ណា​មួយ តុលាការ​នេះ​អាច​នឹង​អូស​យក​មក​កាត់ទោស អតីត​អ្នក​ដឹក​នាំ​កំពូលៗ​មួយ​ចំនួន​របស់​សហរដ្ឋអាមេរិក ពីព្រោះ​អន្តរាគមន៍​យោធា​ច្រើន​សន្ធឹក​សន្ធាប់ នៅ​ក្នុង​លោក​របស់​ប្រទេស​មហាយក្ស​មួយ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ជ្រុលជ្រួស បង្ក​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ឬ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ទៀត​ផង។

***

លោក​ បារ៉ាក់ អូបាម៉ា និង​ភរិយា ធ្វើ​ដំណើរ​ទៅ​ចូល​ស្បថ​កាន់​តំណែង​ជា​ប្រធានាធិបតី
លោក​ បារ៉ាក់ អូបាម៉ា និង​ភរិយា ធ្វើ​ដំណើរ​ទៅ​ចូល​ស្បថ​កាន់​តំណែង​ជា​ប្រធានាធិបតី © : Reuters

 
តើ​សហរដ្ឋអាមេរិក​អាច​បន្ត​នៅ​ជា​សិស្ស​ពូកែ​ជាប់​លេខ​១​ក្នុង​​ថ្នាក់​ពិភពលោក​ត​ទៅ​ទៀត​បាន​ប៉ុន្មាន​ឆ្នាំ នៅ​ក្នុង​សតវត្សរ៍​ទី​២១​នេះ?

អ្វី​ដែល​ជាក់​ច្បាស់ គឺ​សព្វថ្ងៃ​នេះ សហរដ្ឋអាមេរិក​បាន​ឡើង​មក​ដល់​ចុង​កំពូល​នៃ​មហិទ្ធិឫទ្ធិ​របស់​ខ្លួន​ហើយ ក្រោយ​ពី​បាន​ក្លាយ​ជា​មហាអំណាច​ទី​១​នៅ​ដើម​សតវត្សរ៍​ទី​២០ និង​បាន​រក្សា​លក្ខន្តិកៈ​ជា​មហាអំណាច​ទី១​នេះ ជិត​មួយ​សតវត្សរ៍​កន្លង​មក​ហើយ គឺ​តាំង​ពី​ចប់​សង្គ្រាម​លោក​លើក​ទី​១​ក្នុង​ឆ្នាំ​១៩១៨ រហូត​មក​ដល់​ឆ្នាំ​២០១០​នេះ។

ជា​ការ​ពិត​ណាស់​ដែល​ថា អាមេរិក​នៅ​តែ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​១ នៅ​តែ​រក្សា​បាន​ល្អ​ការ​នាំ​មុខ​របស់​ខ្លួន នៅ​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន រួម​មាន​ជា​អាទិ៍​វិស័យ​អប់រំ​ជាពិសេស​ថ្នាក់​ឧត្តម​សិក្សា វិស័យ​ឧស្សាហកម្ម​ឈាន​មុខ និង​វិស័យ​សេវា​ពាណិជ្ជ​។ល។និង។ល។ មិន​តែ​ប៉ុណ្ណោះ សេដ្ឋកិច្ច​អាមេរិក បើ​ប្រៀប​ទៅ​នឹង​សេដ្ឋកិច្ច​អឺរ៉ុប ទទួល​រង​មិន​សូវ​ខ្លាំង​ទេ ឥទ្ធិពល​នៃ​វិបត្តិ​សកល​បច្ចុប្បន្ន។

ក៏ប៉ុន្តែ រូបភាព​របស់​មហាយក្ស​អាមេរិក​ចាប់​ផ្តើម​រេចរឹល នៅ​ចំពោះមុខ​ប្រទេស​មាឌ​ធំ​មួយ​ចំនួន ដូចជា​ចិន ឥណ្ឌា ប្រេស៊ីល ដែល​គេ​មាន​វ័យ​ក្មេង​ជាង និង​មាន​ថាមពល​ខ្លាំង​ជាង។ មិន​តែ​ប៉ុណ្ណោះ មហាយក្ស​ថ្មីថ្មោង​ទាំង​នេះ​ចេះ​ស្រូប​យក​បាន​យ៉ាង​លឿន​រហ័ស​បច្ចេកវិជ្ជា​ឈាន​មុខ និង​ចេះ​ដើរ​ស្រូត​លឿន​ទៅ​មុខ​មិន​ឲ្យ​ខាត​ពេល​ឡើយ។

ដូចគ្នា​អ៊ីចឹង​ដែរ រូបភាព​របស់​អាមេរិក​ចាប់​ផ្តើម​រេចរឹល ពីព្រោះ​នៅ​ក្នុង​ពិភពលលោក​មួយ​ដែល​មាន​លុយ​ទើប​ទឹក​មាត់​ប្រៃ អាមេរិក​ជា​ប្រទេស​ចាយ​ធំ ខ្ចី​លុយ​គេ​ចាយ និង​ជំពាក់​លុយ​គេ ជាពិសេស​ជំពាក់​លុយ​ប្រទេស​ចិន។

ជា​ការ​ពិត​ណាស់​ដែល​ថា អាមេរិក​នៅ​តែ​ជា​មហាអំណាច​យោធា​ពិភពលោក​ទី​១ នៅ​ដើម​សតវត្សរ៍​ទី​២១​នេះ។ អាមេរិក​ឈ្នះ​សង្គ្រាម​លោក​លើក​ទី​២ នៅ​ឆ្នាំ​១៩៤៥ ដោយ​បាន​ប្រយុទ្ធ​នៅ​លើ​មហាសមរភូមិ​ពីរ​ដំណាល​គ្នា គឺ​អាត្លង់ទិក(Atlantique) និង​ប៉ាស៊ីហ្វិក​(Pacifique)។ អាមេរិក​ឈ្នះ​សង្គ្រាម​ត្រជាក់​នៅ​ឆ្នាំ​១៩៩១ ដោយ​បាន​ធ្វើ​ឲ្យ​សហភាព​សូវៀត​រលាយ​នៅ​ទី​បំផុត។

ក៏​ប៉ុន្តែ នៅ​ដើម​សវត្សរ៍​ទី​២១​នេះ អាមេរិក​បែរ​ជា​ដោះ​ខ្លួន​ចេញ​មិន​រួច​ពី​សង្គ្រាម​ពីរ​តូចៗ នោះ​គឺ​អៀរ៉ាក់ និង​អាហ្វហ្កានីស្តង់។ ការ​កត់​សម្គាល់​ឃើញ​បែប​នេះ ស្តែង​ឲ្យ​យល់​ថា​ទាហាន​នៅ​តែ​ជា​កត្តា​សំខាន់​នៅ​ក្នុង​សង្គ្រាម មិន​អាច​ជំនួស​បាន​យូរ​ទេ ដោយ​អាវុធ​និង​បច្ចេកទេស​យោធា​ទំនើប​យ៉ាង​ណា​ក៏​ដោយ។ ត្រង់នេះ គួរ​និយាយ​ថា សហរដ្ឋអាមរិក​ខ្វះ​ទាហាន ពីព្រោះ​ការ​ហាត់​ទាហាន ត្រូវ​បាន​លុប​ចោល តាំង​ពី​ចប់​សង្គ្រាម​វៀតណាម​មក​ម្ល៉េះ ជាហេតុ​ជម្រុញ​អាជ្ញាធរ​ឲ្យ​សន្យា​ថា​នឹង​ផ្តល់​សញ្ជាតិ​អាមេរិក​ដល់​ជន​អន្តោប្រវេសន៍​ណា​ ដែល​ព្រម​ស្ម័គ្រ​ចិត្ត​ចូល​ធ្វើ​ទាហាន។

យ៉ាង​ណា​ក៏​ដោយ ជិត​មួយ​សតវត្សរ៍​ចុង​ក្រោយ​នេះ អាមេរិក​អាច​ដើរ​តួនាទី​សំខាន់ នៅ​លើ​ឆាក​អន្តរជាតិ​បាន ក៏​ដោយសារ​តែ​ប្រទេស​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​ប្រធានាធិបតី​មួយ​ចំនួន​ដែល​មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ​ដែរ ក្នុង​នោះ​មាន​ជាពិសេស​Franklin Roosevelt។ គឺ​ជា​ប្រធានាធិបតី​ដែល​នៅ​ឆ្នាំ​១៩៣៩ គេ​ប្រសិទ្ធនាម​ឲ្យ​ថា ប្រមុខរដ្ឋ​របស់​សកលលោក​ និង​ដែល​បាន​អនុញ្ញាត​ឲ្យ​សហរដ្ឋអាមេរិក​ឈ្នះ​សង្គ្រាម​លោក​លើក​ទី​២ នៅ​ឆ្នាំ​១៩៤៥។

តើ​បច្ចុប្បន្ន​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា មាន​សមត្ថភាព​គ្រប់គ្រាន់​ដែរ​ឬ​ទេ ដើម្បី​ប្រឈមមុខ​នឹង​សណ្តាប់​ធ្នាប់​ថ្មី​នៃ​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក​សព្វ​ថ្ងៃ?

ខ្ញុំ​នឹង​សាកល្បង​ឆ្លើយ​នឹង​សំណួរ​នេះ នៅ​សប្តាហ៍​ក្រោយ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ