អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

តើ​អូបាម៉ា​អាច​ពង្រឹង​មហិទ្ធិឫទ្ធិ​របស់​អាមេរិក នៅ​ក្នុង​លោក​បាន​ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៏​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់ បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​នៃ​ពិភពលោក​បច្ចុប្បន្ន។ នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០០៨ អូបាម៉ាបាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក។ ជិត​ពីរ​ឆ្នាំ​ក្រោយ​មក អូបាម៉ាដែលត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា ជា​ប្រធានាធិបតី ​ទី ១​របស់ ពិភពលោកមិន​ទាន់​បង្ហាញ​ឲ្យ​ឃើញ​នូវ​ស្នាដៃ​អ្វី​មួយ​ច្បាស់ នៅ​លើ​ឆាក​អន្តរជាតិ​ឡើយ។ ម្ល៉ោះហើយ តើ អូបាម៉ា​អាច​ពង្រឹង​ មហិទ្ធិឫទ្ធិ​របស់​អាមេរិក នៅ​ក្នុង​លោក​បាន​ឬ​ទេ?

អូបាម៉ា​អាច​ពង្រឹង​មហិទ្ធិឫទ្ធិ​របស់​អាមេរិក នៅ​ក្នុង​លោក​បាន​ឬ​ទេ?
អូបាម៉ា​អាច​ពង្រឹង​មហិទ្ធិឫទ្ធិ​របស់​អាមេរិក នៅ​ក្នុង​លោក​បាន​ឬ​ទេ? ©reuters
ផ្សាយពាណិជ្ជកម្ម

ជិត​ពីរ​ឆ្នាំ​ក្រោយ​ការ​ជាប់​ឆ្នោត​ជា​ប្រវត្តិសាស្ត្រ​របស់​អូបាម៉ា អ្នក​ឯកទេសន៍​នៃ​បញ្ហា​អន្តរជាតិ នៅ​បន្ត​រក​មិន​ទាន់​ឃើញ​ឡើយ ផ្លាក​សញ្ញា​នៃ​នយោបាយ​ការបរទេស​របស់​ប្រធានាធិបតី​អាមេរិក​រូប​នេះ។ អ្នក​ឯកទេស​ភាគ​ច្រើន​វាយ​តម្លៃ​ថា អូបាម៉ា​ជា​អ្នក​ប្រាកដនិយម ខុស​ពី​George W.Bush ដែល​មាន​គំនិត​រវើរវាយ​ចង់​រំលំ​របប​ផ្តាច់ការ​នានា ដើម្បី​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​គ្រប​ដណ្តប់​ទៅ​លើ​ពិភពលោក​ទាំង​មូល។

 

ការពិត គឺ​អ៊ីចឹង​មែន។ អូបាម៉ា​មិន​សូវ​ប្រើ​ច្រើន​ពេក​ទេ ពាក្យ​លិទ្ធិប្រជាធិបតេយ្យ ឬ​ពាក្យ​សិទ្ធិមនុស្សហើយ​ក៏​មិន​សូវ​ស្រែក​ទាមទារ​ដែរ ឲ្យ​របប​ផ្តាច់ការ​ណា​មួយ នៅ​ក្នុង​លោក​ដោះលែង​អ្នក​នេះ ឬ​ឈប់​គាប​សង្កត់​អ្នក​នោះ។ អូបាម៉ា​លើក​ឡើង​ជាពិសេស ពី​បញ្ហា​សេដ្ឋកិច្ច ឬ​ពី​បញ្ហា​អាកាសធាតុ​ហើយ​ចៀសវាង​មិន​ឡូឡា​ផ្តល់​មេរៀន​ទៅ​ឲ្យ​ប្រទេស​ដទៃ​ឡើយ។

 

ក៏​ប៉ុន្តែ អូបាម៉ា​ដែល​ជា​អ្នក​ប្រាកដនិយម មិន​ខ្វះ​ឧត្តមគតិ​ទេ។ ជាក់ស្តែង បី​ខែ​ប៉ុណ្ណោះ​ក្រោយ​ពី​បាន​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក អូបាម៉ា​បាន​បញ្ជូន​សារ​ជា​ច្រើន​ទៅ​កាន់​មតិ​អន្តរជាតិ ក្នុង​នោះ​រួម​មាន​ជា​អាទិ៍ ការ​ប៉ងប្រាថ្នា​ចង់​បាន​ពិភពលោក​មួយ​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែពិភពលោក​មួយ​ដែល​ម្នាក់ៗ​មាន​ចិត្ត​ចង់​កសាង​ជាង​បំផ្លាញ ពិភពលោក​មួយ​ដែល​គ្មាន​សង្គ្រាម ពិភពលោក​មួយ​ពហុភាគីនិយម និង​បរិស្ថាននិយម

 

យ៉ាងណាមិញ ជិត​ពីរ​ឆ្នាំ​ក្រោយ​ពី​បាន​ក្លាយ​ជា​បុរស​ដែល​មាន​អំណាច​ខ្លាំង​ជាង​គេ​នៅ​លើ​លោក អូបាម៉ា​នៅ​តែ​មិន​ទាន់​បង្ហាញ​ឲ្យ​ឃើញ​នូវ​ស្នាដៃ​អ្វី​មួយ​ច្បាស់​ នៅ​លើ​ឆាក​អន្តរជាតិ​ទេ។ មិន​ទាន់​ឃើញ​មាន​ទេ ដំណោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ឬ​ក៏​របស់​អៀរ៉ង់។ មិន​ទាន់​ឃើញ​មាន​ទេ​ស្រមោល​នៃ​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន ឮ​តែ​សុន្ទរកថា​ប្រកប​ទៅ​ដោយ​អត្ថរស​និង​អត្ថន័យ ដែល​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា អាមេរិក​ចង់​បង្កើន​មិត្តភ័ក្តិ​ជា​ជាង​បង្កើន​សត្រូវ ចង់​ចរចា​ជា​ជាង​ប្រើ​ធម៌ក្តៅ។ មិន​ទាន់​ឃើញ​មាន​ច្បាស់​ឡើយ doctrine Obama ឬ​ទ្រឹស្តី​អូបាម៉ា។ នេះ​ប្រហែល​មក​ពី មក​ទល់​ឥឡូវ អូបាម៉ា​រវល់​តែ​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​ធំៗ​ដែល​សល់​ពី​រដ្ឋការ​Bush ដូច​យ៉ាង​រូបភាព​មិន​ល្អ​របស់​អាមេរិក​នៅ​លើ​ឆាក​អន្តរជាតិ សង្គ្រាម​អាហ្វហ្កានីស្តង់ និង​សង្គ្រាម​អៀរ៉ាក់។ អូបាម៉ា​បាន​សន្យា​ថា នឹង​ដក​ទាហាន​អាមេរិក​ចេញ​ពី​អៀរ៉ាក់ មុន​ខែ​មិថុនា​ឆ្នាំ​២០១១ និង​បាន​បង្កើន​ទ័ព​ជិត​៤០០០០​នាក់​ទៀត​ជា​បន្ថែម​នៅ​អាហ្វហ្កានីស្តង់ ក្នុង​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ។

 

ពី​ពេល​នេះ​រហូត​ដល់​ខែ​វិច្ឆិកា​ឆ្នាំ​២០១២ ដែល​ជា​ឆ្នាំ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​អាណត្តិ​ថ្មី អូបាម៉ា​ត្រូវ​បង្ហាញ​ស្នាដៃ នៅ​ក្នុង​សំណុំ​រឿង​អន្តរជាតិ​ធំៗ​ចំនួន​បី គឺ​អៀរ៉ង់ អ៊ីស្រាអែល និង​កូរ៉េខាងជើង។

 

នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រធានាធិបតី​George W.Bush សហរដ្ឋអាមេរិក​បាន​ប្រជែង​កម្លាំង​គ្នា​ខ្លាំង​ជាមួយ​អៀរ៉ង់ រហូត​ដល់​បាន​គំរាម​ថា​នឹង​ធ្វើ​អន្តរាគមន៍​យោធា​ទៀត​ផង ប្រសិន​បើ​របប​Téhéran មិន​ព្រម​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​ទេ​នោះ។ នយោបាយ​ដៃ​ភ្លើង​ជើង​មាន់​របស់​Bush តាម​រយៈ​សង្គ្រាម​នៅ​អាហ្វហ្កានីស្តង់ និង​ក្រោយ​មក​ទៀត​នៅ​អៀរ៉ាក់ បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​អៀរ៉ង់​មាន​ជំនឿ​ថា ការ​គំរាម​តាម​ពាក្យ​សំដី​របស់​អាមេរិក​អាច​ក្លាយ​ជា​ការពិត ក្លាយ​ជា​អន្តរាគមន៍​យោធា។

 

ជាមួយ​អូបាម៉ា ថ្នាក់ដឹកនាំ​អៀរ៉ង់​មាន​ការ​កក់ក្តៅ​ចិត្ត​ជាង លែង​បារម្ភ​ទៀត​ហើយ​ចំពោះ​អន្តរាគមន៍​យោធា​ជាយថាហេតុ​របស់​អាមេរិក ពីព្រោះ​អាទិភាព​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី គឺ​បញ្ចប់​សង្គ្រាម​នៅ​អាហ្វហ្កានីស្តង់ នៅ​អៀរ៉ាក់ និង​ចៀសវាង​កុំ​បង្ក​ឲ្យ​មាន​សមរភូមិ​មួយ​ណា​ថ្មី នៅ​ក្នុង​តំបន់។ អ្វី​ដែល​រដ្ឋការ​អូបាម៉ា បាន​និង​កំពុង​បន្ត​ខ្នះខ្នែង គឺ​ការ​អនុវត្តន៍​ការទូត​មួយ ក្នុង​គោល​ដៅ​ដាក់​របប​អៀរ៉ង់​ឲ្យ​នៅ​ឯកា​លើ​ឆាក​អន្តរជាតិ។ នៅ​ក្នុង​ន័យ​នេះ ជា​លើក​ទី​មួយ​បង្អស់ ផែនការ​របស់​អាមេរិក​ស្តី​ពី​ការ​បង្កើន​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​នយោបាយ​ទៅ​លើ​អៀរ៉ង់ បាន​ទទួល​ការ​បោះឆ្នោត​គាំទ្រ​ពី​សំណាក់​រុស្ស៊ី​និង​ចិន នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នៅ​ខែ​មិថុនា​ឆ្នាំ​២០១០​នេះ។

 

ជា​ការ​ពិត​ណាស់​ដែល​ថា នេះ​ជា​ជ័យជំនះ​មួយ​ប្រកែក​មិន​បាន​របស់​អូបាម៉ា​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​អៀរ៉ង់ ប៉ុន្តែ​ទន្ទឹម​ជាមួយ​គ្នា​នេះ ទឹក​មាត់​របស់​អូបាម៉ា​មិន​ប្រៃ​ទេ មក​ទល់​ពេល​នេះ នៅ​ចំពោះមុខ​ប្រទេស​អ៊ីស្រាអែល។ ម្យ៉ាង ថ្នាក់ដឹកនាំ​អ៊ីស្រាអែល​ដែល​ចាត់​ទុក​សន្តិសុខ​របស់​ប្រទេស​ជាតិ​ថា ជា​អាទិភាព​ទី​មួយ អាច​នឹង​ប្រើ​កម្លាំង​យោធា​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​នុយក្លេអ៊ែរ​របស់​អៀរ៉ង់​គ្រប់​ពេល​វេលា។ ម្យ៉ាង​ទៀត អ៊ីស្រាអែល​បាន​ចាប់​ផ្តើម​មិន​ទុក​ចិត្ត​អូបាម៉ា​តាំង​ពី​ដើម​ឆ្នាំ​២០០៨​មក​ម្ល៉េះ ពោល​គឺ​តាំង​ពី​អូបាម៉ា នៅ​ជា​បេក្ខជន​មិន​ទាន់​ក្លាយ​ជា​ប្រធានាធិបតី​នៅ​ឡើយ។ មូលហេតុ គឺ​មក​ពី​អ៊ីស្រាអែល​សង្ស័យ​ថា អូបាម៉ា​មាន​សមានចិត្ត​ទៅ​លើ​ប៉ាឡេស្ទីន​ខ្លាំង​ពេក។

 

ថ្មីៗ​កន្លង​ទៅ​នេះ ការ​ស្ទាបស្ទង់​មតិ​មួយ​បង្ហាញ​ថា ៦​ភាគ​រយ​តែ​ប៉ុណ្ណោះ​នៃ​ប្រជាពលរដ្ឋ​អ៊ីស្រាអែល​មាន​ទំនុក​ចិត្ត​លើ​លោក​អូបាម៉ា។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត នៅ​ឆ្នាំ​២០១០​នេះ រដ្ឋាភិបាល​អ៊ីស្រាអែល​របស់​Benyamin Netanyahou មិន​ព្រម​ស្តាប់​រដ្ឋការ​អូបាម៉ា​ឡើយ ជាហេតុ​ធ្វើ​ឲ្យ​អភិក្រម​នៃ​ការ​ស្វែង​រក​សន្តិភាព​នៅ​ភូមិភាគ​ដើមបូព៌ា​គាំង​ទ័ល​ច្រក នៅ​មួយ​កន្លែង។

 

នៅ​គាំង​ទ័ល​ច្រក​ដូច​គ្នា គឺ​ដំណោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នៃ​កូរ៉េ​ខាង​ជើង។ របប​កុម្មុយនិស្ត​Pyongyang មិន​ត្រឹម​តែ​មិន​ព្រម​វិល​មក​រក​តុ​ចរចា​៦​ភាគី​វិញ​ប៉ុណ្ណោះ​ទេ តែ​បាន​រក​រឿង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០១០​នេះ។ របប​Pyongyang បន្ត​កម្មវិធី​នុយក្លេអ៊ែរ ក្នុង​គោលដៅ​ផលិត​គ្រាប់បែក​បរមាណូ។ របប​Pyongyang បាន​បាញ់​ពន្លិច​នាវា​ចម្បាំង​មួយ​គ្រឿង​របស់​កូរ៉េ​ខាង​ត្បូង ជាហេតុ​បណ្តាល​ឲ្យ​មាន​ស្លាប់​នាវិក​ជា​ច្រើន​សិប​នាក់។ មិន​តែ​ប៉ុណ្ណោះ របប​Pyongyang​ថែម​ទាំង​បាន​គំរាម​ថា នឹង​បញ្ឆេះ​ឲ្យ​សង្គ្រាម​ទាំង​ស្រុង​មួយ​កើត​ឡើង​នៅ​ក្នុង​តំបន់ បើ​សិន​ជា​មាន​ការ​បង្កើន​ទណ្ឌកម្ម​មក​លើ​ប្រទេស​ខ្លួន។

 

សរុប​មក​វិញ ជិត​ពីរ​ឆ្នាំ​ក្រោយ​ពី​បាន​ជាប់​ឆ្នោត​រួច​មក អូបាម៉ា​ប្រធានាធិបតី​នៃ​មហា​អំណាច​ពិភពលោក​ទី​មួយ មិន​ទាន់​បង្ហាញ​ឲ្យ​ឃើញ​នូវ​ស្នាដៃ​អ្វី​មួយ នៅ​លើ​ឆាក​អន្តរជាតិ​ឡើយ។ ពួក​អ្នក​វិភាគ​ខ្លះ ហ៊ាន​រហូត​ដល់​ទៅ​អះអាង​ថា អូបាម៉ា​គ្មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ប្រឈម​មុខ​នឹង​សណ្តាប់​ធ្នាប់​ថ្មី ​នៃ​ភូមិសាស្រ្ត​នយោបាយ​ពិភពលោក​សព្វ​ថ្ងៃទេ។ ពួក​អ្នក​វិភាគ​ដដែល​អះអាង​ទៀត​ថា បណ្តា​មហា​អំណាច​ថ្មីថ្មោង ជាពិសេស​ប្រទេស​ចិន កំពុង​ឆ្លៀត​ពេល​នៃ​អណត្តិ​គ្រប់គ្រង​រដ្ឋ​របស់​អូបាម៉ា នៅ​សហរដ្ឋអាមេរិក ដើម្បី​លេច​ត្រដែត​ឡើង​ឲ្យ​កាន់​តែ​ខ្លាំង​និង​ឲ្យ​កាន់​តែ​រហ័ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ