តុលាការយុតិ្តធម៌អន្តរជាតិសម្រេចពីភាពស្របច្បាប់នៃការប្រកាសឯករាជ្យរបស់កូសូវ៉ូ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥០
នៅថ្ងៃព្រហស្បតិ៍ ទី២២ កក្កដា ឆ្នំា ២០១០ តុលាការយុតិ្តធម៌អន្តរជាតិចេញសេចក្តីសម្រេចស្តីពីភាពស្របច្បាប់នៃ ការប្រកាសឯករាជ្យរបស់ដែនដីកូសូវ៉ូ កាលពីថ្ងៃទី ១៧ កក្កដា ឆ្នំា ២០០៨។ សេចក្តីសម្រេចដែលគ្មានលក្ខណៈបង្ខិតបង្ខំឡើយ។ ទំាងរដ្ឋអំណាចស៊ែរប៊ី និងកូសូវ៉ូសុទ្ធតែបានបង្ហាញពីសុទិដ្ឋិនិយមរៀងៗខ្លួន។តើដើមរឿងនៅកូសូវ៉ូបានកើតឡើងយ៉ាងដូចម្តេចខ្លះ ?
កាលពីដើមឡើយ កូសូវ៉ូគឺជាខេត្តមួយរបស់ប្រទេសស៊ែរប៊ី។ កូសូវ៉ូមានផ្ទៃដីទំហំមួយម៉ឺនគីឡូម៉ែត្រក្រឡា មានប្រជាជនរស់នៅប្រមាណ ២លាននាក់ ដែលភាគច្រើនជាជនជាតិអាល់បានី។ នៅក្នុងសម័យសហភាពយូកូស្លាវី ស៊ែរប៊ីជារដ្ឋសមាជិកមួយ រីឯកូសូវ៉ូគឺជារដ្ឋស្វ័យ័ត។ ប៉ុន្តែក្រោយពីយូកូស្លាវីបានដួលរលំទៅ រដ្ឋជាសមាជិកក៏បានបែកខ្ញែកគ្នាទៅជារដ្ឋឯករាជ្យរៀងៗខ្លួន។ កាលណោះ ប្រទេសយូកូស្លាវីថ្មីដែលមានលោកស្លូបូដាន មីឡូសេវិក ជាប្រធានាធិបតី បានច្បាមយកដែនដីកូសូវ៉ូមកគ្រប់គ្រង។ តែប្រជាជនកូសូវ៉ូមិនយល់ព្រម ក៏នំាគ្នាងើបបះបោរ បង្កើតចេញជាសង្រ្គាម។ សង្រ្កាមដែលកាលណោះ ទាហានយូកូស្លាវីរបស់លោក ស្លូបូដាន មីឡូសេវិក បានសម្លាប់រង្គាលជនជាតិអាល់បានី រហូតដល់មានអន្តរាគមន៍ពីអង្គការអូតង់ដណ្តើមមកកាន់កាប់វិញ។
ចាប់តាំងពីឆ្នាំ ១៩៩៩ មក ដែនដីកូសូវ៉ូក៏បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ។ ខណៈនោះ ដែនដីកូសូវ៉ូមិនទាន់មានលក្ខន្តិកៈអ្វីច្បាស់លាស់ទេ ជារដ្ឋចំណុះឲ្យប្រទេសណាមួយក៏គ្មាន ជារដ្ឋស្វយ័តក៏មិនមែន ឬជារដ្ឋឯករាជ្យមួយក៏មិនទាន់។ គឺទើបតែនៅថ្ងៃទី ១៧ កក្កដា ឆ្នំា ២០០៨ ទើបដែនដីកូសូវ៉ូបានប្រកាសឯករាជ្យដោយខ្លួនឯង។ ដំបូងឡើយ មានតែ ២២ប្រទេសប៉ុណ្ណោះដែលបានប្រកាសទទួលស្គាល់ឯករាជ្យភាពរបស់កូសូវ៉ូ តែគិតមកទល់ថ្ងៃនេះ មានរហូតដល់ទៅ ៦៩ប្រទេសឯណោះ ក្នុងនោះមានទំាងសហរដ្ឋអាមេរិក និងប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ២២ក្នុងចំណោមប្រទេសសមាជិកទំាង ២៧ប្រទេស។ តែប្រទេសស៊ែរប៊ីមិនបានទទួលស្គាល់ឯករាជ្យភាពរបស់ដែនដីកូសូវ៉ូទេ និងបន្តចាត់ទុកដែនដីកូសូវ៉ូជាខេត្តមួយរបស់ខ្លួន។
ហេតុអ្វី បានជាមានការប្តឹងផ្តល់គ្នាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ?
គឺការដែលប្រទេសស៊ែរប៊ីមិនព្រមទទួលស្គាល់ការប្រកាសឯករាជ្យរបស់ដែនដីកូសូវ៉ូកាលពីថ្ងៃទី ១៧ កក្កដា ឆ្នំា ២០០៨នោះឯង ដែលសំណុំរឿងនេះបានធ្លាក់ដល់ដៃតុលាការយុត្តិធម៌អន្តរជាតិ។ នៅថ្ងៃទី ៨ តុលា ឆ្នំា ២០០៨ ពោលគឺ ៣ខែក្រោយពីការប្រកាសឯករាជ្យរបស់ដែនដីកូសូវ៉ូ ប្រទេសស៊ែរប៊ីបានទទួលការយល់ព្រមពីអង្គការសហប្រជាជាតិ ឲ្យតុលាការយុត្តិធម៌អន្តរជាតិពិនិត្យមើលពីភាពស្របច្បាប់នៃការប្រកាសឯករាជ្យរបស់កូសូវ៉ូ។
តើសេចក្តីសម្រេចរបស់តុលាការយុតិ្តធម៌អន្តរជាតិអាចនឹងធ្វើមានការផ្លាស់ប្តូរអ្វីដែរ ឬទេ ?
ប៉ុន្មានថ្ងៃមុនការសម្រេចរបស់តុលាការយុតិ្តធម៌អន្តរជាតិ ភាគីស៊ែរប៊ី ក៏ដូចជាភាគីកូសូវ៉ូ សុទ្ធតែបានបង្ហាញពីសុទិដ្ឋនិយមរៀងៗខ្លួន។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគបានមើលឃើញថា តុលាការយុត្តិធម៌អន្តរជាតិ ដែលជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិ ចំាបាច់ត្រូវតែធ្វើការសម្រេច ដោយផ្អែកលើគោលការណ៍ដែលមានចែងនៅក្នុងធម្មនុញ្ញសហប្រជាជាតិ។ ទីមួយ៖ គឺសិទ្ធិប្រជាពលរដ្ឋក្នុងការសម្រេចចិត្តអំពីជោគវាសនាអនាគតដោយខ្លួនឯងរបស់ប្រជាជនកូសូវ៉ូ និងទីពីរ៖ គឺការគោរពអធិបតេយ្យ និងបូរណភាពដែនដីដែលការពារដោយប្រទេសស៊ែរប៊ី។
រដ្ឋអំណាចកូសូវ៉ូតែងតែបានព្យាយាមលើកឡើងថា កូសូវ៉ូជាអតីតដែនដីយូកូស្លាវីដូចដែលរដ្ឋមួយចំនួនទៀត។ អ៊ីចឹង ខ្លួនមានក៏សិទ្ធិគ្រប់គ្រាន់ក្នុងការទាមទារលក្ខន្តិកៈមួយច្បាស់លាស់ដែរ។ ចំណែកឯរដ្ឋអំណាចស៊ែរប៊ីវិញបានព្យាយាមពន្យល់បកស្រាយថា បើគេទុកបណ្តោយឲ្យដែនដីកូសូវ៉ូទទួលឯករាជ្យតាមការប្រកាសផ្តាច់ខ្លួនដោយខ្លួនឯង វាអាចជាគំរូអាក្រក់មួយសម្រាប់រដ្ឋមួយចំនួនទៀតក្នុងលោក ដែលចង់ទាមទារផ្តាច់ទឹកដី។
សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិនឹងគ្មានលក្ខណៈបង្ខិតបង្ខំ
ដើម្បីកុំឲ្យភាគីណាមួយអាម៉ាស់មុខ តុលាការយុត្តិធម៌អន្តរជាតិត្រូវតែសម្រេចយកផ្លូវកណ្តាល ដោយគ្មានលក្ខណៈបង្ខិតបង្ខំឡើយ។ ការដែលតុលាការយុត្តិធម៌អន្តរជាតិមិនព្រមអារកាត់ឲ្យដាច់ស្រេច គឺដើម្បីចៀសវាងផលវិបាកដែលអាចកើតមាននៅពេលក្រោយ។ បញ្ហាដែនដីកូសូវ៉ូ ជាបញ្ហាមួយយ៉ាងស្មុគស្មាញអស់រយៈពេលជាង ១០ឆ្នំាមកហើយ។
តាមពិតទៅ ផែនការណ៍ដើមរបស់អង្គការសហប្រជាជាតិ គឺផ្តល់ឯករាជ្យដល់កូសូវ៉ូ តាមរយៈសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប៉ុន្តែបញ្ហានៅត្រង់ថា សេចក្តីសម្រេចហ្នឹងមិនអាចអនុម័តបានទេ ព្រោះរុស្ស៊ីដែលជាសម្ព័ន្ធមិត្តរបស់ស៊ែរប៊ីបានជំទាស់។ យើងដឹងហើយថា រុស្ស៊ីគឺជាសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ ដែលមានសិទ្ធិវ៉េតូ។ អ៊ីចឹង តែរុស្ស៊ីជំទាស់ហើយ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខក៏មិនអាចចេញរួចដែរ។
ឃើញថា បើសិនជាតុលាការយុត្តិធម៌អន្តរជាតិហ៊ានសម្រេចទទួលស្គាល់ថា ការប្រកាសឯករាជ្យរបស់រដ្ឋអំណាចកូសូវ៉ូពិតជាត្រឹមត្រូវតាមច្បាប់អន្តរជាតិ។ បន្ទាប់មកត្រូវបញ្ជូនទៅឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាអ្នកអនុម័តចុងក្រោយនោះ រុស្ស៊ីនឹងពិតជាប្រើសិទ្ធិវ៉េតូជាមិនខាន។
ផ្ទុយទៅវិញ បើសិនជាតុលាការយុត្តិធម៌អន្តរជាតិជ្រើសរើសយកផ្លូវកណ្តាល ដោយមិនឲ្យអ្នកណាមួយឈ្នះនោះ វាអាចជាចំណុចចាប់ផ្តើមថ្មីនៃការចរចារវាងភាគីដែលពាក់ព័ន្ធ ពិសេស ភាគីជម្លោះទំាងពីរ ស៊ែរប៊ី និងកូសូវ៉ូ។ មិនមែនចរចាពីរឿងលក្ខន្តិកៈនៃដែនដីកូសូវ៉ូទេ តែចរចាពីបញ្ហាបច្ចេកទេសមួយចំនួនដូចយ៉ាង ការទទួលស្គាល់លេខឡានរវាងគ្នាទៅវិញ ទៅមក ការបញ្ជូនក្រុមគ្រួសារឲ្យទៅស្រុកកំណើតរបស់ខ្លួនវិញ ច្បាប់កម្មសិទ្ធិ និងការធ្វើចរាចរទំនិញដោយសេរីរវាងគ្នាជាដើម។ សុទ្ធសឹងជាបញ្ហាដែលនៅសល់ នាមុនដែលកូសូវ៉ូបានប្រកាសឯករាជ្យដោយខ្លួនឯងក្នុងឆ្នំា ២០០៨។
ចំណុចមួយទៀត ការដែលតុលាការយុត្តិធម៌អន្តរជាតិសម្រេចជ្រើសយកផ្លូវកណ្តាល អាចជាជោគជ័យរបស់កូសូវ៉ូរួចទៅហើយ ព្រោះថាចង់ មិនចង់ ទោះបីជាការប្រកាសឯករាជ្យដោយខ្លួនឯងរបស់កូសូវ៉ូមិនទាន់ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិក៏ដោយ ក៏មកទល់ពេលនេះ មានប្រទេសចំនួន ៦៩ហើយ ក្នុងចំណោមប្រទេសទំាង ១៩ បានទទួលស្គាល់កូសូវ៉ូ ជារដ្ឋឯករាជ្យមួយ។ មួយវិញទៀត ជាមួយការសម្រេចជ្រើសយកផ្លូវកណ្តាលរបស់តុលាការយុត្តិធម៌អន្តរជាតិពេលនេះទៀត អាចនឹងជម្រុញឲ្យប្រទេសមួយចំនួនទៀតដែលនៅរារែកពីពេលមុនមក សម្រេចចិត្តទទួលស្គាល់ឯករាជ្យភាពរបស់កូសូវ៉ូនៅពេលនេះតែម្តង។
ប៉ុន្តែនៅក្នុងករណីណាដែលតុលាការយុត្តិធម៌អន្តរជាតិសម្រេចមិនទទួលស្គាល់ភាពស្របច្បាប់នៃការប្រកាសឯករាជ្យរបស់ដែនដីកូសូវ៉ូ កាលពីថ្ងៃទី ១៧ កក្កដា ឆ្នំា ២០០៨នោះ អាចនឹងធ្វើឲ្យប្រទេសលោកខាងលិចមួយចំនួនមានការអាម៉ាស់មុខមិនតិចទេ ក្នុងនោះ មានទំាងសហរដ្ឋអាមេរិកផង។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ