អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការបោះឆ្នោត​​នៅគៀកហ្ស៊ីស្តង់​​ដើម្បី​​លទ្ធិ​​ប្រជាធិបតេយ្យ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃអាទិត្យ​នេះ​ ​ ប្រទេស​គៀកហ្ស៊ីស្តង់​រៀបចំ​ធ្វើការ​បោះឆ្នោត​សភា​ដើម្បី​ខិតខំ​រៀបចំ​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​មួយ​នៅ​តំបន់​អាស៊ី​កណ្តាល។​ ការ​បោះឆ្នោត​សភា​នេះ​ រៀបចំ​ធ្វើឡើង​៦ខែ​ក្រោយ​ពីមាន​ការ​ផ្តួលរំលំ​លោក​ប្រធានាធិបតី​គៀកហ្ស៊ីស្តង់​Kourmanbek Bakiev។​ ចំណែកឯ​សហរដ្ឋ​អាមេរិក​វិញ​ ​ គេ​គាំទ្រ​និង​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​គៀកហ្ស៊ីស្តង់​ចេះ​ធ្វើ​ដំណើរ​ឆ្ពោះ​ ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ។​ 

លោកស្រី​​ Roza Otounbaïeva, ​ប្រធានាធិបតី​​​បណ្តោះ​​អាសន្ន​​នៃ​ប្រទេស​​គៀកហ្ស៊ីស្តង់​
លោកស្រី​​ Roza Otounbaïeva, ​ប្រធានាធិបតី​​​បណ្តោះ​​អាសន្ន​​នៃ​ប្រទេស​​គៀកហ្ស៊ីស្តង់​ © Shamil Zhumatov / Reuters
ផ្សាយពាណិជ្ជកម្ម

អ្នក​ដឹកនាំ​បណ្តោះ​អាសន្ន​នៃ​ប្រទេស​គៀកហ្ស៊ីស្តង់​សង្ឃឹមថា​ ការបោះឆ្នោត​សភា​នៅ​ថ្ងៃ​អាទិត្យ​ទី​១០តុលា​នេះ​ ​ អាច​ជួយ​រំងាប់​ភាពតានតឹង​ពាក់ព័ន្ធ​នឹង​បញ្ហា​ពូជសាសន៍​នៅ​ប្រទេស​គៀកហ្ស៊ីស្តង់​ ​ ក្រោយពី​មាន​ការ​វាយ​ប្រយុទ្ធគ្នា​រវាង​ប្រជាជន​គៀកហ្ស៊ីស្តង់​និង​ប្រជាជន​អ៊ូស្បេគីស្តង់​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ប្រមាណ​៤០០នាក់​កាលពី​ខែ​មិថុនា​កន្លងទៅ។​ ដូច្នេះ​ ការបោះឆ្នោត​សភា​នេះ​ប្រហែល​ជា​ អាច​ជួយ​បញ្ចៀស​ប្រទេស​គៀកហ្ស៊ី​ស្តង់​ឲ្យ​ចេញ​ផុត​ពី​វិបត្តិ​នយោបាយ។

 
ការបោះឆ្នោត​សភា​នៅ​ប្រទេស​គៀកហ្ស៊ីស្តង់​នៅ​ថ្ងៃ​អាទិត្យ​ទី​១០តុលា​នេះ​ ​ នៅ​មាន​កម្មវត្ថុ​មួយទៀត​គឺ​រៀបចំ​តែងតាំង​ឲ្យ​មាន​នាយករដ្ឋមន្ត្រី​គៀកហ្ស៊ីស្តង់​ដែលមាន​អំណាច​ធំ​ទូលំ​ទូលាយ​ជាង​អំណាច​របស់​ប្រធានាធិបតី។​ ដូចបាន​ថ្លែង​បញ្ជាក់​ដោយ​លោកស្រី​Roza Otounbaïeva ដែល​ដឹកនាំ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​គៀកហ្ស៊ីស្តង់​ថា​ ​“​ ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ​ ពុំ​មែន​គ្រាន់តែ​ជា​ការបោះឆ្នោត​សភា​ប៉ុណ្ណោះ​ឡើយ​ ​ វា​ក៏​ជា​ការបោះឆ្នោត​មួយ​សម្រាប់​ប្តូរ​ប្រែ​ឲ្យ​មាន​ប្រព័ន្ធ​រដ្ឋាភិបាល​ថ្មី​មួយ​នៅ​ប្រទេស​គៀកហ្ស៊ីស្តង់​ផងដែរ​”​។

ប្រទេស​គៀកហ្ស៊ីស្តង់​ឋិត​នៅ​លើ​ចំណុច​ភូមិសាស្ត្រ​នយោបាយ​មួយ​ដ៏​សំខាន់​សម្រាប់​សហរដ្ឋ​អាមេរិក​និង​ប្រទេស​រុស្ស៊ី​ ​ ហេតុដូច្នេះ​ហើយ​បាន​ជា​សហរដ្ឋ​អាមេរិក​និង​ប្រទេស​រុស្ស៊ី​សុទ្ធ​តែ​មាន​មូលដ្ឋាន​យោធា​នៃ​កង​កម្លាំង​ជើង​អាកាស​របស់​ខ្លួន​នៅ​ប្រទេស​គៀកហ្ស៊ីស្តង់។​ សូម​បញ្ជាក់ថា​ ​ ប្រទេស​គៀកហ្ស៊ីស្តង់​មាន​ប្រជាជន​ប្រមាណ​៥លាន​៣សែន​នាក់​ ​ មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ចិន​ ​ ហើយ​ឋិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រទេស​អាហ្វហ្កានិស្តង់​ ​ ប្រទេស​អៀរ៉ង់​ ​ និង​ប្រទេស​រុស្ស៊ី។

ប្រជាជន​គៀកហ្ស៊ីស្តង់​ប្រមាណ​២លាន​៨សែននាក់​ត្រូវ​មក​ចូល​រួម​ធ្វើ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​ជ្រើស​តែងតាំង​សមាជិក​​សភា​១២០រូប។​ ហើយ​បើ​យោង​តាម​អ្នក​ឯកទេស​ ​ មាន​គណបក្ស​នយោបាយ​គៀកហ្ស៊ីស្តង់​ចំនួន៦​ដែល​អាច​មាន​ភ័ព្វ​វាសនា​ចូល​មក​ធ្វើ​ជា​អ្នក​តំណាង​នៅ​ក្នុង​សភា​គៀកហ្ស៊ីស្តង់។

ដោយហេតុ​តែ​មាន​គណបក្ស​នយោបាយ​ច្រើន​ពេក​ ​ មើលទៅ​ប្រហែល​ជា​គ្មាន​គណបក្ស​នយោបាយ​ណាមួយ​អាច​ទទួល​បាន​អាសនៈ​ភាគច្រើន​គ្រប់​គ្រាន់​ ​ ពោលគឺ​បាន​៦១អាសនៈ​សម្រាប់​គ្រប់គ្រង​ប្រទេស​ឡើយ។​ នៅ​ក្នុង​ករណី​នេះ​ ​ គណបក្ស​នយោបាយ​ណា​ដែល​ទទួល​បាន​សំឡេង​ឆ្នោត​យ៉ាងតិច​៥%​នឹង​មាន​សិទ្ធិ​បញ្ជូន​អ្នកតំណាង​របស់​ខ្លូន​ឲ្យ​ចូល​ធ្វើ​ជា​សមាជិក​សភា។

គួរកត់​សម្គាល់​ថា​ ​ មាន​គណបក្ស​នយោបាយ​ដែល​ជា​គូប្រជែង​ជាច្រើន​ដែល​ដឹកនាំ​ដោយ​អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​គៀកហ្ស៊ីស្តង់។​ ក្នុង​ចំណោមនោះ​ មាន​លោក​Omourbek Tekebaïev​ដែល​ជា​អ្នក​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​ម្នាក់​ដ៏សំខាន់។​ ហើយ​នៅ​ក្នុង​ចំណោម​អ្នក​ប្រជែង​នឹង​លោក​ Omourbek Tekebaïev​ គេ​កត់​សម្គាល់​ឃើញ​មាន​លោក​Almazbek Atambaïev​ដែល​ជា​ភូឈួយ​របស់​លោក​ស្រី​ Roza Otounbaïeva​នាសម័យកាល​ក្រោយការ​បះបោរ​នៅ​ខែ​មេសា។​ លោក​ Omourbek Tekebaïev​បាន​មាន​ជំនួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​Vladimir Poutine កាលពី​ខែ​មុន។

ក៏​ប៉ុន្តែ​ប្រទេស​រុស្ស៊ី​មាន​បេក្ខជន​ដ៏​គាប់​ចិត្ត​របស់​គេ​គឺ​លោក​Felix Koulov ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រី​របស់​លោក​Bakiev។​ លោក​Felix Koulov​ធ្លាប់​បាន​ជួប​លោក​ប្រធានាធិបតី​រុស្ស៊ី​Dmitri Medvedev កាលពី​ចុងខែ​កញ្ញា​កន្លងទៅ។

ចំណែកឯ​សហរដ្ឋ​អាមេរិក​វិញ​ ​ គេ​គាំទ្រ​និង​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​គៀកហ្ស៊ីស្តង់​ចេះ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ។​ ជាសរុប​ ទីក្រុង​វ៉ាស៊ីតោន​ចង់​ឲ្យ​មាន​ប្រជាធិបតេយ្យូបនីយកម្ម​នៅទូទាំង​តំបន់​អាស៊ី​កណ្តាល​ដែល​ឋិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ជន​ល្មោភ​អំណាច​អត្តាធិបតី​នៃ​ប្រទេស​ទួកមេនីស្តង់​ ​ ប្រទេស​អ៊ូស្បេគីស្តង់​ ​ ឬ​ប្រទេស​កាហ្សាក់ស្តង់៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ