អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

តើ​អៀរ៉ង់​អាច​នឹង​ក្លាយ​ជា​មហា​អំណាច​នុយក្លេអ៊ែរ​ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ Jean-François TAIN សូម​បន្ត​លើក​ឡើង​ពី​ភូមិសាស្ត្រ​នយោបាយ​នៃ​ភូមិភាគ​ដើម​បូព៌ា ដោយ​សូម​បន្ត​លើក​ឡើង​អំពី​វិបត្តិ​នុយក្លេអ៊ែរ​របស់​ប្រទេស​អៀរ៉ង់។

មជ្ឈមណ្ឌលនុយក្លេអ៊ែរ Bouchehr នៅ Iran.
មជ្ឈមណ្ឌលនុយក្លេអ៊ែរ Bouchehr នៅ Iran. REUTERS/Raheb Homavandi
ផ្សាយពាណិជ្ជកម្ម

តើ​អៀរ៉ង់​នឹង​អាច​ក្លាយ​ទៅ​ជា​មហា​អំណាច​នុយក្លេអ៊ែរ ប៉ុន្មាន​ឆ្នាំ​ទៀត​ខាង​មុខ​នេះ​ដែរ​ឬ​ទេ?

អ្នក​សង្កេតការណ៍​ខ្លះ​អះអាង​ថា ពិភពលោក​គួរ​តែ​ត្រៀម​ខ្លួន​ពី​ឥឡូវ​នេះ​ទៅ​ឲ្យ​ហើយ​ ដ្បិត​អៀរ៉ង់​ច្បាស់​ជា​នឹង​មាន​អាវុធ​នុយក្លែអ៊ែរ។ អ្នក​សង្កេតការណ៍​ខ្លះ​ទៀត​យល់​ឃើញ​ថា​អៀរ៉ង់​
ត្រូវការ​ពេលវេលា​យូរ​ឆ្នាំ​ទៅ​មុខ​ទៀត ទម្រាំ​ក្តាប់​បាន​បច្ចេកវិជ្ជា​ខាង​ផលិត​គ្រាប់បែក​បរមាណូ។ យ៉ាងណា​ក៏ដោយ សំណួរ​នេះ​សំខាន់​ណាស់ ពីព្រោះ​វាលើក​ឡើង​នូវ​សំណួរ​មួយ​ទៀត នោះ​គឺ​តើ​អាវុធ​នុយក្លេអ៊ែរ​របស់​អៀរ៉ង់​អាច​ធ្វើ​ឲ្យ​រំជើបរំជួល​ភូមិភាគ​ដើមបូព៌ា​ដែរ​ឬ​ទេ?

សហរដ្ឋអាមេរិក​និង​សហភាពអឺរុប​យល់​ឃើញ​ថា គ្រាប់បែក​បរមាណូ​ជាយថាហេតុ​របស់​អៀរ៉ង់​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ សម្រាប់​ភូមិភាគ​ដើមបូព៌ា និង​សម្រាប់​ពិភពលោក​ទាំង
មូល។ បណ្តា​បស្ចិម​ប្រទេស​ទាំងនេះ​ភ័យ​ជំនួស​អ៊ីស្រាអែល ពីព្រោះ​ប្រធានាធិបតី​អៀរ៉ង់​
Mahmoud Ahmadinejad បាន​ប្រកាស​ហើយ​ប្រកាស​ទៀត​ថា ត្រូវតែ​កំទេច​អ៊ីស្រាអែល​និង​
លុប​បំបាត់​អ៊ីស្រាអែល​ចេញ​ពី​ផែនទី​ពិភពលោក។ ការពិត មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​
មាន​លេច​ឮ​ពាក្យ​សំដី​កោងកាច​បែប​នេះ​ពីសំណាក់​ថ្នាក់​ដឹកនាំ​អៀរ៉ង់។ នៅ​ក្នុង​ទសវត្សរ៍​ទី
៨០ ប្រមុខ​សាសនា​នៃ​ប្រទេស​អៀរ៉ង់ Ayatollah Khomeiny ក៍​ធ្លាប់​បាន​ប្រកាស​បែប​នេះ​ដែរ។

នៅ​ក្នុង​ទសវត្សរ៍​ទី​៥០ វរសេនីយឯក ណាស្សែរ(Nasser) អ្នក​គ្រប់គ្រង​ប្រទេស Egypte​សម័យ​នោះ ក៏​ធ្លាប់​បាន​ថ្លែង​ដែរ​ថា​ត្រូវតែ​លុបបំបាត់​អ៊ីស្រាអែល​ចេញ​ពី​ផែនទី​ពិភពលោក។

មែនទែន​ទៅ ទោះជា អៀរ៉ង់​មាន​អាវុធ​នុយក្លេអ៊ែរ ក៏ អៀរ៉ង់​មិន​ឆ្គួត​រហូត​ដល់ទៅ​ហ៊ាន​ប្រើ​
អាវុធ​ប្រល័យ​លោក​នេះ ដើម្បី​វាយ​ប្រហារ​ទៅ​លើ អ៊ីស្រាអែល​ដែរ។ អ្នកណា​ក៏​យល់​ដែរ​ថា​
គ្រាប់បែក​បរមាណូ មិនមែន​ជា​អាវុធ​សម្រាប់​វាយ​ប្រហារ​ទេ តែ​សម្រាប់​ឃាត់​កុំ​ឲ្យ​ប្រទេស​សត្រូវ​វាយ​ប្រហារ​មក​លើ​ខ្លួន។ ម៉្លោះហើយ​បើ​អៀរ៉ង់​ហ៊ាន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​វាយ
ប្រហារ​ទៅ​លើ​អ៊ីស្រាអែល អៀរ៉ង់​ខ្លួន​ឯង​ក៏​នឹង​ច្បាស់​ជា​រលាយ​ដែរ ដ្បិត​អ៊ីស្រាអែល​ក៏​មាន​អាវុធ​នុយក្លេអ៊ែរ​ដូចគ្នា​ដែរ។

និយាយ​រួម អៀរ៉ង់​ក៏​អាច​នឹង​ក្លាយ​ទៅជា​មហា​អំណាច​នុយក្លេអ៊ែរ​មួយ ដែល​ចេះ​ទទួល​ខុស​ត្រូវដូច​ប៉ាគីស្តង់​ឬ​អ៊ីស្រាអែល​ដែរ។

 
ប៉ុន្តែ​គ្រោះថ្នាក់​ធំ គឺ​ការ​សាយភាយ​អាវុធ​នុយក្លេអ៊ែរ នៅ​ក្នុង​ពិភពលោក។ ពីព្រោះ​ខុស​ផ្ទុយ​ពី​ប្រទេស​ប៉ាគីស្តង់ ឥណ្ឌា ឬ​អ៊ីស្រាអែល អៀរ៉ង់​ជា​ប្រទេស​ហត្ថលេខី នៃ​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ។ ម៉្លោះហើយ​បើគេ​បើក​ដៃ​ឲ្យ​អៀរ៉ង់​ផលិត​គ្រាប់បែក​បរមាណូ នោះ​បាន​ន័យ​ថា​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ​នឹង​ត្រូវ​រលាយ។

អ្វី​ដែល​ធ្វើ​ឲ្យ​បស្ចិមលោក​ជា​ទូទៅ​និង​សហរដ្ឋអាមេរិក​ដាច់​ដោយឡែក បារម្ភ​ខ្លាំង គឺ​បុគ្គលិកលក្ខណៈ​របស់​ប្រធានាធិបតី​អៀរ៉ង់ Ahmadinejad ដែល​ជា​អ្នក​ជាតិ​និយម​និង​ជា​
អ្នក​តតិយលោក​និយម។ នៅ​ក្នុង​ន័យ​នេះ អៀរ៉ង់​របស់ Ahmadinejad ក៏​ដូច Cuba Venezuela និង Bolivie​ដែរ ជា​ប្រទេស​ដែល​ប្រឆាំង​នឹង​ចក្រពត្តិ​អាមេរិក។ ត្រង់នេះ គោលជំហរ​របស់ Ahmadinejad មិន​ខុស​គ្នា​ឡើយ​នឹង​គោល​ជំហរ​របស់​ប្រធានាធិបតី​អៀរ៉ង់​មុនៗ ពីព្រោះ​សាធារណរដ្ឋ​អ៊ីស្លាម​អៀរ៉ង់ ដែល​បាន​ប្រសូត​ចេញ​ពី​បដិវត្តន៍​អៀរ៉ង់​ឆ្នាំ ១៩៧៩ ប្រឆាំង​ជានិច្ច​នឹង​សហរដ្ឋអាមេរិក និង​ប្រឆាំង​ជានិច្ច​នឹង​អ៊ីស្រាអែល។

 
ក៏​ប៉ុន្តែ អ្វី​ដែល​មិនដូច​មុន គឺ​តាំងពី​ឆ្នាំ ២០០៥​មក Ahmadinejad អុងអាត់​និង​ចេញ​មុខ​រករឿង​ខ្លាំង។ ហេតុអ្វី?
ការ​ពិត Ahmadinejad ជា​អ្នក​នយោបាយ​ប្រជាភិថុតិ និង​យល់​ថា​មាន​តែ​អាវុធ​នុយក្លេអ៊ែរ​ទេ​ដែល​អាច​ឃាត់​កុំ​ឲ្យ​អាមេរិក មក​រំលំ​របប​នយោបាយ​នៃ​ប្រទេស​ខ្លួន​បាន​និង​មាន​តែ​អាវុធ​នុយក្លេអ៊ែរ​ទេ ដែល​អាច​ធ្វើ​ឲ្យ​អៀរ៉ង់​ក្លាយ​ជា​មហាអំណាច​តំបន់ និង​មាន​លទ្ធភាព​ទប់ទល់​នឹង​អ៊ីស្រាអែល​បាន។

Ahmadinejad ក៏​មាន​ជំនឿ​ដែរ​ថា អៀរ៉ង់​ដែល​ក្លាយ​ជា​មហា​អំណាច​បរមាណូ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​អៀរ៉ង់​មាន​មោទនភាព​ចង់​បោះឆ្នោត​ឲ្យ​លោក​បន្ត​តំណែង​ជា​ប្រធានាធិបតី​មួយ​
អាណត្តិ​បន្ថែមទៀត។

យ៉ាងណា​ក៏​ដោយ មហា​បាតុកម្ម​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ​នៅ​អៀរ៉ង់​ប្រឆាំង​នឹង​ការ​
ជាប់​ឆ្នោត​ជា​ថ្មី​របស់ Ahmadinejad ស្តែង​ឲ្យ​ឃើញ​នូវ​គម្លាត​ដ៏​ធំ​រវាង​
នយោបាយ​របស់​ថ្នាក់​ដឹកនាំ និង​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់​បាន​ពិតប្រាកដ។ ពលរដ្ឋ​ប្រហែលជា​ចង់​បាន​លទ្ធិ​ប្រជាធិបតេយ្យ ពលរដ្ឋ​ប្រហែល​ជា​ចង់​ឲ្យ​វប្បធម៌​របស់​បស្ចិមលោក​ចូល​ជ្រួតជ្រាប​មក​ក្នុង​សង្គម​អៀរ៉ង់ ពលរដ្ឋ​ប្រហែល​ជា​មិន​ចង់​បាន​ទេ​អាវុធ​នុយក្លេអ៊ែរ ប្រហែលជា​មិន​ចង់​ឲ្យ​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​រករឿង​អាមេរិក​និង​អ៊ីស្រាអែល​ខ្លាំង​ដល់ម្លឹង​ទេ។

មិនតែ​ប៉ុណ្ណោះ ឆន្ទៈ​របស់​លោក​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក Barack Obama ក្នុង​ការ​ចរចា​ជាមួយ​ថ្នាក់​ដឹកនាំ​អៀរ៉ង់ និង​ក្នុង​ការ​បញ្ចុះបញ្ចូល​រុស្ស៊ី​និង​ចិន​ឲ្យ​គាប​សង្កត់​ទៅលើ​អៀរ៉ង់ កំពុង​ធ្វើ​ឲ្យ Ahmadinejad ពិបាក​បន្ត​អនុវត្ត​នយោបាយ​របស់​ខ្លួន។ កត្តា​ទាំងអស់​នេះ អាច​នឹង​រំខាន​អភិក្រម​នៃ​ការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​អៀរ៉ង់។

នៅ​សប្តាហ៍​ក្រោយ ខ្ញុំ​នឹង​លើក​ឡើង​អំពី​នយោបាយ​ថ្មី​របស់​លោក Barack Obama នៅ​ក្នុង​ភូមិភាគ ដើម​បូព៌ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ