អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

សេចក្តី​សន្និដ្ឋាន​​ជុំវិញ​ភូមិសាស្រ្ត​នយោបាយ​នៃ​ភូមិភាគ​ដើមបូព៌ា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃនេះ Jean-François TAIN សូមធ្វើសេចក្តីសន្និដ្ឋាន ជុំវិញស្ថានការណ៍នៃភូមិភាគ​ដើមបូព៌ា មុននឹងបើកទំព័រភូមិសាស្រ្តនយោបាយថ្មី នៅសប្តាហ៍ក្រោយ។

ផែនទីតំបន់ដើមបូព៌ា
ផែនទីតំបន់ដើមបូព៌ា atlas
ផ្សាយពាណិជ្ជកម្ម

យើង​បាន​លើក​ឡើង​រួច​ហើយ អំពី​បុព្វហេតុ​សំខាន់ៗ ដែល​ធ្វើ​ឲ្យ​សង្គ្រាម​និង​សោកនាដកម្ម​បន្ត​គ្មាន​ថ្ងៃ​ចប់​នៅ​ក្នុង​ភូមិភាគ​ដើមបូព៌ា ជាង​៦០បា្លយ​ឆ្នាំ​កន្លង​មក​ហើយ។

បុព្វហេតុ​សំខាន់​ជាង​គេ គឺ​ការ​បង្កើត​រដ្ឋ​Israël​ឡើង​ក្នុង​ទឹក​ដី​Palestine នៅ​ឆ្នាំ​១៩៤៨។ ទង្វើ​នេះ បាន​បណ្តាល​ឲ្យ​បណ្តា​ប្រទេស​អារ៉ាប់​ក្នុង​តំបន់ ដូចយ៉ាង​Egypte, Syrie, Irakជា​ដើម ខឹង​សម្បារ និង​ពួត​ដៃ​គ្នា​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​Israël ក្នុង​គោលដៅ​កំទេច​និង​លុប​បំបាត់​ប្រទេស​ថ្មីថ្មោង​នេះ ចេញ​ពី​ផែនទី​នៃ​ភូមិភាគ​ដើមបូព៌ា។ ប៉ុន្តែ នៅ​ក្នុង​សង្គ្រាម​ទាំង​បី​លើក នៅ​ឆ្នាំ​១៩៤៨ នៅ​ឆ្នាំ​១៩៦៧ និង​នៅ​ឆ្នាំ​១៩៧០ Israël​បាន​ច្បាំង​ឈ្នះ​រហូត និង​បាន​ឆ្លៀត​ពង្រីក​ទឹក​ដី​របស់​ខ្លួន រហូត​ដល់​កាន់កាប់​បាន​សឹង​ទាំង​ស្រុង​Palestine ជាហេតុ​ធ្វើ​ឲ្យ​ប្រជាជន​Palestine​គ្មាន​ទឹកដី ត​រហូត​មក​ដល់​សព្វ​ថ្ងៃ។

យើង​ក៏​បាន​លើក​ឡើង​ដែរ​អំពី​បុព្វហេតុ​សំខាន់ៗ​ផ្សេង​ទៀត នៃ​អស្ថិរភាព​ឥត​ឈប់ឈរ​នៅ​
ក្នុង​ភូមិភាគ​ដើម​បូព៌ា នោះ​គឺ​លក្ខណៈ​ខុស​គ្នា​ខ្លាំង​នៃ​ពូជសាសន៍​របស់​ប្រជាជន លក្ខណៈ​ខុស​គ្នា​ខ្លាំង​នៃ​សាសនា​របស់​ប្រជាជន លក្ខណៈ​ខុស​គ្នា​ខ្លាំង​នៃ​របប​នយោបាយ​ និង​លក្ខណៈ​ខុស​គ្នា​ខ្លាំង​នៃ​កម្រិត​សេដ្ឋកិច្ច​នៃ​ប្រទេស​នីមួយៗ។ អ៊ីចឹង​ហើយ​បាន​ជា​ទន្ទឹម​គ្នា​នឹង​សង្គ្រាម​ប្រឆាំង​Israël ក៏​មាន​កើត​ឡើង​ដែរ​សង្គ្រាម​រវាង​ប្រទេស​មួយ​និង​ប្រទេស​មួយ​ទៀត​នៅ​ក្នុង​តំបន់ ដូចជា​សង្គ្រាម​Iran-Irak ពី​ឆ្នាំ​១៩៨០​ដល់​ឆ្នាំ​១៩៨៨ សង្គ្រាម​ឈូង​សមុទ្រ​Perse នៅ​ឆ្នាំ​១៩៩១ក្រោយ​ពី​Irak បាន​ចូល​ឈ្លានពាន​ប្រទេស​Koweït ទំនាស់​រវាង​Syrie​និង​Jordanie​នៅ​ទសវត្សរ៍​ទី​៨០ ទំនាស់​រវាង​Egypte និង​Soudan​នៅ​ទសវត្សរ៍​ទី​៩០​ឬ​ក៏​ទំនាស់​រវាង​Egypte និង​បណ្តា​ប្រទេស​អារ៉ាប់​ដទៃ​ផ្សេង នៅ​ក្នុង​ទសវត្សរ៍​ទី​៧០ ពីព្រោះ​កាល​នោះ ប្រទេស​Egypte​របស់​លោក​Sadate បាន​ត្រូវរ៉ូវ​គ្នា​វិញ​ជា​មួយ​ប្រទេស​Israël ដោយ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ។

យើង​ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា ទោះ​ជា​សង្គ្រាម​ត្រជាក់​បាន​ចប់​បាត់​ទៅ​ហើយ​ក្តី ក៏​ភូមិភាគ​ដើម​បូព៌ា​មិន​ប្រែប្រួល មិន​បោះ​ជំហាន​ទៅ​រក​ការ​អភិវឌ្ឍន៍ និង​ទៅ​រក​សន្តិភាព​សោះ។

ក្រោយសង្គ្រាម​​ត្រជាក់ រលក​នៃ​ប្រជាធិបតេយ្យូបនីយកម្ម​បាន​គ្រប​ដណ្តប់​ទៅ​លើ​អឺរ៉ុប​
ខាង​កើត ទៅ​លើ​អាស៊ី និង​ទៅ​លើ​អាមេរិក​ឡាទីន។ ផ្ទុយ​ពី​គេ​ឯង ភូមិភាគ​ដើមបូព៌ា​បន្ត​ផុង​ខ្លួន​ក្នុង​បញ្ហា​អតីតកាល ក្នុង​សង្គ្រាម​រ៉ាំរ៉ៃ។ មាន​មែន​ក្តី​សង្ឃឹម​ក្នុង​ទសវត្សរ៍​ទី​៩០ ក្តីសង្ឃឹម​ក្នុង​​ការ​កសាង​សន្តិភាព​រវាង​Israël និង​Palestine តាម​រយៈ​កិច្ច​ព្រមព្រៀង​Oslo ខែ​កញ្ញា​ឆ្នាំ​១៩៩៣។ ក៏​ប៉ុន្តែ​ក្តី​សង្ឃឹមម​នេះ​បាន​រលាយ​បាត់​ទៅ​វិញ​យ៉ាង​លឿន​រហ័ស ពីព្រោះ​ទាំង​រដ្ឋាភិបាល​Israël ទាំង​រដ្ឋអំណាច​Palestine សុទ្ធ​តែ​ត្រូវ​ប្រឈមមុខ​រៀងៗ​ខ្លួន​នឹង​ពួក​ជ្រុល​និយម។ នៅ​ខាង​ភាគី​Palestine ពួក​ជ្រុលនិយម​Hamas និង​ពួក​Djihad Islamique មិន​ព្រម​ទទួល​ស្គាល់​កិច្ច​ព្រម​ព្រៀង​​​ ​Oslo និង​ប្តេជ្ញា​ចិត្ត​តាម​កំទេច​Israël ឲ្យ​ទៅ​ជា​ផេះ។នៅ​ខាង​ភាគី​Israël​វិញ ពួក​ជ្រុល​និយម ​​មិន​ព្រម​ថយ​ចេញ​ពី​ដែនដី​Palestine ដែល​Israël កាន់កាប់​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ និង​មិន​ព្រម​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​នយោបាយ​អាណានិគមកិច្ច នៅ​លើ​ទឹកដី​Palestine​ឡើយ។ ម៉្លោះ​ហើយ​បាន​ជា​អំពើ​ហិង្សា​នៅ​តែ​បន្ត។ ពួក​Hamas បង្ក​ភេរវកម្មអត្តឃាត រីឯ​កងទ័ព​ Israël​វិញ ឆ្លើយតប​ដោយ​ប្រើ​កាំភ្លើងធំ យន្តហោះ​ចម្បាំង​និង​រថក្រោះ ដើម្បី​វាយ​បង្ក្រាប​ទៅ​លើ​ប្រជាជន​Palestineដោយ​ឥត​រើស​មុខ។

 
យើង​ក៏​បាន​លើក​ឡើង​រួច​ហើយ​ដែរ អំពី​ភាព​មិន​ជាក់លាក់​នៃ​ភូមិភាគ​ដើមបូព៌ា ក្នុង​ពេល​បច្ចុប្បន្ន។ ពីព្រោះ អភិក្រម​នៃ​កិច្ចចរចា​សន្តិភាព​រវាង​Israël និង​Palestine នៅ​ទ័លច្រក​មួយ​
កន្លែង។ ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត ពីព្រោះ​រដ្ឋការ​អាមេរិកាំង​របស់​លោក​Bush បាន​ចូល​មក​ធ្វើ​សង្គ្រាម នៅ​Irak នៅឆ្នាំ​២០០៣។ សង្គ្រាម​អាមេរិកាំង​នៅ​Irak​បាន​រំលំ​មែន​​ពិត​របប​ផ្តាច់ការ​របស់​Saddam Hussein តែ​បាន​រុញច្រាន​ប្រទេស​មួយ​នេះ ទៅ​ក្នុង​ជ្រោះ​នៃ​សង្គ្រាមស៊ីវិល​និង​ភេរវកម្ម។ ការ​ដែល​អាមេរិក​បាន​ផ្តួល​រំលំ​របប​Saddam Husseinដែល​ជា​សត្រូវ​សួពូជ​របស់​Iran បាន​ធ្វើ​ឲ្យ​Iran ក្លាយ​ជា​ស្វ័យប្រវត្តិ​ទៅ​ជា​ប្រទេស​ខ្លាំង​មួយ​នៅ​ក្នុង​តំបន់ បាន​ធ្វើ​ឲ្យ​Iran ឡើង​ដៃ​ចង់​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរ និង​អុងអាត់​ចេញ​មុខ​ប្រកាសចង់​កំទេច​Israël ឲ្យ​ទៅ​ជា​ផេះ។

យើង​ក៏​បាន​លើក​ឡើង​រួច​ហើយ​ដែរ អំពី​អស្ថិរភាព​កាន់​​តែ​ធ្ងន់ធ្ងរ​នៃ​ភូមិភាគ​ដើមបូព៌ា ពីព្រោះ ភូមិភាគ​ដើមបូព៌ា​នៅ​ជាប់​នឹង​ប្រទេស​Afghanistan។ អន្តរាគមន៍​យោធា​របស់​បស្ចិមលោក​នៅ​ក្នុង​ប្រទេស​នេះ នៅ​ឆ្នាំ​២០០១ មិន​បាន​ធ្វើ​ឲ្យ​ពួក​Talibans រលាយ​សាបសូន្យ​ជា​ស្ថាពរ​ទេ។ ពួក​ជ្រុល​និយម​ទាំង​នេះ​កំពុង​វាយលុក​មក​វិញ ធ្វើ​ឲ្យ​ប្រទេស​Afghanistan មិន​អាច​វិល​មក​រក​ភាព​ឋិតថេរ​វិញ​បាន។

យើង​ក៏​បាន​ពន្យល់​រួច​ហើយ​ដែរ​ថា ការ​ដែល​ភូមិភាគ​ដើមបូព៌ា​ក្លាយ​ជា​សមរភូមិមុខ​នៃ​សង្គ្រាម​ធំៗ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ មិនមែន​ជា​រឿង​ចៃដន្យ​ទេ ពីព្រោះ​ដើមបូព៌ា​ជា​តំបន់យុទ្ធសាស្រ្ត​ចំបង​មួយ។ គឺ​ជា​តំបន់​ដែល​ផ្ទុក​ទៅ​ដោយ​ប្រេងកាត គឺ​ជា​ផ្លូវទឹក ដែល​បើក​លទ្ធភាព​ឲ្យ​នាវា​ធ្វើ​ដំណើរ​ពី​សមុទ្រ​Méditerranée ទៅ​សមុទ្រ​ឥណ្ឌា។

ពី​ឆ្នាំ​២០១០​នេះ ត​ទៅ​អនាគតកាល គេ​រង់​ចាំ​មើល​សមត្ថភាព​របស់​លោក​ប្រធានាធិបតី​
អាមេរិកាំង​Obama ក្នុង​ការ​ព្យាបាល​មហារីក​ធំៗ​ទាំង​បួន នៅ​ក្នុង​តំបន់​និង​នៅ​ជាយ​តំបន់​
ភូមិភាគ​ដើមបូព៌ា។ មហារីក​នោះ​គឺ ជម្លោះ​រ៉ាំរ៉ៃ​រវាង​Israël និង​Palestine អស្ថិរភាព​នៅ​Irak
កម្មវិធី​នុយក្លេអ៊ែរ​របស់​Iran និង​ភាព​មិន​ជាក់លាក់​នៅ​Afghanistan។ តើ​អាមេរិក​ដែល​មាន​
លទ្ធភាព មធ្យោបាយ និង​អំណាច​ធំ​ជាង​គេ អាច​កសាង​សន្តិភាព​ពិត​ប្រាកដ​មួយ នៅ​ក្នុង​ភូមិភាគ​ដើម​បូព៌ា​បាន​ដែរ​ឬ​ទេ?

តើ​ពី​ពេល​នេះ​ត​ទៅ បណ្តា​មហា​អំណាច​ក្នុង​លោក ជា​ពិសេស​បស្ចិម​ប្រទេស នឹង​ប្រកាន់​យក​ឥរិយាបថ​បែប​ណា នៅ​ចំពោះ​មុខ​ស្ថានភាព​ពុះកញ្ជ្រោល​ក្តាប់​មិន​បាន​ទាល់​តែ​សោះ​នៃ​ភូមិភាគ​ដើមបូព៌ា?

យ៉ាងណា​ក៏​ដោយ បើ​គ្មាន​ការ​ចុះ​សម្រុង​គ្នា​រវាង​បស្ចិមលោក​និង​ប្រទេស​ចិន ព្រម​ទាំង​ប្រទេស​រុស្ស៊ី​ទេ បើ​សិន​ជា​គ្មាន​ការ​យល់​ដឹង​ដូច​គ្នា​ពី​សំណាក់​បណ្តា​មហាអំណាច​ទាំងអស់​នេះ​ថា គ្រោះថ្នាក់​នៅ​ភូមិភាគ​ដើមបូព៌ា​ជា​គ្រោះថ្នាក់​សម្រាប់​ពិភពលោក​ទាំង​មូល​ទេ  នោះសង្គ្រាម​និង​សោកនាដកម្ម​នៅ​ក្នុង​តំបន់​នេះ នឹង​បន្ត​យូរលង់​ច្រើន​ទសវត្សរ៍​តទៅ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ